ហេតុអ្វីបានជាទឹកសមុទ្រប្រៃ?

FacebookLinkedInShare/Bookmark

តើអ្នកមាន​ដែលធ្លាប់ឆ្ងល់ដែរឬទេ​ថា ហេតុអ្វីបានជាទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ? តើ​ហេតុអ្វីបានជាទឹកបឹង​មិនមាន​រសជាតិ​ប្រៃ​ដូចទឹកសមុទ្រ? តើ​មាន​អ្នក​ណា​យក​អំបិល​ទៅចាក់​ក្នុង​ទឹកសមុទ្រ​មែនដែរឬទេ? ថ្ងៃ​នេះ «គំនិត» នឹងធ្វើការបកស្រាយស្តី​ពី​ចម្ងល់​នេះជូន​ដល់​ប្រិយមិត្តអ្នកអាន?

វា​មិន​ពិបាក​យល់​នោះទេ​ថា​ហេតុអ្វី​បានជាទឹកសមុទ្រ​មាន​រសជាតិ​ប្រៃនោះ។ សមុទ្រ​មាន​វត្តមាន​នៅ​លើ​ភពផែនដី​យើងនេះអស់​រយៈពេល​យូរយារណាស់មក​ហើយ ហេតុដូច្នេះ​ហើយ មាន​បរិមាណ​អំបិ​លខ្លះ​បាន​បន្ថែមចូល​ទៅក្នុងទឹក​សមុទ្រ​នៅពេល​ដែល​ឧស្ម័ន និង​កំអែរ​ភ្នំភ្លើងព្រួសចេញដោយសារ​តែ​​កំណើន​សកម្មភាព​ភ្នំភ្លើង​នៅក្រោម​សមុទ្រ។​ ​កាបូន​ឌីអុកស៊ីត​ដែល​បាន​ពីបរិយាកាស​រលាយ​នៅក្នុងទឹក​បង្កើត​បានជា​អាស៊ីត​កាបូនិចខ្សោយ​ដែល​ជា​ភ្នាក់​ងារ​រំលាយ​រ៉ែ​នៅក្នុង​សមុទ្រ។ នៅពេល​ដែលសារធាតុរ៉ែទាំង​នោះរលាយ​ វា​បាន​បង្កើត​ជា​អ៊ីយ៉ុង ដែលធ្វើ​ឲ្យ​ទឹក​មាន​រសជាតិ​ប្រៃ។ នៅពេលដែល​ទឹក​ត្រូវ​បាន​ហួត​ទៅក្នុងអាកាស វាបាន​បន្សល់​ទុក​នូវ​អំបិល​នៅក្នុង​សមុទ្រ។ លំហូរ​ទឺក​​ពី​ទន្លេ​ទៅក្នុង​សមុទ្រក៏បាន​នាំមកនូវ​អ៊ីយ៉ុងដែលបាន​មកពី​ថ្មមក​បន្ថែម​ទៀតដោយសារតែ​ការច្រោះ​ពីទឹកភ្លៀង​ និង​ទឹកស្ទឹង។

កម្រិត​អំបិល​នៅក្នុង​ទឹកសមុទ្រ​ គឺមាន​ស្ថេរភាពដែល​ត្រូវ​បាន​គេប៉ានស្មាន​ថា​មាន​កម្រិត ៣៥/១០០០។ ដើម្បី​បង្ហាញឲ្យ​ប្រិយមិត្ត​ដឹង​ថា​តើ​អំបិល​នៅក្នុង​សមុទ្រមាន​បរិមាណប៉ុន្មាននោះ បរិមាណ​អំបិល​ត្រូវបាន​គេ​ប៉ានស្មានថា ប្រសិនបើគេយក​អំបិល​ទាំងអស់​ពីក្នុងសមុទ្រ​ហើយ​ក្រាល​នៅលើ​ដីគោក គេ​នឹង​បាន​ស្រទាប់​អំបិល​ដែលមានជម្រៅ​ជ្រៅជាង​១៦៦ម៉ែត។ អ្នកប្រហែលជាគិត​ថា កម្រិតជាតិប្រៃនៅក្នុងសមុទ្រ​នឹងមានការកើនឡើង​ទៅតាមពេលវេលា ប៉ុន្តែ​ជាក់ស្តែង​គឺវា​មិន​មែនដូច្នោះនោះទេ ដោយសារតែ​អ៊ីយ៉ុងជាច្រើន​នៅក្នុងសមុទ្រ​ត្រូវបាន​ស្រូបយក​ដោយ​ភាវៈដែលរស់នៅទីនោះ។ កត្តាផ្សេងទៀត​គឺអាចបណ្តាលមកពី​ការកកើតថ្មី​នៃ​រ៉ែ។

បឹងក៏ទទួលបាន​ទឹក​ពី​ស្ទឹង និង​ទន្លេ ហើយ​បឹង​ក៏មាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយនឹង​ដី​ផងដែរ តើហេតុអ្វីបានជា​ទឹកបឹងមិនមាន​រសជាតិ​ប្រៃ? មានទឹក​បឹងខ្លះក៏មានរសជាតិ​ប្រៃ​ផងដែរ ដូចជា​បឹង​ គ្រេតសាល់ (Great Salt) និង​បឹង ​ដេតស៊ី (Dead Sea)។ តើ​នេះមកពីហេតុអ្វី? ជាចំនែក​មួយ ទឹក​មាន​រសជាតិ​ប្រៃ​ប្រសិន​បើ​មាន​ផ្ទុក​អ៊ីយ៉ុង​សូដ្យូម និង​អ៊ីយ៉ុង​ក្លរ៉ួ។ ប្រសិនបើសារធាតុរ៉ែ​នៅក្នុងទឹក​មិនមានផ្ទុក​សូដ្យូមច្រើននោះទេ ទឹក​នឹងមាន​រសជាតិប្រៃខ្លាំង​នោះទេ។ ហេតុផលផ្សេងទៀត​ដែលធ្វើឲ្យទឹកបឹងមិនមាន​រសជាតិប្រៃនោះគឺដោយសារតែទឹកបឹងនឹង​ហូរ​ចេញពី​ទីនោះ ហើយ​ធ្វើដំណើរ​ទៅកាន់​សមុទ្រ។

ឯកសារយោង៖ http://chemistry.about.com/od/waterchemistry/f/why-is-the-ocean-salty.htm

 

 

ហាក់ គីមថុង

ហាក់ គីមថុង

លោក ហាក់គីមថុង​គឺជានាយក​ទីផ្សា​រ​ក្នុង​ក្រុម​ហ៊ុន​ ម៉ៅវ៉ាង​ត្រេឌីង​គ្រុប។ គាត់បាន​​បញ្ចប់​​ថ្នាក់​បរិញ្ញាប័ត្រ​​ដោយ​​ជោគជ័យ​នៅ​​សាកល​វិទ្យាល័យMiddle East Technical ដែល​ជា​​មហា​វិទ្យាល័យ​​ដ៏​​ល្បី​​មួយ​​នៅ​ប្រទេស​​តួកគី ជំនាញ​​វិស្វកម្ម​ និងបញ្ចប់ថ្នាក់​បរិញ្ញាប័ត្រ​ជាន់ខ្ពស់​នៅ​​Harbin Institute of Technology ផ្នែក​គ្រប់គ្រង។ ការសិក្សា​នៅក្រៅ​ប្រទេស ការចុះកម្មសិក្សានៅបណ្តា​ក្រុមហ៊ុនផ្សេងៗ ការចូលរួម​កម្មវិធី​ផ្លាស់ប្តូរវប្បធម៌ និងដំណើរកម្សាន្តនៅប្រទេស​ក្រៅជិត​១០​ប្រទេស ធ្វើ​ឲ្យ​គាត់​បើក​ភ្នែកកាន់​តែធំមើល​ទៅកាន់ពិភពលោក ហើយ​ចង់ចែករំលែកចំណេះដឹង​របស់គាត់​នៅក្នុង​គេហទំព័រ​មួយនេះ។

You may also like...

Login