spot_img
spot_img
Home Blog Page 21

ហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

0
ហេតុអ្វី “ទីតាំង” មានសារៈសំខាន់នៅក្នុងអាជីវកម្ម?

ការចាប់ផ្ដើមអាជីវកម្មអ្វីក៏ដោយ ប្រសិនបើអាជីវកម្មនោះវាទាមទារឱ្យមានទីតាំង នោះអ្វីដែលអ្នកត្រូវគិតដល់មុនគេ គឺការជ្រើសរើសទីតាំងឱ្យបានត្រឹមត្រូវដែលមានអំណោយផលល្អ ដើម្បីអាចដំណើរការអាជីវកម្មរបស់អ្នក។ ដូច្នេះយើងអាចនិយាយបានថា ទីតាំង សំដៅលើទីកន្លែងមួយដែលអ្នកអាចផ្ដល់នូវផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់ក្រុមអតិថិជនគោលដៅរបស់អ្នក។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងដែរថា ទីតាំងមានពីរដែលអ្នកត្រូវគិតពិចារណា គឺទីតាំងគ្មានអំណោយផល និងទីតាំងមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នក។ ទោះបីជាយ៉ាងណា ក៏មានអាជីវកម្មមួយចំនួនក៏អាចដំណើរការដោយគ្មានទីតាំងក៏បានដែរ ដូចជាអាជីវកម្មលក់ផលិតផលឬសេវាកម្មតាមអនឡាញជាដើម ប៉ុន្តែបើចង់ធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងពង្រីកបានធំ លុះត្រាតែបំប្លែងអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយដ៏ត្រឹមត្រូវ។

ហេតុដូចនេះ ទីតាំងមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្ម ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញបន្ថែមទៀតអំពីសារៈសំខាន់មួយចំនួនដល់អ្នក។

1. បង្កើនភាពងាយស្រួលដល់អតិថិជន

បច្ចុប្បន្ននេះ ប្រសិនបើអ្នកមានទីតាំងផ្ទាល់ខ្លួនក៏ជារឿងល្អផងដែរ ដើម្បីងាយស្រួលដល់អតិថិជនមកកាន់ក្រុមហ៊ុនរបស់អ្នកផ្ទាល់ក្នុងការស្វែងរកផលិតផលដែលពួកគេត្រូវការបានច្រើន និងទុកចិត្តលើផលិតផលរបស់អ្នក ដោយសារពួកគេបានឃើញផ្ទាល់។ បន្ថែមពីនេះ ពួកគេក៏កាន់តែងាយស្រួលមកកាន់ក្រុមហ៊ុនរបស់អ្នកញឹកញាប់ផងដែរ ប្រសិនបើទីតាំងអ្នកបានជ្រើសរើសបានត្រឹមត្រូវដោយមិនឆ្ងាយពីអតិថិជនខ្លាំងពេក ងាយស្រួលរក មានផាសុកភាព និងងាយស្រួលចតជាដើម។ កត្តានេះហើយ អ្នកនឹងកាន់តែមានអតិថិជនកើនឡើងមិនខាន។

2. បង្កើនការលក់បានច្រើន

ទីតាំងក៏ជាផ្នែកមួយដ៏សំខាន់ ពីព្រោះវាមានឥទ្ធិពលក្នុងការផ្ដល់សេវាកម្ម ក៏ដូចជាការលក់ខ្លាំងផងដែរ ដូចជាទីតាំងល្អ អតិថិជនចូលមកច្រើន ប៉ុន្តែបើទីតាំងមិនល្អ ដោយពិបាករក ជាពិសេសឆ្ងាយពេក  ឬគ្មានអំណោយផល នោះក៏អតិថិជនមិនឧស្សាហ៍ចូលមកញឹកញាប់ផងដែរ។ ហេតុដូចនេះហើយ ប្រសិនបើជ្រើសរើសទីតាំងក៏ត្រូវជ្រើសរើសទីតាំងដែលមានអំណោយផលសម្រាប់ប្រភេទអាជីវកម្មរបស់អ្នកផងដែរ ចៀសវាងជ្រើសរើសទីតាំងតាមតែនឹកឃើញ គ្មានការសិក្សាឈ្វេងយល់ ដោយគ្មានអតិថិជនគោលដៅស្ថិតនៅទីនោះច្រើនជាដើម។ បន្ថែមពីនេះ វាក៏ជាផ្នែកដែលធ្វើឱ្យអតិថិជនមានទំនុកចិត្តលើអាជីវកម្មរបស់អ្នកផងដែរ តាមរយៈការមានទីតាំងត្រឹមត្រូវ ដោយអតិថិជនអាចបញ្ជាទិញតាមអនឡាញដោយមានទំនុកចិត្តផងដែរ។

3. ឱកាសពង្រីកអាជីវកម្ម

នៅពេលអាជីវកម្មរបស់អ្នកមានទីតាំងត្រឹមត្រូវ ព្រមទាំងអាចដំណើរអាជីវកម្មនៅទីនោះទទួលបានលទ្ធផលល្អហើយ នោះអ្នកក៏អាចពង្រីកអាជីវកម្មរបស់អ្នកកាន់តែធំផងដែរ។ ការចាប់ផ្ដើមអាជីវកម្ម គឺផ្ដើមពីការមានទីតាំងតូច ហើយបន្ទាប់មកពង្រីកអាជីវកម្មឱ្យមានទីតាំងធំ តាមរយៈបទពិសោធន៍នៃការជ្រើសរើសទីតាំងដំបូង និងការដំណើរការអាជីវកម្ម ដូចជាការរៀបចំក្រុមហ៊ុន គ្រប់គ្រងបុគ្គលិក គ្រប់គ្រងចង្វាក់នៃការផ្គត់ផ្គង់ និងប្រតិបត្តិការនានានៅក្នុងអាជីវកម្ម។

4. ជះឥទ្ធិពលលើការកំណត់តម្លៃ

ទីតាំង អាចធ្វើឱ្យតម្លៃផលិតផលសេវាកម្មរបស់អ្នកខុសប្លែក និងមានគុណតម្លៃជាងអាជីវកម្មដែលគ្មានទីតាំងត្រឹមត្រូវ។ ឧទាហរណ៍ អ្នកលក់សម្លៀកបំពាក់នៅក្នុងផ្សារធម្មតា រវាងអ្នកលក់សម្លៀកបំពាក់ដូចគ្នាប៉ុន្តែមានហាងផ្ទាល់ខ្លួនត្រឹមត្រូវ ដូច្នេះអ្នកលក់នៅក្នុងផ្សារ អតិថិជនអាចតថ្លៃបានច្រើន ព្រមទាំងលក់ក្នុងតម្លៃបានទាបជាងអ្នកក្នុងហាង ដោយអាវក្នុងផ្សារដាក់លក់ 7$ អតិថិជនអាចសុំបញ្ចុះតម្លៃសល់ត្រឹម5$ ប៉ុន្តែបើដាក់លក់ក្នុងហាងវិញ ហើយដាក់តម្លៃ 7$ ដូចគ្នា ដោយអតិថិជនចូលទិញដោយគ្មានការតថ្លៃឡើយ ដោយម្ចាស់ហាងជាអ្នកកំណត់តម្លៃដោយខ្លួនឯង។ ដូច្នេះទីតាំងពិតជាសំខាន់ណាស់ ដែលម្ចាស់អាជីវកម្មគួរគិតពិចារណាក្នុងការជ្រើសរើស និងរៀបចំអាជីវកម្មរបស់ខ្លួនឱ្យមានទីតាំងមួយច្បាស់លាស់ និងត្រឹមត្រូវ។

ពាណិជ្ជកម្ម

ហេតុអ្វីមានផលិតផលល្អលេខ1ហើយ ប៉ុន្តែនៅតែលក់មិនដាច់?

0
ហេតុអ្វីមានផលិតផលល្អលេខ1ហើយ ប៉ុន្តែនៅតែលក់មិនដាច់?

អតិថិជន តែងតែត្រូវការផលិតផលល្អលេខមួយក្នុងការប្រើប្រាស់ ប៉ុន្តែពេលខ្លះពួកគេមិនដឹងថាស្វែងរកនៅទីណាឡើយ ព្រមទាំងពេលខ្លះពួកគេក៏មិនអាចដឹងដែរថា នៅទីណាដែលគួរឱ្យជឿទុកចិត្តបានថាទីនោះពិតជាមានផលិតផលល្អពិតប្រាកដ មិនមែនគ្រាន់តែនិយាយសរសើរអំពីផលិតផលរបស់ខ្លួនឯង ពីព្រោះអតិថិជនបានដឹងហើយថា គ្មានអ្នកលក់ឯណានិយាយរិះគន់ផលិតផលរបស់ខ្លួនឯងឡើយ។

ហេតុដូចនេះ ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានផលិតផលល្អលេខមួយហើយ ប៉ុន្តែលក់មិនដាច់សោះ តើអ្នកត្រូវណែនាំប្រាប់ទៅកាន់អតិថិជនបែបណា? តើត្រូវធ្វើអ្វីខ្លះទើបល្អ? តើមានកត្តាអ្វីខ្លះដែលនាំឱ្យអ្នកលក់មិនដាច់? ដូច្នេះនៅខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលចំនួន 4 ដែលធ្វើឱ្យអ្នកលក់មិនដាច់ ទោះបីជាអ្នកមានផលិតផលល្អលេខមួយក្នុងការលក់ក៏ដោយ។ បន្ថែមពីនេះ អ្នកអាចសិក្សាឈ្វេងយល់ដោយខ្លួនឯងបន្ថែម ក៏ដូចជាចៀសវាងកុំឱ្យមានកំហុសឆ្គងខាងក្រោមកើតឡើងឱ្យសោះ។

1. ខ្សោយក្នុងការលក់

ការលក់ គឺជាផ្នែកមួយដ៏សំខាន់នៅគ្រប់អាជីវកម្មទាំងអស់ ពីព្រោះផ្នែកនេះជាប្រភពនៃការស្វែងរកប្រាក់ចំណូល រួមបញ្ចូលនូវប្រាក់ចំណេញដល់ក្រុមហ៊ុនច្រើនជាងគេ។ ហេតុនេះប្រសិនបើក្រុមហ៊ុនណាមួយដំណើរការអាជីវកម្មដោយមានការលក់មិនល្អ ឬលក់មិនដាច់ អាជីវកម្មនោះច្បាស់ជាគ្មានប្រាក់ចំណូល ហើយក៏ឆាប់ដួលរលំដោយសារជាប់គាំងសាច់ប្រាក់មិនខាន។

ម្យ៉ាងវិញទៀត ចុះប្រសិនបើមានផលិតផលល្អលេខ1 នៅក្នុងក្រុមហ៊ុនហើយ ហេតុអ្វីក្រុមហ៊ុននោះលក់មិនដាច់ទៀត? នៅក្នុងចំណុចនេះ មានអាជីវកម្មជាច្រើនគិតថា អតិថិជនចង់បាននូវផលិតផលល្អលេខមួយដើម្បីប្រើប្រាស់ ហើយវាពិតជាត្រឹមត្រូវ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺថាក្នុងនាមជាអ្នកលក់ តើនិយាយបែបណាទើបធ្វើឱ្យអតិថិជនគាត់ជឿជាក់ និងសម្រេចចិត្តទិញបាន? អ្នកត្រូវដឹងថា គ្មានអ្នកលក់ណាក៏ដោយមិនដែរនិយាយថាផលិតផលរបស់ខ្លួនអន់ ឬគ្មានគុណភាពនោះទេ ដោយអ្នកលក់ខ្លះមានផលិតផលលក់មិនសូវល្អទេ ប៉ុន្តែលក់ដាច់ខ្លាំងជាងអ្នកដែលមានផលិតផលល្អលក់ទៀត ហេតុអ្វី? នេះគឺជាតិចនិកក្នុងការលក់។

ដូច្នេះប្រសិនបើអាជីវកម្មរបស់អ្នកកំពុងមានផលិតផលល្អលេខមួយហើយ អ្វីដែលត្រូវការបន្ទាប់នោះគឺអ្នកដែលជាម្ចាស់អាជីវកម្មត្រូវតែជាមនុស្សមានជំនាញផ្នែកលក់ ឬអាចនិយាយថា ជាមនុស្សពូកែលក់។ បន្ថែមពីនេះ ក៏ត្រូវតែជ្រើសរើសបុគ្គលិកដែលមានជំនាញលក់ល្អ និងមានការបណ្ដុះបណ្ដាលបន្ថែមទៀតលើការលក់ ដើម្បីធានាថាក្រុមលក់ក្នុងក្រុមហ៊ុនរបស់អ្នកសុទ្ធតែជាមនុស្សពូកែក្នុងការលក់។

2. ជ្រើសរើសទីតាំងមិនអំណោយផល

ទីតាំងជាផ្នែកមួយក៏សំខាន់ដែរ បើជ្រើសរើសទីតាំងបានត្រឹមត្រូវនោះអាជីវកម្មនឹងរីកចម្រើន ប៉ុន្តែបើជ្រើសរើសខុសវិញ ច្បាស់ណាស់អាជីវកម្មរបស់អ្នកនឹងមិនអាចរីកចម្រើន ឬអាចដួលរលំផងដែរ។ ហេតុអ្វីទីតាំងសំខាន់? ពីព្រោះទីតាំងអាចផ្ដល់ឱ្យអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងចំណោមអតិថិជនគោលដៅ ព្រមទាំងអាចបង្កើនការលក់នៅទីនោះបានយ៉ាងល្អ។ ឧទាហរណ៍ បើអាជីវកម្មរបស់អ្នកកំពុងផ្ដល់ការផ្គត់ផ្គង់លើការលក់ស្លាបព្រា ប៉ុន្តែអ្នកជ្រើសរើសទីតាំងលក់នៅប្រទេសឥណ្ឌាដែលជាប្រទេសមិនសូវមានតម្រូវការស្លាបព្រាផង ច្បាស់ណាស់អាជីវកម្មរបស់អ្នកនឹងលក់មិនដាច់ឡើយ។ មួយវិញទៀត ប្រសិនបើអ្នកបើកដំណើរអាជីវកម្មបែបទំនើប និងទាន់សម័យ ព្រមទាំងតម្លៃក៏រៀងថ្លៃ ហើយអ្នកជ្រើសទីតាំងដែលសម្បូរដោយប្រជាជនខ្វះខាត និងជាកន្លែងជនបទ នោះអាជីវកម្មរបស់អ្នកក៏លក់មិនដាច់ដែរ។ ហេតុនេះអ្នកត្រូវដឹងថា ទោះបីជាអាជីវកម្មរបស់អ្នកល្អកម្រិតណាក៏ដោយ បើអ្នកជ្រើសរើសទីតាំងដែលមិនសម្បូរដោយអតិថិជនគោលដៅរបស់អ្នកទេ នោះអាជីវកម្មរបស់អ្នកគ្មានចំណូលឡើយ ពីព្រោះលក់មិនដាច់ ដោយមនុស្សក្នុងតំបន់ដែលអ្នកជ្រើសរើសនោះសុទ្ធតែគ្មានតម្រូវការ ឬគ្មានលទ្ធភាពក្នុងការចំណាយលុយលើអ្វីដែលអាជីវកម្មរបស់អ្នកកំពុងលក់ឡើយ។

3. ខ្សោយក្នុងការធ្វើទីផ្សារ

ការធ្វើទីផ្សារក៏កាន់តែជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកក្នុងការធ្វើឱ្យអាជីវកម្ម ផលិតផល ឬសេវាកម្មរបស់អ្នកទៅដល់ក្រុមអតិថិជនគោលដៅ តាមរយៈការផ្សព្វផ្សាយដើម្បីធ្វើឱ្យក្រុមអតិថិជនរបស់អ្នកបានឃើញ និងស្វែងយល់បន្ថែមទៀតពីអាជីវកម្មរបស់អ្នក ព្រមទាំងសម្រេចចិត្តទិញ។  បន្ថែមពីនេះ វាក៏ជាផ្នែកក្នុងការបង្កើនការលក់ ការទំនាក់ទំនងជាមួយអតិថិជន និងការផ្ដល់ទំនុកចិត្តឱ្យអតិថិជន ព្រមទាំងជំរុញឱ្យអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។

ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ប្រសិនបើអ្នកមានផលិតផលល្អកម្រិតណាក៏ដោយ បើអ្នកមើលរំលងក្នុងការធ្វើទីផ្សារ នោះអាជីវកម្មរបស់អ្នកនឹងមិនអាចដើរទៅមុខបានលឿនឡើយ។ អ្នកត្រូវដឹងថា បច្ចុប្បន្ននេះមនុស្សចំណាយពេលវេលាច្រើននៅលើបណ្ដាញសង្គម ដូច្នេះប្រសិនបើអ្នកគ្រាន់តែដំណើរអាជីវកម្ម ដោយគ្រាន់តែនិយាយប្រាប់អ្នកនៅជិតៗគ្នាអំពីអាជីវកម្មរបស់អ្នក គឺវាមិនសូវបានប្រសិទ្ធភាពនោះទេ ប៉ុន្តែវាទាមទារឱ្យអ្នកត្រូវធ្វើទីផ្សារលើបណ្ដាញសង្គមឱ្យបានច្រើន និងអាចមានការបង្កើតព្រឹត្តិការណ៍នានា ដើម្បីធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់ ចាប់អារម្មណ៍ច្រើន និងសាកល្បងប្រើប្រាស់ផលិតផលថ្មីរបស់អ្នក។ បន្ថែមពីនេះ ដើម្បីអាចធ្វើទីផ្សារបានល្អ អ្នកអាចស្វែងរកបុគ្គលិក ឬជួលអ្នកជំនាញពីខាងក្រៅដើម្បីជួយប្រឹក្សា និងជួយបន្ថែមលើការធ្វើទីផ្សារដល់អាជីវកម្មរបស់អ្នកឱ្យទទួលបានលទ្ធផលល្អ។

អ្នកត្រូវចងចាំថា បើអ្នកមានផលិតផលល្អស្រាប់ហើយ ចូរកុំខ្លាចក្នុងការវិនិយោគលើការធ្វើទីផ្សារ ពីព្រោះការធ្វើទីផ្សារ វាជួយដល់អាជីវកម្មរបស់អ្នកបានច្រើនណាស់ ដោយពេលខ្លះអ្នកអាចសម្រុកធ្វើទីផ្សារតែដំបូងនោះទេ បន្ទាប់មកបើអ្នកមានអតិថិជនស្មោះត្រង់ជាមួយអាជីវកម្មរបស់អ្នកច្រើន នោះពួកគេនឹងជួយធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែល្បី និងនាំអ្នកថ្មីៗមកកាន់តែច្រើនសម្រាប់អាជីវកម្មរបស់អ្នកមិនខាន។

4. ខ្សោយផ្នែកសេវាកម្មអតិថិជន

ផ្នែកសេវាកម្មអតិថិជន ជាផ្នែកដែលអាជីវកម្មខ្នាតតូច និងខ្នាតមធ្យម ជាពិសេសអាជីវកម្មទើបតែចាប់ផ្ដើមដំបូងៗបានមើលរំលង​ ព្រមទាំងមិនបានផ្ដល់សារៈសំខាន់លើផ្នែកនេះ ដែលជាហេតុធ្វើឱ្យអតិថិជនមិនពេញចិត្ត និងមិនចង់ចូលម្ដងទៀត ឬមិនចង់ណែនាំទៅកាន់អ្នកដែលពួកគេស្គាល់ចូលមកកាន់ក្រុមហ៊ុនរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត បើសេវាកម្មអតិថិជននៅខ្សោយ នោះក៏ជាកត្តាធ្វើឱ្យអតិថិជនគ្រាន់តែចាប់អារម្មណ៍ និងមិនហ៊ានចំណាយលុយច្រើនមកកាន់ផលិតផលរបស់អ្នកឡើយ។ ឧទាហរណ៍ អ្នកលក់សម្ភារៈក្មេងៗដែលមានគុណភាពល្អ ប៉ុន្តែនៅពេលអតិថិជនមកកាន់ហាងរបស់អ្នក បែរជាក្រុមបុគ្គលិកមិនបានយកចិត្តទុកដាក់ជាមួយ និងមិនបានផ្ដល់នូវការណែនាំល្អដល់អតិថិជនលើប្រភេទផលិតផលនានាឡើយ ដូច្នេះគាត់អាចគ្រាន់តែចូលមើលមួយភ្លែត ហើយក៏ដើរចេញមិនខាន ពីព្រោះពួកគេអាចមានអារម្មណ៍មិនល្អ និងអាចខឹងជាដើម។

ហេតុដូចនេះហើយ ក្នុងនាមជាម្ចាស់អាជីវកម្មគួរតែរៀបចំប្រព័ន្ធនៃការបង្វឹកដល់បុគ្គលិកទាំងអស់ ដូចជាបុគ្គលិកផ្នែកលក់ បុគ្គលិកផ្នែកសន្តិសុខ និងបុគ្គលិកជាប់ពាក់ព័ន្ធផ្សេងៗ ឱ្យមានជំនាញក្នុងការផ្ដល់សេវាកម្មអតិថិជនដ៏ល្អ។ អ្នកត្រូវដឹងថា សេវាកម្មអតិថិជនល្អ នឹងជួយអ្នកឱ្យបង្កើនអតិថិជនបានច្រើន ប៉ុន្តែបើមិនល្អវិញ ទោះបីជាផលិតផលរបស់អ្នកល្អយ៉ាងណា ក៏ពួកគេមិនចង់បានដែរ ដោយសុខចិត្តទៅស្វែងរកនៅកន្លែងផ្សេងជាដើម។

ពាណិជ្ជកម្ម

ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

0
ក្រុមហ៊ុន BYD របស់ចិន បានយកឈ្នះលើក្រុមហ៊ុន Tesla ក្លាយជាអ្នកផលិតរថយន្តអគ្គិសនីដ៏ធំបំផុតក្នុងពិភពលោក!

BYD ជាក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនដែលគាំទ្រដោយក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffett ព្រមទាំងមានទីតាំងជាគោលនៅទីក្រុង Shenzhen បានវ៉ាដាច់លើក្រុមហ៊ុន Tesla របស់លោក Elon Musk ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោក តាមរយៈចំនួននៃការលក់រថយន្តថាមពលថ្មីអស់ប្រហែល 641,000 គ្រឿង (NEVs) រួមទាំងរថយន្តអគ្គិសនី និងរថយន្តកូនកាត់ហាយប៊្រីដ​ (hybrids) ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ កើនឡើងជាង 300 ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមឯកសារនៃការប្រកាសរបស់ក្រុមហ៊ុនផ្ទាល់កាលពីថ្ងៃទី 5 ខែកក្កដា ឆ្នាំ2022 នេះ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ក្រុមហ៊ុន BYD ក៏កំពុងមានទីផ្សារនៅកម្ពុជាផងដែរ។

បន្ថែមពីនេះ បើធ្វើការប្រៀបធៀបរវាងការលក់ជាមួយក្រុមហ៊ុន Tesla គឺក្រុមហ៊ុន BYD មានប្រៀបជាង ដោយក្រុមហ៊ុន Tesla បានលក់រថយន្តអស់ចំនួនតែ 564,000 គ្រឿងក្នុងឆមាសទី 1 ដែលជាចំនួនកើនឡើងត្រឹមតែ 46 ភាគរយបើធៀបជាមួយនឹងការលក់កាលពីឆ្នាំមុន ដោយលក់អស់ 386,200 គ្រឿងក្នុងរយៈពេលដូចគ្នា។ លើសពីនេះ Tesla បានលក់រថយន្ត និង SUVs ចំនួន 254,695 គ្រឿង ចាប់ពីខែមេសារហូតដល់ដំណាច់ខែមិថុនា ឆ្នាំ2022 នេះ មានការធ្លាក់ចុះ 18 ភាគរយ ដោយសារការផលិត និងការលក់របស់ក្រុមហ៊ុនមានទីស្នាក់ការកណ្តាលនៅរដ្ឋតិចសាស់ទទួលរងនូវការវាយប្រហារដោយការបិទទីក្រុងសៀងហៃ ដើម្បីដោះស្រាយការផ្ទុះឡើងនៃជំងឺ Covid-19 ។

បើយោងតាមរបាយការណ៍ថ្មីៗនេះពី Associated Press លោក Dan Ives អ្នកវិភាគ Wedbush បានប៉ាន់ប្រមាណថា ជាង 40 ភាគរយនៃការលក់របស់ក្រុមហ៊ុន Tesla មកពីប្រទេសចិន ហើយរោងចក្រនៅសៀងហៃផលិតរថយន្តប្រហែល 70,000 គ្រឿង ដែលជាចំនួនតិចជាងរាល់ដង ដោយសារការបិទទីក្រុងអំឡុងពេលដោះស្រាយរឿងវិបត្តិនៃជំងឺកូវីដ-19។ ទទឹមនឹងនេះ ក្រុមហ៊ុន BYD បានបង្កើតនូវម៉ូឌែលរថយន្តជាច្រើន ដូចជារថយន្ត plug-in hybrid ដែលប្រើថ្មធំ បន្ថែមពីលើម៉ាស៊ីនបែបប្រពៃណីសម្រាប់ការធ្វើដំណើរបានរយៈពេលយូរបំផុត ព្រមទាំងក៏ត្រូវបានគេចាត់ទុកថាជាយានជំនិះ “គ្មានការបំភាយ” ក្រោមច្បាប់លក់របស់ប្រទេសចិនទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន BYD បានជ្រើសរើសទីតាំងដ៏ល្អមួយសម្រាប់បង្កើតជារោងចក្រផលិតយានយន្តចំនួនធំៗជាច្រើនទាំងក្នុងតំបន់ និងក្នុងទីក្រុង ដែលសុទ្ធតែជាកន្លែងមិនងាយរងនូវផលប៉ះពាល់ពីជំងឺកូវីដ-19 នៅប្រទេសចិន អំឡុងពេលក្រុមហ៊ុន Tesla និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេផ្សេងទៀតរបស់ចិនដូចជា Li Auto, Nio និង Xpeng Motors កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយការបិទ Covid-19។

ពាណិជ្ជកម្ម

ហេតុអ្វី Branding មានសារៈសំខាន់សម្រាប់អាជីវកម្ម?

0
ហេតុអ្វី Branding មានសារៈសំខាន់សម្រាប់អាជីវកម្ម?

នៅក្នុងការធ្វើអាជីវកម្មទាំងអស់ Branding ពិតជាមានសារៈសំខាន់លើសពីការគិតរបស់យើងទៀត។ ជាក់ស្ដែងអ្នកអាចសង្កេតមើលបានថា ចំពោះអាជីវកម្មដែលគ្មានការធ្វើ Branding និងអាជីវកម្មដែលបានធ្វើ Branding ល្អ នោះគឺវាសនារបស់អាជីវកម្មទាំងពីរនេះផ្សេងគ្នា ដោយអាជីវកម្មដែលគ្មានការធ្វើ Branding នឹងមិនសូវសម្បូរអតិថិជនទុកចិត្ត មិនសូវមានទីផ្សារ និងពិបាកកំណត់តម្លៃស្ដង់ដារជាដើម ប៉ុន្តែចំពោះអាជីវកម្មដែលមានការ Branding ល្អ អាជីវកម្មនោះនឹងមានមនុស្សទុកចិត្តច្រើន ទោះតម្លៃផលិតផលឬសេវាកម្មនៅទីនោះប៉ុណ្ណាក៏ហ៊ានចំណាយ និងធ្វើឱ្យអតិថិជនជួយផ្សព្វផ្សាយដោយឥតគិតថ្លៃឱ្យថែមទៀត។ល។ ហើយទាំងនេះ គ្រាន់តែការបង្ហាញនូវសារៈសំខាន់មួយផ្នែកតូចប៉ុណ្ណោះ ប៉ុន្តែខ្លឹមសារខាងក្រោមនឹងបង្ហាញអ្នកឱ្យយល់បន្ថែមអំពី Branding និងសារៈសំខាន់របស់វានៅក្នុងអាជីវកម្ម។

តើអ្វីជា Branding?

Branding (ម៉ាកយីហោ) គឺជាដំណើរការបង្កើតនូវការយល់ឃើញដ៏រឹងមាំ និងបង្កើតភាពវិជ្ជមានរបស់ក្រុមហ៊ុន ផលិតផល ឬសេវាកម្មរបស់ខ្លួននៅក្នុងគំនិតរបស់អតិថិជន ដោយបង្ហាញនូវឡូហ្គោ គុណតម្លៃ បេសកកម្ម ភាពខុសប្លែកគ្នាពីដៃគូប្រកួតប្រជែង និងអ្វីជាច្រើនទៀតដែលព្យាយាមយ៉ាងណាធ្វើឱ្យអតិថិជនចងចាំ នឹកឃើញមុនគេ ហើយមានទំនុកចិត្តលើអាជីវកម្មរបស់អ្នក។ បើនិយាយឱ្យសាមញ្ញ Branding ជាការរួមបញ្ចូលគ្នានៃយុទ្ធសាស្រ្តទីផ្សារ និងអាជីវកម្ម ដើម្បីជំរុញឱ្យមនុស្សគិតអំពីក្រុមហ៊ុន ផលិតផល ឬសេវាកម្មតាមរបៀបជាក់លាក់ណាមួយ។

សារៈសំខាន់នៃ Branding នៅក្នុងអាជីវកម្ម
1. មនុស្សកាន់តែច្រើននឹងទទួលស្គាល់អាជីវកម្មរបស់អ្នក

ការចាប់ផ្ដើមអាជីវកម្មដំបូងៗ ច្បាស់ណាស់នឹងមានមនុស្សតិចបំផុតដែលស្គាល់ និងទុកចិត្តលើអាជីវកម្មរបស់អ្នក ដូច្នេះវាត្រូវ Branding ដើម្បីជួយអាជីវកម្មឱ្យមានមនុស្សទទួលស្គាល់បានកាន់តែច្រើន ហើយប្រសិនបើអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំទៀត មនុស្សកាន់តែស្គាល់អំពីអ្នកកាន់តែច្រើន តាមរយៈឡូហ្គោ ព័ណ៌ដ៏ទាក់ទាញ ពុម្ពអក្សរ រូបភាព និងធាតុដែលមើលឃើញផ្សេងទៀតនឹងអាចជាការចងចាំរបស់អតិថិជន។

2. ខុសប្លែកពីដៃគូប្រកួតប្រជែង

នៅក្នុងទីផ្សារតែងតែមានអាជីវកម្មដែលដូចគ្នា ឬស្រដៀងគ្នាជាច្រើនកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ប៉ុន្តែទោះជាយ៉ាងណាប្រសិនបើអាជីវកម្មរបស់អ្នកកសាងម៉ាកយីហោបានល្អ នោះអ្នកនឹងអាចធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពដាច់ដោយឡែកពីដៃគូប្រកួតប្រជែង និងស្ថិតនៅក្នុងការចងចាំរបស់អតិថិជនបានច្រើន។ ឧទាហរណ៍៖ នៅកម្ពុជាបច្ចុប្បន្នសម្បូរដោយម្ចាស់អាជីវកម្មបើកហាងកាហ្វេ ប៉ុន្តែហេតុអ្វីមនុស្សចងចាំ និងពេញនិយមតែហាងកាហ្វេមួយចំនួន ដូចជា KOI, Brown  និងម៉ាកល្បីក្នុងស្រុកផ្សេងទៀត នេះដោយសារតែហាងកាហ្វេទាំងនេះចេះ Branding ហាងរបស់គេឱ្យមានភាពដាច់ដោយឡែក និងប្លែកខុសពីហាងកាហ្វេផ្សេងៗទៀត តាមរយៈគំនិតនៃការរចនាហាង រសជាតិ ការផ្ដល់សេវាកម្មអតិថិជនល្អ ជ្រើសរើសបុគ្គលិកស្អាតៗ ការផ្សព្វផ្សាយមានការទូលំទូលាយ ការជ្រើសព័ណ៌ និងភាពលេចធ្លោដើម្បីបង្កើនការងាយស្រួលចងចាំដល់អតិថិជនជាច្រើនទៀត។

3. កសាងទំនុកចិត្តដល់អតិថិជន

Branding ជាផ្នែកដ៏សំខាន់មួយក្នុងការជួយកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែច្រើន និងអាចជំរុញឱ្យមានអតិថិជនស្មោះត្រង់ចំពោះអាជីវកម្មក៏បានច្រើនផងដែរ។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងផងដែរថា ការដែលអាចយកទំនុកចិត្តអតិថិជនបាន វាជារឿងដ៏ជោគជ័យមួយរបស់អាជីវកម្ម ពីព្រោះអតិថិជនជាអ្នកផ្ដល់ប្រភពនៃចំណូលនៅក្នុងអាជីវកម្ម។ ​

4. ពង្រឹងការផ្សាយពាណិជ្ជកម្មរបស់អ្នក

អាជីវកម្មដែលអាចទទួលបានភាពរីកចម្រើនជាលំដាប់ ក៏មិនអាចខ្វះការចូលរួមពីការផ្សាយពាណិជ្ជកម្មផងដែរ ដោយBranding វាក៏ដើរទទឹមនឹងការផ្សាយពាណិជ្ជកម្ម។ ទោះបីជាយ៉ាងនេះក្ដី មុននឹងអាចធ្វើការផ្សព្វផ្សាយអំពីអាជីវកម្មរបស់អ្នកកាន់តែទទួលបានប្រសិទ្ធភាព លុះត្រាតែអ្នកកសាងម៉ាកយីហោជាមុនសិនដែរ ដូច្នេះ Branding ពិតជាសំខាន់ណាស់។

5. បង្កើតអតិថិជនដ៏ស្មោះត្រង់បានច្រើន

អតិថិជនស្មោះត្រង់ អាជីវកម្មណាក៏ចង់បានច្រើននោះដែរ​ ព្រោះអតិថិជនស្មោះត្រង់ជាប្រភេទអតិថិជនដែលមិនងាយដកចិត្តពីការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នក ដោយតែងតែត្រឡប់មកប្រើប្រាស់ផលិតផលឬសេវាកម្មនៅអាជីវកម្មរបស់អ្នកម្ដងហើយម្ដងទៀត ព្រមទាំងជួយផ្សព្វផ្សាយបន្តបានយ៉ាងទូលំទូលាយទៅកាន់មនុស្សដែលពួកគេបានស្គាល់។ ហេតុនេះហើយ មានតែម៉ាកយីហោអាជីវកម្មរបស់អ្នកល្អនោះទេ ទើបមានអតិថិជនស្មោះត្រង់ច្រើន ពីព្រោះពួកគេចងចាំ និងទុកចិត្តលើអ្នក។

6. ងាយស្រួលណែនាំនូវផលិតផលឬសេវាកម្មថ្មី

នៅពេលដែលអាជីវកម្មរបស់អ្នកមានម៉ាកយីហោដ៏រឹងមាំ និងផ្ដល់ទំនុកចិត្តខ្លាំងដល់អតិថិជន នោះនៅពេលអ្នកចង់បង្កើតឬណែនាំនូវផលិតផលសេវាកម្មថ្មី មនុស្សនឹងចាប់ផ្ដើមធ្វើការកក់ ឬកម្ម៉ង់ និងរីករាយជាមួយនឹងផលិតផលសេវាកម្មថ្មីរបស់អ្នក វាប្រៀបដូចជាក្រុមហ៊ុន Apple ជាក្រុមហ៊ុនយក្សដែលមានម៉ាកយីហោដ៏ល្អលំដាប់ពិភពលោក ដោយមនុស្សជាច្រើនមានការទុកចិត្ត និងសម្បូរដោយអតិថិជនស្មោះត្រង់ដ៏ច្រើន ដូច្នេះនៅពេលក្រុមហ៊ុនមួយនេះចាប់ផ្ដើមបង្កើតនិងណែនាំនូវផលិតផលថ្មីរបស់ខ្លួន ក៏មានអតិថិជនកំពុងមានការតម្រងជួរគ្នាចង់បាន និងមានការគាំទ្រខ្លាំង។

7. បង្កើនផលិតភាពការងារ និងមោទនភាពដល់បុគ្គលិក

ជាធម្មតាទេប្រសិនបើអាជីវកម្មរបស់អ្នកមានកេរ្តិ៍ឈ្មោះល្អ និងមានភាពល្បីល្បាញខ្លាំង ដោយសារតែមានម៉ាកយីហោរឹងមាំ នោះបុគ្គលិកកាន់តែមានមោទកភាពចំពោះខ្លួនឯងដែលបានធ្វើការជាមួយអ្នក និងពួកគេនឹងពេញចិត្តជាមួយការងាររបស់ពួកគេកាន់តែខ្លាំង។ ទាំងនេះហើយ ដែលនឹងធ្វើឱ្យអាជីពការងាររបស់បុគ្គលិកទាំងអស់កាន់តែរីកចម្រើន ហើយការងារនៅក្នុងក្រុមហ៊ុនកាន់តែលឿន និងមានលទ្ធផលល្អស្របតាមការរំពឹងទុក នោះអាជីវកម្មរបស់អ្នកក៏កាន់តែជោគជ័យជាលំដាប់។

 

ពាណិជ្ជកម្ម

តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

0
តើអាជីវកម្មខ្នាតតូច និងមធ្យម នឹងជួបបញ្ហាគ្រប់គ្រងលើអ្វីខ្លះ?

ការធ្វើអាជីវកម្ម មិនថាជាអាជីវកម្មខ្នាតតូច មធ្យម និងស្ដង់ដារនោះទេ តែងតែមានបញ្ហាលើការគ្រប់គ្រង គ្រាន់តែវាមានកម្រិតនៃបញ្ហាខុសៗគ្នា។ ជាក់ស្ដែងតាមការសិក្សាស្រាវជ្រាវលើការដំណើរការអាជីវកម្ម ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម តែងតែមានបញ្ហាលើការគ្រប់គ្រងច្រើនជាងអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ ហើយវាក៏ជាផ្នែកដែលធ្វើឱ្យអាជីវកម្មពួកគេប្រឈមនឹងការបរាជ័យជាដើម។

បញ្ហានៃការគ្រប់គ្រងនៅក្នុងអាជីវកម្ម វាតែងតែមានច្រើននៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម ប៉ុន្តែវាក៏មានដំណោះស្រាយរបស់វាផងដែរ។ ជាពិសេសវាក៏ជាដំណាក់កាលមួយដើម្បីអាចធ្វើឱ្យអាជីវកម្មនោះឆ្ពោះទៅរកអាជីវកម្មដែលមានលក្ខណៈស្ដង់ដារ។ នៅក្នុងចំណុចនេះ អ្នកច្បាស់ជាចង់ដឹងបន្ថែមទៀតថា តើបញ្ហាគ្រប់គ្រងអ្វីខ្លះ ដែលអាជីវកម្មខ្នាតតូច និងមធ្យមតែងតែជួបប្រទះ? ហើយត្រូវដោះស្រាយបែបណា? ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញអ្នកលើបញ្ហាគ្រប់គ្រងដែលប្រភេទអាជីវកម្មខ្នាតតូច និងមធ្យម តែងតែប្រឈមមុខ និងបង្ហាញនូវដំណោះស្រាយមួយចំនួនដើម្បីជាគំនិតបន្ថែមក្នុងការចៀសវាង និងត្រៀមដំណោះស្រាយការពារទុកជាមុនសម្រាប់អាជីវកម្មរបស់អ្នក។

1. ការគ្រប់គ្រងបុគ្គលិក

បុគ្គលិក គឺជាផ្នែកសំខាន់មួយដែលជួយធ្វើឱ្យអាជីវកម្មរបស់អ្នកឈានដល់ការសម្រេចនូវគោលដៅ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដោយមិនចេះគ្រប់គ្រងបុគ្គលិកវិញ វាក៏អាចជាផ្នែកមួយដែលធ្វើឱ្យអាជីវកម្មរបស់អ្នកឆាប់ដួលរលំ ឬដំណើរការមិនល្អផងដែរ។ ជាក់ស្ដែង ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន បានមើលរំលងលើការគ្រប់គ្រងបុគ្គលិកឱ្យបានល្អ ដោយរាប់ចាប់តាំងពីការជ្រើសរើសបុគ្គលិក រហូតដល់ពួកគេក្លាយជាបុគ្គលិកពេញសិទ្ធិ ដោយគ្មានការណែនាំ ឬការបណ្ដុះបណ្ដាលក្រុមបុគ្គលិកទាំងនោះឱ្យធ្វើនូវអ្វីដែលស្របជាមួយនឹងទេពកោលស្យរបស់ពួកគេ និងស្របតាមគោលដៅដែលក្រុមហ៊ុនចង់បានឱ្យល្អឡើយ។

poor employee management

កំហុសរបស់ម្ចាស់អាជីវកម្ម

  • មិនបានធ្វើជាអ្នកដឹកនាំដ៏ល្អសម្រាប់ក្រុមបុគ្គលិកទាំងអស់គ្នា ដោយថ្នាក់ដឹកនាំខ្វះនូវភាពជាអ្នកដឹកនាំ
  • គ្រាន់តែជ្រើសរើសបុគ្គលិកមកបម្រើការងារដែលក្រុមហ៊ុនត្រូវការ ដោយមិនបានជួយណែនាំ និងបណ្ដុះបណ្ដាលបន្ថែម ដើម្បីជួយពួកគេឱ្យរីកចម្រើនលើអាជីពការងារផ្ទាល់ខ្លួន និងអាចបំពេញការងារបានល្អស្របតាមគោលដៅក្រុមហ៊ុន
  • អនុវត្តន៍គោលការណ៍ការងារតាមតែចិត្តខ្លួនឯង ដោយគ្មានការស្ដាប់ និងជួយជំរុញបន្ថែមឱ្យក្រុមការងារធ្វើអ្វីដោយចិត្តស្រលាញ់អស់ពីចិត្តឡើយ

ដំណោះស្រាយ

  • ជ្រើសរើសផ្នែកធនធានមនុស្ស ដើម្បីជួយសម្រួលដល់ការងារគ្រប់គ្រងបុគ្គលិកឱ្យបានល្អ
  • ពង្រឹងសមត្ថភាពខ្លួនឯងក្នុងនាមជាម្ចាស់អាជីវកម្ម លើភាពជាអ្នកដឹកនាំ និងធ្វើជាអ្នកដឹកនាំដ៏ល្អជាមួយនឹងក្រុមការងារ ជាជាងតាំងខ្លួនជាអ្នកគ្រប់គ្រង ឬជាចៅហ្វាយ
  • បង្កើតគោលការណ៍ ឬវប្បធម៌រីកចម្រើននៅក្នុងក្រុមហ៊ុន
  • ត្រូវធានាថា បុគ្គលិកដែលបានជ្រើសរើសមកទាំងអស់ សុទ្ធតែបុគ្គលដែលមានឆន្ទៈ មានសមត្ថភាពល្អ មានការចង់ចេះចង់ដឹង ឬអាចនិយាយថាជាមនុស្សចង់រីកចម្រើន ព្រមទាំងបើកឱកាសឱ្យពួកគេធ្វើផ្នែកដែលជាទេពកោសល្យ និងបញ្ចេញនូវគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន ដើម្បីរីកចម្រើនទាំងអស់គ្នា ទាំងក្រុមបុគ្គលិកក៏រីកចម្រើន និងក្រុមហ៊ុនក៏រីកចម្រើន។

2. គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ

ការធ្វើអាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន តែងតែជួបប្រទះនូវបញ្ហាផ្នែកហិរញ្ញវត្ថុយ៉ាងញឹកញាប់​ដោយពេលខ្លះជាប់គាំងរឿងលំហូរសាច់ប្រាក់ ដែលឈានដល់ការបិទក្រុមហ៊ុនជាដើម។ ជួនកាលម្ចាស់អាជីវកម្ម តែងតែគ្រប់គ្រងហិរញ្ញវត្ថុដោយខ្លួនឯង ឬឱ្យភរិយាជួយគ្រប់គ្រងជាដើម ដែលភាគច្រើនការគ្រប់គ្រងនោះមិនបានល្អ ដោយហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនមានការច្របូកច្របល់គ្នា។ ជួនកាលជួលបុគ្គលិកឱ្យគ្រប់គ្រងផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន ទាំងដែលខ្លួនឯងគ្មានចំណេះដឹងផ្នែកនេះ ដែលជាហេតុធ្វើឱ្យបុគ្គលិកអាចកេងចំណេញបាន ឬពេលខ្លះបុគ្គលិកធ្វើខុសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ក៏មិនបានដឹង។ បន្ថែមពីនេះ ការមិនចេះគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ វាក៏ជាផ្នែកដែលធ្វើឱ្យម្ចាស់អាជីវកម្មមិនអាចបង្វិលរាល់បំណុល និងស្វែងរកដើមទុនបន្ថែមបានទាន់ពេលវេលាឡើយ។ល។ សំណួរសួរថា តើត្រូវដោះស្រាយបែបណា?

poor financial management

ដំណោះស្រាយ គឺម្ចាស់អាជីវកម្មត្រូវតែ៖

  • បែងចែកឱ្យដាច់ស្រេចរវាងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុក្រុមហ៊ុន
  • រៀបចំផែនការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុឱ្យបានល្អ (អាចរៀបដោយខ្លួនឯង និងរកជំនួយអ្នកដែលមានជំនាញផ្នែកនេះដើម្បីជួយ)
  • ពង្រឹងសមត្ថភាពលើចំណេះគ្រប់គ្រងហិរញ្ញវត្ថុ និងគណនេយ្យឱ្យបានល្អបំផុតក្នុងនាមជាម្ចាស់អាជីវកម្ម
ពាណិជ្ជកម្ម

តើអ្វីជា Trademark?

0
តើអ្វីជា Trademark?

Trademark គឺជាសញ្ញាដែលយើងអាចមើលឃើញ ហើយអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវានៃសហគ្រាសនីមួយៗ ព្រមទាំងអាចប្រើប្រាស់សម្រាប់ទំនិញ ហៅថាពាណិជ្ជសញ្ញា និងប្រើប្រាស់សម្រាប់សេវាហៅថា សេវាសញ្ញា។ នេះបើយោងតាមការពន្យល់របស់គេហទំព័រផ្លូវការរបស់ “នាយកដ្ឋានកម្មសិទ្ធិបញ្ញា” ។

បន្ថែមពីនេះ Trademark ក៏មានច្រើនប្រភេទផងដែរ រួមមានម៉ាកជាពាក្យ ម៉ាកជាអក្សរ ម៉ាកជាលេខ ម៉ាកជារូបសញ្ញា ម៉ាកជានិមិត្តសញ្ញា ម៉ាកជាស្លាកសញ្ញា ម៉ាកជាការរួមគ្នានៃអក្សរនិងរូបសញ្ញា ម៉ាកជាព័ណ៌ ម៉ាកជាឈ្មោះ ម៉ាកជាសញ្ញាដែលមើលឆ្លុះបីជ្រុង និងម៉ាកជាហត្ថលេខា។

Trademark

បើយោងតាមមាត្រា4នៃច្បាប់នៅកម្ពុជាស្តីអំពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ កំណត់ពីម៉ាកមួយចំនួនដែលមិនអាចចុះបញ្ជីបាន ដូចខាងក្រោម៖
  • ម៉ាកដែលមិនអាចសម្គាល់លក្ខណៈខុសគ្នានៃទំនិញឬសេវារបស់សហគ្រាសមួយទៅនឹងសហគ្រាសមួយផ្សេងទៀត។
  • ម៉ាកដែលបណ្តាលឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌ ឬប្រពៃណីល្អរបស់ជាតិ។
  • ម៉ាកដែលនាំឱ្យសាធារណជនឬមជ្ឈដ្ឋានពាណិជ្ជកម្មភាន់ច្រឡំទៅនឹងប្រភពភូមិសាស្ត្រទំនិញឬសេវាពាក់ព័ន្ធ ឬធាតុដើមឬលក្ខណៈខាងក្រៅរបស់ទំនិញឬសេវានោះ។
  • ម៉ាកដែលដូចគ្នាឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបផ្សេងៗ ឈ្មោះឬឈ្មោះសង្ខេប ឬអក្សរកាត់ ឬសញ្ញាឬត្រាជាផ្លូវការ ដែលអនុម័តដោយរដ្ឋណាមួយ អង្គការអន្តររដ្ឋាភិបាល ឬអង្គការដែលបង្កើតដោយអនុសញ្ញាអន្តរជាតិមួយ លើកលែងតែមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋនោះឬអង្គការនោះ។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលគ្នា ដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីក្នុងព្រះរាជាណាចក្រកម្ពុជា ឬបង្កើតពីការបកប្រែនៃម៉ាកឬ ពាណិជ្ជនាមដែលល្បីនោះ សម្រាប់ទំនិញឬសេវាដូចគ្នាឬប្រហាក់ប្រហែលគ្នានៃសហគ្រាសមួយទៀត។
  • ម៉ាកដែលដូចគ្នាឬប្រហាក់ប្រហែលដែលនាំឱ្យច្រឡំនឹងម៉ាកឬពាណិជ្ជនាមមួយដែលល្បីឬបង្កើតពីការបកប្រែនៃម៉ាកឬពាណិជ្ជនាមដែលល្បីនោះ ហើយដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ទំនិញឬសេវាដែលមិនដូចគ្នា ឬមិនប្រហាក់ប្រហែលគ្នា ដោយការប្រើប្រាស់ម៉ាកនោះ ធ្វើឱ្យខូចខាតប្រយោជន៍របស់ម្ចាស់ម៉ាកល្បី។
  • ម៉ាកដែលដូចឬស្ទើរតែដូចគ្នាទាំងស្រុងទៅនឹងម៉ាកដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្សេង ដែលបានចុះបញ្ជីរួចហើយ ឬបានដាក់ពាក្យស្នើសុំចុះបញ្ជីមុន ឬបានទទួលអាទិភាពចុះបញ្ជីមុន នៅឯបរទេស ចំពោះទំនិញឬសេវាដូចគ្នាឬទំនិញឬសេវាដែលពាក់ព័ន្ធគ្នាយ៉ាងជិតស្និទ្ធិ។
សិទ្ធដែលអាជីវកម្មទទួលបានក្រោយពីចុះ Trademark នៅកម្ពុជា រួមមាន៖
  • ចំពោះម៉ាកដែលទាក់ទងនឹងទំនិញឬសេវាដែលបានចុះបញ្ជីរួចហើយ ហើយចំពោះការប្រើប្រាស់ម៉ាកនោះ ដោយជនណាមួយក្រៅពីម្ចាស់ដើម ត្រូវមានការយល់ព្រមពីម្ចាស់ម៉ាកដើមជាមុនសិន។
  • ម្ចាស់ដើមនៃម៉ាកមានសិទ្ធិប្តឹងទៅតុលាការប្រឆាំងនឹងជនណាម្នាក់ ដែលប្រើប្រាស់ដោយរំលោភនូវម៉ាករបស់ខ្លួន ដោយគ្មានការយល់ព្រមពីម្ចាស់ដើម។ ម្ចាស់ដើមក៏មានសិទ្ធិប្តឹងផងដែរចំពោះការប្រើប្រាស់នូវសញ្ញាដែលប្រហាក់ប្រហែលនឹងម៉ាកដែលខ្លួនបានចុះបញ្ជីរួចហើយ និងការប្រើប្រាស់ម៉ាកដែលទាក់ទងទៅនឹងទំនិញនិងសេវាដែលប្រហាក់ប្រហែលទៅនឹងទំនិញឬសេវានៃម៉ាកដែលចុះបញ្ជីរួចហើយ ដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំជាសាធារណៈ។
  • សិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកនឹងមិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់ដែលបានចុះបញ្ជីឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកនោះទេ។
ពាណិជ្ជកម្ម

ភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

0
ភាពខុសគ្នារវាង ផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ

នៅក្នុងចំណែកនៃភាពជោគជ័យរបស់អាជីវកម្ម តែងតែមានផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារដើម្បីចូលរួមជួយជ្រោមជ្រែងជានិច្ច ដោយគ្មានអាជីវកម្មណាមួយទទួលបានលទ្ធផលល្អប្រសើរស្របតាមការចង់បាន ដោយគ្មានផ្នែកពីរនេះបាននោះទេ។ ទោះបីជាយ៉ាងនេះក្ដី​ ចំពោះអ្នកទើបតែចាប់ផ្ដើមលើផ្នែកទីផ្សារ និងម្ចាស់អាជីវកម្មថ្មីថ្មោង ភាគច្រើននៅតែបែងចែកនៃផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារមិនដាច់ដោយឡែកពីគ្នាសោះ។ ហេតុដូចនេះ នៅក្នុងខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីលក្ខណៈខុសគ្នាមួយចំនួនដើម្បីជួយធ្វើឱ្យអ្នកដែលពុំទាន់ច្បាស់ក្នុងការងាយស្រួលបែងចែក និងយល់ដឹងពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារឱ្យបានល្អប្រសើរជាងមុន។

ផែនការទីផ្សារ

ផែនការទីផ្សារ (Marketing Plan) សំដៅលើឯកសារប្រតិបត្តិការទាំងឡាយណាដែលគូសបញ្ជាក់អំពីយុទ្ធសាស្ត្រផ្សាយពាណិជ្ជកម្មដែលក្រុមហ៊ុនត្រៀមនឹងអនុវត្តន៍ដើម្បីបង្កើតការនាំមុខ និងឈានដល់ទីផ្សារគោលដៅរបស់ខ្លួន។ បន្ថែមពីនេះ វាក៏ជាផ្នែកនៃការបង្ហាញនូវយុទ្ធសាស្រ្តទីផ្សារជាក់លាក់របស់អាជីវកម្ម និងរួមបញ្ចូលសកម្មភាពជាក់ស្ដែងនានាដែលត្រូវធ្វើ ដើម្បីសម្រេចឱ្យបាននូវលទ្ធផលដែលក្រុមហ៊ុនរំពឹងទុក។ លើសពីនេះ វាក៏ជាផែនទីមួយដែលជួយបង្ហាញផ្លូវឱ្យក្រុមហ៊ុនអាចអនុវត្តន៍ និងអាចវាស់វែងនូវលទ្ធផលនៃការខិតខំប្រឹងប្រែងធ្វើទីផ្សារក្នុងរយៈពេលជាក់លាក់ណាមួយផងដែរ។

ផ្នែកសំខាន់ៗនៃផែនការទីផ្សារ រួមមាន៖

  • ការស្រាវជ្រាវ​ទីផ្សារ និងការវិភាគ
  • ការកំណត់តម្លៃ ទីតាំង និងម៉ាកយីហោ
  • ការវិភាគប្រកួតប្រជែង
  • យុទ្ធសាស្ត្រទីផ្សារ
  • រៀបកញ្ចប់ថវិកា
  • ការជ្រើសរើសវេទិកាសម្រាប់ការផ្សព្វផ្សាយផលិតផល និងសេវាកម្ម
  • រង្វាស់ដែលវាស់វែងលទ្ធផលនៃការធ្វើទីផ្សារ និងធ្វើរបាយការណ៍
យុទ្ធសាស្រ្តទីផ្សារ

យុទ្ធសាស្ត្រទីផ្សារ (Marketing Strategy) សំដៅលើផែនការសកម្មភាពរបស់អាជីវកម្ម ដើម្បីឈានទៅដល់អតិថិជនគោលដៅ ហើយបំប្លែងពួកគេឱ្យក្លាយជាអតិថិជនដ៏ស្មោះត្រង់នៃផលិតផល ឬសេវាកម្មនៅក្នុងអាជីវកម្មនោះ។ បន្ថែមពីនេះ វាតែងតែដំណើរការជុំវិញនៃសំណើរគុណតម្លៃរបស់ក្រុមហ៊ុន (company’s value proposition) ដែលទាក់ទងនឹងអ្នកប្រើប្រាស់ (Consumers) នូវអ្វីដែលក្រុមហ៊ុនកំពុងតំណាងឱ្យ (company stands for) របៀបដែលវាដំណើរការ និងហេតុផលដែលវាសក្តិសមនឹងអាជីវកម្ម។

គួរបញ្ជាក់ផងដែរថា យុទ្ធសាស្រ្តទីផ្សារត្រូវបានគូសបញ្ជាក់នៅក្នុងផែនការទីផ្សារ ដែលជាឯកសារ រៀបរាប់លម្អិតអំពីប្រភេទជាក់លាក់នៃសកម្មភាពទីផ្សារដែលក្រុមហ៊ុនត្រូវធ្វើ និងមានតារាងកំណត់ពេលវេលាជាក់លាក់សម្រាប់ចាប់ផ្ដើមយុទ្ធនាការនូវគំនិតផ្តួចផ្តើមធ្វើទីផ្សារផ្សេងៗ។

ប្រភេទសំខាន់ៗមួយចំនួននៃយុទ្ធសាស្រ្តទីផ្សារ រួមមាន៖

  • យុទ្ធសាស្រ្តកំណត់ទីតាំងម៉ាកយីហោ
  • យុទ្ធសាស្ត្រទំនាក់ទំនងសាធារណៈ
  • យុទ្ធសាស្រ្តទីផ្សារផលិតផល
  • យុទ្ធសាស្ត្រទីផ្សារឌីជីថល
  • យុទ្ធសាស្ត្រមាតិកា SEO
  • យុទ្ធសាស្ត្រទីផ្សារមាតិកា
  • យុទ្ធសាស្ត្រទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • យុទ្ធសាស្ត្រទីផ្សារវីដេអូ
ផែនការទីផ្សារ Vs យុទ្ធសាស្រ្តទីផ្សារ

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញចំណុចសំខាន់ៗមួយចំនួនក្រៅពីនិយមន័យដែលបានបង្ហាញខាងលើ ដើម្បីឱ្យអ្នកកាន់តែយល់ច្បាស់អំពីភាពខុសគ្នារវាងផែនការទីផ្សារ និងយុទ្ធសាស្រ្តទីផ្សារ។

  • យុទ្ធសាស្រ្តទីផ្សារ គឺតម្រឹមគោលដៅយុទ្ធនាការទីផ្សារជាមួយនឹងគោលដៅអាជីវកម្មទាំងមូល រីឯ ផែនការទីផ្សារ ជួយបង្ហាញផ្លូវជាក់លាក់ដល់អ្នកឱ្យកាន់តែដឹងពីគោលដៅទីផ្សាររបស់អ្នក។
  • យុទ្ធសាស្រ្តទីផ្សារ តែងតែប្រកាន់ភ្ជាប់នូវពាក្យ “ហេតុអ្វី” ពីក្រោយខ្នងនៃការខិតខំធ្វើទីផ្សារ រីឯផែនការទីផ្សារ សំដៅលើផែនទីបង្ហាញផ្លូវក្នុងការអនុវត្តផែនការដែលបានគ្រោងទុក។
  • យុទ្ធសាស្រ្តទីផ្សារ មានគោលបំណងពិពណ៌នាអំពីរបៀបដែលគោលដៅទីផ្សារនឹងជួយអ្នកឱ្យសម្រេចនូវគោលដៅអាជីវកម្ម រីឯផែនការទីផ្សារ មានគោលបំណងដាក់ចេញនូវការខិតខំប្រឹងប្រែងលើយុទ្ធនាការទីផ្សារនៅលើកម្រិតយុទ្ធសាស្ត្រមួយ។
ពាណិជ្ជកម្ម

តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ?

0
តើកត្តាអ្វីខ្លះដែលធ្វើឱ្យអ្នកគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ

ការជាប់គាំងគំនិតក្នុងការព្យាយាមធ្វើអ្វីមួយឱ្យបានល្អ ច្បាស់ជានឹងអាចកើតមានចំពោះមនុស្សគ្រប់គ្នា ក៏ប៉ុន្តែវាក៏មានដំណោះស្រាយផងដែរ ហើយដំណោះស្រាយនោះ ក៏វាអាស្រ័យលើបុគ្គលម្នាក់ៗផងដែរ ពីព្រោះអាចចំណង់ចំណូលចិត្ត និងការស្ដារការគិតឱ្យល្អឡើងវិញ គឺមានរបៀបខុសគ្នា ដោយមិនអាចដូចគ្នាទាំងស្រុងបានឡើង។ ទោះបីជាយ៉ាងនេះក្ដី ខាងក្រោមនេះ យើងនឹងបង្ហាញនូវកត្តាមួយចំនួនដែលតែងតែធ្វើឱ្យអ្នកនឹងជាប់គាំងគំនិត ឬអាចនិយាយបានថា គិតមិនចេញ ក្នុងការធ្វើអ្វីមួយឱ្យបានល្អតាមការគ្រោងទុក ព្រមទាំងនឹងបង្ហាញនូវដំណោះស្រាយខ្លីៗដើម្បីផ្ដល់ជាគំនិតសម្រាប់អ្នកផងដែរ។

1. អ្នកគ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកកំពុងធ្វើនោះ

ប្រសិនបើអ្នកគ្មានចំណេះដឹងទូលំទូលាយលើផ្នែកណាមួយដែលអ្នកចង់ធ្វើឱ្យវាទទួលបាននូវលទ្ធផលល្អនោះទេ ច្បាស់ណាស់អ្នកនឹងឧស្សាហ៍ជាប់គាំងគំនិត ឬគិតអ្វីមិនចេញសោះឡើយ ថាអ្នកនឹងត្រូវធ្វើបែបណាបន្តទៀតដើម្បីធ្វើសកម្មភាពក្នុងការសម្រេចនូវគោលបំណងនោះ។ ឧទាហរណ៍ អ្នកចង់ធ្វើឱ្យផ្នែកផ្ដល់សេវាកម្មអតិថិជនមានភាពល្អជាងមុន ប៉ុន្តែជាក់ស្ដែងអ្នកគ្មានចំណេះដឹងផ្នែកសេវាកម្មអតិថិជន ឬមានការយល់ដឹងតែបន្តិចបន្តួច សំណួរសួរថា តើអ្នកអាចចាប់ផ្ដើមពីចំណុចណាទើបល្អ? ម្យ៉ាងវិញទៀត អ្នកជាអ្នកសរសេរមាតិកាផ្នែកលក់ ប៉ុន្តែចៅហ្វាយរបស់អ្នកឱ្យអ្នកសរសេរមាតិកាផ្ដោតលើបច្ចេកវិទ្យា សំណួរសួរថា តើអ្នកនឹងសរសេរមាតិកាឱ្យបានល្អដោយរបៀបណា បើអ្នកគ្មានចំណេះដឹងផ្នែកបច្ចេកវិទ្យាផង? ដូច្នេះសរុបជារួមមក ប្រសិនបើអ្នកមិនសូវ ឬក៏គ្មានចំណេះដឹងទូលំទូលាយលើអ្វីដែលអ្នកចង់ធ្វើឱ្យល្អប្រសើរនោះទេ ច្បាស់ណាស់អ្នកនឹងស្រ្តេសពេញមួយថ្ងៃ ដោយសារតែជាប់គាំងគំនិត ឬគិតមិនចេញថា អ្នកនឹងត្រូវធ្វើបែបណាទើបល្អ។

ដំណោះស្រាយ

  • បន្តការសិក្សាជានិច្ច៖ តាមរយៈការសិក្សាស្រាវជ្រាវតាមប្រព័ន្ធអនឡាញ ការអានសៀវភៅ ឬការរៀនសូត្រពីបុគ្គលមានជំនាញលើអ្វីដែលអ្នកកំពុងចង់ដឹង ចង់ចេះបន្ថែមទៀតឱ្យបានច្រើន រហូតអ្នកជឿជាក់ថាខ្លួនឯងមានចំណេះដឹងច្រើនលើផ្នែកដែលអ្នកកំពុងចង់ធ្វើឱ្យល្អប្រសើរនោះ។
  • ស្វែងរកអ្នកជួយណែនាំផ្លូវម្នាក់ ឬច្រើននាក់៖ ធ្វើបែបនេះ ដើម្បីបង្ហាញផ្លូវដល់អ្នកថា តើអ្នកគួរធ្វើបែបណាទើបល្អ? ហើយចាប់ផ្ដើមបែបណា? ។ល។
  • ស្វែងរកជំនួយ៖ ប្រសិនបើកិច្ចការងារនោះសំខាន់ ហើយបន្ទាន់ ដោយត្រូវការរយៈពេលខ្លីដើម្បីបញ្ចប់ ដូច្នេះជម្រើសចុងក្រោយអ្នកត្រូវតែស្វែងរកអ្នកជួយ ដើម្បីដឹកនាំអ្នកឱ្យបញ្ចប់ការងារនោះឱ្យបានល្អ។ ជំនួយនេះ អ្នកអាចស្វែងរកអ្នកជុំវិញខ្លួន មិត្តរួមការងារ និងមនុស្សដែលអ្នកស្គាល់ពួកគេថា ពួកគេពិតជាអាចជួយអ្នកក្នុងការបញ្ចប់ការងារនោះបានយ៉ាងល្អ។
2. ការងារច្រើនក្នុងពេលតែមួយ

ទោះបីជានៅកន្លែងការងារ ជីវិតផ្ទាល់ខ្លួន និងនៅក្នុងក្រុមហ៊ុនផ្ទាល់ខ្លួនរបស់អ្នកទេ ប្រសិនបើអ្នកមានការងារដែលត្រូវបំពេញឱ្យរួចរាល់ច្រើនក្នុងពេលតែមួយ ច្បាស់ណាស់អ្នកនឹងមានអារម្មណ៍ថាស្រ្តេស នឿយហត់ និងស្មុគស្មាញច្រើនមិនខាន។ ការដែលមានការងារច្រើនក្នុងពេលតែមួយ នឹងបណ្ដាលឱ្យអ្នកមិនអាចបញ្ចប់ការងារណាមួយឱ្យបានល្អឡើយ ព្រមទាំងនឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាគិតអ្វីមិនចេញ និងគ្មានគំនិតបែបច្នៃប្រឌិតឡើយ​​ ពីព្រោះអ្នកនឹងព្យាយាមបង្ខំខ្លួនឯងឱ្យបញ្ចប់ការងារទាំងអស់ឱ្យបានរួចរាល់នៅក្នុងថ្ងៃនេះតែម្ដង។

ដំណោះស្រាយ

  • រៀបចំការងារអាទិភាព ដើម្បីបញ្ចប់ការងារនោះតាមលំដាប់នៃភាពសំខាន់ និងទាន់ពេលវេលា។ ធ្វើបែបនេះ ទើបអ្នកមិនប្រញាប់ ឬសម្រុកធ្វើការងារច្រើនក្នុងពេលតែមួយ ដែលធ្វើឱ្យផលិតភាពការងារមិនល្អ ឬអាចធ្វើឱ្យអារម្មណ៍អ្នកមិនល្អ ដែលជាហេតុធ្វើឱ្យអ្នកជាប់គាំងការគិត។
  • ស្វែងរកជំនួយ ដោយអ្នកអាចឱ្យក្រុមការងារណាដែលអាចធ្វើការងារណាមួយ ឬច្រើនជំនួសអ្នកបាន ដើម្បីឱ្យពួកគេជួយបំពេញ។
3. គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់ពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពីព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃ និងអាចបន្តធ្វើសកម្មភាពនានាបានយ៉ាងល្អ។ ប៉ុន្តែប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់វិញ អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីឡើយ ព្រមទាំងវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការគិតផងដែរ ដូចជាធ្វើឱ្យការគិតរបស់អ្នកមានភាពស្ពឹកស្រពោន និងគាំងគំនិតក្នុងការធ្វើអ្វីមួយឱ្យបានល្អ។

ដំណោះស្រាយ

  • រៀបចំផែនការគេងសម្រាប់ខ្លួនឯង ដើម្បីធ្វើឱ្យធានាថា អ្នកគេងបានគ្រប់គ្រាន់ និងគេងបានទៀងទាត់ពេលវេលា ដោយមិនឧស្សាហ៍នៅយប់ជ្រៅជារៀងរាល់ថ្ងៃពេកជាដើម។
4. ស្ថិតនៅក្នុងបរិយាកាសអាប់អួរពេក

អ្នកត្រូវដឹងថា កន្លែងណាដែលនឹងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយ និងកន្លែងណាដែលអ្នកមានអារម្មណ៍មិនល្អ ពីព្រោះបរិយាកាសក៏ជាផ្នែកមួយដែលអាចធ្វើឱ្យអ្នកធ្វើការងារបានល្អ និងមិនបានល្អដូចគ្នា ដូច្នេះអ្នកក៏ត្រូវជ្រើសរើសទីតាំង និងរៀបចំកន្លែងដែលអ្នកនឹងត្រូវបញ្ចប់ការងារនៅទីនោះឱ្យបានល្អ ដើម្បីធានាថាការគិតរបស់អ្នកនឹងមិនជាប់គាំងឡើយ។ ឧទាហរណ៍ ការងាររបស់អ្នកត្រូវការផ្ដោតអារម្មណ៍ឱ្យខ្លាំង ទើបអាចធ្វើបានល្អ ដូចជាការងារសរសរកូដ ការគិតផែនការ គិតយុទ្ធសាស្រ្ត គិតពីការរចនា។ល។ ដូច្នេះប្រសិនបើកន្លែងនោះរញ៉េរញ៉ៃ កន្លែងអាប់អួរគ្មានពន្លឺចេញចូល ជាដើម នោះច្បាស់ណាស់អ្នកនឹងកាន់តែមានអារម្មណ៍ស្រ្តេស និងអារម្មណ៍មិនល្អមិនខាន ដែលជាហេតុធ្វើឱ្យអ្នកនឹងគិតមិនចេញថាអ្នកនឹងត្រូវធ្វើបែបណាឡើយ ហើយការងារនោះចេញលទ្ធផលមកក៏មិនសូវល្អផងដែរ។

ដំណោះស្រាយ

  • រៀបចំកន្លែងធ្វើការរបស់អ្នកឱ្យមានរបៀបរៀបរយ និងមានផាសុកភាព
  • សូមការអនុញ្ញាតដល់ក្រុមការងារ និងអ្នកជុំវិញខ្លួន ដើម្បីរក្សាភាពស្ងប់ស្ងាត់អំឡុងពេលណាមួយ ដើម្បីអ្នកមានអារម្មណ៍ល្អក្នុងការផ្ដោតជាដើម
  • អ្នកត្រូវជ្រើសរើសទីតាំងល្អសម្រាប់ខ្លួនឯង ដើម្បីធានាថាអ្នកមានអារម្មណ៍ស្រស់ស្រាយ និងអាចបញ្ចប់ការងារនោះដោយជោគជ័យ
ពាណិជ្ជកម្ម

ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេប្រចាំឆ្នាំ 2022

0
ប្រទេសដែលមានមហាសេដ្ឋីច្រើនជាងគេប្រចាំឆ្នាំ 2022

ការសិក្សាស្រាវជ្រាវនៃការស្វែងរកចំនួនមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិសុទ្ធសរុបច្រើនជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ2022 នេះ លើប្រទេសចំនួន75 ឬដែនដីទ្វីបចំនួន 6 របស់ទស្សនាវដ្ដី Forbes។ ហើយនៅក្នុងនេះ Forbes ក៏បានរកឃើញចំនួនមហាសេដ្ឋីលំដាប់ពិភពលោកចំនួន 2,668 នាក់ ដោយមានចំនួនធ្លាក់ចុះ 2,755នាក់ បើធៀបនឹងឆ្នាំ 2021។

ចំពោះមូលហេតុដែលធ្វើឱ្យចំនួនមហាសេដ្ឋីមានចំនួនធ្លាក់ចុះយ៉ាងច្រើនបែបនេះ ដោយសារហេតុផលមួយចំនួន ដូចជា៖

  • ប្រទេសចិនមានការផ្ទុះខ្លាំងនៃជំងឺរាតត្បាត Covid-19 ដែលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការផលិត ខណៈពេលដែលចិនក៏កំពុងមានការព្រួយបារម្ភអំពីបទប្បញ្ញត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា និងទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយប្រទេសរុស្ស៊ី។ កត្តានេះហើយ ដែលធ្វើឱ្យប្រទេសចិនមានការធ្លាក់ចុះនូវចំនួនមហាសេដ្ឋីចំនួន 87នាក់ ដោយគិតចាប់ពីឆ្នាំ 2021 មក។
  • ប្រទេសរស្ស៊ី ក៏មានចំនួនមហាសេដ្ឋីធ្លាក់ចុះចំនួន 34នាក់ ដោយសារតែប្រធានាធិប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន និងប្រតិកម្មតបភ្លាមៗរបស់សហគមន៍អន្តរជាតិ ដែលបានធ្វើឱ្យទីផ្សាររុស្ស៊ីធ្លាក់ចូលទៅក្នុងការដួលរលំដោយសេរី ព្រមទាំងតម្លៃភាគហ៊ុនធ្លាក់ចុះ ប្រាក់រូប្លែបានធ្លាក់ចុះ និងមានទណ្ឌកម្មដែលបានប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ oligarchs រុស្ស៊ី។ បន្ថែមពីនេះ ក៏ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មហាសេដ្ឋីប្រេងធំបំផុតនៃប្រទេសរស្ស៊ី គឺVagit Alekperov និង Alexey Mordashov។

ទោះបីជាប្រទេសចំនួនពីរមានការធ្លាក់ចុះនូវចំនួនមហាសេដ្ឋីក៏ដោយ ក៏នៅតែមានប្រទេសផ្សេងទៀតមានកំណើនមហាសេដ្ឋីដែរ។ ដូច្នេះខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវប្រទេសចំនួន 20 ដែលជាប់ឈ្មោះជាប្រទេសមានចំនួនមហាសេដ្ឋីច្រើនជាងគេទូទាំងពិភពលោកប្រចាំឆ្នាំ 2022 នេះបើយោងតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes កាលពីថ្ងៃទី5 ខែមេសា ឆ្នាំ2022។ គួរបញ្ជាក់ផងដែរថាតួលេខនៃចំនួនមហាសេដ្ឋីតាមប្រទេសនីមួយៗ ក៏បង្ហាញភ្ជាប់នឹងចំនួនធៀបនឹងឆ្នាំ 2021 មួយផងដែរ។

  1. សហរដ្ឋអាមេរិក បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 735នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 724នាក់
  2. ប្រទេសចិន បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 539នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 626នាក់
  3. ប្រទេសឥណ្ឌា បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 166នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 140នាក់
  4. ប្រទេសអាលឺម៉ង់ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 134នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 136នាក់
  5. ប្រទេសរុស្ស៊ី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 83នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 117នាក់
  6. ហុងកុង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 67នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 71នាក់
  7. ប្រទេសកាណាដា បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 64នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 64នាក់
  8. ប្រទេសប្រេស៊ីល បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 62នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 65នាក់
  9. ប្រទេសអ៊ីតាលី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 52នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 51នាក់
  10. តៃវ៉ាន់ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 51នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 47នាក់
  11. ចក្រភពអង់គ្លេស បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 49នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 56នាក់
  12. អូស្រា្តលី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 46នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 44នាក់
  13. ប្រទេសស៊ុយអែត បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 45នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 41នាក់
  14. ប្រទេសបារាំង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 43នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 42នាក់
  15. ប្រទេស​ស្វីស បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 41នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 40នាក់
  16. កូរ៉េខាងត្បូង បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 41នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 43នាក់
  17. ប្រទេសជប៉ុន បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 40នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 49នាក់
  18. ប្រទេសឥណ្ឌូនេស៊ី បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 30នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 21នាក់
  19. ប្រទេសអ៊ីស្រាអែល បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 30នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 25នាក់
  20. ប្រទេសថៃ បើគិតក្នុងឆ្នាំ 2022 មានមហាសេដ្ឋីសរុបចំនួន 28នាក់ បើធៀបនឹងឆ្នាំ 2021 មានមហាសេដ្ឋីសរុបចំនួន 31នាក់
ពាណិជ្ជកម្ម

ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

0
ហេតុអ្វី Social Media មានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច?

Social Media បើយើងនិយាយជាភាសាខ្មែរ គឺ “ប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយវាសំដៅលើគេហទំព័រ ឬជាកម្មវិធីដែលត្រូវបានរចនាឡើង ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាំងអស់អាចបង្កើត និងចែករំលែកមាតិការបស់ពួកគេបានយ៉ាងឆាប់រហ័សជាសាធារណៈប្រកបដោយប្រសិទ្ធភាព និងស្ថិតនៅក្នុងពេលវេលាជាក់ស្តែងនៃតំបន់រស់នៅរបស់ពួកគេ។ បន្ថែមពីនេះ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមធំៗ ដែលម្ចាស់អាជីវកម្មខ្នាតតូចគួរពិចារណាក្នុងការប្រើប្រាស់ រួមមានFacebook, Instagram, YouTube, TikTok និង Twitter។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយសង្គមក៏មានទម្រង់នៃសកម្មភាពជាច្រើនដែលប្រើបច្ចេកវិទ្យាផងដែរ ដោយសកម្មភាពទាំងនេះរួមមានការចែករំលែកជារូបថត ការសរសេរប្លុក ហ្គេមអនឡាញ បណ្តាញសង្គម ការចែករំលែកវីដេអូ បណ្តាញអាជីវកម្ម ពិភពនិម្មិត ការពិនិត្យឡើងវិញ និងជាច្រើនទៀត។

ម្យ៉ាងវិញទៀត បើអ្នកជាម្ចាស់អាជីវកម្មទើបតែចាប់ផ្ដើមអាជីវកម្ម ហើយជាលក្ខណៈអាជីវកម្មខ្នាតតូចទៀតនោះ ដូច្នេះការជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីជួយក្នុងអាជីវកម្ម គឺវាពិតជារឿងល្អខ្លាំងណាស់។ នៅត្រង់ចំណុចនេះ អ្នកប្រហែលជាមានចម្ងល់ហើយថា ហេតុអ្វីបានជាជ្រើសរើសប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមជាជារឿងល្អសម្រាប់អាជីវកម្មខ្នាតតូចដែរ? ហេតុដូចនេះ ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញនូវហេតុផលមួយចំនួន ដែលបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គម ពិតជាមានសារៈសំខាន់សម្រាប់អាជីវកម្មខ្នាតតូច។

សារៈសំខាន់នៃ Social Media សម្រាប់អាជីវកម្មខ្នាតតូច
1. បណ្ដុំអតិថិជនគោលដៅរបស់អ្នក

បើយោងតាមគេហទំព័រ SlideShare បានឱ្យដឹងថា ប្រជាជនសរុបនៅកម្ពុជាមានចំនួន 17.06 លាននាក់ ហើយក្នុងនោះអ្នកប្រើប្រាស់សកម្មលើប្រព័ន្ធផ្សព្វផ្សាយសង្គមមានចំនួន 12.60 លាននាក់ ស្មើនឹង 73.9 ភាគរយនៃប្រជាជនកម្ពុជាសរុប ព្រមទាំងអ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួន 13.44 លាននាក់ ស្មើនឹង 78.8 ភាគរយនៃប្រជាជនសរុប។ ដូច្នេះបើយោងតាមទិន្នន័យនេះ បានបញ្ជាក់ឱ្យដឹងថាចំនួនប្រជាជនកម្ពុជាមានចំនួនច្រើនដែលកំពុងប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហេតុដូចនេះ នៅក្នុងចំណោមមនុស្សទាំងនោះ ច្បាស់ណាស់ក៏សម្បូរទៅដោយអតិថិជនគោលដៅរបស់អ្នកផងដែរ ដូច្នេះវាជាការងាយស្រួលក្នុងការចាប់យកឱកាសនេះដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីម៉ាកយីហោ និងផលិតផលសេវាកម្មរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

2. បង្កើនការយល់ដឹងអំពីម៉ាកយីហោ

នៅក្នុងចំណុចនេះទីមួយក៏បានបង្ហាញឱ្យយើងបានដឹងហើយថា ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះកំពុងមានចំនួនដ៏ច្រើនក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដូច្នេះវាជាឱកាសខ្លាំងបំផុតសម្រាប់អាជីវកម្មទើបតែបង្កើត ជាពិសេសអាជីវកម្មខ្នាតតូច។ ជាធម្មតាទេ អាជីវកម្មដែលពុំទាន់ធំ តែងតែពុំទាន់មានមនុស្សស្គាល់ និងជឿជាក់ឡើយ ដែលជាហេតុទាមទារឱ្យម្ចាស់អាជីវកម្មខ្នាតតូចទាំងអស់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ឬច្រើន ដូចជាFacebook, Instagram, TikTok និងជាច្រើនទៀត ដើម្បីជំរុញការផ្សព្វផ្សាយអំពីផលិតផលសេវាកម្ម និងអំពីអាជីវកម្ម ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អំពីម៉ាកយីហោរបស់អ្នក រហូតឈានដល់ការក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អាជីវកម្មរបស់អ្នក។

3. ជំរុញការលក់

អ្នកអាចចាប់ផ្ដើមរៀបចំយុទ្ធសាស្រ្តទីផ្សារនៅលើបណ្ដាញសង្គមដែលអ្នកបានជ្រើសរើសនោះ ដើម្បីជំរុញការផ្សព្វផ្សាយផលិតផលឬសេវាកម្មរបស់អ្នកឱ្យបានច្រើន ក្នុងគោលបំណងជំរុញការលក់។

អ្នកត្រូវដឹងថា មនុស្សសម័យឌីជីថល កំពុងមានការពេញនិយមជាខ្លាំងក្នុងការកម្ម៉ង់អីវ៉ាន់នៅតាមអនឡាញជាមួយម៉ាកយីហោណាដែលពួកគេជឿជាក់ និងមើលឃើញថាម៉ាកយីហោនោះក៏កំពុងមានអ្នកគាំទ្រច្រើនដែរនៅលើអនឡាញ។ ហេតុដូច្នេះហើយ ការដែលរៀបចំយុទ្ធនាការណ៍ជំរុញការលក់តាមអនឡាញនៅលើបណ្ដាញសង្គមនានា វាជារឿងសំខាន់ណាស់សម្រាប់អាជីវកម្មខ្នាតតូច ដើម្បីឈានដល់កម្រិតនៃភាពរីកចម្រើនអាជីវកម្មជាបន្តបន្ទាប់ទៀត។

4. ងាយស្រួលទំនាក់ទំនងជាមួយអតិថិជន

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាទីកន្លែងមួយដែលម្ចាស់អាជីវកម្មទាំងអស់អាចបង្កើតសហគមន៍ជាមួយអតិថិជន ជាពិសេសការឆ្លើយតប និងទំនាក់ទំនងជាមួយអតិថិជនបានយ៉ាងរហ័សបំផុត ដែលជាហេតុធ្វើឱ្យទំនាក់ទំនងរវាងអតិថិជន ជាមួយអាជីវកម្មកាន់តែមានភាពជិតស្និតគ្នា។

គួរបញ្ជាក់ផងដែរថា ប្រសិនបើយើងគ្មានការប្រើប្រាស់ទំនងទំនងជាមួយអតិថិជនតាមរយៈបណ្ដាញសង្គមណាមួយនោះទេ នោះអាជីវកម្មរបស់យើងនឹងដើរថយក្រោយ និងមិនងាយឆាប់រីកចម្រើនទៅមុខឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើពឹងអាស្រ័យលើការទំនាក់ទំនងជាមួយអតិថិជនតាមរយៈផ្ញើសារ ឬអ៊ីម៊ែល ឬក៏ខលជាមួយអតិថិជន ក៏វាស្ថិតនៅកម្រិតបន្ទាប់បន្សំប៉ុណ្ណោះ។

5. ទទួលបានការ Feedback ពីអតិថិជនដោយស្មោះត្រង់

ជាទំនោរចិត្តរបស់អតិថិជន ប្រសិនបើយើងផ្ញើសារសួរ ឬក៏ខលសួរអំពីការ Feedback ច្បាស់ណាស់ យើងនឹងទទួលបាននូវកម្រិតនៃប្រសិទ្ធភាពដែលអតិថិជន Feedback ដោយចេញពីចិត្ត ដូច្នេះហើយមានតែនៅតាមបណ្ដាញសង្គមទេ ដែលមានកម្រិតនៃការ Feedback ពីអតិថិជនមានប្រសិទ្ធភាពច្រើនជាង តាមរយៈការបង្កើតសមាគមន៍អតិថិជនរបស់អ្នក ដើម្បីឱ្យពួកគាត់មានការជជែកគ្នាអំពីម៉ាកយ៉ហោរបស់យើង និងធ្វើការបញ្ចេញមតិយោបល់ដោយចេញពីចិត្តទាំងយោបល់ល្អ ឬមិនល្អ។

អ្នកគួរចងចាំថា ការបញ្ចេញយោបល់នៅលើបណ្ដាញសង្គម ភាគច្រើនពួកគេនិយាយនូវអ្វីដែលពួកគេជួបប្រទះជាក់ស្ដែង ពេលខ្លះអាចឃើញអ្នកផ្សេងបញ្ចេញយោបល់ច្រើន ក៏ចង់បញ្ចេញយោបល់ដែរ ឬក៏អតិថិជនខ្លះក៏អាចឆាតមកប្រាប់ផ្ទាល់ខ្លួនមានដែរ។ បន្ថែមពីនេះ ក្រោយពីអតិថិជន​ធ្វើការ Feedback មកកាន់ក្រុមហ៊ុននូវរាល់បទពិសោធន៍របស់ពួកគេ នោះវាជាផ្នែកមួយដែលយើងអាចសិក្សាដើម្បីកែតម្រូវ ឬពង្រឹងបន្ថែមលើចំណុចខ្វះខាត និងកាន់តែធ្វើឱ្យល្អជាងមុនៗជាដើម។

ពាណិជ្ជកម្ម

ភាពខុសគ្នារវាង Customer Experience និង Customer Service

0
ភាពខុសគ្នារវាង Customer Experience និង Customer Service

Customer Experience បើនិយាយជាភាសាខ្មែរ គឺ “បទពិសោធន៍អតិថិជន” រីឯ Customer Service គឺ “សេវាកម្មអតិថិជន” ហើយផ្នែកទាំងពីរនេះ ពិតជាមានសារៈសំខាន់នៅក្នុងអាជីវកម្មណាស់ក្នុងការចូលរួមចំណែកធ្វើឱ្យអាជីវកម្មកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់ ដោយម្ចាស់អាជីវកម្មទាំងអស់គួរតែមានការយល់ដឹង ដើម្បីបណ្ដុះបណ្ដាលបុគ្គលិកឱ្យមានចំណេះដឹងផ្នែកនេះដែរ។ គួរបញ្ជាក់ផងដែរថា Customer Service ជាផ្នែកមួយនៃ Customer Experience ប៉ុណ្ណោះ។ ហើយដើម្បីឈ្វេងយល់បន្ថែមទៀតអំពីភាពខុសគ្នារវាង Customer Experience និង Customer Service ដូច្នេះខ្លឹមសារខាងក្រោមនេះនឹងបង្ហាញជូនអ្នក។

Customer Experience “បទពិសោធន៍អតិថិជន

បទពិសោធន៍អតិថិជន សំដៅលើបទពិសោធន៍ដែលអតិថិជនមានជាមួយអាជីវកម្មរបស់អ្នក និងរបៀបដែលអាជីវកម្មរបស់អ្នកភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជន តាមរយៈការធ្វើដំណើរទិញរបស់ពួកគេ (buying journey)។

ផ្នែកបទពិសោធន៍អតិថិជន ជាទូទៅផ្ដោតលើ៖

  • ការពិចារណាលើអ្វីៗគ្រប់យ៉ាងដែលអតិថិជននឹងឆ្លងកាត់ ដូចជាអ្វីដែលអតិថិជនអាចប៉ះបាន រសជាតិ ក្លិន ការលឺសម្លេង ការវេចខ្ចប់ ដំណើរការនៃការទិញ និងបទពិសោធន៍ទាំងមូលជាមួយម៉ាកយីហោរបស់អ្នក។
  • ការពិចារណាលើផលិតផលឬសេវាកម្ម ដែលអាចផ្ដល់នូវដំណោះស្រាយបញ្ហាដល់អតិថិជនគោលដៅរបស់ពួកគេបានយ៉ាងល្អ។
  • ការយល់ពីអ្វីដែលអតិថិជនត្រូវការ និងចង់បានបំផុត ដើម្បីធ្វើយ៉ាងណាផ្ដល់នូវបទពិសោធន៍ដ៏ល្អបំផុតដល់អតិថិជន។
Customer Service “សេវាកម្មអតិថិជន

សេវាកម្មអតិថិជន សំដៅលើការជួយដោះស្រាយបញ្ហារបស់អតិថិជន ការឆ្លើយតបរាល់ចម្ងល់របស់អតិថិជន ការបង្រៀនអតិថិជនពីរបៀបប្រើប្រាស់ផលិតផលឬសេវាកម្ម និងអាចបំពេញតម្រូវការអតិថិជន។

ផ្នែកសេវាកម្មអតិថិជន ជាទូទៅផ្ដោតលើ៖

  • ​ការធ្វើជាជំនួយ និងផ្ដល់ដំបូន្មានដល់អតិថិជនលើផលិតផលឬសេវាកម្មឱ្យស្របតាមតម្រូវការរបស់អតិថិជនចង់បានពិតប្រាកដ។
  • ការផ្តល់នូវការឆ្លើយតបឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ដើម្បីដោះស្រាយរាល់ចម្ងល់ និងរាល់បញ្ហារបស់អតិថិជន។
  • ការរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយអតិថិជនទាំងអស់ (អតិថិជនថ្មី និងអតិថិជនចាស់)។
  • ការមានចំណេះដឹងឱ្យបានច្បាស់អំពីផលិតផល ឬសេវាកម្មនៅក្នុងក្រុមហ៊ុន
ពាណិជ្ជកម្ម

តើ Social Media Marketing គឺជាអ្វី?

0
តើ Social Media Marketing គឺជាអ្វី?

ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម (Social media marketing) សំដៅលើ ដំណើរការនៃការបង្កើតមាតិកាសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនានាដើម្បីផ្សព្វផ្សាយអំពីផលិតផលឬសេវាកម្ម បង្កើតសហគមន៍ជាមួយអតិថិជនគោលដៅ ជំរុញការចូលរួមរវាងអតិថិជនគោលដៅជាមួយអាជីវកម្មរបស់អ្នក និងជំរុញចរាចរទៅកាន់អាជីវកម្មរបស់អ្នក ជាពិសេសលើកកម្ពស់អាជីវកម្មរបស់អ្នកឱ្យមនុស្សកាន់តែចាប់អារម្មណ៍។ បន្ថែមពីនេះ វាក៏ជាទម្រង់នៃការធ្វើទីផ្សារតាមអ៊ីនធឺណិតដែលប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើជាឧបករណ៍ទីផ្សារ។

Social Media Marketing

អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម
  • បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្មរបស់អ្នក
  • បង្កើតការនាំមុខគេ ជំរុញការបំប្លែងពីអតិថិជនធម្មតាឱ្យជាអតិថិជនសក្ដានុពល និងជំរុញការលក់
  • ពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
  • អាចរៀនសូត្របន្ថែមពីដៃគូប្រកួតប្រជែងរបស់អ្នក
ផ្នែកសំខាន់ចំនួន 5 នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

ទី1. យុទ្ធសាស្ត្របណ្ដាញសង្គម (Social Strategy)៖ សំដៅលើការកំណត់ពីរបៀបដែលក្រុមហ៊ុនរបស់អ្នកនឹងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយ ដើម្បីសម្រេចបាននូវគោលបំណងដែលក្រុមហ៊ុនចង់បានក្នុងការធ្វើទីផ្សារនៅលើបណ្ដាញសង្គមទាំងនោះ។ ឧទាហរណ៍ ការកំណត់គោលដៅនៃការធ្វើទីផ្សារនៅលើប្រព័ន្ធអនឡាញ ជ្រើសរើសវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងការប្រើប្រាស់ និងចាប់ផ្ដើមបង្កើតមាតិកានានា។

ទី2. រៀបផែនការ និងផ្សព្វផ្សាយ (Planning and Publishing)៖ បន្ទាប់ពីរៀបចំយុទ្ធសាស្រ្តរួចរាល់ វានឹងឈានដល់ការរៀបចំការក្នុងការអនុវត្ត និងការផ្សព្វផ្សាយនូវអ្វីដែលបានគ្រោងទុកទៅតាមផែនការដែលបានកំណត់នោះ។

ទី3. ការស្ដាប់ និងការចូលរួម (Listening &Engagement)៖ នៅពេលអាជីវកម្មចាប់ផ្ដើមធ្វើសកម្មភាពនៅលើវេទិកានានាដែលបានជ្រើសរើសនោះ ច្បាស់ណាស់នឹងមានមនុស្សជាច្រើននឹងចាប់ផ្ដើមចូលរួមក្នុងការជជែកគ្នាអំពីម៉ាកយីហោ ផលិតផលសេវាកម្មរបស់អ្នកមិនខាន តាមរយៈការ Share ចែករំលែកគ្នា និង Comment ជាដើម។ ដូច្នេះអ្នកអាចប្រើប្រាស់កម្មវិធីនានា ដើម្បីស្ដាប់ ឬដកស្រង់នូវការជជែកគ្នាអំពីម៉ាកយីហោរបស់អ្នក ដើម្បីកែតម្រូវលើអ្វីដែលជាចំណុចខ្វះខាត​ ឬពង្រឹងនូវអ្វីដែលល្អស្រាប់ឱ្យកាន់តែល្អជាដើម។ បន្ថែមពីនេះ អ្នកអាចប្រើប្រាស់ Google Alerts ដើម្បីធ្វើជាជំនួយ។

ទី4. ការវិភាគ និងធ្វើរបាយការណ៍ (Analytics and Reporting)៖ ជាធម្មតានៅពេលដែលអាជីវកម្មរបស់អ្នកចាប់ផ្ដើមធ្វើការផ្សព្វផ្សាយច្រើន ច្បាស់ណាស់នឹងអាចមានមាតិកាខ្លះមានការចូលរួមតិច និងមាតិកាខ្លះក៏មានការចូលរួមល្អ ប៉ុន្តែតើត្រូវធ្វើដូចម្ដេចទើបដឹងថា ការផ្សព្វផ្សាយមួយណាដែលមានការចូលរួមច្រើនជាងគេ? ហើយ Follower ទាំងអស់ភាគច្រើនមកពីប្រភពណាខ្លះ? ត្រង់ចំណុចនេះ ជាទូទៅនៅក្នុងបណ្ដាញសង្គមនីមួយៗតែងតែមានការវិភាគ និងព័ត៌មានឱ្យអ្នក ប៉ុន្តែវាក៏មានកម្មវិធីផ្សេងទៀតដែលយើងអាចវិភាគ និងប្រមូលព័ត៌មានបានទាំងអស់ពីបណ្ដាញសង្គមនីមួយដោយដាក់បញ្ចូលគ្នាតែក្នុងកម្មវិធីតែមួយបាន។

ទី5. ការផ្សាយពាណិជ្ជកម្ម (Advertising)៖ សំដៅលើការរៀបចំកញ្ចប់ថវិកាដើម្បីចំណាយលើការជំរុញការផ្សព្វផ្សាយឱ្យកាន់តែល្អលើសពីការផ្សព្វផ្សាយដោយឥតគិតថ្លៃនៅលើបណ្ដាញសង្គម តាមរយៈការ Boost Page ជាដើម។

វេទិកាទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម រួមមាន
  • Facebook
  • TikTok
  • Instagram
  • Twitter
  • LinkedIn
  • YouTube
  • Snapchat
  • Pinterest
  • Clubhouse
  • និងជាច្រើនទៀត។
ពាណិជ្ជកម្ម

រវាង Personal Branding និង Business Branding តើគួរចាប់ផ្ដើមមួយណាមុនទើបល្អ?

0
Personal Branding vs Business Branding

ជាទូទៅការចាប់ផ្ដើមអាជីវកម្មដំបូងៗ តែងតែពុំទាន់មានមនុស្សស្គាល់ច្រើន និងមិនទាន់មានទំនុកចិត្តពេញលេញលើអាជីវកម្មទាំងនោះនៅឡើយនោះទេ ដូច្នេះវាទាមទារឱ្យម្ចាស់អាជីវកម្មចាប់ផ្ដើមជំរុញការផ្សព្វផ្សាយ និងកសាងកេរ្តិ៍ឈ្មោះបន្ថែមទៀត។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថាអ្នកចាប់ផ្ដើមអាជីវកម្មដំបូងៗ ភាគច្រើនឆ្គល់ថា តើគួរតែចាប់ផ្ដើមកសាងកេរ្តី៍ឈ្មោះផ្ទាល់ខ្លួន (Personal Branding) មុន ឬក៏ចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម (Business Branding) មុន? តើផ្នែកពីរនេះ ខុសគ្នាយ៉ាងដូចម្ដេច?

ហេតុដូចនេះ ដើម្បីឆ្លើយតបជាមួយនឹងចម្ងល់របស់អ្នកខាងលើ ជាដំបូងយើងនឹងនាំអ្នកមកឈ្វេងយល់ពីអត្ថន័យនៃពាក្យ Branding, Personal Branding និងBusiness Branding។

Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោ” ហើយវាសំដៅលើសំដៅលើគំនិតអាជីវកម្ម និងទីផ្សារ ដែលជួយមនុស្សកំណត់អត្តសញ្ញាណក្រុមហ៊ុន ផលិតផល ឬបុគ្គលជាក់លាក់ណាមួយ។

Personal Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោផ្ទាល់ខ្លួន” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ហើយវាសំដៅលើដំណើរការនៃការបង្កើតអត្តសញ្ញាណសម្រាប់ខ្លួនឯងជាលក្ខណៈបុគ្គល ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីខ្លួនឯងដោយពឹងផ្អែកលើចំណេះជំនាញ​ បទពិសោធន៍ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនដែលអ្នកចង់បង្ហាញទាំងនៅក្នុងប្រព័ន្ធអនឡាញ និងក្រៅអនឡាញ ដើម្បីឱ្យមនុស្សផ្សេងទៀតចងចាំអំពីអ្នកនូវអ្វីដែលអ្នកចង់ឱ្យពួកគេមើលឃើញអ្នកថា អ្នកជានរណា។ ឧ. អ្នកគឺមានជំនាញផ្នែកទីផ្សារយ៉ាងស្ទាត់ជំនាញ ដូច្នេះអ្នកចង់ធ្វើ Personal Branding តាមរយៈការផ្សព្វផ្សាយអំពីខ្លួនឯងទាំងនៅអនឡាញ និងក្រៅអនឡាញ នូវអ្វីក៏ដោយពាក់ព័ន្ធនឹងផ្នែកទីផ្សារ ក្នុងគោលបំណងធ្វើឱ្យមនុស្សចាប់ផ្ដើមស្គាល់អ្នកថាជានរណា និងជឿទុកចិត្តលើអ្នក។

Business Branding ភាគច្រើនយើងបកប្រែជាភាសាខ្មែរថា “ម៉ាកយីហោអាជីវកម្ម” ឬអាចនិយាយបានថា ការកសាងកេរ្តិ៍ឈ្មោះអាជីវកម្ម ហើយវាសំដៅលើការបង្កើតសារដ៏ទូលំទូលាយមួយសម្រាប់ក្រុមហ៊ុន និងផលិតផល ឬសេវាកម្មរបស់អ្នក ដោយប្រើឈ្មោះ ឡូហ្គោ ពាក្យស្លោក ច្បាប់ចម្លង និងជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យអ្នកប្រើប្រាស់ទាំងអស់មានការចងចាំអំពីអត្តសញ្ញាណរបស់ក្រុមហ៊ុន។ បន្ថែមពីនេះ វាក៏អាចបែងចែកផលិតផល និងសេវាកម្មរបស់អ្នកឱ្យមានភាពលេចធ្លោជាងដៃគូប្រកួតប្រជែង ព្រមទាំងធ្វើឱ្យអតិថិជនមើលដឹងថា វាគឺជាអត្តសញ្ញារបស់ក្រុមហ៊ុនរបស់អ្នក។

តើគួរចាប់ផ្ដើមមួយណាមុន?

បើយោងតាមទស្សនាវដ្តី Forbes បានបញ្ជាក់ឱ្យបានដឹងថា អ្នកគួរតែចាប់ផ្ដើម Personal Branding មុនដំបូងគេ បន្ទាប់មកទើបចាប់ផ្ដើម Business Branding។ នៅក្នុងចំណុចនេះ ប្រហែលជាអ្នកមានចម្ងល់បន្ថែមទៀតហើយ ហេតុអ្វីត្រូវចាប់ផ្ដើមពី Personal Branding មុន? ចម្លើយនោះគឺ៖

  • បើអ្នកអាចធ្វើឱ្យមនុស្សជឿជាក់លើអ្នកតាមរយៈកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចមានឥទ្ធិពលល្អដល់មនុស្សជាច្រើន នោះអាជីវកម្មរបស់អ្នកក៏នឹងរីកចម្រើនជាជំហានបន្ទាប់ ពីព្រោះមនុស្សនឹងដើរតាមអ្នក និងគាំទ្រអ្នក។
  • បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ និងរឹងមាំ នោះនៅពេលអ្នកត្រូវការដើមទុនចាប់ផ្ដើមធ្វើអាជីវកម្ម ក៏មានអ្នកវិនិយោគជាច្រើននឹងហ៊ានផ្ដល់ដើមទុនជូនអ្នក និងសហការជាមួយផងដែរ។

បន្ថែមពីនេះ អ្នកក៏ត្រូវចងចាំផងដែរថា បើកេរ្តិ៍ឈ្មោះរបស់អ្នកល្អ ហើយអ្នកអាចបង្ហាញទៅកាន់មនុស្សផ្សេងទៀតមកជឿជាក់លើអ្នក និងស្គាល់ថាអ្នកជានរណាបានច្បាស់ នោះនៅពេលអ្នកចង់ចាប់ផ្ដើមអាជីវកម្ម នឹងមានអ្នកជួយគាំទ្រច្រើន និងទុកចិត្តលើអ្វីដែលអ្នកកំពុងធ្វើជាក់ជាមិនខាន។

ម្យ៉ាងវិញទៀត បើយោងតាមឆានែលផ្លូវការរបស់ Business Plan Kh ក៏បានបញ្ជាក់បន្ថែមពីការគិតតាមពេលវេលា ដែលអាជីវកម្មរបស់អ្នកមានអាយុ ដោយអ្នកអាចកំណត់ឱ្យបានដឹងថា៖

ទី1. បើអាជីវកម្មរបស់អ្នកមានអាយុពី 0-10ឆ្នាំ គឺផ្តោតលើ Personal branding

ទី2. បើអាជីវកម្មរបស់អ្នកមានអាយុពី 10-20ឆ្នាំ គឺផ្តោតទាំង Personal Branding និង Company Branding

ទី3. បើអាជីវកម្មរបស់អ្នកមានអាយុពី 20 ឆ្នាំឡើងទៅ គឺផ្តោតលើ Company Branding

ពាណិជ្ជកម្ម

TikTok អាចនឹងត្រូវដកចេញពី App Store បើយោងតាមការសរសេរស្នើសុំពី FCC

0
TikTok អាចនឹងត្រូវដកចេញពី App Store បើយោងតាមការសរសេរស្នើសុំពី FCC

កាលពីថ្ងៃអង្គារ ទី28 ខែមិថុនា ឆ្នាំ2022 នេះ ស្នងការ FCC លោក Brendan Carr បានសរសេរទៅកាន់ Apple និង Google ដោយស្នើសុំឱ្យដកកម្មវិធី TikTok ចេញពី App Stores របស់ពួកគេ បន្ទាប់ពី BuzzFeed News បានរាយការណ៍កាលពីសប្តាហ៍មុនថាបុគ្គលិករបស់ TikTok នៅក្នុងប្រទេសចិន អាចចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកជាច្រើនដង។

tiktok removed from app store

បើយោងតាមគេហទំព័រ Business Insider បានឱ្យដឹងថានៅក្នុងលិខិតផ្ញើជូននាយកប្រតិបត្តិ Apple លោក Tim Cook និងនាយកប្រតិបត្តិ Google លោក Sundar Pichai ស្នងការ FCC លោក Brendan Carr បានសរសេរថា TikTok បានបង្កហានិភ័យសន្តិសុខជាតិដែលមិនអាចទទួលយកបាន ដោយសារតែមានការប្រមូលទិន្នន័យដ៏ច្រើន រួមជាមួយនឹងការចូលប្រើប្រាស់ទិន្នន័យដ៏រស៊ើបររបស់ទីក្រុងប៉េកាំងដោយមិនមានការត្រួតពិនិត្យលើភាពជាក់ស្តែងឡើយ។

បន្ថែមពីនេះ បើយោងតាមគេហទំព័រ Tech Crunch បានឱ្យដឹងបន្ថែមថាចំពោះការអនុវត្តលើទិន្នន័យអ្នកប្រើប្រាស់របស់ TikTok បានស្ថិតនៅក្រោមការសង្ស័យជាច្រើនដង ដោយកាលពីឆ្នាំ 2020 ប្រទេសឥណ្ឌាក៏បានហាមឃាត់ TikTok ជុំវិញបញ្ហាសន្តិសុខជាតិ ថែមទាំងអតីតប្រធានាធិបតី Donald Trump និងប្រធានាធិបតីបច្ចុប្បន្ន Joe Biden ក៏បានចោទជាសំណួរអំពីទំនាក់ទំនងរបស់កម្មវិធីវីដេអូខ្លីជាមួយប្រទេសចិន និងរបៀបដែលវាប៉ះពាល់ដល់ទិន្នន័យរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកផងដែរ។ ខណៈពេលដែលលោក Trump បានស្នើសុំការហាមឃាត់ទាំងស្រុងលើ TikTok ឬជម្រើសនៃការលក់អាជីវកម្មអាមេរិករបស់ខ្លួនទៅឱ្យអ្នកទិញក្នុងស្រុក លោក Biden ក៏បានស្នើច្បាប់ថ្មីដែលនឹងផ្តល់ការត្រួតពិនិត្យបន្ថែមលើកម្មវិធីដែលមានទំនាក់ទំនងជាមួយ “យុត្តាធិការនៃសត្រូវបរទេស” ដែលអាចបង្កហានិភ័យសន្តិសុខជាតិ។

ត្រឡប់មកបញ្ហានៃការចង់ដកកម្មវិធី TikTok ចេញពី App Stores ជាកត្តាមួយដើម្បីជួយការពាររាល់ហានិភ័យនៃការលួចយកប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់នៅសហរដ្ឋអាមេរិក។ បន្ថែមពីនេះ ខាងក្រុមហ៊ុន Apple និងGoogle ក៏ពុំទាន់មានការឆ្លើយតបជាមួយនឹងសំណើររបស់ស្ថាប័ន FCC នៅឡើយ ព្រមទាំងខាងក្រុម TikTok ក៏ពុំទាន់ធ្វើការបកស្រាយលើបញ្ហាមួយនេះផងដែរ។ ដូច្នេះយើងមានតែរងចាំនូវការដោះស្រាយលើបញ្ហានេះ និងចម្លើយសម្រេចចុងក្រោយលើសំណើរមួយនេះ។

ពាណិជ្ជកម្ម

តើអាចរកវគ្គសិក្សាឥតគិតថ្លៃនៃ “ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីណា?

0
តើអាចរកវគ្គសិក្សាឥតគិតថ្លៃនៃ “ជំនាញគ្រប់គ្រងហិរញ្ញវត្ថុ” នៅទីណា?

សម័យឌីជីថល ជាសម័យកាលមួយដែលបច្ចេកវិទ្យាកាន់តែមានភាពជឿនលឿន ហើយមនុស្សក៏មានការចាប់ផ្ដើមយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាផងដែរ។ បន្ថែមពីនេះ ប្រសិនបើសិស្សនិស្សិត អ្នកធ្វើការ និងអ្នកផ្សេងៗទៀតត្រូវការវគ្គសិក្សាដើម្បីពង្រឹងសមត្ថភាពលើជំនាញណាមួយទៀតក៏កាន់តែងាយស្រួល ដោយបច្ចុប្បន្ននេះមានវគ្គសិក្សាលើជំនាញជាច្រើនទាំងសិក្សាឥតគិតថ្លៃ និងការបង់ថ្លៃ ថែមទាំងអាចសិក្សាបានយ៉ាងងាយស្រួលតាមរយៈប្រព័ន្ធអនឡាញ។ បន្ថែមពីនេះ ចំពោះជំនាញគ្រប់គ្រងហិរញ្ញវត្ថុវិញ ប្រសិនបើអ្នកចង់ពង្រឹងវា ដោយចង់ស្វែងរកទីកន្លែងសិក្សាក៏មិនពិបាកនោះដែរ សំខាន់ឱ្យតែអ្នកដាក់ចិត្តថារៀនពិតប្រាកដ។

ខ្លឹមសារខាងក្រោមនេះ នឹងបង្ហាញពីវេទិកាចំនួនពីរ ដែលអ្នកអាចសិក្សាលើជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានតាមរយៈអនឡាញ ព្រមទាំងឥតគិតថ្លៃ។

1. Coursera

Coursera ត្រូវបានបង្កើតឡើងដោយ Daphne Koller និង Andrew Ng ក្នុងឆ្នាំ 2012 ជាមួយនឹងចក្ខុវិស័យក្នុងការផ្តល់នូវបទពិសោធន៍សិក្សាតាមរយៈអនឡាញ ដើម្បីផ្លាស់ប្តូរជីវិតដល់អ្នកសិក្សាជុំវិញពិភពលោក។ បន្ថែមពីនេះ វាក៏ជាវេទិកាសិក្សាតាមអ៊ីនធឺណិតជាសាកល ដែលផ្តល់ជូនដល់អ្នកគ្រប់គ្នាអាចសិក្សាបានគ្រប់ទីកន្លែង ជាមួយវគ្គសិក្សាឥតគិតថ្លៃ និងវគ្គសិក្សាដែលផ្ដល់នូវសញ្ញបត្រជាច្រើនជម្រើសផងដែរ។

ចុច​ទីនេះ ដើម្បីសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុ៖ https://www.coursera.org/search?query=Financial%20Management&

2. Alison

Alison គឺជាវេទិកាផ្តល់វគ្គសិក្សាតាមរយៈអនឡាញដោយឥតគិតថ្លៃទូទាំងពិភពលោក ដោយក្នុងវគ្គខ្លះក៏មានការផ្ដល់ជាវិញ្ញាបនបត្រក្រោយបញ្ចប់ការសិក្សាដែរ។ ហើយវេទិកានេះក៏បានបំពេញតម្រូវការសិក្សារបស់អ្នកសិក្សាដែលបានចុះឈ្មោះជាង 23 លាននាក់ និស្សិតបញ្ចប់ការសិក្សាចំនួន 4.5 លាននាក់មកពីជុំវិញពិភពលោក និងជាង 175 ពាន់នាក់ទៀតបានចុះឈ្មោះជារៀងរាល់ខែ ដើម្បីចូលរៀនដោយឥតគិតថ្លៃ និងបំពេញគោលដៅជីវិតរបស់ពួកគេ។

ចុច​ទីនេះ ដើម្បីសិក្សាជំនាញគ្រប់គ្រងហិរញ្ញវត្ថុ៖ https://alison.com/courses?query=financial%20management

ពាណិជ្ជកម្ម

តើកត្តាអ្វីខ្លះ ដែលបញ្ជាក់ថាអ្នកកំពុងខ្វះការលើកទឹកចិត្ត?

0
តើកត្តាអ្វី ដែលបញ្ជាក់ថាអ្នកកំពុងខ្វះការលើកទឹកចិត្ត?

ការលើកទឹកចិត្ត ជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ដើម្បីមានកម្លាំងចិត្តក្នុងការបន្តធ្វើកិច្ចការផ្សេងៗពោរពេញដោយថាមពល និងឆាប់សម្រេចបាននូវលទ្ធផលល្អ។ ទោះបីជាយ៉ាងនេះក្ដី អ្នកក៏ត្រូវដឹងដែរថា ការលើកទឹកចិត្ត មានទាំងការលើកទឹកចិត្តដោយខ្លួនឯង និងការលើកទឹកចិត្តពីអ្នកជុំវិញ។ បន្ថែមពីនេះ ការធ្វើកិច្ចការងារ ឬអ្វីក៏ដោយដែលសំខាន់សម្រាប់អ្នកដោយវាទទួលបានលទ្ធផលល្អ ឬពេលខ្លះគ្រាន់តែនឹកឃើញ និងឧស្សាហ៍ធ្វើវាជាប្រចាំ ក៏អ្នកទទួលបានអារម្មណ៍ស្រស់ស្រាយ នោះវាក៏ជាផ្នែកនៃការកម្លាំងចិត្តរបស់អ្នកផងដែរ។

ប៉ុន្តែ! ចុះប្រសិនបើអ្នកខ្វះការលើកទឹកចិត្តវិញ តើនឹងមានអ្វីកើតឡើង? ច្បាស់ណាស់ អ្នកប្រហែលជារស់មួយថ្ងៃឱ្យតែផុតៗ គ្មានការសប្បាយរីករាយក្នុងជីវិតច្រើន និងតែងតែធ្វើរឿងធម្មតាដដែលៗជាប្រចាំជាដើម។ ហើយសំណួរសួរថា តើមានអ្វីបញ្ជាក់បន្ថែមទៀតទេថា អ្នកកំពុងខ្វះការលើកទឹកចិត្ត? ខាងក្រោមនេះ នឹងបង្ហាញនូវកត្តាមួយចំនួនដែលបញ្ជាក់ថាអ្នកកំពុងខ្វះការលើកទឹកចិត្ត ដូច្នេះគួរតែស្វែងរកអ្វីដើម្បីផ្ដល់ជាការលើកទឹកចិត្តដល់ខ្លួនឯងបន្ថែម។

1. អ្នកមិនជឿជាក់លើខ្លួនឯង

អ្នកមិនអាចធ្វើអ្វីបានល្អឡើយ ហើយបើព្យាយាមធ្វើក៏គ្មានកម្លាំងចិត្តបានយូរអង្វែងដែរ ពីព្រោះអ្នកមិនបានជឿជាក់លើខ្លួនឯង ដោយតែងតែមានអារម្មណ៍ថា តើត្រូវព្យាយាមធ្វើដល់ពេលណា? ដើម្បីអ្វី? ហើយប្រហែលជាខ្ញុំមិនអាចធ្វើបានល្អនោះទេ។ល។ ទាំងនេះហើយ ដែលជាការបង្ហាញថាអ្នកកំពុងខ្វះកម្លាំងចិត្ត និងកត្តាជំរុញក្នុងការធ្វើកិច្ចការនានាឱ្យបានរលូន​ និងបានល្អប្រសើរ។

អ្នកត្រូវដឹងថា ការគ្មានអ្វីជំរុញចិត្ត និងកម្លាំងចិត្តក្នុងការធ្វើអ្វីមួយសម្រាប់អ្នកនោះទេ ច្បាស់ណាស់អ្នកនឹងមានភាពស្ទាក់ស្ទើក៏ដូចជាមិនជឿជាក់លើខ្លួនឯងសោះឡើងដើម្បីធ្វើរឿងនោះឱ្យបានល្អ។ ​​​​​​​​​​​​​​​​

2. អ្នក​មិន​ដឹង​ថា​អ្នក​ចង់​បាន​អ្វី​ឱ្យពិតប្រាកដ

នៅពេលដែលអ្នកមិនដឹងថាខ្លួនឯងចង់បានអ្វី ឬមិនដឹងច្បាស់ថាអ្នកចង់បានអ្វីឱ្យប្រាកដ នេះបញ្ជាក់ថាអ្នកកំពុងតែខ្វះការជំរុញទឹកចិត្ត។ អ្នកត្រូវដឹងថា ប្រសិនបើអ្នកមានអ្នកជំរុញលើកទឹកចិត្ត ច្បាស់ណាស់អ្នកនឹងអាចដឹងថាខ្លួនឯងចង់បានអ្វីឱ្យពិតប្រាកដមិនខាន មិនមែនអ្នកខ្លួនឯងកំពុងវង្វេងនឹងខ្លួនឯងឡើយ។ ដូច្នេះអ្នកត្រូវតែសួរខ្លួនឯងម្ដងទៀតថា តើអ្វីដែលអ្នកចង់បានពិតប្រាកដនៅក្នុងជីវិត? តើនរណានឹងជួយអ្នកឱ្យកាន់តែដឹងថាអ្នកចង់បានអ្វីឱ្យជាក់លាក់? តើអ្វីដែលអាចរក្សាកម្លាំងចិត្តអ្នកឱ្យបន្តដើម្បីសម្រេចបាននូវអ្វីដែលអ្នកចង់បាន? ។ល។

គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកដឹងច្បាស់ថាអ្នកចង់បានអ្វីពិតប្រាកដហើយ នោះអ្នកនឹងព្យាយាមសម្រេចវា ព្រមទាំងមានកម្លាំងចិត្តដ៏អស្ចារ្យក្នុងការបន្តធ្វើសកម្មភាពនានា។ ម្យ៉ាងទៀត វាក៏ជាផ្នែកមួយធ្វើឱ្យអ្នកដឹងថា ខ្លួនឯងរស់ដើម្បីអ្វី និងចង់បានអ្វី ហើយនេះជាកម្លាំងចិត្តដើម្បីបន្តរស់នៅជាមួយភាពស្រស់ស្រាយជាប្រចាំថ្ងៃ។

3. គ្មានគោលដៅធំៗ

ប្រសិនបើអ្នកជាមនុស្សចូលចិត្តសម្រេចនូវគោលដៅធម្មតាៗ និងព្យាយាមធ្វើសកម្មភាពតូចៗ ដោយមិនហ៊ានស្រមៃ ឬគ្មានគោលដៅធំៗនោះទេ ហើយនេះក៏មានន័យថាអ្នកក៏កំពុងខ្វះនូវការជំរុញលើកទឹកចិត្តផងដែរ មិនថាជាកម្លាំងចិត្តផ្ទាល់ខ្លួន ឬពីអ្នកជុំវិញខ្លួននោះទេ។ អ្នកត្រូវដឹងថា ការមានគោលដៅធំៗ ទោះបីជាវាពិបាកក្នុងការសម្រេច ក៏ប៉ុន្តែប្រសិនបើអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់នោះអ្នកនឹងព្យាយាមរិះរកវិធីដើម្បីសម្រេចវាឱ្យបាន។ លើសពីនេះ គោលដៅធំៗទាំងនោះ នឹងធ្វើឱ្យជីវិតរបស់អ្នកកាន់តែស្រស់បំព្រង និងបន្ថែមអត្ថន័យជីវិត។

4. តែងតែមានអារម្មណ៍ឯការ និងមិនដែលទទួលបានអ្វីដែលខ្លួនឯងចង់បាន

មនុស្សដែលខ្វះការលើកទឹកចិត្ត តែងតែមានអារម្មណ៍ថាគ្មានអ្នកយល់ចិត្ត អារម្មណ៍ឯការ អារម្មណ៍ថាដូចជីវិតមិនបានដើរទៅមុខ ជីវិតពោរពេញដោយភាពស្មុគស្មាញច្រើន និងតែងតែមិនសូវដែលទទួលបានអ្វីដែលខ្លួនឯងចង់បាន ទោះបីជាខិតខំយ៉ាងណាក៏ដោយ។

ពាណិជ្ជកម្ម

តើយើងគួរធ្វើបែបណាដើម្បីចាប់ផ្ដើមអាជីពការងារជា Freelancer?

0
តើយើងគួរធ្វើបែបណាដើម្បីចាប់ផ្ដើមអាជីពការងារជា Freelancer?

ការងារ Freelance គឺជាការងារឯករាជ្យ ឬជាការងារក្រៅក្របខណ្ឌមួយ ដែលមានមនុស្សជាច្រើនចង់ធ្វើ។ ដោយសារតែការងារជា Freelancer នេះគឺអាចឲ្យយើងធ្វើការនៅកន្លែងណាក៏បាន សំខាន់ឲ្យតែមានកុំព្យូទ័រ មានអ៊ីនធើណេតដើរលឿនអាច​ទាក់​ទងឬ​បំពេញ​ការងារ​ជាមួយនឹងអតិថិជន ឬអាចមានឧបករណ៍ ក៏ដូចជាសម្ភារៈចាំបាច់មួយចំនួនទៀតដែលជួយឲ្យការងារអ្នកអាចប្រព្រឹត្តទៅបានយ៉ាងរលូន។

ជាពិសេសនោះសម្រាប់អ្នកដែលធ្វើការ Freelance នេះ គឺអាចជួយកាត់បន្ថុយលើការចំណាយមួយចំនួនផងដែរទៅលើ ការធ្វើដំណើរទៅមក និងការចំណាយទៅលើថ្លៃអាហារ ដោយសារតែពួកគេអាចជ្រើសរើសកន្លែងធ្វើការពីផ្ទះ ឬនៅជិតៗផ្ទះបាន (លើកលែងការងារខ្លះត្រូវចេញក្រៅគ្រប់ពេលដើម្បីជួយជាមួយអតិថិជន ដើម្បីនិយាយអំពីគម្រោងការងារ)។

ចំពោះការងារ Freelance នេះដែរ ភាគច្រើនមានដូចជា៖

  • Content Writer
  • Copy editor
  • Content Creator
  • Social media marketing
  • Photographer
  • Video editor
  • Graphic designer
  • Animator
  • Website designer
  • App designer
  • Web developer or coder
  • Ux/UI designer
  • SEO expert
  • Chatbot expert
  • Media Buy
  • Data entry specialist
  • Transcriptionist
  • Translator
  • Tax consultant
  • Fundraising consultant
  • Management consultant

ដើម្បីឈោងចាប់អាជីពការងារជា Freelance តើយើងគួរធ្វើបែបណាខ្លះ?

 ១. ស្វែងរកប្រភេទការងារ Freelance ដែលអ្នកស្រលាញ់ និងមានជំនាញច្បាស់លាស់

ចំណុចចាប់ផ្ដើម គឺមិនមានអ្វីក្រៅពី ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួនឯងនោះទេ ពោលគឺអ្នកត្រូវអំពីខ្លួនឯងឲ្យបានច្បាស់ ថាតើអ្នកខ្លាំងខាងអ្វី? ស្ទាត់ជំនាញទៅលើការងារបែបណា? និងចូលចិត្តការទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនដែរឬអត់ជាដើម។ នៅពេលដែលអ្នកជ្រើសរើសធ្វើការងារដែលអ្នកពេញចិត្ត អ្នកនឹងមានអារម្មណ៍រីករាយ មានកម្លាំងចិត្តចង់ធ្វើការងារ ព្រមទាំងមានគំនិតច្រើនពាក់ព័ន្ធទៅនឹងអាជីពនោះ បើទោះបីជាពេលខ្លះអ្នកទទួលរងមានសម្ពាធក៏ដោយ ក៏អ្នកនៅតែព្យាយាមធ្វើ និងស្វែងរកដំណោះស្រាយ។

ដូចនេះអ្នកអាចចំណាយពេលមួយចំនួនសម្រាប់ខ្លួនឯងដើម្បី ពិនិត្យមើលថាតើខ្លួនឯងចូលចិត្តការងារបែបណា ហើយការងារណាមួយដែលកំពុងតែមានតម្រូវការនៅក្នុងទីផ្សារជាដើម ដូចជាការងារជាអ្នកឌីហ្សាញ? អ្នកសរសេរអត្ថបទ? អ្នកបកប្រែភាសា? អ្នកគិតយុទ្ធសាស្ត្រទីផ្សារ? អ្នកធ្វើមាតិកា? អ្នកថតរូប? អ្នកវិភាគទិន្នន័យ ឬជាទីប្រឹក្សាអាជីវកម្ម? និងមានអាជីពជាច្រើនទៀតដែលនាងខ្ញុំបានបង្ហាញនៅចំណុចខាងលើ។ សរុបមកអ្នកត្រូវដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនឯង ដឹងអំពីទីផ្សារការងារ និងត្រូវមានជំនាញមួយច្បាស់លាស់សម្រាប់ខ្លួនឯង។

២. កសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង នៅលើបណ្ដាញសង្គម

ចំណុចសំខាន់បន្ទាប់ដើម្បីអាចក្លាយខ្លួនអ្នកជា Freelancer ម្នាក់ គឺការកសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង ឬនិយាយឲ្យខ្លីថាជាការអួតខ្លួនឯងនៅលើបណ្ដាញសង្គម។ ប៉ុន្តែហេតុអ្វីបានជាយើងត្រូវកសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯងនៅលើបណ្ដាញសង្គមបែបនេះ? តើវាចាំបាច់ដែរឬទេ? ហើយវានឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះមកកាន់អ្នក?

ការពិតទៅ ការកសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង ឬនិយាយឲ្យខ្លីថាជាការអួតខ្លួនឯងនេះ គឺពិតជាសំខាន់ខ្លាំងមែនទែន មិនថាសម្រាប់អ្នកដែលចង់ចូលប្រឡូកនៅក្នុងអាជីពជា Freelancer នេះ ឬអាជីពការងារផ្សេងទៀតនោះទេ  គឺដើម្បីអាចធ្វើឲ្យមនុស្សគ្រប់គ្នាបានស្គាល់អ្នក ថាអ្នកជាអ្នកណា អ្នកមានជំនាញផ្នែកអ្វី និងកំពុងតែផ្ដោតធ្វើទៅលើអ្វីខ្លះជាដើម (ផ្ដោតទៅលើការលក់ផលិតផល ឬការផ្ដល់ជាសេវាកម្ម និងការងារផ្សេងៗ)។

អ្វីដែលកាន់តែសំខាន់នោះគឺ ការកសាងកេរ្តិ៍ឈ្មោះឲ្យខ្លួនឯង នៅលើបណ្ដាសង្គម នឹងធ្វើឲ្យមនុស្សមានភាពទុកចិត្តលើអ្នក ជឿជាក់លើអ្នក ជាពិសេសនោះគឺជួយបង្កើនកេរ្តិ៍ឈ្មោះជាអ្នកជំនាញនៅក្នុងវិស័យណាមួយដែលអ្នកកំពុងតែស្ថិតនៅ និងអាចជួយរកអតិថិជន និងមានការងារថ្មីៗឲ្យអ្នកធ្វើផងដែរ។

៣. បង្កើនបណ្ដាញទំនាក់ទំនង

ការណ៍ដែលអ្នកមានជំនាញទំនាក់ទំនង គឺពិតជាមានសារៈសំខាន់មែនទែន។ ដោយសារតែការងារ Freelance បែបនេះគឺចាំបាច់ត្រូវឲ្យអ្នកស្គាល់គេឯងឲ្យបានច្រើន មានបណ្ដាញទំនាក់ទំនងច្រើន មានភាពបត់បែន មានចំណេះជំនាញច្បាស់លាស់ និងមានទំនួលខុសត្រូវខ្ពស់ផងដែរ ទើបអាចស្វែងរកអតិថិជនបានច្រើន ទទួលបានគម្រោងច្រើន និងអាចរកចំណូលឲ្យខ្លួនឯងបានខ្ពស់។ ដូចនេះប្រសិនបើអ្នកស្គាល់គេច្រើននៅក្នុងសង្គមការងារ បូករួមនឹងពូកែក្នុងការទំនាក់ទំនងទៀតនោះ គឺអ្នកអាចចាប់ផ្ដើមអាជីពជា Freelance នេះបាន។

ពាណិជ្ជកម្ម

តើកត្តាអ្វី ដែលធ្វើឱ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ?

0
តើកត្តាអ្វី ដែលធ្វើឱ្យអ្នកមានបញ្ហាផ្នែកហិរញ្ញវត្ថុ?

បញ្ហាផ្នែកហិរញ្ញវត្ថុ តែងតែកើតមានលើមនុស្សគ្រប់គ្នា ដូចជានិស្សិត អ្នកធ្វើការ ម្ចាស់អាជីវកម្ម និងជាច្រើនទៀត គ្រាន់តែអ្នកខ្លះក៏កម្រិតស្រាល និងអ្នកខ្លះក៏កម្រិតធ្ងន់។ បន្ថែមពីនេះ អ្នកក៏ត្រូវដឹងថា បញ្ហាហិរញ្ញវត្ថុ សំដៅលើការជាប់គាំងសាច់ប្រាក់ ជំពាក់បំណុល និងគ្មានលុយដើម្បីចំណាយលើភាពចាំបាច់ ឬតម្រូវការផ្ទាល់ខ្លួននានានៅក្នុងជីវិត។ ដូច្នេះប្រសិនបើយើងចង់ចាកចេញ ឬចៀសវាងកុំឱ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុបានទេ គឺបាន ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ជាចំណុចចាប់ផ្ដើមអ្នកក៏ស្វែងរកឱ្យឃើញនូវកត្តាមួយចំនួនដែលបណ្ដាលឱ្យអ្នកជួបបញ្ហាផ្នែកហិរញ្ញវត្ថុ។ ខឹ្លមសារខាងក្រោមនេះ នឹងបង្ហាញនូវកត្តាមួយចំនួនដែលអ្នកអាចសិក្សាឈ្វេងយល់បន្ថែម ដើម្បីដឹងពីមូលហេតុដែលបង្កឱ្យមានបញ្ហាផ្នែកហិរញ្ញវត្ថុ។

1. គ្មានផែនការប្រើប្រាស់ហិរញ្ញវត្ថុ

នៅពេលដែលអ្នកគ្មានផែនការជាក់លាក់ ឬមិនបានរៀបចំឱ្យមានផែនការប្រើប្រាស់ហិរញ្ញវត្ថុ នោះអ្នកនឹងប្រើប្រាស់ហិរញ្ញវត្ថុរបស់អ្នកតាមការនឹកឃើញមិនខាន។ ហេតុនេះ អ្នកត្រូវតែបង្កើតគោលបំណងសម្រាប់ការប្រើប្រាស់ហិរញ្ញវត្ថុ ទាំងភាពចាំបាច់ ឬគ្រាន់តែចំណាយលើអ្វីដែលជាភាពចង់បាន ព្រមទាំងអាចកំណត់ការដាក់សន្សំក្នុងការគ្រោងទិញអ្វីតាមគោលដៅរបស់អ្នក។​ ធ្វើបែបនេះ អ្នកនឹងដឹងថា អ្នកត្រូវចំណាយលើអ្វី និងការប្រើប្រាស់ហិរញ្ញវត្ថុជាប្រចាំក៏មានតាមការកំណត់ល្អផងដែរ។

2. គ្មានការគ្រប់គ្រងហិរញ្ញវត្ថុបានល្អ

ប្រសិនបើអ្នកមានផែនការរួចហើយ ប៉ុន្តែបើខ្វះការគ្រប់គ្រងក៏ជាបញ្ហាដែរ ដូច្នេះអ្នកត្រូវតែមានវិន័យ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យបានសមស្របលើផែនការដែលបានកំណត់ ជាពិសេសគ្រប់គ្រងអារម្មណ៍កុំឱ្យមានការប្រើប្រាស់ហិរញ្ញវត្ថុតាមចិត្ត ដោយគ្មានការចំណាយដោយភាពឆ្លាតវៃ។ បន្ថែមពីនេះ បើអ្នកយល់ថាខ្លួនឯងខ្សោយក្នុងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ អ្នកអាចរៀននូវជំនាញនេះនៅលើអនឡាញ ឬពីបុគ្គលដែលមានជំនាញនេះ ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកឱ្យកាន់តែល្អប្រសើរ។

3. គ្មានហិរញ្ញវត្ថុគ្រប់គ្រាន់

នៅពេលដែលអ្នកគ្មានលុយគ្រប់គ្រាន់សមស្របតាមតម្រូវការរបស់អ្នក នោះក៏ជាបញ្ហាផងដែរ ហើយបញ្ហានេះភាគច្រើនកើតឡើងញឹកញាប់ជាមួយមនុស្សស្ទើគ្រប់គ្នា។ ដូច្នេះអ្នកត្រូវដឹងថា ប្រភពចំណូលរបស់អ្នកមានប៉ុន្មាន និងចំណូលប្រចាំខែមានប៉ុន្មាន ហើយការចំណាយរបស់អ្នកភាគច្រើនចំណាយលើអ្វីខ្លះ ។ល។ នៅពេលអ្នកយល់ច្បាស់ពីចំណុចទាំងបីនេះ អ្នកត្រូវតែចេះបែងចែកចំណាយឱ្យបានល្អស្របតាមចំណូលដែលអ្នកមាន ដោយកុំព្យាយាមចំណាយលើពីចំណូលដែលអ្នកទទួលបានជាប្រចាំខែ។ ធ្វើបែបនេះ ទោះបីជាចំណូលអ្នកតិច ក៏អ្នកអាចចំណាយលើភាពចាំបាច់ ហើយអាចនាពេលខាងមុខហិរញ្ញវត្ថុរបស់អ្នកមានចរន្តល្អ ដោយអាចកាត់បន្ថយកង្វល់លើការគ្មានលុយគ្រប់គ្រាន់ក្នុងការចំណាយជាប្រចាំ ឬលើរឿងចាំបាច់របស់អ្នកឡើយ។

4. គ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ចំណេះដឹងផ្នែកហិរញ្ញវត្ថុ វាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យ ពីព្រោះកាលណាមានចំណេះដឹងនេះ អ្នកនឹងកាន់តែមានភាពវ័យឆ្លាតក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងអាចឈានការមានសេរីភាពផ្នែកហិរញ្ញវត្ថុ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកបានដឹងយ៉ាងច្បាស់ថា ខ្លួនឯងគ្មានចំណេះដឹងផ្នែកហិរញ្ញវត្ថុបានច្រើននោះទេ អ្នកគួរតែស្វែងរកថ្នាក់សិក្សាអនឡាន ឬសិក្សាផ្ទាល់ជាមួយអ្នកជំនាញផ្សេងៗ ដើម្បីពង្រឹងចំណេះដឹងផ្នែកនេះឱ្យកាន់តែល្អ។

ពាណិជ្ជកម្ម

តើមនុស្សសប្បាយចិត្ត តែងតែមានទម្លាប់អ្វីខ្លះ?

0
តើមនុស្សសប្បាយចិត្ត តែងតែមានទម្លាប់អ្វីខ្លះ?

ភាពសប្បាយចិត្ត ជាអ្វីដែលមនុស្សគ្រប់គ្នាតាមស្វែងរកជានិច្ច ដើម្បីធ្វើឱ្យជីវិតរបស់ពួកគេម្នាក់ៗកាន់តែមានភាពស្រស់បំព្រង។ ទោះបីជាយ៉ាងនេះក្ដី ក៏មានបុគ្គលជាច្រើនរូបផងដែរ ដែលបានធ្វើឱ្យជីវិតរបស់ពួកគេតែងតែល្អ តាមរយៈការធ្វើឱ្យខ្លួនឯងជាមនុស្សមានការសប្បាយចិត្តច្រើនជាការកើតទុក្ខ។ ដូច្នេះតើអ្នកដឹងទេថា តើមនុស្សសប្បាយចិត្ត ពួកគេមានទម្លាប់អ្វីខ្លះ?

ខ្លឹមសារខាងក្រោមនេះ ជាទម្លាប់សំខាន់ៗមួយចំនួនដែលអ្នកអាចអនុវត្តន៍តាមបាន ពីព្រោះវាជាទម្លាប់ដែលមនុស្សសប្បាយចិត្តតែងតែចូលចិត្តធ្វើជាប្រចាំ។

1. ពួកគេគេងបានគ្រប់គ្រាន់

ជាធម្មតាទេ ប្រសិនបើអ្នកមានអារម្មណ៍ស្មុគស្មាញ មានទុក្ខកង្វល់ និងគិតព្រួយអំពីបញ្ហានានា ច្បាស់ណាស់អ្នកនឹងមិនអាចគេងលក់បានស្កប់ស្កល់ឡើយ ជាពិសេសអ្នកនឹងព្យាយាមគេងយប់ជ្រៅ និងគេងមិនបានគ្រប់គ្រាន់ស្ទើតែរៀងរាល់ថ្ងៃ។ ចំណែកឯមនុស្សសប្បាយចិត្តវិញ ភាគច្រើនពួកគេតែងតែមានការគេងបានទៀងទាត់​ ព្រមទាំងគេងបានយ៉ាងគ្រប់គ្រាន់ល្អ ហើយនេះក៏ជាកត្តាមួយដែលធ្វើឱ្យពួកគេបង្កើនភាពសប្បាយចិត្តទ្វេដង មានការគិតល្អ និងស្រស់ស្រាយជានិច្ច។

គួរបញ្ជាក់ផងដែរថា ការគេងឱ្យបានគ្រប់គ្រាន់គឺវាមានសារៈសំខាន់ណាស់ ដូចជាជួយអ្នកឱ្យកាន់តែមានអារម្មណ៍ស្រស់ស្រាយល្អ ការគិតបែបច្នៃប្រឌិត មានការផ្ដោតអារម្មណ៍ និងអាចគ្រប់គ្រងខ្លួនឯងឱ្យធ្វើសកម្មភាពនានាបានយ៉ាងល្អ។

2. ពួកគេមានផ្នត់គំនិតរីកចម្រើន

មនុស្សរីករាយ តែងតែគិតលើរឿងល្អៗ ជាពិសេសតែងតែបម្លែងខ្លួនឯងឱ្យមានផ្នត់គំនិតរីកចម្រើន ដោយពួកគេមិនដែលធ្វើឱ្យខ្លួនឯងស្ថិតនៅភាពរីកចម្រើនដដែលៗ ឬព្យាយាមរស់នៅក្នុងតំបន់សុខស្រួលផ្ទាល់ខ្លួន (Comfort Zone) ច្រើនឡើយ។ បន្ថែមពីនេះ ពួកគេតែងតែជឿជាក់លើខ្លួនឯងថា នឹងអាចកែប្រែខ្លួនឯងឱ្យកាន់តែល្អប្រសើរ អាចឆ្ពោះទៅកាន់ភាពរីកចម្រើនខាងមុខ បន្តការសិក្សារៀនសូត្រជាប្រចាំ និងអាចធ្វើអ្វីគ្រប់យ៉ាងបាន ដោយគ្មានពាក្យថាមិនអាចទៅរួចឡើយ។

3. ព្យាយាមសេពគប់ជាមួយមនុស្សត្រូវ

នៅក្នុងពិភពលោកយើងនេះ មានមនុស្សជាច្រើននាក់ ដោយមានទាំងមនុស្សល្អ មនុស្សមិនល្អ និងប្រភេទមនុស្សខ្លះអ្នកត្រូវចៀសវាងសេពគប់ ហើយប្រភេទមនុស្សខ្លះទៀតជាមនុស្សដែលអ្នកត្រូវតែព្យាយាមសេពគប់ឱ្យបានច្រើនតាមដែលអាចធ្វើបាន។

អ្នកត្រូវដឹងថា សេពគប់មនុស្សត្រូវ សំដៅលើការសេពគប់ជាមួយប្រភេទមនុស្សទាំងឡាយណាដែលនឹងជួយគាំទ្រអ្នក ជួយលើកតម្កើនអ្នក និងជួយជំរុញអ្នកឱ្យកាន់តែមានជីវិតល្អប្រសើរ ព្រមទាំងតែងតែចង់ឃើញអ្នករីកចម្រើន។ បន្ថែមពីនេះ បើអ្នកជុំវិញរបស់អ្នកពោរពេញដោយមនុស្សគិតអវិជ្ជមាន ឬតែងតែព្យាយាមជាន់ពន្លិចពីភាពរីកចម្រើនរបស់អ្នក​ នោះជីវិតរបស់អ្នកក៏ពិបាកមានភាពសប្បាយរីករាយ និងរីកចម្រើនដែរ ដូច្នេះហើយភាគច្រើនមនុស្សដែលមានភាពសប្បាយរីករាយច្រើននៅក្នុងជីវិត គឺពួកគេតែងតែព្យាយាមសេពគប់មនុស្សត្រូវ និងធ្វើឱ្យមនុស្សជុំវិញខ្លួនពួកគេសុទ្ធតែជាមនុស្សធ្វើឱ្យគេមានការគិតល្អ មានភាពស្រស់ស្រាយ និងកាន់តែរីកចម្រើនជាបន្តបន្ទាប់។

4. ពួកគេព្យាយាមធ្វើឱ្យខ្លួនឯងរីករាយ

មនុស្សម្នាក់ៗអាចមានភាពសប្បាយរីករាយច្រើន លុះត្រាតែពួកគេព្យាយាមធ្វើឱ្យខ្លួនឯងរស់នៅក្នុងជីវិតមួយពោរពេញដោយភាពសប្បាយរីករាយបានច្រើន ដោយមិនមែនមនុស្សគ្រប់គ្នាសុទ្ធក្រោកពីដំណេកហើយមានអារម្មណ៍រីករាយគ្រប់ពេលនោះឡើយ។ ភាគច្រើនមនុស្សសប្បាយចិត្ត តែងតែព្យាយាមចាកចេញពីអ្វីដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនល្អ និងព្យាយាមធ្វើសកម្មភាពនានាមិនថាពិបាក ឬស្រួលឡើយ ដើម្បីបង្កើតក្ដីសុខឱ្យខ្លួនឯងបានច្រើនតាមដែរពួកគេធ្វើបាន។

5. ពួកគេរវល់ ប៉ុន្តែពួកគេមិនប្រញាប់

ការធ្វើអ្វីក៏ដោយ ប្រសិនបើព្យាយាមប្រញាប់ នោះលទ្ធផលដែលទទួលបានគឺមិនល្អឡើយ ព្រមទាំងអាចបង្កឱ្យមានភាពស្រ្តេស និងការមិនសប្បាយចិត្តទេ្វដងដល់ខ្លួនឯងជាដើម។ ប៉ុន្តែចំពោះមនុស្សសប្បាយចិត្ត ភាគច្រើនពួកគេព្យាយាមធ្វើការងារដែលធ្វើឱ្យពួកគេសប្បាយចិត្ត និងរវល់គ្រប់គ្រាន់ដែលអាចធ្វើបាន ដោយអាចបញ្ចប់ការងារនោះបានយ៉ាងរលូន ព្រមទាំងធ្វើតាមដំណើរ ដោយគ្មានភាពប្រញាប់ខ្លាំងឡើយ។

6. ពួកគេអបអរសាទរលើភាពជោគជ័យរបស់អ្នកដទៃ

មនុស្សសប្បាយចិត្ត ភាគច្រើនមិនចូលចិត្តច្រណែន ឬព្យាយាមរិះរកគ្រប់វិធីដើម្បីធ្វើយ៉ាងណាឱ្យអ្នកជុំវិញមិនមានភាពរីកចម្រើនឡើយ មានតែព្យាយាមជួយ និងចូលរួមអបអរសាទររាល់ភាពជោគជ័យរបស់អ្នកជុំវិញខ្លួនជានិច្ច។ ហើយការអបអរសាទរទាំងនោះ សុទ្ធតែកើតចេញពីចិត្ត និងភាពស្មោះត្រង់ ដោយមិនមែនជាការអបអរសាទរ ឬសប្បាយចិត្តបែបក្លែងក្លាយឡើយ។

7. ពួកគេចំណាយពេលនៅជាមួយធម្មជាតិច្រើន

ធម្មជាតិក៏ជាផ្នែកមួយសំខាន់ក្នុងការជួយធ្វើឱ្យមនុស្សមានភាពស្រស់ស្រាយ កាត់បន្ថយស្រ្តេស និងបញ្ចូលអារម្មណ៍ក្នុងការរស់នៅក្នុងភាពបច្ចុប្បន្ន។ បន្ថែមពីនេះ វាក៏ជាចំណែកធ្វើឱ្យអ្នកបង្កើនផលិតភាពការងារ និងមានគំនិតល្អៗដើម្បីធ្វើអ្វីផ្សេងទៀត។ ភាគច្រើនមនុស្សសប្បាយចិត្ត តែងតែរីករាយជាមួយនឹងធម្មជាតិ ការសម្រាកជាមួយធម្មជាតិ និងការទទួលយកអារម្មណ៍ស្រស់ស្រាយជាមួយធម្មជាតិ។

8. ពួកគេមិនដែលចាត់ទុកបញ្ហាជារឿងអាក្រក់ឡើយ

បញ្ហានៅក្នុងពិភពលោកនេះមានច្រើនប្រភេទណាស់មិនថានៅក្នុងជីវិតផ្ទាល់ខ្លួន ឬនៅកន្លែងការងារ និងនៅក្នុងប្រទេសជាតិនោះទេ ភាគច្រើនមនុស្សសប្បាយចិត្តមិនដែលធ្វើឱ្យខ្លួនឯងបារម្ភច្រើនឡើយ តែងតែចាត់ទុកថាបញ្ហាទាំងនោះជារឿងថ្មីមួយដែលពួកគេត្រូវតែប្រឈម និងអាចបម្លែងវាឱ្យក្លាយជាឱកាសនានាជាដើម។

 

ពាណិជ្ជកម្ម

ហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?

0
ហេតុអ្វីបានជាសេវាកម្មអតិថិជនល្អគឺជារឿងសំខាន់សម្រាប់អាជីវកម្ម?
សេវាកម្មអតិថិជន (Customer Service) គឺជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់ ក្នុងការជួយជម្រុញឲ្យដំណើរការអាជីវកម្មរបស់អ្នកកាន់តែទទួលបានជោគជ័យនិងរីកចម្រើនទៅមុខ ដែលយើងអាចនិយាយម្យ៉ាងទៀតបានថាសេវាកម្មអតិថិជននេះគឺជាបេះដូង និងជាខ្យល់ដង្ហើមនៃអាជីវកម្មដែលអាចធ្វើឲ្យអតិថិជនដែលបានទិញផលិតផលឬសេវាកម្មពីក្រុមហ៊ុនរបស់អ្នកហើយ​ មានអារម្មណ៍សប្បាយចិត្ត កក់ក្ដៅ មានតម្លៃនិងចង់មកទិញនូវផលិតផលរបស់អ្នកម្ដងហើយម្ដងទៀតគ្មានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត។
 
យើងឃើញថាទោះបីជាការបង្កើតឲ្យមានសេវាកម្មអតិថិជនល្អ ត្រូវចំណាយធនធាន ពេលវេលា និងថវិកាច្រើនក៏ដោយ ប៉ុន្តែបើសិនជាអ្នកធ្វើវាបានជោគជ័យ(បង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អឥតខ្ចោះ) អាជីវកម្មរបស់អ្នកនឹងទទួលបាននូវការជឿជាក់ ទំនុកចិត្តពីអតិថិជន ដែលជាហេតុធ្វើឲ្យអ្នកអាចយកឈ្នះដៃគូប្រកួតប្រជែង និងអាចឈរជើងនៅលើទីផ្សារបានយូរអង្វែង។ជាពិសេសគឺអាចរក្សានូវកត្តិនាមក្រុមហ៊ុនរប​ស់អ្នកឲ្យកាន់តែមានភាពល្បីល្បាញ។
 
ដូចនេះតើការណ៍ដែលមានសេវកម្មអតិថិនល្អអាចជួយអ្វីដល់ក្រុមហ៊ុនឬអាជីវកម្មរបស់អ្នក?
 

១. ជួយរក្សានិងជួយបង្កើនអតិថិជនឲ្យបានច្រើន

 
សេវាកម្មអតិថិជនមួយដែលល្អអស្ចារ្យគឺគួរតែផ្ដោតសំខាន់ទៅលើការបម្រើជូន ការមើលថែទាំ និងតាមដានពីតម្រូវការរបស់ពួកគេឲ្យបានល្អ ថាពួកគេត្រូវការអ្វីពីអ្នក ជាពិសេសនោះគឺត្រូវរីករាយចំពោះការឆ្លើយតបនិងជួយដោះស្រាយរាល់បញ្ហាដែលពួកគេកំពុងតែជួបប្រទះ។
 
ការដែលធ្វើបែបនេះ អាជីវកម្មនិងក្រុមហ៊ុនរបស់អ្នកនឹងទទួលបានការចូលរួម និងការគាំទ្រពីអតិថិជនបានកាន់តែច្រើន ហើយថែមទាំងជួយកសាងនូវទំនាក់ទំនងរវាងអ្នកនិងអតិថិជនអ្នកកាន់តែជិតស្និទ្ធទៀតផង។
 
ជាក់ស្ដែងយើងឃើញថាអតិថិជនភាគច្រើនដែលតែងតែបន្តនូវការកម្ម៉ង់ឬទិញទំនិញពីហាងដដែលឬក្រុមហ៊ុនដដែលនោះគឺដោយសារតែពួកគេទុកចិត្តនិងជឿជាក់រាល់ផលិតផលនិងសេវាកម្មដែលក្រុមហ៊ុនទាំងនោះបានផ្ដល់ជូន។
 
ករណីបែបនេះបើសិនជាខាងក្រុមហ៊ុនរបស់អ្នកពិតជាបានផ្ដល់នូវសេវាកម្មអតិថិជនមួយដ៏ល្អឥតខ្ចោះទៅកាន់អតិថិជនទាំងនោះពិតមែន នោះក្រុមហ៊ុនអ្នកនឹងកាន់តែមានអតិថិជនច្រើនឡើងៗដែលអ្នកនឹកស្មានមិនដល់។
 

២. ជួយពង្រីកម៉ាកយីហោរបស់អ្នកឲ្យកាន់តែទូលាយ

 
​​​​​​​ ហេតុអ្វីបានជាសេវាកម្មអតិថិជនអាចធ្វើឲ្យម៉ាកយីហោរបស់អ្នកកាន់តែល្បី?
 
ដើម្បីជួយឲ្យម៉ាកយីហោ(Brand)របស់អ្នកកាន់តែល្បី មានអ្នកស្គាល់ច្រើន មានអ្នកពេញចិត្តច្រើន រឿងដំបូងដែលក្រុមហ៊ុនអ្នកត្រូវចាប់ផ្ដើមនោះ គឺត្រូវបង្កើតឲ្យមានសេវាកម្មអតិថិជនមួយដែលល្អបំផុតដើម្បីផ្ដល់ទៅឲ្យពួកគេ។
 
កាលណាដែលសេវាកម្មរបស់អ្នកកាន់តែរហ័ស កាន់តែល្អឥតខ្ចោះ នោះភាគរយដែលអតិថិជននឹងមកគាំទ្រ និងប្រើប្រាស់ផលិតផលរបស់អ្នកនឹងកាន់តែរីកធំៗឡើង។អ្វីដែលសំខាន់នោះគឺ ក្រុមហ៊ុនអ្នកត្រូវតែធ្វើឲ្យពួកគេមានអារម្មណ៍ថាងាយស្រួល សុវត្ថិភាព សប្បាយចិត្ត កក់ក្ដៅ និងមានអារម្មណ៍ថាជាពិសេសបន្ទាប់ពីប្រើប្រាស់នូវផលិតផលឬសេវាកម្មរបស់អ្នក។
 
ពេលដែលអតិថិជនរបស់អ្នកមានអារម្មណ៍បែបនេះហើយ ច្បាស់ណាស់ពួកគេនឹងជួយផ្សព្វផ្សាយនូវម៉ាកយីហោរបស់អ្នកទៅកាន់មនុស្សជាច្រើនឲ្យបានស្គាល់រួមមាន មិត្តភក្តិ ក្រុមគ្រួសារ អ្នកស្គាល់គ្នា និងមនុស្សជាទីស្រលាញ់ជាដើម។
 
កំឡុងពេលនោះហើយគឺជាពេលដែលម៉ាកយីហោរបស់អ្នកត្រូវបានសាយភាយ និងត្រូវបាននិយាយពីម្នាក់ទៅម្នាក់ដែលជាហេតុធ្វើឲ្យអ្នកកាន់តែទទួលបានជោគជ័យក្នុងវិស័យធុរកិច្ចនេះ។
 

៣. សេវាកម្មអតិថិជនល្អធ្វើឲ្យអតិថិជនស្មោះត្រង់នឹងអ្នក

 
ប្រសិនបើអតិថិជនដែលធ្លាប់ទៅទិញទំនិញនៅហាងរបស់អ្នក ហើយទទួលបាននូវការរាក់ទាក់ ការមើលថែ ការណែនាំនិងទទួលបាននូវសេវាកម្មមួយដ៏ល្អពីហាងអ្នក នោះប្រាកដណាស់គឺគ្មានផ្លូវដែលអតិថិជនទាំងនោះអាចបោះបង់ទំនិញនៅហាងអ្នកចោលហើយរត់ទៅទិញទំនិញនៅហាងដទៃទៀតដែលជាដៃគូរប្រកួតប្រជែងរបស់អ្នកនោះទេ។
 
ដូចនេះដើម្បីធ្វើឲ្យអតិថិជនបន្តនូវភក្ដីភាពចំពោះអាជីវកម្មរបស់អ្នកឲ្យបានយូរអង្វែង អ្នកត្រូវតែផ្ដល់នូវអ្វីដែលអតិថិជនត្រូវការ ដូចជាផ្ដល់នូវការប្រឹក្សាយោបល់ ជួយដោះស្រាយបញ្ហា និងផ្ដល់នូវសេវាកម្មល្អៗទៅដល់ពួកគេជាដើម ដើម្បីឲ្យពួកគេចងចាំអ្នកជានិច្ច។
 
ជារួមប្រសិនបើអ្នកចង់ឲ្យដំណើរការអាជីវកម្មរបស់អ្នករីកដុះដាលកាន់តែខ្លាំង ព្រមទាំងអាចបន្តឈរជើងបានយូរអង្វែងនិងជារៀងរហូត អ្នកត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ទៅលើសេវាកម្មអតិថិជននេះ​ ពោលគឺត្រូវធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្តនឹងអ្នក ស្មោះនឹងអ្នក ព្រោះក្រុមហ៊ុនអ្នកអាចទៅមុខឬថយក្រោយបានគឺដោយសារតែសេវាកម្មអតិថិជននេះឯង។
ពាណិជ្ជកម្ម