កត្តាទាំង៥ដែលជួយឲ្យអាជីវកម្មថ្មីស្ថិតស្ថេរ

1509

កត្តា​ទាំង៥​ដែល​ជួយ​ឲ្យ​អាជីវកម្ម​ថ្មី​ស្ថិតស្ថេរ

ដើម្បី​ទទួលបាន​ភាព​ជោគជ័យ អាជីវកម្ម​ដំបូង​របស់អ្នក​ត្រូវការ​មាន​មូលដ្ឋាន​គ្រឹះ​ដ៏រឹងមាំ​ដើម្បី​កសាង​អាជីវកម្ម​ឲ្យ​ដំណើរការ​ទៅមុខបាន។ ខាងក្រោមនេះ​ជា កត្តាជម្រុញ​ទាំង៥​យ៉ាង​ចំពោះ​តម្រូវការ​អាជីវកម្ម​ថ្មី​របស់អ្នក និង​របៀប​នៃ​ការទទួល​វា​បាន ៖

១. បណ្តាញ​មិត្តភក្តិ​ដែល​មាន​ភាពរឹងមាំ

ចំពោះ​សហគ្រិន​ថ្មី បណ្តាញ​មិត្តភក្តិ​និង​អ្នកណែនាំ​គឺ​មានសារៈ​សំខាន់​ជាង​ផលិតផល​និង​ហិរញ្ញ​វត្ថុ​ទៅទៀត​។

Will Foussier, ជា​នាយក​ប្រតិបត្តិ​និង​ជា​ស្ថាបនិក​នៃ Ace-up បាន​មាន​ប្រសាសន៍​ថា “បណ្តាញ​ដ៏​រឹង​មាំ​គឺជា​គន្លឹះ​មួយ​ព្រោះ​ថា​វា​ភ្ជាប់​អ្នក​ជាមួយ​ក្រុម​មនុស្ស​ដែល​ប្រកប​ដោយ​ទេពកោសល្យ មាន​សមត្ថភាព​ដែល​មាន​សក្តានុពល អ្នក​ជំនាញ និង​មនុស្ស​ដែល​អាច​ផ្តល់​ដំបូន្មាន​ត្រឹមត្រូវ​ឲ្យ​អ្នកបាន។ អ្នក​ត្រូវ​គិតពី​អ្នក​នៅជុំវិញ​ដែល​នឹង​អាចជួយជា​កម្លាំង​ចលករ អភិវឌ្ឍ​ទំនា​ក់​ទំនង និង​ជួយ​ជាទុនបម្រុង​របស់អ្នក​បាន។”​

របៀប​នៃការអភិវឌ្ឍន៍បណ្តាញ​ដែល​គាំទ្រ​អ្នក ៖

  • ស្វែងរក​ទី​ពិសោធន៍​អាជីវកម្ម​បង្កើត​ថ្មី ៖ វា​មិនត្រឹមតែ​ធ្វើឲ្យ​អ្នក​បានជួប​សហគ្រិន​វ័យក្មេង​ដទៃ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​អាច​ឲ្យ​អ្នក​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​​​ដែល​ទទួលបាន​ភាព​ជោគជ័យ​ដែល​ចាប់​អារម្មណ៍​លើការ​ផ្តល់​អនុសាសន៍​ដល់​អ្នក​ជំនាន់ក្រោយ​ទៀតផង​។​
  • ចូលរួម​ធ្វើ​ជា​អង្គភាព​អាជីព​នៅក្នុង​វិស័យ​របស់អ្នក
  • ចូលរួម​ជាមួយ​សភា​ពាណិជ្ជកម្ម​ឬ​អង្គភាព​អាជីវកម្ម​ប្រចាំ​តំបន់​ដទៃទៀត ៖ អ្នក​អាច​ទទួលបាន​មតិ​កែតម្រូវ​ដែល​មាន​គុណភាព​និង​ស្វែងយល់​ពី​តម្រូវការ​ពិតប្រាកដ​នៃ​ផលិតផល​ដែល​អ្នក​កំពុង​តែ​ផលិត​។

២. ផលិតផល​ដែល​មនុស្ស​ត្រូវការ

ភាពបរាជ័យ​នៃ​អាជីវកម្ម​ថ្មី​គឺការ​អភិវឌ្ឍន៍​ផលិតផល​ដែល​មិនបានឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​របស់​មនុស្ស បើទោះបី​ជា​អ្នក​មាន​គំនិត​អាជីវកម្ម​ដ៏​អស្ចារ្យ​ប៉ុណ្ណា​ក៏ដោយ​។

“កាលណា​តែ​អ្នក​ព្យាយាម​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​របស់​អតិថិជន​ជាក់លាក់​របស់អ្នក អ្នក​ពិតជា​អាច​មាន​គំនិត​កាន់តែ​ប្រសើរ​ក្នុងការ​កំណត់​ទីផ្សារ​របស់អ្នក។” ប្រសាសន៍​របស់លោក​ Matthiesen, ស្ថាបនិក​និង​នាយក​ប្រតិបត្តិ​នៃ ClassForward​ ។

របៀប​នៃការ​បង្កើត​ផលិតផល​ដែល​ត្រឹមត្រូវ ៖

  • ធ្វើការ​ស្ទាបស្ទង់​ទីផ្សារ ៖ អ្នក​អាច​ចំណាយ​ពេល​ពាក់កណ្តាល​នៃការអភិវឌ្ឍន៍​ផលិតផល​និង​ស្វែងរក​អតិថិជន ដោយ​ទៅ​ជជែក​ជាមួយ​អ្នកប្រើប្រាស់​គោលដៅ​របស់អ្នក ស្វែងយល់​ពី​ទុក្ខលំបាក​របស់គេ និង​រកវិធី​ជួយគេ​។
  • ដឹងពី​ផលិតផល​ដែល​ត្រឹមត្រូវ​តាមរយៈ​អ្នកប្រើប្រាស់ ៖ ទំនួល​ខុសត្រូវ​របស់​អាជីវកម្ម​ថ្មី​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​អាច​ស្វែងយល់​ពី​អ្វី​ដែល​គេ​ចង់បាន​ពិតប្រាកដ​។
  • សាកល្បង​មុន​ពេល​អ្នក​វិនិយោគ ៖ សាកល្បង​នៅទីនេះ​មិនមែន​ត្រឹមតែ​ចង់ដឹង​ថា​ផលិតផល​របស់​អ្នកប្រើការ​បានឬ​អត់​ទេ ប៉ុន្តែ​វា​ថែមទាំង​អាច​ឲ្យ​អ្នកដឹងថា​វា​ត្រូវ​នឹង​តម្រូវការ​របស់​អតិថិជន​របស់អ្នក​ដែរ​ទេ។

៣. ទីតាំង​ដែល​ត្រឹមត្រូវ

ដើម្បី​ទិញ​ឬ​ជួល​កន្លែង​ធ្វើការ​របស់អ្នក អ្នក​ត្រូវ​ពិចារណា​ឲ្យ​បានគ្រប់​ជ្រុងជ្រោយ​លើ​ការចំណាយ​ថ្លៃ​ទឹក​ថ្លៃភ្លើង ការចំណាយ​លើ​ការថែទាំ និង​ការ​ធានា​សុវត្ថិភាព​ជាដើម​។

របៀប​នៃ​ការ​បង្កើត​​ការ​ប្រើប្រាស់​ទីតាំង​របស់អ្នក​ឲ្យបាន​ល្អ​បំផុត ៖

  • ស្រាវជ្រាវ​មុនពេល​ដែល​អ្នកជួល ៖ ទីតាំង​របស់អ្នក​ទាំង​ទីតាំង​រូបិយ​និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​មាន​ភាពងាយស្រួល​ចំពោះ​អតិថិជន​គោលដៅ​និង​មនុស្ស​ទាំងឡាយ​ដែល​អ្នក​ចង់​បង្កើត​បណ្តាញ​អាជីវកម្ម​ជាមួយ​។
  • មាន​ការិយាល័យ​​ពិតប្រាកដ ៖ អ្នក​ត្រូវមាន​ការិយាល័យ​​ពិតប្រាកនិង​ជាក់លាក់​ដែល​មាន​ទាំងការ​ចំណាយ​ថ្លៃដើម​អស់តិច​និង​អាច​ឲ្យ​សមាជិក​នៅក្នុង​ក្រុម​មាន​ភាពងាយស្រួល​ក្នុង​ការ​ធ្វើការ។

៤. គម្រោង​ប្រាក់ចំណេញ

មិនខ្វល់ថា​និយមន័យ​នៃ​ពាក្យ​​ថា​ប្រាក់ចំណេញ​របស់អ្នក​បែបណាទេ គ្មាន​អាជីវកម្ម​ដំបូង​ណា​បង្កើត​ប្រាក់ចំណេញ​ដោយ​គ្មាន​ថវិកាជំនួយនោះទេ​។ អ្នក​ត្រូវ​មាន​គម្រោង​អាជីវកម្ម​ដែល​ទាញ​យក​ប្រាក់ចំណេញ​មុន​ពេល​ចាប់ផ្តើម​គឺជា​ការប្រសើរ។

របៀប​នៃ​ការ​ទទួល​បានប្រភព​ថវិកា ៖

  • កម្ចី​អាជីវកម្ម​ខ្នាតតូច ៖ មាន​ការ​ឧបត្ថម្ភ​ប្រាក់កម្ចី​​ដែល​បាន​មកពី​ពាណិជ្ជកម្ម​ផ្សេងៗ​និង​រាជ​រដ្ឋា​ភិបាល​។
  • វិនិយោគិន ៖ មាន​អ្នកមាន​ជាច្រើន​ដែល​កំពុងតែ​ស្វែង​រក​ការវិនិយោគ​ដើម្បី​បង្កើត​ប្រាក់​បន្ថែម​ឬ​បង្កើត​សម្ព័ន្ធ​សម្រាប់​ឧស្សាហកម្ម​របស់គេ​ផ្ទាល់​។

៥. ការ​មាន​វត្តមាន​នៃ​ម៉ាកយីហោរបស់អ្នក​ទាំងតាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ខាងក្រៅ

បើទោះបីជា​អ្នក​មិនទាន់មាន​ផលិតផល​ដើម្បី​លក់​ក៏ដោយ ក៏​អ្នក​ត្រូវការ​ធ្វើឲ្យ​អ្នកដទៃ​ស្គាល់​ដែរ ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាចស្វែងរក​អតិថិជន​ដែល​មាន​សក្តានុពល និង​មនុស្ស​ដែល​អាច​ជួយ​អភិវឌ្ឍ​ផលិតផល​របស់អ្នក​បានថែម​ទៀតផង។

របៀប​នៃការផ្សាយជា​សាធារណៈ ៖

  • ពង្រីក​សក្តានុពល​របស់អ្នក​តាម​ប្រព័ន្ធអ៊ីនធឺណិត​ឲ្យ​បាន​អតិបរមា ៖ អ្នក​អាច​ប្រើប្រាស់​បណ្តាញ​​កម្សាន្ត​សង្គម ឬ​​នៅលើ​គេហទំព័រ​ផ្សេងៗ​ដើម្បី​ផ្សព្វផ្សាយ។
  • បង្ហាញមុខ​នៅកន្លែង​ដែល​អតិថិជន​គោលដៅ​របស់អ្នក​ស្ថិតនៅ ៖ ​​ចូរ​ស្វែង​រកក្រុម​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កិច្ចប្រជុំ កិច្ច​ពិភាក្សា ឬ​ទី​កន្លែង​ផ្សេងទៀត​ដែល​សុទ្ធសឹង​តែជា​ឱកាស​ឲ្យ​អ្នក​អាច​ជួប​ជាមួយ​អតិថិជន​គោលដៅ​របស់អ្នក​បាន។ ប៉ុន្តែ​អ្នក​ត្រូវប្រាកដ​ថា​អ្នក​មិនមែន​កំពុង​តែ​ផ្សព្វផ្សាយ​ផលិតផល​ឬ​សេវាកម្ម​នោះទេ តែ​អ្នក​កំពុងតែ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាមួយ​ពួកគេ។
  • ធ្វើជា​អ្នកជំនាញ​ដែលគេ​ទទួលស្គាល់​នៅក្នុង​វិស័យ​របស់អ្នក ៖ ការ​ធ្វើជា​ប្រភព​ដែល​គួរឲ្យ​ជឿទុកចិត្ត​បាន​នាំឲ្យ​អ្នក​មាន​អ្នកដើរ​តាមច្រើន បង្កើន​បណ្តាញ និង​ធ្វើឲ្យ​មនុស្ស​ទិញ​ផលិតផល​របស់​អ្នក​ជាង​អាជីវកម្ម​ដទៃ​ដែល​ពួកគេ​មិនស្គាល់។

ប្រភព៖ www.businessnewsdaily.com