កត្តាទាំង៦ដែលមានឥទ្ធិពលលើឥរិយាបថរបស់អតិថិជន

8390

ឥរិយាបថ​អតិថិជន​គឺជា​ការសិក្សា​ទៅលើ​មនុស្ស​ម្នាក់ៗ ក្រុម​មនុស្ស​ឬ​ស្ថាប័ន​ណាមួយដើម្បីយល់ពីដំណើរការ​ដែលពួកគេ​ប្រើដើម្បីជ្រើសរើស ការពារ​ ប្រើប្រាស់ និងបោះបង់ផលិតផល សេវាកម្ម​ បទពិសោធន៍ ដើម្បី​ទុកជា​គំនិត​ក្នុងការ​​បំពេញ​តម្រូវការ​​និង​ការចង់បានរបស់ពួកគេ។ ក្នុងនាម​ជា​អ្នកមាន​​​អាជីវកម្មណាមួយ​​អ្នកមានសិទ្ធិ​ក្នុងការ​ប្រើប្រាស់​វិធីផ្សេងៗ​ក៏​ដូចជាកត្តាមួយ​ចំនួន​ដើម្បីធ្វើឲ្យ​ការ​សម្រេចចិត្ត​ក្នុង​ការជ្រើសរើស​ផលិតផល​ណាមួយរបស់​អ្នក​ប្រើប្រាស់​មានបម្រែបម្រួល។ កត្តា​ដែលមានឥទ្ធិពល​បំផុត​ចំពោះ​អតិថិជនមានដូច​ខាងក្រោម ៖

១. យុទ្ធនាការ​ក្នុងការធ្វើទីផ្សារ

ជាពិសេសគឺ​ការ​ផ្សព្វផ្សាយ​តែម្តង។ ការផ្សព្វផ្សាយ​មិនថា​តាមសម្តី​ពី​អ្នកលក់ផ្ទាល់ ប្រើ​ប្រព័ន្ធ​អេឡិចត្រូនិច​ ប្រព័ន្ធអ៊ីនធឺរណែត ការ​ចែកខិត្តប័ណ្ណ​​ ឬដាក់ស្តង់ជាដើម​គឺ​សុទ្ធតែជាការក្រើនរំឮក​ដល់អតិថិជនពីផលិតផលឬសេវាកម្ម​របស់អ្នកមិនឲ្យគេភ្លេច​  គឺធ្វើ​យ៉ាងណា​ឱ្យគេ​នឹកឃើញ​ពី​ផលិតផល​របស់អ្នក​ពេលដែល​មានតម្រូវការចូល​មកដល់​។ មិនថា​ផលិតផល​ឬ​សេវាកម្ម​ប្រភេទ​ណា​ក៏ដោយ ទោះបីវាជាផលិតផលថែ​រក្សាសុខភាព ឬ​ធានា​រ៉ាប់រង​ជាដើមក៏ការ​ផ្សព្វផ្សាយ​នៅតែមាន​ប្រសិទ្ធភាពដែរ។ ការធ្វើទីផ្សារ​គឺពិតជាសំខាន់ណាស់​ដូចដែលយើងដឹង​ស្រាប់ហើយថា ​បើគេ​មិនទាំងស្គាល់យើង​ផងធ្វើដូចម្តេច​ទើបគេអាចសម្រេច​ចិត្តជ្រើសរើសយក​ផលិតផល​ឬសេវាកម្ម​របស់យើង​នោះ។ ហេតុនេះហើយ​ទើប​មាន​ក្រុមហ៊ុន​ច្រើនណាស់ដែល​ចាយ​លុយ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅលើការផ្សព្វផ្សាយ។ មួយ​វិញទៀត​វាជាជំនាញមួយ​ដែល​ត្រូវការ​អ្នកមានបទពិសោធន៍​ត្រឹមត្រូវនិងមានភាពវ័យឆ្លាតក្នុង​ការធ្វើវា។លើសពីនេះទៅទៀត​អ្នកលក់​ក៏​ចូលរួម​ចំណែកយ៉ាងធំ​ក្នុងការ​បញ្ចុះបញ្ចូលអ្នក​ទិញឲ្យ​ជ្រើសរើស​យក​ផលិតផល​ណាមួយដែរបើទោះបីជា​វាមិនមែន​ជា​តម្រូវការ​របស់គេក៏ដោយ។

២. កត្តាសេដ្ឋកិច្ច

នៅពេល​ដែល​មានបញ្ហាទាក់ទង​នឹង​​សេដ្ឋកិច្ចកើតឡើង​នោះនាំឲ្យតម្រូវការ​របស់មនុស្សក៏​ងាករេតាមហ្នឹង​ដែរ។ ប៉ុន្តែ​ឥទ្ធិពល​តិចឬច្រើន​វាអាស្រ័យលើថាតើក្រុមមនុស្ស​ប្រភេទណា​មានការពាក់ព័ន្ធច្រើនជាងគេ។ ឧទាហរណ៍​ដូចជាវិបត្តិសេដ្ឋកិច្ចពិភពលោក​នៅកំឡុង​ឆ្នាំ២០០៨និង២០០៩​នៅសហរដ្ឋអាមេរិចទាក់ទង​នឹងបញ្ហាដីធ្លីដោយសារ​តែធនាគារធំមួយបានដួលរលំ​ វាបានប៉ះពាល់គួរសមដែរ​មកកាន់ប្រទេសកម្ពុជាដោយធ្វើឲ្យអ្នកវិនិយោគិន​មិនសូវហ៊ានវិនិយោគ​និងធ្វើឲ្យប្រជាជនបាត់បង់ចំណូល​ជាដើម។ យ៉ាងណាមិញ​ថ្វីត្បិតតែ​វាប៉ះពាល់​ខ្លាំងមកលើក្រុមមនុស្សវ័យកណ្តាល​តែចំពោះវ័យក្មេង​គឺមិនសូវឡើយ។ ម្យ៉ាងទៀត​ផលិតផល​ដែលគេតែង​ប្រើប្រាស់​ជាចាំបាច់​ប្រចាំថ្ងៃ​គឺមិន​សូវមានបញ្ហាចោទទេដូចជាម្ហូបអាហារ ទឹកភ្លើង​​ជាដើម។ រីឯផលិតផល​ដែលមិនសូវចាំបាច់​ឬមានទំនិញ​ជំនួសដែលមាន​តម្លៃធូរថ្លៃ​ជាងគីមានបញ្ហា​ច្រើន​ជាងគេ​កាលណា​សេដ្ឋកិច្ច​មិនអំណោយផល។

៣. ចំណូលចិត្ត​ផ្ទាល់ខ្លួន

វា​សម្តៅ​ដល់ការចូលចិត្ត​ មិនចូលចិត្ត​ ការផ្តល់អទិភាព​ដល់របស់ណាមួយ និង​អាច​ជា​របស់​ដែលយើងឲ្យ​តម្លៃ។ ភាគច្រើន​អាជីវកម្ម​ដែលទទួលរងឥទ្ធិពល​ប្រភេទនេះគឺការលក់សម្លៀក​បំពាក់ ស្បែកជើង កាបូប វត្ថុ​អនុស្សាវរីយ៍​ ចំណី​អាហារជាដើមដែល​កើតមាន​តម្រូវការមកឡើង​តាមរយៈការ​ចូលចិត្ត​របស់បុគ្គល​។ ដោយហេតុ​ថាប្រទេសយើង​ជា​ប្រទេសសេដ្ឋកិច្ច​ទីផ្សារសេរី​នាំឲ្យអាជីវកម្ម​មានការ​ប្រកួតប្រជែងច្រើន​ ហេតុនេះ​នាំឲ្យ​អតិថិជន​មានសិទ្ធិ​សម្រេចចិត្តជ្រើសរើស​យកអាជីវកម្មណា​ដែលត្រូវនឹងចំណូលចិត្តរបស់​គេ​បំផុត។ ​បើទោះបីជា​ការផ្សព្វផ្សាយ​របស់អ្នកល្អយ៉ាងណា​តែ​​បើអ្នក​មិនបាន​សិក្សា​ឲ្យបាន​ច្បាស់​ពីចំណង់​ចំណូល​ចិត្តរបស់ក្រុម​អតិថិជន​គោលដៅ​របស់អ្នក​ក៏វា​គ្មានប្រយោជន៍ដែរ។

៤. ឥទ្ធិពល​ពី​ក្រុម

ក្រុម​នៅទីនេះ​សម្តៅដល់​សមាជិក​គ្រួសារ​ មិត្តភក្តិ មិត្តរួមការងារ សាច់ញាតិ អ្នកធ្លាប់ស្គាល់ ឬក៏សូម្បីតែសង្គម​មនុស្សដែលគេរស់នៅ។ ជួនកាល​អ្នកខ្លះ​ជ្រើសរើស​ផលិតផលឬសេវាកម្ម​ណាមួយតាមការមើលឃើញ​ឬណែនាំរបស់​ក្រុមពួកគេ។ ឧទាហរណ៍​ដូចជាការចូលទៅញ៉ាំកាហ្វេ​នៅក្នុង​ហាងណាមួយគេតែង​ទៅជាមួយមិត្តភក្តិ​ហេតុនេះបើមិត្ត​របស់គេថាមិនចូលចិត្ត​ទៅហាងណាគេប្រាកដ​ជាបង្វែរចំណាប់អារម្មណ៍ទៅហាងផ្សេងដែរ។

៥. ទំហំនៃការទិញ

អ្នកប្រើប្រាស់​តែងតែ​វិភាគទៅលើ​លទ្ធភាព​ដែលគេអាចចំណាយបានទៅលើ​ការទិញ​​ទំនិញឬផលិតផល​ណាមួយ។ ឧទាហរណ៍ថាអតិថិជនចង់បានរ៉ូប១​សម្រាប់​ស្លៀក​ទៅញ៉ាំការប៉ុន្តែ​រ៉ូប​​ដែលគេស្រលាញ់​និង​​ចង់បាន​​វា​មាន​តម្លៃហួស​ពីព្រំដែនលទ្ធភាព​ដែល​គាត់អាច​ចំណាយ​បាន​ កត្តានេះ​អតិថិជន​ប្រាកដ​ជា​ផ្លាស់ប្តូរចិត្ត​ទៅជ្រើសរើសយក​ជម្រើសផ្សេង​ដែល​​​ចំណាយ​អស់​តិចជាង។ ម្យ៉ាងវិញទៀតទំហំខ្នាត​នៃ​ផលិតផល​ដូចជាកម្រិតតូច​ មធ្យមឬកណ្តាល​ និង​ធំក៏​ដូចគ្នាដែរ។​ បើអតិថិជន​ត្រូវការតែបន្តិច​បន្តួច​ហើយអ្នក​មិនមាន​ឲ្យពួកគេ​ទេ​នោះវានឹងនាំឲ្យគេទៅជ្រើសរើស​ផលិតផលផ្សេងបាន។

៦. កត្តាវប្បធម៌ ប្រពៃណី​ សាសនា និងទំនៀមទម្លាប់

កាលណា​គេ​រស់នៅ​ក្នុង​សង្គមណាមួយ​នោះគេប្រាកដជាទទួលបាន​ឥទ្ធិពលវប្បធម៌ ប្រពៃណី​ សាសនា និងទំនៀមទម្លាប់​ពីសង្គមនោះ។​ វា​ពិត​ជាមានផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់ការសម្រេចចិត្តរបស់​​អ្នកប្រើប្រាស់​ដែល​ម្ចាស់អាជីវកម្មត្រូវ​តែសិក្សា​ស្វែងយល់​មុនទៅបើក​អាជីវកម្មនៅ​កន្លែង​ណាមួយ។ ឧទាហរណ៍​ថាជនជាតិចាមគេ​មិន​បរិភោគសាច់ជ្រូកទេហេតុនេះ​មិនគួរទៅបើកអាជីវកម្ម​លក់សាច់​ជ្រូក​ឬលក់ចំណី​អាហារ​ដែលមានជា​តិ​សាច់ជ្រូក​នៅ​ទីតាំងនោះ​ឡើយ។​