ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មក្នុងយុគសម័យនេះ

45
ការកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មក្នុងយុគសម័យនេះ

កេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្មគ្រប់រូប គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ពីព្រោះកេរ្តិ៍ឈ្មោះម្ចាស់ម៉ាកយីហោ និងកេរ្តិ៍ឈ្មោះម៉ាកអាជីវកម្ម គឺមានគុណតម្លៃស្មើគ្នាដោយខ្វះមួយណាមិនបានទេ។ ហេតុនេះ ម្ចាស់អាជីវកម្មមិនគួររំលងនូវការបង្កើតភាពល្បីល្បាញ ភាពល្អ និងគុណតម្លៃខ្លាំងលើខ្លួនឯងផ្ទាល់ឡើយ ប៉ុន្តែអ្វីដែលជាបញ្ហាចោទ ម្ចាស់អាជីវកម្មភាគច្រើនមិនសូវចេញមុខនៅលើបណ្ដាញសង្គមនិងភាគច្រើនចូលចិត្តលាក់ខ្លួននៅពីក្រោយក្រុមហ៊ុនរបស់ពួកគេទៅវិញ។

1. ហេតុអ្វីម្ចាស់អាជីវកម្មត្រូវកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន?

នៅពេលម្ចាស់អាជីវកម្ម ចាប់ផ្ដើមធ្វើឱ្យកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួនកាន់តែមានភាពល្បីល្បាញ និងមានគុណតម្លៃខ្ពស់ នោះពិតជាមានគុណប្រយោជន៍ជាខ្លាំង រួមមាន៖

ទី1. ធ្វើឱ្យម៉ាកយីហោអាជីវកម្មកាន់តែមានសន្ទុះរីកចម្រើនខ្លាំងជាងមុន

ទី2. មិនងាយធ្វើឱ្យអាជីវកម្មចូលនៅក្នុងទីផ្សារឆ្អែត ពីព្រោះបានធ្វើឱ្យអតិថិជនមានទំនុកចិត្តតាមរយៈកេរ្តិ៍ឈ្មោះរបស់ម្ចាស់អាជីវកម្មផ្ទាល់

ទី3. ងាយស្រួលក្នុងការបង្កើនដើមទុនបានច្រើន

ទី4. បង្កើនការជួយផ្សព្វផ្សាយម៉ាកយីហោអាជីវកម្មតាមរយៈអ្នកដទៃជួយសរសេរព័ត៌មានឬអត្ថបទស្ដីពីរឿងល្អៗនៃម៉ាកយីហោផ្ទាល់ខ្លួនរបស់អ្នក

ទី5. ទាក់ទាញអតិថិជនគោលដៅក្នុងការហ៊ានចំណាយច្រើនលើផលិតផលសេវាកម្មរបស់អ្នក

ទី6. ងាយភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញផ្សេងៗនិងបង្កើតឱ្យមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយគ្នា

2. របៀបកសាងកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន

នៅក្នុងសម័យនេះ ម្ចាស់អាជីវកម្មទាំងអស់ត្រូវតែចាប់ផ្ដើមកសាងកេរ្តិ៍ឈ្មោះខ្លួនឯងឱ្យបានខ្លាំង តាមរយៈក្បួនខាងក្រោម៖

ទី1. តើអ្នកគឺជានរណា?៖ សំដៅលើ អ្នកចង់ឱ្យអ្នកផ្សេងស្គាល់អ្នកក្នុងនាមជាអ្វី មានគុណតម្លៃអ្វី និងអ្វីជាភាពខ្លាំងរបស់អ្នកដែលចង់បង្ហាញទៅកាន់មនុស្សជុំវិញ។

ទី2. ស្គាល់ពីភាពខ្លាំងផ្ទាល់ខ្លួន៖ សំដៅលើ ការបង្ហាញពីទេពកោសល្យដ៏ប៉ិនប្រសប់របស់អ្នក ដែលធ្វើឱ្យមនុស្សជាច្រើនត្រូវការចង់ស្គាល់អ្នក និងចង់ធ្វើការជាមួយអ្នក។

ទី3. បង្កើតប្រវត្តិរូបផ្ទាល់ខ្លួននៅក្នុងLinkedIn LinkedIn គឺជាកន្លែងដែលមនុស្សជាច្រើន ចង់ឈ្វេងយល់អំពីសមត្ថភាពវិជ្ជាជីវៈរបស់អ្នក ដូច្នេះត្រូវប្រាកដថាប្រវត្តិរូបរបស់អ្នក គឺជាទស្សនវិស័យតាមប្រព័ន្ធអនឡាញ ដោយសរសេរ Bio ឱ្យបានល្អអំពីខ្លួនឯង។ ទាំងនេះ គឺជាធាតុចូលដែលជួយបង្កើតចំណាប់អារម្មណ៍តាំងពីដំបូងដល់អ្នកដទៃ។

ទី4. តើប្រព័ន្ធផ្សព្វផ្សាយសង្គមបែបណាទើបអ្នកចូលចិត្ត?៖ ប្រសិនបើអ្នកចូលចិត្តផ្សព្វផ្សាយរូបភាព សូមពិចារណាលើ Instagram ។ ប្រសិនបើអ្នកចូលចិត្តនៅមុខកាមេរ៉ា អ្នកអាច ប្រើ YouTube។ ប្រសិនបើ អ្នកចូលចិត្តបែបណាផ្សេងទៀត ចូរអ្នកជ្រើសរើសប្រព័ន្ធសង្គមណាមួយដែលអាចជួយលើកតម្កើងអ្នកបានលឿន។

ទី5. ប្ញេជ្ញាចិត្តឱ្យបានខ្ពស់៖ សំដៅលើ ការបែងចែកកាលវិភាគឱ្យបានត្រឹមត្រូវ ដើម្បីមានភាពទៀងទាត់ក្នុងការចែករំលែក និងការបង្កើតមាតិកាផ្សព្វផ្សាយឱ្យបានរាល់ថ្ងៃ ក្នុងគោលបំណងរក្សាសកម្មភាពលើបណ្ដាញសង្គម​។

ទី6. សង្កេតពីសកម្មភាពរបស់អ្នក៖ តើមានផលប៉ះពាល់ដែរឬទេ? បើមានផលប៉ះពាល់ ឬមានកំហុសឆ្គងណាមួយកើតឡើង ចូរផ្លាស់ប្ដូរ និងពង្រីកវិសាលភាពនៃឥទ្ធិពល ឬចំណាប់អារម្មណ៍ឱ្យបានកាន់តែខ្លាំង ដោយបញ្ចូលនូវគុណតម្លៃផ្សេងៗតាមវិធីរបស់អ្នក។

ទី7. ចូលរួមកិច្ចការងារសង្គម និងចែករំលែកចំណេះដឹងឱ្យបានច្រើនដល់មនុស្សជុំវិញ ៖ ធ្វើបែបនេះ នឹងមានការប្រឡូកក្នុងសង្គមបានច្រើន ដែលជាហេតុធ្វើឱ្យមនុស្សជាច្រើនបានស្គាល់អ្នកផងដែរ។