ការប្រើប្រាស់បុគ្គលិកខាងក្រៅមកធ្វើការ

1121

ដើម្បី​បង្កើន​ផលិតភាព​នៅក្នុង​ស្ថាប័ន​មួយ​គេពិត​ជា​ត្រូវការ​ធនធាន​មនុស្ស​ជាចាំបាច់។ ការរើសបុគ្គលិក​គឺត្រូវធ្វើយ៉ាងល្អិតល្អន់មុននឹងបានមនុស្ស​​ដែល​អាចជឿ​ទុក​ចិត្តបាន​ដើម្បី​មក​ធ្វើការឲ្យយើង។ នៅពេល​ដែល​បានបុគ្គលិក​មក​ធ្វើការ​គេ​ត្រូវ​ផ្តល់​ជា​កញ្ចប់​ផល​ប្រយោជន៍​ដល់​ពួកគេ​ដូចជា​ប្រាក់​ខែ​លើស​ពី​ចំនួន​អប្បរមា ថ្ងៃឈប់​សម្រាក ធានារ៉ាប់រង និង​អត្ថប្រយោជន៍​បន្ថែម​ផ្សេងៗ។ ហេតុនេះ​បាន​ជា​នៅក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​នៅពេល​ដែល​គេ​ត្រូវ​ការ​បុគ្គលិក​ចំពោះដំណែងមិន​សូវចាំបាច់​គេអាចរកពី​ខាង​ក្រៅ​ឬបុគ្គលិក​កុងត្រា​មក​ធ្វើការជំនួស​បុគ្គលិក​របស់គេ។ ដំណែង​ទាំងនោះ​មាន​ដូច​ជា អ្នកទទួល​ទូរស័ព្ទ អ្នកអនាម័យ​ សន្តិសុខ អ្នក​បើកឡាន​ជាដើម​ក្នុងគោល​បំណង​កាត់​បន្ថយ​ការ​ចំណាយទៅលើ​អត្ថប្រយោជន៍​ផ្សេងៗ​ក្រៅពី​ប្រាក់ខែ។ មិន​ត្រឹមតែ​ដំណែង​មិន​ចាំបាច់​ប៉ុណ្ណោះ​ទេ​ដែល​អ្នក​អាចជួលអ្នក​ខាង​ក្រៅ​មកធ្វើការបាន​។

ប៉ុន្តែ​តើអ្នកដឹង​ទេ​ថាពេលណា​ទើប​អ្នក​ត្រូវ​រក​មនុស្ស​មក​ពី​ខាង​ក្រៅ​ដើម្បីធ្វើការឲ្យ? ចំណុចទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​នឹង​ជួយអ្នក​វិភាគ​ពី​ពេលវេលា​ត្រឹមត្រូវ​ដើម្បី​ជួលបុគ្គលិក​មក​ធ្វើការឲ្យ​ស្ថាប័ន​របស់អ្នក ៖

  • វិភាគ​ថា​តំណែង​អ្វី​ខ្លះ​ដែល​អ្នក​ខ្វះ​ ៖ អ្នក​ត្រូវ​ដឹង​ថា​ដំណែងនោះជា​ដំណែង​ដែលមិនជាន់​ជាមួយ​នឹង​ដំណែង​ដែល​អ្នកជំនាញ​​​។ ឧទាហរណ៍​ថាក្រុមហ៊ុន​អ្នក​ជា​ក្រុមហ៊ុន​ទេសចរណ៍​និង​ចង់ផលិតវីដេអូ​ផ្សព្វផ្សាយ​អាជីវកម្ម​របស់អ្នក អ្នកមិន​ចាំ​បាច់​ត្រូវ​រើសបុគ្គលិក​ដែល​ចេះថត​នោះ​ទេ​អ្នក​គ្រាន់​តែជួល​អ្នក​ជំនាញ​ពី​ខាងក្រៅ​មក​ជាការ​ស្រេច។ ជាពិសេស​ចៀសវាង​ការជួល​ពួកគេមក​ធ្វើមុខដំណែង​សំខាន់ៗដូចជា​អ្នកគ្រប់គ្រង​ទូទៅជាដើម។
  • អ្នក​ត្រូវ​ប្រាកដ​ថា​​អ្នកចំណេញ​ពេលវេលា ៖ មិនត្រឹមតែ​ការជួលមនុស្សពី​ខាងក្រៅជួយ​ឲ្យអ្នក​ចំណេញ​ថ្លៃ​ដើម​ទេ​អ្នក​ត្រូវ​ប្រាកដថាពួកគេ​គឺ​អាចជួយ​សន្សំ​សំចៃ​ពេល​របស់អ្នក​ផងដែរ។ អ្នក​ត្រូវ​ប្រាកដថា​គេ​អាចទទួល​បន្ទុក​ការងារ​តាម​ដែលអ្នក​ត្រូវ​ការ​មិនមែន​ត្រឹមតែ​កិច្ចការ​ណាមួយនោះទេ។
  • គិតគូរ​ពីជំនាញ​និង​បទពិសោធន៍ ៖ អ្នក​ត្រូវ​ច្បាស់ថា​គេ​មាន​បទពិសោធន៍​និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​មកបំពេញ​ចំណុច​ខ្វះខាត​ក្នុងការងារ​ដែលអ្នកកំពុងតែ​ស្វែង​រក។
  • មើលពី​អត្តចរិក​របស់គេ ៖ ទោះបីជា​គេ​គ្រាន់តែ​ជា​បុគ្គលិក​កុងត្រា​ក៏ដោយ​ប៉ុន្តែ​អត្តចរិក​របស់គេ​ពិត​ជា​សំខាន់ណាស់ក្នុងការ​សម្រប​ខ្លួនធ្វើការបានជាមួយ​អ្នកដទៃ ភាពស្មោះត្រង់ ព្រមទាំង​ភាពវ័យឆ្លាតរបស់គេផងដែរ។
  • មើលពី​សញ្ញាគម្រាមកំហែង​មួយ​ចំនួន ៖ អ្នក​ត្រូវដឹង​ថាមនុស្ស​ដែល​ចូលមក​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អ្នក​មិន​ថា​ការងារតូចធំ ពេលវេលាយូរឬ​វែង​ទេក៏​ត្រូវ​ពិចារណា​ឲ្យ​បានល្អិតល្អន់​ដែរ​ចៀសវាង​ការ​សោកស្ដាយ​នៅពេល​ក្រោយ។ អ្នក​អាចវិភាគ​ពី​ការនិយាយ​ស្តី​ ទឹកមុខ​ កាយវិការ​ជាដើម។ បើម្នាក់​នោះ​មិនទាន់​ទាំង​ចូលធ្វើការ​ផង​ហើយ​​ក៏​កើត​មាន​ពាក្យ​កុហក​ចំពោះអ្នក​ទៅហើយ​អ្នកគួរ​តែចៀសវាងចុះ។

www.managementstudyguide.com