កិច្ចការ​៤​យ៉ាង​​​ដែល​​អ្នក​​គួរ​​ធ្វើ​​នៅពេលអាជីវកម្ម​​របស់អ្នក​​ជួប​​​ហានិភ័យ

1169

១. ប្រសិន​បើ​អ្នក​ជា​អ្នក​គ្រប់គ្រង អ្នក​ត្រូវ​មាន​គម្រោង​ហិរញ្ញវត្ថុ​ដូចជា​ត្រៀមថវិកា​ទុក​សម្រាប់​ការ​ខាតបង់​៦ខែ​ដំបូង​នៃ​ការបើក​អាជីវកម្ម កាត់បន្ថយ​ចំណាយ បង្កើន​ចំណូល និង​សន្សំ​ប្រាក់​។ ជាពិសេស​ប្រសិនបើ​​អ្នក​ចាប់​អារម្មណ៍​ឃើញ​ចំណូល​របស់អ្នក​ថយចុះ អ្នក​គួរតែ​ដាក់​លក់​របស់ណា​ដែល​អ្នក​យល់ថា​មិនចាំបាច់​ចោល​ដើម្បី​ឲ្យ​អ្នក​អាច​មាន​ប្រាក់ទប់​នូវ​ថ្លៃ​ខាតបង់​នៅការ​បើក​ដំបូង​បាន​។

២. អ្នក​ត្រូវ​ធ្វើ​អារម្មណ៍​ឲ្យ​​នឹងនរ​ពេលជួប​ហានិភ័យ​ផ្សេងៗ​ព្រោះ​វា​មិនមែន​ជារឿង​ចម្លែកឡើយ​ចំពោះ​អាជីវកម្ម​ដែល​ទើបតែ​បើក។ អ្នក​អាច​​ជួប​ពិភាក្សា​ជាមួយ​បុគ្គលិក អ្នក​គ្រប់គ្រង​ឯទៀត ដើម្បី​វិភាគ​ពី​បញ្ហា​និង​រក​ដំណោះ​ស្រាយរួម​​តាមសម្រួល​។ ម្យ៉ាងវិញទៀតអ្នក​មិន​ត្រូវ​ខឹង​ឬ​ប្រើពាក្យ​​មិនល្អ​ដាក់បុគ្គលិក​ឬ​មិត្ត​រួម​ការងារ​នោះទេ​ព្រោះវា​កាន់តែ​ធ្វើឲ្យ​ស្ថានភាព​ស្មុគស្មាញ​តែ​ប៉ុណ្ណោះ។

៣. បើអ្នកជាបុគ្គលិក​អ្នក​​ក៏​ត្រូវ​មាន​តួនាទី​ជួយ​ដោះស្រាយ​បញ្ហា​ដែរ។ ប្រសិនបើ​អ្នក​អាច​រក​នឹកឃើញ​ពី​វិធី​សាស្រ្ត​ដោះស្រាយ​បញ្ហា​បាន​ អ្នក​គួរតែ​និយាយ​ជាមួយ​អ្នកគ្រប់គ្រង​តែម្តង​ដើម្បី​ឲ្យ​គាត់​បាន​ទទួល​នូវ​គំនិត​បន្ថែម។ បន្ទាប់ពី​នោះ​គាត់នឹង​យក​គំនិត​នោះទៅវិភាគ​និង​វាយ​តម្លៃថា​វា​អាច​ប្រើការ​បាន​ដែរឬអត់។

៤. បើ​អ្នក​ដឹងថា​ក្រុមហ៊ុន​អ្នក​​កំពុងតែ​ជួប​ហានិភ័យ​ អ្នក​គួរតែ​នៅក្បែរ​អ្នក​គ្រប់គ្រង​អ្នក​ហើយ​សួរ​គាត់​ថា​អ្នក​អាច​ជួយ​អ្វី​គាត់​បាន​ខ្លះ។​ មិនត្រឹមតែ​អ្នកគ្រប់គ្រង​ក្នុងផ្នែក​​របស់យើង​ទេ អ្នក​គ្រប់គ្រង​ផ្នែក​ផ្សេងៗ​​ទៀត​ក៏​ដូចគ្នា​។ កុំ​អង្គុយ​នៅស្ងៀម​មិនរវល់​នឹង​អ្វី​ទាំងអស់។ មាន​ពេលខ្លះ​ ពេល​ដែល​បញ្ហា​ចប់​សព្វ​គ្រប់ អ្នក​នឹង​អាច​មាន​ឱកាស​ឡើង​ឋានៈ​ក៏ថាបាន។