កំហុសដ៏ធំ 10យ៉ាង គួរចៀសវាងនៅពេលធ្វើអាជីវកម្ម

248
កំហុសដ៏ធំ 10យ៉ាង គួរចៀសវាងនៅពេលធ្វើអាជីវកម្ម

ម្ចាស់អាជីវកម្មថ្មីៗ គួរតែដឹងពីកំហុសទាំង10 យ៉ាងខាងក្រោម ដើម្បីចៀសវាសនៅពេលធ្វើអាជីវកម្ម។

1. មិនធ្វើផែនការអាជីវកម្ម

មនុស្សមួយចំនួនគិតថា គ្រាន់តែមានគំនិតបើកអាជីវកម្មបានហើយ ដោយមិនចាំបាច់រៀបចំឱ្យមានការសរសេរផែនការអាជីវកម្មទៀតទេ ព្រោះគ្មានគំនិតក្នុងការសរសេរឡើយ។ ការគិតបែបនេះ ជាកំហុសដ៏ធំបំផុត ដូច្នេះដើម្បីធ្វើអាជីវកម្មបាន ទាមទារឱ្យមានការសរសេរផែនការអាជីវកម្ម ព្រោះវាអាចជួយ៖

  • ឱ្យអ្នកអាចតេស្តគំនិតអាជីវកម្ម ថានៅពេលធ្វើជាក់ស្ដែង តើនឹងមានអ្វីកើតឡើង? ហើយត្រូវកែតម្រូវបែបណា ដើម្បីត្រៀមទុកមុន។
  • ឱ្យអាជីវកម្មដំណើរការល្អ និងអាចមើលឃើញឱកាសថ្មី ដើម្បីពង្រីកអាជីវកម្មបន្តបន្ទាប់
  • ឱ្យអាជីវកម្មមានលំហូរសាច់ប្រាក់ល្អ និងអាចការពារបាននូវហានិភ័យផ្សេងៗដែលនឹងអាចកើតឡើងបាន
  • ទាក់ទាញអ្នកវិនិយោគបានកាន់តែច្រើន
2. ធ្វើអ្វីដែលខ្លួនស្រលាញ់

នៅក្នុងការធ្វើអាជីវកម្ម ការធ្វើអ្វីដែលខ្លួនឯងស្រលាញ់ គឺជាកំហុសអាជីវកម្មដ៏ធំមួយ។

ដូច្នេះចំពោះការចាប់ផ្តើមអាជីវកម្ម ចូរកុំធ្វើអ្វីដែលខ្លួនឯងស្រលាញ់ ប៉ុន្តែត្រូវធ្វើអ្វីដែលអ្នកពូកែនិងអ្វីដែលមនុស្សផ្សេងទៀតនឹងជួយអ្នកឱ្យកាន់តែប្រសើរ។

3. មិនសិក្សាស្រាវជ្រាវពីទីផ្សារ

ជាទូទៅ ម្ចាស់អាជីវកម្មថ្មីៗជាច្រើន ដែលចាប់ផ្ដើមអាជីវកម្មដំបូងៗដោយគ្មានការសិក្សាស្រាវជ្រាវពីទីផ្សារជាមុនឡើយ ដែលជាហេតុធ្វើឱ្យអាជីវកម្មនោះឆាប់បរាជ័យ។ ដូច្នេះ មុននឹងចាប់ផ្ដើមអាជីវកម្ម ចូរអ្នកតេស្ដសាកល្បងនូវផលិតផល ឬសេវាកម្មរបស់អ្នកនៅលើទីផ្សារជាមុនសិន ដើម្បីស្គាល់ច្បាស់ពីចរិតលក្ខណៈរបស់អតិថិជនគោលដៅ។

4. មិនគិតពីដៃគូប្រកួតប្រជែង

នៅក្នុងការធ្វើអាជីវកម្ម តែងតែមានគូប្រកួតប្រជែង ដូច្នេះចូរកុំគិតថា អ្នកគ្មានគូប្រកួតប្រជែង ហេតុនេះ ចូរសិក្សាពីគូប្រកួតប្រជែងរបស់អ្នកឱ្យបានច្រើន ដើម្បីធ្វើឱ្យទីផ្សារអាជីវកម្មរបស់អ្នកមិននៅក្រោមគេ និងអាចកែប្រែលឿនដើម្បីរំលេចឡើងនៅលើទីផ្សារ។

5. មិនបានគិតពីចំណុចខ្លាំង និងចំណុចខ្លាំងលើអាជីវកម្ម

អាជីវកម្មមួយដែលអាចដំណើរការបានយូរអង្វែង លុះត្រាតែម្ចាស់អាជីវកម្មផ្ទាល់ ស្គាល់ច្បាស់ពីចំណុចខ្លាំង ចំណុចពិសេស និងចំណុចខ្សោយនៅក្នុងអាជីវកម្មរបស់ខ្លួន។

6. មិនយល់ពីអ្វីដែលកំពុងលក់

ចំណុចនេះ គឺសំខាន់ណាស់ ប្រសិនបើអ្នកគ្រាន់តែបើកអាជីវកម្មតាមចិត្តចង់ ហើយមិនដឹងច្បាស់ថា អាជីវកម្មរបស់ខ្លួនឯង កំពុងលក់អ្វី នោះអ្វីៗនឹងត្រូវធ្លាក់ដល់ចំណុចសូន្យ ដូច្នេះអាជីវកម្មនោះមិនអាចដំណើរការបានល្អឡើយ។

7. គ្មានផែនការចំណាយ

ការធ្វើអាជីវកម្ម ដែលគ្មានផែនការចំណាយ គឺអាជីវកម្មនឹងមានបញ្ហាខ្វះខាតដើមទុនច្រើន ​និងធ្វើឱ្យដំណើរការអាជីវកម្មមិនរលូនឡើយ ហើយនឹងបាត់បង់ឱកាសក្នុងការពង្រីកអាជីវកម្មថ្មីមិនខាន។

8. មិនធ្វើទីផ្សារ

នៅក្នុងចំណុចនេះ សំដៅលើការមិនបានគិតពីយុទ្ធសាស្រ្តធ្វើទីផ្សារ មិនធ្វើផែនការទីផ្សារឱ្យមានភាពជាក់លាក់ និងមិនបានកំណត់នៃការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញឡើយ។

9. គ្រប់យ៉ាង គឺធ្វើតែម្នាក់ឯង

នៅពេលធ្វើអាជីវកម្មដំបូងៗ ភាគច្រើនម្ចាស់អាជីវកម្មតែងតែបង្កើតកំហុសដ៏ធំមួយនេះ ដោយធ្វើខ្លួនប្រៀបដូចជាមាតាដៃ 100 អ៊ីចឹង ដោយកិច្ចការគ្រប់យ៉ាងគាត់ធ្វើតែម្នាក់ឯង។

10. ចាប់ផ្ដើមធ្វើអ្វីតាមអារម្មណ៍មួយឆាវ

ការធ្វើអាជីវកម្ម តែងតែមានបញ្ហា​ប្រឈម និងហេតុការណ៍ថ្មីៗជានិច្ច ហេតុនេះទាមទារឱ្យម្ចាស់អាជីវកម្មមានភាពបទបែនខ្លាំង និងធ្វើអ្វីដោយមានផែនការច្បាស់លាស់ ផ្ដល់ដំណោះស្រាយទាន់ពេលវេលា មានការសិក្សាឈ្វេងយល់ពីអ្វីមួយឱ្យលម្អិត បន្ទាប់មក ចាប់ផ្ដើមរៀបផែនការសកម្មភាពក្នុងការប្រតិបត្តិការ។ ចូរចៀសវាងនូវការចាប់ផ្ដើមធ្វើអ្វីៗតាមតែអារម្មណ៍នឹកឃើញ ឬអារម្មណ៍មួយឆាវ ពីព្រោះវានឹងអាចធ្វើឱ្យក្រុមការងារបទបែនតាមយើងមិនទាន់ និងបាត់បង់ទំនុកចិត្តពីអ្នកជុំវិញ។