spot_img
spot_img
Homeទូទៅកំហុស 13 យ៉ាង ម្ចាស់អាជីវកម្មមិនគួរធ្វើនៅលើ Facebook

កំហុស 13 យ៉ាង ម្ចាស់អាជីវកម្មមិនគួរធ្វើនៅលើ Facebook

-

កំហុសជាច្រើនដែលម្ចាស់អាជីវកម្មប្រព្រឹត្តិនៅលើហ្វេសប៊ុកដោយមិនដឹងខ្លួន ដូច្នេះដើម្បីជៀសវាងពីបញ្ហាទាំងនេះនិងដំណើរការលើផេកហ្វេសប៊ុករបស់អ្នកដោយរលូន ចូរអ្នកកុំកសាងកំហុសទាំង13 ខាងក្រោម នេះបើយោងតាមគេហទំព័ររបស់ HubSpot

1. កុំបង្កើតគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជំនួសឱ្យផេកសម្រាប់អាជីវកម្មរបស់អ្នក

ត្រង់ចំណុចនេះ នៅតែមានមនុស្សមួយចំនួនជាពិសេសអ្នកលក់អនឡាញថ្មីថ្មោង តែងតែបង្កើតគណនីហ្វេសប៊ុកផ្ទាល់ខ្លួនជំនួសឱ្យការបង្កើតផេកដើម្បីធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ហើយនេះជាកំហុសដែលតែងតែកើតមានឡើង ដូច្នេះអ្នកគួរតែចៀសវាង។

2. កុំមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួនច្រើនពេក

ការដែលមានគណនីហ្វេសប៊ុកច្រើនពេក គឺមិនល្អឡើយ ដូច្នេះត្រូវតែមានគណនីមួយដែលអ្នកប្រើឬធ្វើសកម្មភាពជាប្រចាំជាមួយវា។ ធ្វើបែបនេះ វាអាចជួយញែកដាច់ដោយឡែកនៃជីវិតផ្ទាល់ខ្លួនរបស់អ្នកចេញពីអាជីវកម្ម ការងារ គ្រួសារឬជីវិតសិក្សារបស់អ្នកជាដើម។

គួរបញ្ជាក់ផងដែរ ហ្វេសប៊ុកកំណត់គណនីផ្ទាល់ខ្លួននៃចំនួនមិត្តភក្តិក្នុងហ្វេសប៊ុក ត្រឹមតែ5000នាក់ប៉ុណ្ណោះ ដូច្នេះប្រហែលជាអ្នកគិតថា គួរតែបង្កើតគណនីហ្វេសប៊ុកឱ្យបាន2ឬ3ទៀត ទើបអាចបានចំនួនមិត្តក្នុងហ្វេសប៊ុកកាន់តែច្រើន។ ការគិតនេះ ជាការគិតខុស ហេតុអ្វី? ពីព្រោះ៖

  • ហ្វេសប៊ុកមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានគណនីផ្ទាល់ខ្លួនច្រើនជាងមួយនោះទេ វាផ្ទុយនឹងល័ក្ខខ័ណ្ឌនៃសេវាកម្មរបស់ពួកគេ ដូច្នេះប្រសិនបើពួកគេដឹងថាអ្នកមានគណនីផ្ទាល់ខ្លួនពីរ ពួកគេនឹងបិទវាមិនខាន
  • ពិបាកក្នុងការគ្រប់គ្រងនិងគ្មានផលិតភាពខ្ពស់លើខ្លឹមសារមាតិការបស់អ្នក

ដូច្នេះជាដំណោះស្រាយល្អបំផុត ដើម្បីចៀសវាងការបង្កើតគណនីហ្វេសប៊ុកច្រើន អ្នកគួរតែបង្កើត ផេកមួយ ដោយផ្ដោតលើគោលបំណងជាក់លាក់ ដើម្បីធ្វើសកម្មភាពផ្សព្វផ្សាយនានាស្របតាមគោលបំណងរបស់អ្នក។ ធ្វើបែបនេះ ក៏មានប្រសិទ្ធភាពជាងការបង្កើតគណនីហ្វេសប៊ុកច្រើន ព្រមទាំងអាចឈានដល់អតិថិជនគោលដៅបានលឿន។

3. កុំធ្វេសប្រហែសចំពោះការបង្ហោះ ឬ commentនៅលើផេករបស់អ្នក

ចំណុចសំខាន់នៃគណនីអាជីវកម្មនៅលើហ្វេសប៊ុក គឺដើម្បីធ្វើអន្តរកម្មជាមួយអតិថិជននិងទស្សនវិស័យរបស់អ្នកដែលកំពុងចូលរួមនៅទីនោះ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្លាំងលើការបង្ហោះ និងមតិយោបល់(Comment)ផ្សេងៗនៅលើគណនីអាជីវកម្មរបស់អ្នក។ ហើយដើម្បីបង្កើតឱ្យមានការប្រុងប្រយ័ត្ន ចូរចាប់ផ្តើមដោយធ្វើឱ្យប្រាកដថាជម្រើសនៃការផ្សព្វផ្សាយត្រូវតែច្បាស់លាស់ និងសមស្របតាមពេលវេលា។ លើសពីនេះ ត្រូវតែមានការពិនិត្យឡើងវិញទាំងមុននិងក្រោយពេលផ្សព្វផ្សាយ ដើម្បីចៀសវាងកំហុសនានា។ ហើយចំពោះមតិយោបល់ក៏ដូចគ្នា ក៏ត្រូវតែមានការតាមដានជារៀងរាល់ថ្ងៃផងដែរ ដើម្បីឆ្លើយតបជាមួយអតិថិជនទាន់ពេលវេលា។

4. កុំព្រងើយកន្តើយនឹងភាពអវិជ្ជមាន

ចុះបើអតិថិជនត្អូញត្អែរ? ចុះបើពួកគេ troll វិញ? តើធ្វើបែបណា?

អ្នកមិនអាចបញ្ឈប់មនុស្សមិនឱ្យនិយាយអ្វីអំពីម៉ាកយីហោរបស់អ្នកល្អឬអាក្រក់បានទេ ប៉ុន្តែអ្វីដែលអ្នកអាចធ្វើបាន គឺឆ្លើយតបដោយការគោរពនិងជាមួយព័ត៌មានដែលមានប្រយោជន៍ដោយផ្អែកលើមតិយោបល់ដែលបានចែករំលែក។ ការឆ្លើយតប មិនត្រឹមតែបង្ហាញពីមនុស្សដែលអ្នកខ្វល់ខ្វាយអំពីភាពល្អរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្ហាញថាអ្នកកំពុងចូលរួមនិងស្តាប់ដែរ។ ហើយត្រង់ចំណុចនេះដែរ ចូរចៀសវាងការឆ្លើយតបទៅវិញ ដោយពាក្យមិនល្អ ឬការបង្កឱ្យមានជម្លោះ។

5. កុំទុកការពិពណ៌នាមេតាថាមិនសំខាន់

នៅពេលអ្នកបិទភ្ជាប់តំណទៅក្នុងការផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុកថ្មី ទិន្នន័យមេតាពីការផ្សព្វផ្សាយនោះ (រូបភាពនិងការពិពណ៌នាខ្លី) នឹងត្រូវទាញចូលដោយស្វ័យប្រវត្តិ ដូច្នេះនៅពេលផ្សព្វផ្សាយ ចូរបន្ថែមខ្លឹមសារខ្លីខ្លឹមដែលពាក់ព័ន្ធនឹងអ្វីដែលអ្នកកំពុងផ្សព្វផ្សាយ។

6. កុំគ្រាន់តែផ្សព្វផ្សាយរូបភាព

បច្ចុប្បន្ននេះ វីដេអូគឺជាប្រភេទមាតិកាដែលអ្នកប្រើប្រាស់ចូលចិត្តនៅលើហ្វេសប៊ុក បើគិតមកត្រឹមឆ្នាំ 2020 ដូច្នេះត្រូវតែកែប្រែទម្លាប់ដែលគ្រាន់តែផ្សព្វផ្សាយតែរូបភាព មកប្ដូរជាលក្ខណៈនៃការផ្សព្វផ្សាតជាវីដេអូខ្លះ ព្រមទាំងស្វែងរកមាតិកាផ្សេងៗដើម្បីទាក់ចិត្តអតិថិជនឱ្យបានកាន់តែច្រើន តាមរយៈឈ្វេងយល់ថាអ្វីដែលដំណើរការល្អបំផុតសម្រាប់ទស្សនិកជនរបស់អ្នក ហើយចងចាំថាទស្សនិកជនរបស់អ្នកតែងតែផ្លាស់ប្តូរដូច្នេះសាកល្បងធ្វើវាជាបន្តបន្ទាប់។

7. កុំផ្សព្វផ្សាយអត្ថបទរបស់អ្នកវែងពេក

វិធីល្អបំផុតដើម្បីវាស់ស្ទង់នូវអ្វីដែលទស្សនិកជនរបស់អ្នកចូលចិត្ត ចូរសាកល្បងតេស្តប្រវែងនៃអត្ថបទដែលអ្នកបានផ្សព្វផ្សាយ។ លើសពីនេះ មានភស្តុតាងមួយចំនួនដែលបង្ហាញថា ការផ្សព្វផ្សាយដែលមានការសរសេរខ្លឹមសារខ្លីៗ បានបង្កើតការចូលរួមខ្ពស់បំផុត ដោយខ្លឹមសារនោះមានប្រវែងប្រហែល 40តួ។

8. កុំបង្ហោះរូបភាពដែលមានទំហំគ្មានគុណភាពខ្ពស់

ការផ្សព្វផ្សាររូបភាពដែលមានទំហំធំជាងឬមិនត្រូវនឹងទំហំហេ្វសប៊ុក រូបភាពមានភាពរញ៉ែរញ៉ៃ រូបភាពមិនច្បាស់ល្អ និងផ្សេងៗទៀត គឺជាសកម្មភាពមួយដែលធ្វើឱ្យទស្សនិកជនរបស់អ្នកមានការខកចិត្ត ថែមទាំងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកអាក្រក់ផងដែរ។

9. កុំផ្សព្វផ្សាយ Clickbait

មានន័យថា អ្នកមិនត្រូវផ្សព្វផ្សាយដោយមានចំណងជើងទាក់ទាញឱ្យមានការចុចចូលច្រើន ប៉ុន្តែបែរជាមិនបានផ្តល់តាមការសន្យារឬមានខ្លឹមសារនៃអត្ថបទទាំងមូលមិនដូចនឹងចំណងជើង។

ប្រសិនបើអ្នកចង់បំពេញតម្រូវការទស្សនិកជនរបស់អ្នកនៅលើហ្វេសប៊ុក ចូរពិចារណាការដាក់តំណភ្ជាប់ទៅអត្ថបទដែលផ្តល់ព័ត៌មាននិងច្បាស់លាស់ ហើយនៅពេលដែលចំណងជើងបានកំណត់ការរំពឹងទុកត្រឹមត្រូវចំពោះអ្វីដែលទស្សនិកជនរបស់អ្នកអាចរំពឹងពីខ្លឹមសារ វាងាយស្រួលសម្រាប់ពួកគេក្នុងការមើលឃើញតម្លៃនៅក្នុងអ្វីដែលអ្នកកំពុងផ្តល់ជូន។ ធ្វើបែបនេះ ទើបអ្នកអាចទាញយកចំណាប់អារម្មណ៍ពីអតិថិជនបានពិតប្រាកដ ព្រមទាំងធ្វើឱ្យពួកគេមានភាពជឿជាក់លើអ្នកនិងក្លាយជាទស្សនិកជនដ៏ស្មោះត្រង់សម្រាប់ផេករបស់អ្នក។

10. កុំសន្មតថាអ្នកគួរតែផ្សព្វផ្សាយតែក្នុងម៉ោងធ្វើការ

ត្រង់ចំណុចនេះ មានន័យថា អ្នកត្រូវតែតេស្តសាកល្បងជារៀងរាល់ថ្ងៃ ដើម្បីឱ្យប្រាកដថា តើការផ្សព្វផ្សាយនៅម៉ោងប៉ុន្មានដែលល្អបំផុត ហើយអាចទាក់ទាញអតិថិជនគោលដៅរបស់អ្នកបានច្រើន?

11. កុំផ្សព្វផ្សាយញឹកញាប់ពេក

ការផ្សព្វផ្សាយបានទៀងទាត់ដើម្បីរក្សាទស្សនិកជនរបស់អ្នកឱ្យចូលរួមជាការល្អ ដើម្បីបញ្ជាក់ថាអ្នកនិងអតិថិជនរបស់អ្នកកំពុងមានទំនាក់ទំនងគ្នាយ៉ាងល្អ ថែមទាំងអាចឆ្លើយសំណួរនិងកង្វល់របស់ពួកគេ។ ប៉ុន្តែអ្វីជាបញ្ហាចោទនោះ អ្នកផ្សព្វផ្សាយច្រើនដងឬញឹកញាប់ពេកក្នុងមួយថ្ងៃ ហើយធ្វើបែបនេះ នឹងធ្វើឱ្យគុណភាព ផលិតភាពធ្លាក់ចុះ និងមានដំណើរការមិនល្អឡើយ។

12. កុំភ្លេចពិសោធន៍ជាមួយការកំណត់គោលដៅនិងការផ្សាយពាណិជ្ជកម្ម

អ្នកត្រូវតែកំណត់ឱ្យបាននូវគោលដៅ ជាមួយនឹងការផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អ ដូច្នេះជំហានដំបូងអ្នកត្រូវស្គាល់អតិថិជនគោលដៅរបស់អ្នក និងកំណត់អតិថិជនដែលមានលក្ខណៈស្រដៀងនឹងអតិថិជនគោលដៅរបស់អ្នក បន្ទាប់មកត្រូវឈ្វេងយល់ឱ្យបានច្រើនអំពីរបៀបផ្សាយពាណិជ្ជកម្មឌីជីថល។ ធ្វើបែបនេះ ដើម្បីធ្វើឱ្យគោលដៅ និងការផ្សាយពាណិជ្ជកម្មរបស់អ្នកមានដំណើរការល្អ និងត្រូវនឹងអ្វីដែលអ្នកចង់បានពិតប្រាកដ។

13. កុំភ្លេចគណនីមួយណាដែលអ្នកកំពុងបង្ហោះ

ព័ត៌មានហ្វេសប៊ុកមានលក្ខណៈដូចគ្នា មិនថាអ្នកចូលទៅគណនីផ្ទាល់ខ្លួនរបស់អ្នកឬគណនីក្រុមហ៊ុនរបស់អ្នកទេ ដែលធ្វើឱ្យអ្នកគ្រប់គ្រងផេកងាយស្រួលភ្លេចថា មួយណាដែលពួកគេកំពុងផ្សព្វផ្សាយ។ ឧទាហរណ៍ ប្រសិនបើអ្នកភ្លេចថា អ្នកមិនដឹងគណនីមួយណាកំពុងបង្ហោះ នោះវាអាចមានករណីកើតឡើងដូចខាងក្រោម៖

  • អាចច្រលំយកគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្ម ទៅឆ្លើយតប Comment ដែលមិនសមស្របនឹងអ្វីដែលអ្នកកំពុងឆ្លើយតប
  • ច្រលំបង្ហោះរូបភាពឬអ្វីជាឯកជន មកផ្សព្វផ្សាយលើផេកអាជីវកម្មវិញ
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ