ក្បួនសន្សំសំចៃរបស់មហាសេដ្ឋី Warren Buffett

54
ក្បួនសន្សំសំចៃរបស់មហាសេដ្ឋី Warren Buffett

ការសន្សំសំចៃ ជារឿងចាំបាច់ណាស់ដែលមនុស្សគ្រប់គ្នា ត្រូវតែចេះ​ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញពីក្បួនសំខាន់ៗរបស់មហាសេដ្ឋី លោក Warren Buffett ដែលអ្នកអាចអនុវត្តបាន ទោះបីជាមិនទាន់មានលុយច្រើនក៏ដោយ​។ ក្បួនទាំងនោះ រួមមាន៖

1. កុំចំណាយលុយច្រើនពេក លើការទិញផ្ទះ

មហាសេដ្ឋី លោក Warren Buffett និងភរិយារបស់គាត បានចំណាយលុយសម្រាប់ទិញផ្ទះផ្ទាល់ខ្លួន ក្នុងតម្លៃ 31,500$ ដែលមានបន្ទប់គេង 6 បន្ទប់ទឹក 2 ហើយគាត់មិនដែលផ្លាស់ប្ដូរផ្ទះថ្មីទេ។ ដូច្នេះនៅក្នុងចំណុចនេះ លោកចង់បង្រៀនឱ្យយើងដឹងថា ត្រូវទិញផ្ទះតែម្ដងរួចជាច្រើន ដោយកុំព្យាយាមចំណាយលុយច្រើនដងក្នុងការផ្លាស់ប្ដូរផ្ទះថ្មី។

2. ទិញអ្វីដែលមានការបញ្ចុះតម្លៃ

ចំណុចនេះ ចង់បង្រៀនអ្នកថា អ្នកអាចជ្រើសរើសការទិញអ្វីដែលមានគុណភាព ហើយក៏មានការបញ្ចុះតម្លៃ ដូច្នេះកុំភ័យខ្លាច ឬអៀនខ្មាសក្នុងការប្រើគូប៉ុងបញ្ចុះតម្លៃ ព្រោះវាជាវិធីក្នុងការសន្សំលុយរបស់អ្នក។

3. កុំជក់បារី និងផឹកគ្រឿងដែលមានជាតិអាល់កុល

ការជក់បារី និងការផឹកគ្រឿងដែលមានជាតិអាល់កុល គឺមានផលប៉ះពាល់ជាខ្លាំងដល់សុខភាព​ ហើយរឿងទាំង2 នេះ គឺលោក Buffett មិនដែលប្រព្រឹត្តិឡើយ ហេតុនេះហើយទើបគាត់មានសុខភាពល្អរហូតមានអាយុ 90ឆ្នាំ។

4. កុំលេងល្បែងស៊ីសង

លោក Warren Buffett គាត់បាននិយាយថា ល្បែងស៊ីសងគឺជាពន្ធលើភាពល្ងង់ខ្លៅ ដូច្នេះកុំធ្វើឱ្យខ្លួនឯងលង់នឹងការលេងល្បែង ដោយមិនខ្វល់ពីការសប្បាយ និងមានផ្នត់គំនិតថា លេងល្បែងដើម្បីចង់ក្លាយជាអ្នកមានឱ្យសោះ ព្រោះគ្មានអនាគតល្អវែងឆ្ងាយឡើយ។

5. កុំចំណាយលើអ្វីដែលគ្មានភាពចាំបាច់ច្រើនពេក

កុំព្យាយាមទិញរបស់របរដែលគ្មានភាពចាំបាច់ច្រើនពេក ដូចជា ខោអាវ ទូរស័ព្ទ ស្បែកជើង ឡានស៊េរីថ្មី និងជាច្រើនទៀត ដើម្បីតែភាពឡូយឆាយ ព្រោះវាមិននាំភាពចម្រុងចម្រើនដល់ជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយ។

6. ញុំាដើម្បីសុខភាព

នៅពេលមានសុខភាពល្អ មនុស្សអាចធ្វើអ្វីៗក៏ទទួលបានលទ្ធផលល្អដូចគ្នា ដូច្នេះនៅពេលញុំាអ្វីក៏ត្រូវគិតពីសុខភាពដែរ ដើម្បីអាចមានអាយុវែង និងមានផលិតភាពក្នុងជីវិតប្រចាំថ្ងៃ។

7. កុំខ្ជះខ្ជាយលុយលើពិធីមង្គលការខ្លាំងពេក

នៅក្នុងជីវិតរបស់មនុស្ស ការរៀបមង្គលការ ជាថ្ងៃពិសេសបំផុត ប៉ុន្តែសូមកុំព្យាយាមចំណាយលុយច្រើនខ្លាំងពេកក្នុងការរៀបចំដំណើរកម្មវិធីទាំងមូល។