គន្លឹះទាំង៣យ៉ាងដែលជួយឲ្យបុគ្គលិកផ្នែកលក់កាន់តែពូកែ

1128

វា​ជា​ប្រការ​ចាំបាច់​ដែល​អ្នក​ត្រូវ​បង្កើន​ជំនាញ​របស់អ្នក​ដើម្បី​ធ្វើឲ្យ​ការភ្ជាប់​ទំនាក់​​ទំនង​​ជាមួយ​អ្នកដទៃ​​កាន់តែ​ប្រសើរ​។ ទោះបីជា​អ្នកជា​បុគ្គលិក​ឬ​​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន អ្នក​គួរតែ​ចំណាយ​ពេល​ខ្លះ​ចូលរួម​ក្នុង​ការលក់​​ដើម្បី​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​អតិថិជន​។ សហគ្រិន​ដែល​ទើបតែ​​ចាប់ផ្តើម​អាជីវកម្ម គាត់​តែងតែ​ចំណាយ​ពេល​​ចែក​រំលែក​​គំនិត​អាជីវកម្ម​ជាមួយ​អ្នក​​វិនិយោគ​ឬ​អ្នក​​ផ្តល់​ប្រឹក្សា​គំនិត​ឲ្យ​គាត់​ក្នុង​គោល​បំណង​ធ្វើឲ្យ​អាជីវកម្ម​មាន​ដំណើរការ​ល្អជាពិសេស​គឺការ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អតិថិជន​និង​ធ្វើយ៉ាងណា​ឲ្យ​អតិថិជន​ទុកចិត្ត​លើផលិតផល​ឬសេវាកម្ម​របស់​យើង។ ​​ជាក់ស្តែង​ការលក់​គឺជា​ដង្ហើម​នៃ​ការរីក​លូតលាស់​និង​ជោគជ័យ​របស់​អាជីវកម្ម។ ​បើសិនជា​គ្មាន​ការលក់​គឺ​គ្មាន​អាជីវកម្ម​ទេហេតុ​នេះ​អ្នក​គ្រប់គ្រង​ឬ​ម្ចាស់​អាជីវកម្ម​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​។ ​ខាងក្រោមនេះ​គឺ​ជាចំណុច​សំខាន់​នៃ​លក្ខណៈ​របស់​អ្នក​លក់​ដ៏​ពូកែ៖​

#ទី១ ចាប់ផ្តើម​សួរ​សំណួរ​មុន

អ្នកទាក់ទង​ដ៏​ពូកែ​គឺជា​អ្នក​ដែល​​ផ្តើម​​សំណួរ​មុនគេ។ គាត់​តែងតែ​កត់ត្រា​ទុក​នឹង​សំណួរ​ដែល​សំខាន់​ៗ​ហើយ​​សិក្សា​ស្រាវជ្រាវ​ជាមួយ​សំណួរ​នឹង​ទាំងនោះ​បន្ថែមទៀត​។ ដូចនេះ​នៅពេល​ដែល​គាត់​មាន​ការ​ណាត់​ជួប​​ឬ​ជួប​ប្រជុំ​ គាត់​តែងតែ​​ចាប់ផ្តើម​​ការសន្ទនា​​ជាមួយ​នឹង​សំណួរ​ដែល​គាត់​បាន​ត្រៀមទុក​។ ទង្វើ​បែប​នេះ​សបញ្ជាក់​ពី​អត្តចរិក​នៃ​អ្នក​ពូកែ​ទំនាក់​ទំនង ​និង​អ្នក​លក់​ដ៏​ពូកែម្នាក់​។ ម្យ៉ាងវិញទៀត​នៅពេល​ដែល​អ្នក​ចេះ​សួរ​​សំណួរ​ល្អៗ​​គឺស្មើ​នឹង​​អ្នក​​កំពុងតែ​​ធ្វើ​​កិច្ចការ​ពីរ​ដែល​​ជា​គូណ​ប្រយោជន៍​​សម្រាប់​ជួយ​អ្នក​ក្នុង​រយៈពេល​វែង។​ទីមួយ អ្នក​បង្ហាញ​​ភាព​ចេះដាក់ខ្លួន​ឬ​ឱន​លំទោន​របស់អ្នក​ដែល​ធ្វើឲ្យ​អ្នក​ស្គាល់​មនុស្ស​​បាន​កាន់តែ​ច្រើន។ ទីពីរ អ្នក​នឹង​ទទួលបាន​គំនិត​មួយ​ផ្នែក​ដែល​អ្នក​មិនដែល​​នឹកឃើញ​កាល​ពី​មុនមក។ ដូចនេះ​កុំ​ភ្លេច​សរសេរ​សំណួរ​ល្អៗ​ទុក​​ដើម្បី​អាច​ឲ្យ​អ្នក​ផ្តើម​សួរគេ​នៅពេល​​ជំនួប​ជាមួយ​នឹង​អ្នក​​ដទៃ​ចូល​មក​ដល់។

#ទី២ ផ្លាស់ប្តូរ​គំនិតអវិជ្ជមាន​​នៃ​ការលក់​របស់អ្នក

​          ខ្ញុំ​បាន​ជួប​មនុស្ស​មួយ​ចំនួន​ដែល​មាន​គំនិត​អវិជ្ជមានជាច្រើន​​​ទាក់​ទង​នឹង​​ផ្នែកលក់​​​ដោយ​​ពួកគេ​គិតថាការ​ធ្វើការ​ផ្នែកលក់​គឺ​មកពី​បុគ្គលិក​​​ទាំង​នោះ​​មិនអាច​រក​ការងារ​​ផ្សេង​ក្រៅពី​នេះបាន​​ទើប​បានជា​ពួកគាត់​សម្រេចចិត្ត​ធ្វើការ​ផ្នែក​នេះ។ ដើម្បី​សម្រេច​ឲ្យ​បាន​សម្ធិផល​ក្នុង​ការលក់ មុន​ដំបូង​អ្នក​ត្រូវ​ផ្លាស់ប្តូរ​គំនិត​របស់អ្នក​ក្នុង​ការលក់​ជាមុន​សិន​ជាជាង​ការ​មាន​គំនិត​អវិជ្ជមាន​។ ការងារ​ផ្នែកលក់​គឺជា​ការងារ​ដែល​អ្នក​បាន​ជួយ​អ្នកដទៃ​ឲ្យ​រួច​ពី​ក្តី​ព្រួយ​បារម្ភ​របស់គេ​និង​ផ្តល់​សេវាកម្ម​​ដែល​​គេ​ចង់បាន។ ការ​ធ្វើ​ដូចនេះ​​អ្នក​លក់​គឺ​មិនមែន​​ជោគជ័យ​តែ​ម្នាក់ឯង​​ទេ​តែគេ​ក៏​បាន​ជួយ​អ្នកដទៃ​ឲ្យ​ទទួលបាន​​ផល​ចំណេញ​ផងដែរ​។

#ទី៣ រក​វិធី​​ដោះស្រាយ​បញ្ហា

នៅពេល​ដែល​អ្នក​ពូកែ​រក​គំនិតមក​​​ដោះស្រាយ​បញ្ហា​​ជូន​អតិថិជន​នោះ​អ្នក​នឹង​ខុស​​ហើយ​ពិសេស​ជាង​​អ្នកដទៃ​​។​ អ្នក​លក់​ដែល​ពូកែ គាត់​គិតថា​ការលក់​គឺជា​ឱកាស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាជាង​ការទទួល​តែ​ប្រាក់​ចំណេញ​ដោយ​មិនគិត​ពី​សុខទុក្ខ​អតិថិជន​។ លើសពីនេះទៅទៀត​គាត់​ដាក់​ទាំង​កម្លាំង​កាយ​និង​ចិត្ត​​ក្នុង​ការ​ដោះស្រាយ​រាល់បញ្ហា​ដែល​កើត​មាន​ឡើង​ជាក់ស្តែង​ក្នុង​ការលក់​របស់គាត់​បច្ចុប្បន្ន​។ នៅពេល​អ្នក​ចាប់ផ្តើម​ចេះ​ដោះស្រាយ​បញ្ហា អ្នក​នឹង​មាន​គំនិត​ជាច្រើន​ដើម្បី​ធ្វើ​អាជីវកម្ម​របស់អ្នក​។

Previous article៥ចំណុចដែលអ្នកគួរចៀសវាងនៅពេលបម្រើសេវាជូនអតិថិជន
Next articleសំលៀង​ខួរ​ក្បាល៖ តើធ្វើ​ម៉េច​ឲ្យ​បាន​ទឹក​៤លីត្រ​ទៅ?
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។