គន្លឹះ​សំខាន់ៗ​ដែល​អ្នក​គួរ​ពិចារណា​មុន​ជ្រើសយក​នរណាម្នាក់​មក​ធ្វើ​ជា​ដៃគូ​ក្នុង​អាជីវកម្ម​របស់​អ្នក

1428

ដៃគូ​ពាណិជ្ជកម្ម​គឺជា​អ្នកដែល​អាចធ្វើ​ធុរកិច្ច​រួមគ្នា​ជាមួយអ្នក​បានហើយគេក៏​មានចំណែកភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​របស់​អ្នក។ ក្នុង​នាមជា​ម្ចាស់អាជីវកម្ម​ម្នាក់​ មុនពេលដែលអ្នកចង់យក​នរណា​ម្នាក់​មកធ្វើ​ជា​ដៃគូក្នុងមុខជំនួញរបស់អ្នក អ្នក​ត្រូវពិចារណាទៅលើ​ចំណុចទាំងអស់​នេះជាមុនសិន ៖

១.តើអ្នកពិតជាដល់ពេលដែលត្រូវរកដៃគូពាណិជ្ជកម្មហើយមែនទេ?

សំណួរ​នេះ​​ប្រហែលជា​អាច​បណ្តាលឲ្យ​អ្នកមាន​ការភ្ញាក់ផ្អើលបានព្រោះថាវាធ្វើ​ឲ្យ​អ្នករកនឹកមើលម្តង​ទៀត​ពី​ហេតុផលនៃការជ្រើស​រើសដៃគូ។ ប្រហែល​ជា​មាន​ហេតុផល​ជាច្រើន​ដែលនាំឲ្យអ្នកចង់បានដៃគូ​ពាណិជ្ជកម្ម​ដូចជា​ដើម្បីសម្រាលបន្ទុក​ទំនួលខុសត្រូវការងារ និង​បង្កើនដើមទុន​ជាដើម។ ប៉ុន្តែបើគ្រាន់តែ​ដើម្បីហេតុផលទាំងនោះ​អ្នកអាច​ជ្រើសរើសយកវិធីផ្សេងដូចជារកបុគ្គលិក​បន្ថែម និង​អាចខ្ចីលុយពីធនាគារក៏បាន។

២.​តើគេមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​មកធ្វើជា​ដៃគូរបស់​អ្នកហើយឬនៅ?

អ្នក​ដែលនឹងធ្វើជាដៃគូពាណិជ្ជកម្ម​របស់អ្នកគួរតែ​ជាមនុស្ស​ម្នាក់ដែលមានសមត្ថភាពពេញលេញនិង​សក្តិសមជាមួយ​អាជីវកម្មដែលអ្នកកំពុងដំណើរការ។ បើអ្នក​ជ្រើសយកគេនោះគេគួរតែ​មានជំនាញនិងសមត្ថភាព​បំពេញគ្នា​ជាមួយនឹងអ្នកគួរកុំយកអ្នកដែលមានជំនាញតែមួយជាមួយអ្នក។ វា​ប្រៀបដូចជាការទិញ​សៀវភៅ​និងប៊ិច។ អ្នកមិនអាចទិញ​សៀវភៅ​និងសៀវភៅ​ទេព្រោះថាវាមិនមាន​ប្រយោជន៍​អ្វី​អាច​ឲ្យ​អ្នកសរសេរ​បានឡើយ។ ម្យ៉ាងទៀត​អ្នកត្រូវដឹងពីបញ្ហាហិរញ្ញវត្ថុ​របស់គេ​ថាតើគេមាន​ថវិកាគ្រប់គ្រាន់​និងមានមាន​ហានិភ័យណាមួយ​ពេលធ្វើពាណិជ្ជកម្មទេ។ មួយវិញទៀតពេលវេលា​របស់គេ​គឺ​គ្រប់គ្រាន់​សម្រាប់បំពេញការងារជាមួយអ្នកបាន​ដល់​កម្រិតណា? សំខាន់ជាងនេះទៅទៀត​អ្នកត្រូវតែដឹងថា​តើគេមាននូវការប្តេជ្ញាចិត្តចំពោះអាជីវកម្ម​របស់អ្នកនិង​ព្យយាមដោះស្រាយបញ្ហានៅក្នុង​ពេលដែលក្រុមហ៊ុនជួបប្រទះ​បញ្ហាលំបាកដែរឬទេ?យ៉ាងណាមិញ​អ្នកត្រូវដឹងពីប្រវត្តិ​និងអត្តសញ្ញាណជាពិសេស​គឺពាក្យសម្តីដែលគេនិយាយ​ថាវា​អាចទុកចិត្ត​បានកម្រិតណា។

ដៃគូពាណិជ្ជកម្ម​របស់អ្នកគួរតែ​ជាមនុស្ស​ម្នាក់ដែលមានសមត្ថភាពពេញលេញនិង​សក្តិសមជាមួយ​អាជីវកម្មដែលអ្នកកំពុងដំណើរកា

៣. លម្អិតពីកិច្ចព្រមព្រៀង​ជាដៃគូពាណិជ្ជកម្ម

អ្នកត្រូវ​ទទួល​ស្គាល់ថា​នៅពេលដែល​ធ្វើជាដៃគូ​ពាណិជ្ជកម្មជាមួយគ្នា អ្នកត្រូវ​មានកិច្ចព្រមព្រៀងជាដៃគូ​ពាណិជ្ជកម្មដ៏សាំញ៉ាំមួយ។ អ្នកត្រូវពិចារណាទៅលើចំណុចតូចៗជាច្រើន​ដើម្បី​ការពារ​ហានិភ័យដូចជា​៖

  • អ្នកណាជាម្ចាស់ទ្រព្យ
  • ការបែងចែក​ភាគហ៊ុន
  • ការទូទាត់ប្រាក់ចំណេញ
  • តួនាទី​របស់គេនៅក្នុង​ក្រុមហ៊ុន
  • ការដោះស្រាយបញ្ហានិង​ការសម្រេចចិត្ត
  • បញ្ហាប្រឈម​នៅពេលដែលគេ​មិនទទួលបន្ទុក​ការងារ​បានល្អជាដើម។

ស្ថិតនៅក្នុងកាលទេសៈណាក៏ដោយ​អ្នកមិនត្រូវឲ្យគេមានភាគហ៊ុនលើសពី​៤៩ភាគរយនៃអាជីវកម្មរបស់អ្នកឡើយ។