ចង់បាន​អាជីវកម្ម​រឹងមាំ​? សាកល្បងចំណុច​សំខាន់​ទាំង​៥​នេះ!

2020

សម្រាប់​ការ​បង្កើត​អាជីវកម្ម​មិនមែន​គ្រាន់តែ​ធ្វើ​តាម​គម្រោង​អាជីវកម្ម​របស់អ្នក​ឬ​កំណត់​​ផលិតផល​ដែល​អ្នក​នឹង​យក​មកលក់​តែ​ប៉ុណ្ណោះ​ទេ​។ ​នៅ​មាន​ការងារ​​ជាច្រើន​​ទៀត​​ដែល​អ្នក​ត្រូវ​​​យកចិត្ត​​ដើម្បី​អាច​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​អាជីវកម្ម​ជាពិសេស​គឺ​​ពង្រឹង​អាជីវកម្ម​ឲ្យ​រឹងមាំ។​

១. កំណត់​​អតិថិជន​គោលដៅ​៖ ​ប្រសិន​បើ​ការកំណត់​​មិន​ច្បាស់លាស់​អាច​ធ្វើឲ្យ​អ្នក​​ពិបាក​​កំណត់​ឲ្យ​ចំ​ថា​ តើ​អតិថិជន​ណា​ជា​អតិធិជន​ពិតប្រាកដ​ដែល​អ្នក​នឹង​ជ្រើសរើស​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក​។ នៅពេល​ដែល​អ្នក​បង្កើត​គម្រូ​អាជីវកម្ម​របស់​អ្នក អ្នក​គួរតែ​ពិចារណា​អំពី​ប្រភេទ​នៃ​អតិថិជន​គោលដៅ​និង​លម្អិត​ទៅលើ​ប្រភេទ​នៃ​ក្រុមណា​ដែល​នឹង​ទិញ​ផលិតផល​របស់​អ្នក​ទាំង​អាយុ​និង​ភេទ​ជាដើម​។

២. រៀប​គម្រោង​នៃ​ដំណើរការ​អាជីវកម្ម​របស់អ្នក​៖ មុនពេល​ដែល​អាជីវកម្ម​​របស់អ្នក​​ដំណើរ​ការ​​ អ្នក​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​សកម្មភាព​ណាខ្លះ​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​ឲ្យ​គម្រោង​នៃ​អាជីវកម្ម​របស់អ្នក​អាច​ដំណើរការ​ទៅ​បាន​រលូន។ ​អ្នក​ក៏​គួរ​គិត​ឲ្យ​បានច្បាស់​ថា​អាជីវកម្ម​របស់អ្នកអាច​ផ្តល់​អ្វីខ្លះ​ជូន​អតិថិជន​​ក្រៅពី​ផលិតផល​ឬ​សេវាកម្ម បន្ទាប់​មក​អ្នក​អាច​កំណត់​​អំពី​សកម្មភាព​​ទាំងឡាយ​​។ឧទាហរណ៍​​ អ្នកលក់​​គ្រឿង​សម្អាង​ ក្រៅពី​ផ្តល់​​ផលិតផល​ទាំងនោះ​ហើយ អ្នក​អាច​ធ្វើ​សកម្មភាព​ផ្សេង​ទៀ​តដូចជា​ណែនាំ​អតិថិជន​​ឲ្យ​ប្រើប្រាស់​ ផាត់មុខ​ជូន​គាត់ ឬណែនាំ​វិធី​ថែរក្សា​សម្រស់​ផ្សេងទៀត​ក្រៅពី​ប្រើ​ផលិតផល​អ្នក​ជាដើម។ ដូចនេះ​អ្នកអាច​គិត​ពី​សកម្មភាព​ណាដែល​អាច​ជួយ​អាជីវកម្ម​របស់អ្នក​បន្ថែម។

៣. ពង្រឹង​ការលក់៖ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​អាជីវកម្ម​របស់អ្នក​មាន​ភាព​លេចធ្លោ​ជាង​ដៃគូ​ប្រកួត​ប្រជែង​អ្នក​ដែរ​ឬទេ? តើ​សេវាកម្ម​ឬ​ផលិតផល​របស់​អ្នក​មាន​ភាពខុសប្លែក​ពី​អ្នកដទៃ​ដែរ​ឬទេ? ការកំណត់​ឲ្យ​ច្បាស់​ថា​តើ​អាជីវកម្ម​របស់អ្នក​ចង់​ផ្តល់​អ្វី​ជូន​អតិធិជន​ឲ្យ​បានច្បាស់ព្រមទាំង​​ស្វែងយល់​ពី​ចំណុច​ដែល​អាជីវកម្ម​របស់​អ្នក​ល្អ​ជាង​ដៃគូ​ប្រកួត​ប្រជែង​។ ដូចនេះ​អ្នក​អាច​ចាប់ផ្តើម​ពង្រឹង​ការលក់​នៃ​អាជីវកម្ម​របស់​អ្នក​ដោយ​បង្ហាញ​អតិថិជន​ពី​ភាពខ្លាំង​និង​ភាពខុសប្លែក​នៃ​ផលិតផល​ឬ​សេវាកម្ម​របស់អ្នក។

៤. ជ្រើសរើស​ដៃគូ​សហការ​៖ គ្មាន​អាជីវកម្ម​ណាដែល​អាច​ដំណើរការ​បាន​​នោះទេ បើសិនជា​គ្មាន​ដៃ​គូសហការ​ព្រោះ​​យើង​ត្រូវការ​​ពួកគេ​ដើម្បី​បម្រើ​ជូន​អតិថិជន​។ ដូចនេះ​នៅពេល​ដែល​ធ្វើ​ផែនការ​អាជីវកម្ម​អ្នក​ត្រូវ​បូករួម​​ការជ្រើសរើសដៃគូ​សហការ​​ឲ្យ​បានត្រឹមត្រូវ​​ដូចជាអ្នកផ្គត់ផ្គង អ្នក​ផ្សព្វផ្សាយ អ្នក​ផ្តល់​យុទ្ធសាស្រ្ត​​ជាដើម​។ បើសិនជា​អ្នក​មិនបាន​កំណត់​​​ចំណុច​នេះឲ្យ​បាន​ច្បាស់លាស់​ទេ អាជីវកម្ម​របស់​អ្នក​នឹង​មាន​បញ្ហា។​

៥. គម្រោង​អាជីវកម្ម​ត្រូវ​មាន​ភាពបត់បែន៖ នៅពេល​ដែល​អ្នក​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក គម្រោង​អាជីវកម្ម​របស់អ្នក​គឺ​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ការសន្និដ្ឋាន​​របស់អ្នក​ដែល​ជួនកាល​មិនប្រាកដ​ថា​វា​នឹង​​កើតឡើង​​​ដូច​អ្វី​ដែល​អ្នក​បាន​គ្រោងទុក​នោះទេ​។​ ដូចនេះហើយ នៅពេល​​ដំណើរការមែនទែន​​​ សកម្មភាព​ឬលទ្ធផល​​មិន​ប្រាកដ​ថា​ដូច​​គម្រោង​អាជីវកម្ម​របស់​អ្នក​ទាំងស្រុង​​​​ឡើយ​។ នេះហើយ​គឺជា​ហេតុផល​មួយ​សម្រាប់​អ្នក​ដែល​ខ្ញុំ​ចង់​ណែនាំ​ឲ្យ​មាន​ការកែប្រែ​គម្រោង​អាជីវកម្ម​ខ្លះៗ​ដើម្បី​ធ្វើឲ្យ​អាជីវកម្ម​របស់​អ្នក​កាន់តែ​ប្រសើរ​ជាងមុន​។ ​អ្នក​ត្រូវ​ចៀសវាង​​ស្តី​បន្ទោស​ខ្លួនឯង​ដែល​រៀបចំ​គម្រោង​មិនបាន​រលូន​។ ផ្ទុយមកវិញ អ្នក​គួរតែ​ចំណាយ​ពេល​​ពិនិត្យ​ឡើងវិញ​នូវ​គម្រោង​អាជីវកម្ម​របស់អ្នក​ដើម្បី​ផ្លាស់ប្តូរ​​អាជីវកម្ម​របស់​អ្នក​​ឲ្យកាន់តែ​​ប្រសើរ​។

 

Previous articleសញ្ញាទាំង១០បង្ហាញថាអ្នកនៅជាមួយការងាររបស់អ្នកយូរពេកហើយ!
Next articleហេតុអ្វីបានជាគេដាក់ផ្ទាំងផ្សាយពាណិជ្ជកម្មនៅជាប់ស្តុប?
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។