ចំណុចសំខាន់ទាំង៤សម្រាប់អ្នកដែលចង់ក្លាយជាសហគ្រិនជោគជ័យ

1301

​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​នោះ​គឺ​​ការ​សំណេះ​សំណាល​ជាមួយ​សហគ្រិន​ដែល​ធ្លាប់​​និង​កំពុង​ទទួល​បាន​ជោគជ័យ​លើ​អាជីវកម្ម​របស់គាត់​ដែល​ពួកគាត់​បាន​ចែក​រំលែក​បទពិសោធន៍​​អំពី​ភាពជោគជ័យ​របស់​ខ្លួន​ក្នុង​បរិបទ​ដែល​ពោរពេញ​ទៅ​ដោយ​ការប្រកួត​ប្រជែង។ ដូច​ដែល​អ្នក​បានដឹង​ហើយ​ថា​គ្មាន​វិធី​បូកដក​ណា​អាច​​គណនា​​ពីចម្ងាយ​​ផ្លូវ​ទៅកាន់​ភាពជោគជ័យ​នោះទេ ប៉ុន្តែ​គន្លឹះ​ខាងក្រោម​នេះ​ជា​​មេរៀន​សំខាន់​សម្រាប់​ឲ្យ​អ្នក​អាច​យក​ទុក​ជា​បទពិសោធន៍​ក្នុង​អាជីវកម្ម​និង​ជួយឲ្យ​​អាជីវកម្ម​របស់​អ្នក​រីកលូតលាស់៖

#ទី១ ការសហការ​​ជា​​ក្រុម​

​មនុស្ស​​តែ​ម្នាក់​មិនអាច​ជោគជ័យ​លើ​គ្រប់​ការងារ​​ទាំងអស់​ទេ។ ប៉ុន្តែ​នៅពេល​ដែល​អ្នក​ធ្វើការ​ជាក្រុម ​អ្នក​នឹង​អាច​ជម្នះ​​បញ្ហា​ដែល​អ្នក​ម្នាក់ឯង​ពិបាក​​ដោះស្រាយ ​ខណៈពេល​ដែល​ក្រុម​គឺ​មាន​គំនិត​ច្រើន​ដើម្បី​រក​បាន​ដំណោះស្រាយ​ដ៏​សមរម្យ​មួយ។ កិច្ចការ​​​​ក្នុង​អាជីវកម្ម​គឺ​តម្រូវ​ឲ្យ​អ្នក​ចេះ​សហការ​ជាមួយ​បុគ្គលិក​របស់អ្នក​។ ជាពិសេស​នៅពេល​ដែល​អ្នក​គ្រប់គ្រង​ក្រុម​របស់​អ្នក អ្នក​មិនត្រូវ​​គ្រប់គ្រង​បែប​ចៅហ្វាយ​នាយ​ដែល​ប្រើប្រាស់​អំណាច​ដើម្បី​ត្រួតត្រា​បុគ្គលិក​​នោះទេ​។ ប៉ុន្តែ​អ្នក​គួរតែ​មាន​ភាព​ជា​អ្នកដឹកនាំ​ដែល​ចាំជួយ​លើកទឹកចិត្ត​និង​ជម្រុញ​​បុគ្គលិក​ឲ្យ​ធ្វើ​ការងារ​ជាមួយ​គ្នា​បាន​។

#ទី២ កំណត់​​ចក្ខុវិស័យ​ក្នុង​អាជីវកម្ម

សហគ្រិន​ដែល​ជោគជ័យ​គឺ​សម្លឹង​ឃើញ​ឬ​មាន​ទស្សនៈ​វិស័យ​វែងឆ្ងាយ​។ ពួកគាត់​អាច​ស្រមៃ​ឃើញ​ពី​ភាព​រីកចម្រើន​នៃ​អាជីវកម្ម​របស់​ពួកគាត់​នៅ​ប្រាំ​ឆ្នាំខាងមុខ ដប់ឆ្នាំ​ខាងមុខ ឬ​វែង​ជាងនេះ។ ​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​សួរ​ខ្លួនឯង​មុនពេល​បង្កើត​ចក្ខុវិស័យ​​​ដូចជា​តើ​អ្នក​គួរ​ចាប់ផ្តើម​អាជីវកម្ម​របស់​អ្នក​តាម​​របៀប​ណា? តើ​អ្វីខ្លះ​ដែល​រាំង​ស្ទះ​អ្នក​ដើម្បី​ឈាន​ទៅដល់​គោលដៅ​របស់អ្នក​?​ តើ​ចំណុច​ល្អ​អ្វីខ្លះ​ដែល​​អ្នក​គួរ​ធ្វើ​សម្រាប់​អាជីវកម្ម​របស់​អ្នក? តើ​អ្នក​គួរ​ចៀសវាង​អ្វីខ្លះ​ដែល​មិនល្អ​ចំពោះ​​អាជីវកម្ម​​របស់​អ្នក? តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ឲ្យ​អាជីវកម្ម​របស់​អ្នក​មាន​ភាព​លេចធ្លោ​ជាងដៃគូ​ប្រកួត​ប្រជែង​?

#ទី៣ ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ

មនុស្ស​​ជោគជ័យ​គឺ​​ប្រឹងប្រែង​ធ្វើការ។ ផ្លូវ​សម្រាប់​សហគ្រិន​​ជោគជ័យ​ប្រៀប​ដូច​នឹង​អ្នក​រត់​ម៉ារ៉ាតុង​ព្រោះ​​ពួកគេ​ចាំបាច់​ហ្វឹកហាត់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ។ ​រីឯ​ការធ្វើ​អាជីវកម្ម​​វិញ​ អ្នក​ត្រូវ​ចំណាយ​ពេល​ជារៀងរាល់​ថ្ងៃ​ដើម្បី​រក្សា​ទំនាក់​ទំន​ង​ជាមួយ​អតិថិជន​ ដោះស្រាយ​បញ្ហា ឬ​រិះរក​គំនិត​ផ្សេងៗដើម្បី​អាជីវកម្ម​ជោគជ័យ​។ ម្យ៉ាងវិញ​ទៀត អ្នក​មិនត្រូវ​ពឹង​លើ​សំណាង​​ដើម្បី​ធ្វើ​អាជីវកម្ម​នោះ​។ ផ្ទុយមកវិញ អ្នក​គួរ​ស្វែងយល់​និង​សិក្សា​បន្ថែម​ពី​ចន្លោះ​ខ្វះខាត​នៃ​អាជីវកម្ម​របស់អ្នក​។

#ទី៤ រីករាយ​ជាមួយ​នឹង​ការងារ​របស់​អ្នក

ត្រូវ​រីករាយ​ចំពោះ​កិច្ចការ​ដែល​អ្នក​ធ្វើ​​។ នៅពេល​ដែល​អ្នក​រីករាយ​ជាមួយ​នឹង​ការងារ​ដែល​អ្នក​កំពុង​តែ​ធ្វើ អ្នក​នឹង​​ទទួ​ល​បាន​លទ្ធផល​គាប់​ប្រសើរ​ផងដែរ។ លើសពីនេះ ការតាំងចិត្ត​និង​ចំណង់​ចំណូល​ចិត្ត​របស់អ្នក​ក្នុងការ​ធ្វើ​អាជីវកម្ម​នឹង​នាំឲ្យ​បុគ្គលិក​របស់អ្នក​មានការប្តេជ្ញា​ដូច​​អ្នក​​ផងដែរ។

សរុប​សេចក្តី​មក មិនថា​អ្នក​មាន​ដំណែង​អ្វី​នៅក្នុង​ស្ថាប័ន​អ្ន​កនោះទេ អ្នក​មាន​ឱកាស​​ធ្វើជា​អ្នក​កែប្រែ​និង​ជា​អ្នក​ត្រាយផ្លូវ​សម្រាប់​ចក្ខុវិស័យ​នា​ពេល​អនាគត​នៃ​ក្រុមហ៊ុន​របស់អ្នក​។ ខ្ញុំ​ជឿជាក់​ថា អ្នក​អាច​សម្រេច​ការងារ​ដែល​ពិបាក​ឬ​ការងារ​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពីមុនមក បើសិនជា​អ្នក​ហ៊ាន​សាកល្បង​វា​និង​ប្តេជ្ញា​ថា​នឹង​ធ្វើវា​ឲ្យបាន។

Previous articleយុទ្ធសាស្រ្តទាំង៣យ៉ាងដែលជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំជោគជ័យម្នាក់
Next articleការដាក់តម្លៃទំនិញដើម្បីទាក់ទាញអតិថិជន
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។