ជំនាញទាំង7ដែលយើងគួរតែចេះនាពេលបច្ចុប្បន្ននេះ

16
ជំនាញទាំង7ដែលយើងគួរតែចេះនាពេលបច្ចុប្បន្ននេះ

 

តើអ្នកគិតថាជំនាញណាខ្លះដែលយើងគួរតែមាននាពេលបច្ចុប្បន្ននេះ?

១. ជំនាញបច្ចេកទេស

Person In Front Of Laptop On Brown Wooden Table

ពេលដែលអ្នកទាំងអស់គ្នាឮថាជំនាញបច្ចេកទេស អ្នកប្រាកដជាគិតទៅដល់អ្នករៀនITជាមិនខាន អ្នកសរសេរកូដជាមិនខាន ឬអ្នកប្រហែលជាគិតថា ឲ្យខ្ញុំចេះជំនាញហ្នឹងបានយ៉ាងដូចម្ដេចទៅ បើសព្វថ្ងៃនេះខ្ញុំពុំបានរៀនជំនាញបច្ចេទេសនេះផងហ្នឹង។ ការពិតទៅមិនមែនបែបនេះនោះទេ ទោះបីជាយើងមិនមានការយល់ដឹងស៊ីជម្រៅពាក់ព័ន្ធទៅនឹងបច្ចេកទេសនេះក៏ដោយ សំខាន់ឲ្យតែអ្នកមានសមត្ថភាពអាចប្រើកុំព្យូទ័រ ចេះសរសេរបានស្ទាត់ ចេះការគណនាលេខខ្លះៗ នៅក្នុង Microsoft Excel  និងចេះឌីហ្សាញរូបភាពខ្លះៗ ក៏ចាត់ទុកថាអ្នកមានជំនាញបច្ចេកទេសដែរ។ ហើយប្រសិនបើអ្នកនៅមិនទាន់ស្ទាត់ក្នុងការប្រើប្រាស់កុំព្យូទ័រទេ អ្នកអាចរៀនពីវាម្ដងបន្ដិចៗបាន។

២. ជំនាញភាសា

យុគសម័យនេះទៅហើយ បើសិនជាអ្នកមិនមានជំនាញរឹងចាប់ពីពីរឡើងទៅទេ អ្នកអាចនឹងពិបាកក្នុងការរកប្រាក់ចំណូល ចំណែកឯឱកាសការងារវិញ ក៏មានភាគរយតិចជាងអ្នកដែលចេះច្រើនភាសាដែរ។ ដូចនេះបើអាច មានពេលទំនេរអ្នកគួរតែឆ្លៀតពេលខ្លះដើម្បីរៀនភាសាបន្ថែមក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែខ្លាំង និងមានភាពលេចធ្លោជាងអ្នកដទៃ។

២. ជំនាញទំនាក់ទំនង

ការប្រាស្រ័យទាក់ទងគ្នាគឺជារឿងមួយដែលសំខាន់ក្នុងការឈ្វេងយល់ពីគ្នាទៅវិញទៅមក មិនថានៅក្នុងការរកស៊ី ឬនៅក្នុងកន្លែងធ្វើការនោះទេ គឺដើម្បីដឹងអំពីសុខទុក្ខ ដឹងអំពីដំណើរការអាជីវកម្ម ក៏ដូចជាដំណើរការនៃការងាររបស់បុគ្គលិកម្នាក់ៗថាវាប្រព្រឹត្តទៅបែបណាៗជាដើម។ ជាពិសេសនោះ ការទំនាក់ទំនងជាមួយនឹងអ្នកដទៃបានច្រើន អ្នកមិនត្រឹមតែបានស្គាល់ បានរាប់អានពួកគេនោះទេ តែអ្នកថែមទាំងអាចទទួលបានគំនិតថ្មីៗជាច្រើនពីពួកគេ។ ដូចនេះបើអ្នកនៅខ្វះជំនាញទំនាក់ទំនងជាមួយនឹងអ្នកដទៃនៅឡើយទេ កុំរៀនអនុវត្តជំនាញមួយនេះជាមួយនឹងមិត្តភក្តិ មិត្តរួមការងារ ឬចូលរួមកម្មវិធីប្រកួតប្រជែងនានា ដើម្បីលត់ដំខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលពោរពេញទៅដោយទំនុកចិត្តនិងភាពហានក្លាក្នុងការទំនាក់ទំនង។

៣. ជំនាញស្រាវជ្រាវ

ជំនាញស្រាវជ្រាវនេះគឺជាជំនាញមួយដែលសំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះយើងមិនអាចចាំតែគេប្រាប់ ចាំតែគ្រូបង្ហាញទើបយើងដឹង ទើបយើងចេះនោះទេ យើងគប្បីចេះឈ្វេងយល់ ចេះមានការងឿងឆ្ងល់ និងចេះស្រាវជ្រាវដោយខ្លួនឯងទើបប្រសើរ។ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សហាក់បីដូចជាពុំសូវចូលចិត្តការសិក្សាស្រាវជ្រាវនេះប៉ុន្មាននោះទេ ដោយសារតែអ្នកខ្លះគិតថាការស្រាវជ្រាវមានភាពស្មុគស្មាញសម្រាប់គាត់ ឬអាចមកពីគាត់ពុំសូវមានពេលច្រើនក្នុងការស្រាវជ្រាវជាដើម ឬដោយសារតែពីមុនគាត់ធ្លាប់តែទទួលបាននូវចម្លើយស្រាប់ៗពីអ្នកដទៃ អញ្ចឹងពេលដែលចាប់ធ្វើខ្លួនឯងក៏មានអារម្មណ៍ថាពិបាក។ តែយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានជំនាញខាងផ្នែកស្រាវជ្រាវនេះ បូករួមទាំងដឹងពីប្រភពច្បាស់លាស់ដែលយើងអាចទទួលបាននូវពត៌មាននោះ អ្នកប្រាកដជាដឹងអ្វីៗច្រើនជាងអ្នកដទៃ។

៤. ជំនាញដោះស្រាយបញ្ហា

មនុស្សពេលដែលគាត់ជួបបញ្ហា ភាគច្រើនគាត់ចូលចិត្តរត់គេច តែងតែចូលចិត្តទុកបញ្ហាទាំងនោះចោលដោយមិនរវីរវល់នឹងវា ដោយសារតែពួកគាត់ខ្វះជំនាញក្នុងការដោះស្រាយបញ្ហានេះឯង ពោលគឺគាត់មិនដឹងថាតើគួរតែដោះស្រាយជាមួយនឹងបញ្ហាទាំងនោះដោយរបៀបណាទើបល្អ?

ដូចនេះបើសិនជាអ្នកមានជំនាញដោះស្រាយបញ្ហានេះ ជីវិតរបស់អ្នកប្រាកដជាពោរពេញទៅដោយភាពស្រស់ស្រាយ និងសេចក្ដីសុខផ្លូវចិត្ត។

៥. ជំនាញក្នុងការគិតវិភាគ បង្កើនគំនិតច្នៃប្រឌិត

ជំនាញនៃការគិត ការវិភាគគឺជាជំនាញមួយដែលមានសារៈសំខាន់ខ្លាំងមែនទែននៅឯកន្លែងធ្វើការ ព្រោះវាគឺជារឿងដែលសំខាន់ក្នុងការប្រមូលយកនូវទិន្នន័យ ដោះស្រាយបញ្ហាស្មុគស្មាញ បង្កើតការសម្រេចចិត្តដ៏ល្អ ព្រមទាំងអាចចាប់ផ្ដើមប្រតិបត្តិការបានល្អ។ ហើយប្រសិនបើអ្នកចង់បង្កើនការគិត និងគំនិតច្នៃប្រឌិតឲ្យកាន់តែខ្លាំង អ្នកគប្បីរៀនសង្កេតទៅលើអ្វីដែលកំពុងតែប្រែប្រួលនាបច្ចុប្បន្ននេះ ដូចជា ការប្រែប្រួលនូវបច្ចេកវិទ្យា សេដ្ឋកិច្ច ក៏ដូចជាស្ថានភាពសង្គមជាដើម តែមិនមែនជាការតាមដាន វិភាគអំពីរឿងរ៉ាវគ្រួសាររបស់អ្នកដទៃនោះទេ។

៦. ជំនាញក្នុងការសម្រេចចិត្ត

បើសិនជាអ្នកពូកែខាងផ្នែកជំនាញក្នុងការសម្រេចចិត្តមួយអ្នក ដឹងថាពេលណាត្រូវសម្រេចចិត្តថា Yes/No និងមានភាពឈ្លាសវៃក្នុងការសម្រេចចិត្ត នោះអ្នកប្រាកដជាអាចបោះជំហានបានមុនគេ និងអាចទទួលបានឱកាសបានច្រើនជាងគេ រីឯអ្នកដែលនៅអ៊ែរអង់មិនហ៊ានសម្រេចចិត្ត ប្រាកដជាមិនអាចដើរបានលឿនដូចគេនោះទេ។ ដូចនេះអ្នកគួរតែរៀនសម្រេចចិត្តឲ្យបានត្រឹមត្រូវ។

៧. ជំនាញក្នុងការដឹកនាំ

Business Meeting

ជំនាញដឹកនាំនេះ ក៏ជាជំនាញមួយដែលអ្នកគួរតែចេះដែរ ព្រោះមិនថានៅក្នុងជីវិតរបស់អ្នក មិនថានៅក្នុងក្រុមហ៊ុនឬក្រុមការងារនោះទេ គឺចាំបាច់ត្រូវតែមានអ្នកដឹកនាំមួយដែលមានបុគ្គលិកលក្ខណៈគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមឲ្យឆ្ពោះទៅរកភាពរីកចម្រើន។ ដូចនេះប្រសិនបើអ្នកមានជំនាញមួយនេះបន្ថែមទៀត ការងាររបស់អ្នក ជីវិតរបស់អ្នកនឹងឆ្ពោះទៅរកវឌ្ឍនភាព។