spot_img
spot_img

ឈ្វេងយល់ពី Social Media Marketing

-

Social Media Marketing បើបកជាភាសាខ្មែរ គឺ “ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម” ហើយមានន័យថា សកម្មភាពនៃការបង្កើតខ្លឹមសារមាតិកាដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មនិងផលិតផលរបស់អ្នក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដូចជាហ្វេសប៊ុក Instagram និងTwitter។ ខ្លឹមសារមាតិការពិសេសរបស់អ្នក គួរតែរៀបចំតាមវេទិកាជាក់លាក់ដែលវាត្រូវបានចែករំលែកដើម្បីជួយអ្នកបង្កើនការបម្លែងពីមនុស្សតាមដានធម្មតារហូតក្លាយជាអតិថិជននិងបង្កើនការយល់ដឹងអំពីម៉ាកយីហោរបស់អ្នក។

អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

1. បង្កើនការយល់ដឹងអំពីម៉ាកយីហោ

បច្ចុប្បន្ននេះ មនុស្សភាគច្រើនចូលចិត្តចំណាយពេលវេលាច្រើននៅលើបណ្ដាញសង្គម ដូច្នេះវាជាហេតុផលមួយ ដោយអ្នកអាចបង្កើតខ្លឹមសារមាតិកាដែលមានភាពជាប់ទាក់ទងនឹងផលិតផលរបស់អ្នក ដូចជាព័ត៌មានលម្អិតអំពីក្រុមហ៊ុនរបស់អ្នក តាមរយៈការផ្សព្វផ្សាយនៅលើវេទិការបណ្ដាញសង្គមណាមួយដែលអតិថិជនគោលដៅរបស់អ្នកតែងតែចំណាយពេលក្នុងការលេង។

ប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបាន boost brand awareness ដើម្បីបង្កើនការយល់ដឹងអំពីម៉ាកយីហោដោយជំរុញឱ្យមានការចូលរួមតាមបណ្ដាញសង្គម ដូចជាមតិយោបល់ (Comment) ការចូលចិត្ត (Like) ការចែករំលែក(Share)និងការបង្ហោះឡើងវិញ។ ប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ជួយអ្នកបង្កើនការយល់ដឹងអំពីយីហោ ដោយបង្ហាញផ្លូវឱ្យអតិថិជនធ្វើសកម្មភាពឆ្ពោះទៅកាន់គេហទំព័ររបស់អ្នក។

2. បង្កើត Leads & Boost Conversions

ការផ្សព្វផ្សាយនិងការចែករំលែកផលិតផលរបស់អ្នកនៅលើបណ្តាញសង្គម គឺជាវិធីសាមញ្ញមួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការបង្កើត lead, boost conversionsនិងបង្កើនការលក់ ពីព្រោះអ្នកកំពុងផ្សព្វផ្សាយដល់មនុស្សកំពុងចូលរួមជាមួយអ្នក មានន័យថា មនុស្សទាំងនោះបានតាមដាន (Following) ក្នុងគណនីរបស់អ្នក។ (ចំណាំ៖ Lead សំដៅលើ ក្រុមមនុស្សដែលជាគោលដៅធំបំផុតដើម្បីចាប់យក ឬអាចនិយាយបានថា ក្រុមអតិថិជនដែលមានសក្ដានុពលខ្ពស់បំផុត)

ខាងក្រោមនេះ គឺជាឧទាហរណ៍ខ្លះនៃវិធីដែលអ្នកអាចធ្វើបានក្នុងការបង្កើតចំនួន Lead ​ឱ្យបានកាន់តែច្រើនបំផុត

  • បង្កើតការប្រកួតប្រជែង សម្រាប់អ្នកទស្សនានិងអ្នកតាមដានរបស់អ្នក ដើម្បីទាក់ទាញឱ្យពួកគេចូលរួមសកម្មភាពនានាក្នុងទម្រង់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក
  • បញ្ចូលតំណភ្ជាប់ទៅគេហទំព័ររបស់អ្នកនិងការផ្តល់ជូន នៅក្នុងផ្នែកជីវប្រវត្តរូប (profiles) របស់អ្នក
  • Host live videos ដើម្បីធ្វើសេចក្ដីប្រកាសអំពីផលិតផលនិងផ្តល់ព័ត៌មានថ្មីៗ ឬព័ត៌មានលម្អិតអំពីព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្រុមហ៊ុនរបស់អ្នក
  • អនុវត្តយុទ្ធនាការទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គមនៅលើឆាណែលណាមួយរបស់អ្នក
  • លក់ផលិតផលរបស់អ្នក តាមរយៈគណនីបណ្ដាញសង្គមរបស់អ្នក ឧទាហរណ៍ អ្នកអាចបង្កើតផេកលក់លើផលិតផលរបស់អ្នកជាដើម
3. ពង្រឹងទំនាក់ទំនងជាមួយអតិថិជន

ការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់អ្នកតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក ជាវិធីមួយដែលអាចបង្កើតទំនាក់ទំនងយូរអង្វែងរវាងពួកគេនិងអាជីវកម្មរបស់អ្នក។

ដើម្បីភ្ជាប់ទំនាក់ទំនង និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនឱ្យកាន់តែល្អ អ្នកត្រូវ

  • ធ្វើអន្តរកម្មជាមួយពួកគេនៅលើការផ្សព្វផ្សាយរបស់អ្នក ដោយឆ្លើយតបទៅនឹងសំណួរនិងមតិយោបល់របស់ពួកគេ ហើយផ្តល់ឱ្យពួកគេនូវជំនួយណាមួយដែលពួកគេត្រូវការ។
  • សួរអ្នកតាមដាន(Followers)ឬអតិថិជនរបស់អ្នកអំពីផលិតផលរបស់អ្នក ទាំងចំណុចពេញចិត្តនិងមិនពេញចិត្ត
  • អាចផ្ដល់ជាការដូរទៅកាន់អតិថិជន ដើម្បីជួយអ្នកកសាងភាពជឿជាក់និងបង្ហាញពួកគេថា អ្នកបានផ្ដល់តម្លៃសម្រាប់ពួកគេ ព្រមទាំងអរគុណដែលបានគាំទ្រផលិតផលរបស់អ្នកជាដើម
4. រៀនសូត្រពីដៃគូប្រកួតប្រជែង

ប្រព័ន្ធផ្សព្វផ្សាយសង្គម អនុញ្ញាតឱ្យអ្នកមើលថាអ្វីជាអ្វីនិងអ្វីដែលមិនដំណើរការសម្រាប់ការប្រកួតប្រជែងរបស់អ្នក ដូច្នេះវាជួយអ្នកឱ្យសម្រេចចិត្តថាតើគួរឬមិនគួរក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអ្នក? បន្ទាប់ការពិនិត្យមើលគណនីបណ្ដាញសង្គមរបស់ដៃគូប្រកួតប្រជែងរបស់អ្នក ដើម្បីរៀនសូត្របន្ថែមទៀត ដោយអាចជួយអ្នកធ្វើឱ្យប្រាកដថាទីផ្សាររបស់អ្នកមានភាពលេចធ្លោនិងមានតែមួយគត់ចំពោះម៉ាកយីហោរបស់អ្នក។

របៀបបង្កើតយុទ្ធសាស្រ្ត Social Media Marketing

1. សិក្សាស្រាវជ្រាវពីអ្នកទិញជាបុគ្គលម្នាក់ៗ និងទស្សនិកជនរបស់អ្នក

ជំហានដំបូងក្នុងការបង្កើតយុទ្ធសាស្រ្ត social media marketing គឺកំណត់អ្នកទិញនិងទស្សនិកជនរបស់អ្នក បន្ទាប់មកកំណត់គោលដៅដែលជាតម្រូវការនិងចំណាប់អារម្មណ៍របស់ពួកគេឱ្យបានត្រឹមត្រូវ។

ក្រោយពីបានពិចារណាលើអ្នកទិញជាបុគ្គលម្នាក់ៗនិងទស្សនិកជនរបស់អ្នក បន្ទាប់មកកំណត់ថាតើមាតិកាប្រភេទណាដែលនឹងទាក់ទាញចំណាប់អារម្មណ៍អ្នកតាមដាននិងអតិថិជនរបស់អ្នក?

ខាងក្រោមនេះ ជា Featured ដែលអ្នកអាចសាកល្បងឈ្វេងយល់និងប្រើប្រាស់

2. កំណត់វេទិកាសង្គមណាមួយដែលអ្នកនឹងធ្វើទីផ្សារ

ក្នុងនាមជាអ្នកទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម កិច្ចការដែលសំខាន់គឺការកំណត់ថាតើវេទិកាណាមួយដែលអ្នកនឹងចែករំលែកខ្លឹមសារមាតិការបស់អ្នក? ហើយអ្វីដែលអ្នកត្រូវគិតបន្ទាប់នោះ គឺតម្រូវការរបស់ទស្សនិកជន គោលដៅរបស់អ្នក និងកន្លែងដែលទស្សនិកជនរបស់អ្នកតែងតែចំណាយពេលវេលាច្រើនជាមួយវា។

ខាងក្រោមនេះ ជា Featured ដែលអ្នកអាចសាកល្បងឈ្វេងយល់និងប្រើប្រាស់

3. បង្កើតមាតិកាថ្មីៗ និងទាក់ទាញ

ដើម្បីជួយអ្នកឱ្យមានភាពច្នៃប្រឌិតក្នុងការបង្កើតមាតិកាថ្មីៗនិងមានភាពលេចធ្លោដោយអាចទាក់ទាញទស្សនិកជនរបស់អ្នកបានកាន់តែច្រើម អាចអនុវត្តន៍តាមវិធីខាងក្រោម

  • គិតពិចារណាលើខ្លឹមសារមាតិកាដែលគូប្រជែងរបស់អ្នកកំពុងចែករំលែក ឬ កំពុងផ្សព្វផ្សាយនៅលើបណ្ដេញសង្គម និងរបៀបដែលអ្នកអាចផ្សព្វផ្សាយផលិតផលរបស់អ្នកដោយឡែកពីគេ ដើម្បីធ្វើការប្រៀបធៀប និងកែតម្រូវឱ្យមានភាពល្អជាងមុន។
  • ទាញយកអត្ថប្រយោជន៍ពីលក្ខណៈពិសេសដែលផ្តល់ដោយវេទិកាដែលអ្នកកំពុងប្រើឧទាហរណ៍ អ្នកអាចបង្កើតវីដេអូបន្តផ្ទាល់នៅលើ Facebook ដើម្បីចែករំលែកព័ត៌មានលំអិតហើយចុងបញ្ចប់វីដេអូ អាចចេញលក់ផលិតផល ឬធ្វើការផ្តល់ជូនកាដូរជាដើម។
  • ប្រើប្រាស់អតិថិជននិងអ្នកប្រម៉ូដបច្ចុប្បន្នរបស់អ្នក ដើម្បីជួយអ្នកបង្កើតខ្លឹមសារមាតិកា ដោយអ្នកអាចបង្ហោះខ្លឹមសារមាតិការបស់ពួកគេឡើងវិញ ឬ លើកទឹកចិត្តឱ្យពួកគេប្រើ hashtag(#)ដើម្បីចែករំលែកបទពិសោធន៍ និងរូបភាពរបស់ពួកគេជាមួយនឹងផលិតផលរបស់អ្នក។
4. រៀបចំកាលវិភាគសម្រាប់ការផ្សព្វផ្សាយរបស់អ្នក

ដើម្បីធានាថាខ្លឹមសារមាតិការបស់អ្នក ត្រូវបានផ្សព្វផ្សាយដូចអ្វីដែលបានគ្រោងទុក គឺត្រូវប្រើដំណោះស្រាយគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម (social media management solution) ហើយ ឧបករណ៍ទាំងនេះអនុញ្ញាតឱ្យអ្នកសរសេរចំណងជើង រៀបចំរូបភាព វីដេអូ និងកំណត់ពេលផ្សព្វផ្សាយជាមុន(schedule posts)។ លើសពីនេះ ក៏ឧបករណ៍ទាំងនេះអាចចែករំលែកមាតិការបស់អ្នកដោយស្វ័យប្រវត្តិតាមកាលវិភាគ តាមដានរាល់អន្តរកម្ម និងការចូលរួមរបស់អ្នកក្នុងការបង្ហោះ។ ដំណោះស្រាយគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គម ជួយសន្សំសំចៃពេលវេលារបស់អ្នក និងអនុញ្ញាតឱ្យអ្នកផ្តោតលើកិច្ចការផ្សេងទៀតរបស់អ្នក។

ឧបករណ៍ដំណោះស្រាយគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ (social media management solution tools) រួមមាន៖

5. វិភាគផលប៉ះពាល់ និងលទ្ធផលរបស់អ្នក

អ្វីដែលសំខាន់បំផុតនៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម គឺការធានាឱ្យបាននូវភាពជោគជ័យដោយអាចសម្រេចបាននូវគោលដៅរបស់អ្នក ដូច្នេះទាមទារឱ្យអ្នកត្រូវតាមដានរាល់ការបង្ហោះរបស់អ្នកនៅគ្រប់ឆាណែល និងពិនិត្យមើលព្រមទាំងគ្រប់គ្រង រង្វាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Metrics) របស់អ្នក។

Social Media Metrics គឺជាទិន្នន័យដែលទាក់ទងនឹងភាពជោគជ័យនៃការបង្ហោះរបស់អ្នក និងការមានឥទ្ធិពលទៅលើទស្សនិកជន និងអតិថិជនរបស់អ្នកនៅលើវេទិកាផ្សេងៗ។ metrics(រង្វាស់) ទាំងនេះ រួមមាន engagement, likes, follows, shares និងអន្តរកម្មផ្សេងទៀតដែលមានលើវេទិកានីមួយៗ។

រង្វាស់សំខាន់ៗចំនួន 10 ខាងក្រោម សម្រាប់អ្នកដើម្បីតាមដាន៖

  • Engagement រួមបញ្ចូលការ ចុចចូលមើល, Comments, Likes និងឆ្លើយតបនៅលើការផ្សព្វផ្សាយរបស់អ្នក
  • Reach ជាចំនួន​មនុស្ស​ដែល​បាន​មើលឃើញ​មាតិកាខ្លឹមសារ​នៅលើផេក​ឬ​គណនី​របស់​អ្នក
  • Followers ជាចំនួនមនុស្សដែលបានចុច​ Follow លើគណនីផ្ទាល់ខ្លួន ឬនៅផេករបស់អ្នក
  • Impressions ជាចំនួនដងដែលមនុស្សបានមើលឃើញការផ្សព្វផ្សាយមាតិកាខ្លឹមសាររបស់អ្នកនៅលើផេក
  • Video views នៅលើ Facebook, Snapchat, Instagram ឬបណ្តាញសង្គមផ្សេងទៀត ដែលអាចធ្វើវីដេអូ ហើយនេះគឺជាចំនួននៃការមើលដែលមនុស្សម្នាក់ៗទទួលបានការទស្សនា
  • Profile visits ជាចំនួនមនុស្សដែលបានបើកទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក (ផេករបស់អ្នក) គឺជាចំនួនអ្នកចូលមើលប្រវត្តិរូប (Profile)របស់អ្នក។
  • Mentions ជាចំនួនដងដែលគណនីរបស់អ្នក ត្រូវបានmentionsដោយសមាជិកទស្សនិកជននៅក្នុងការបង្ហោះរបស់ពួកគេ។
  • Tags ជាពេលដែលទស្សនិកជនរបស់អ្នកបានបន្ថែមឈ្មោះនៃទម្រង់ក្រុមហ៊ុនរបស់អ្នក ឬ hashtag របស់អ្នកទៅផ្សព្វផ្សាយផ្សេងទៀត។
  • Reposts ជាពេលដែលសមាជិកនៃទស្សនិកជនរបស់អ្នក បង្ហោះខ្លឹមសាររបស់អ្នកនៅលើកម្រងព័ត៌មានរបស់ពួកគេ។
  • Shares ជាការផ្សព្វផ្សាយឬចែករំលែកបន្ត ដែលអ្នកតាមដាននិងទស្សនិកជនរបស់អ្នក យកចេញពីគណនីរបស់អ្នក ហើយចែករំលែកជាមួយបណ្តាញរបស់ពួកគេ។
Sann Thaven
Sann Thavenhttp://www.kumnit.com
គឺជាអ្នកបង្កើតគំនិត និងសរសេរមាតិកា ពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ភាពជាអ្នកដឹកនាំ សេវាកម្មអតិថិជន ទីផ្សារ ការលក់ និងអាជីពការងារ។ កញ្ញាគឺជានិស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តជាតិ។ ចំណង់ចំណូលចិត្ត គឺរៀនអ្វីថ្មីៗ និងចូលរួមកិច្ចការងារសង្គម។

រៀនពីអ្វីថ្មីៗ

spot_img

អត្ថបទថ្មិៗ