ដើម្បីក្លាយខ្លួនជាអ្នកលក់ឆ្នើមម្នាក់តើអ្នកត្រូវមានឥរិយាបទបែបណាខ្លះ?

1267
Cropped shot of a group of businesspeople putting their hands together in a huddle

ក្រមសីលធម៌ និងមារយាទគឺជារឿងមួយសំខាន់ដែលបុគ្គលិកផ្នែកលក់គ្រប់រូបត្រូវតែគិតដល់ និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ព្រោះបើសិនជាអ្នកចង់ឲ្យមានអ្នកទិញច្រើននៅក្នុងហាងរបស់អ្នក ហើយចង់បង្កើននូវប្រាក់ចំណូលឲ្យបានកាន់តែច្រើនផងនោះ ជាដំបូងអ្នកត្រូវតែរៀបចំឥរិយាបទ និងអត្តចរិករបស់អ្នកឲ្យបានល្អប្រសើរនិងគួរឲ្យគោរពស្រលាញ់ជាមុនសិន។

ដូចនេះតើអ្នកត្រូវធ្វើបែបណាដើម្បីឲ្យខ្លួនអ្នកមានក្រមសីលធម៌ និងមានមារយាទល្អ?

១. ក្រមសីលធម៌របស់អ្នកលក់

ក្រមសីលធម៌គឺសំដៅទៅលើគោលការណ៍ដែលអ្នកត្រូវតែអនុវត្តន៍នៅក្នុងវិស័យនៃការលក់ ដើម្បីបង្ហាញពីភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហ្មត់ចត់និងច្បាស់លាស់របស់អ្នកលក់ ទៅកាន់អ្នកទិញ។ហើយគោលការណ៍ដែលអ្នកលក់ត្រូវតែប្រតិបត្តិនោះរួមមាន៖

  • ត្រូវមានភាពស្មោះត្រង់ សុចរិតភាពចំពោះអតិថិជន មិត្តរួមអាជីពនិងក្រុមហ៊ុន
  • ត្រូវរក្សាការសម្ងាត់រប​ស់ក្រុមហ៊ុន និងអាថ៌កំបាំងរប​ស់អតិថិជន
  • ត្រូវផ្ដល់សេវាកម្មមួយដែលល្អ ដែលរហ័ស ដើម្បីជួយឲ្យអតិថិជនអ្នកកាន់តែមានភាពងាយស្រួល
  • មិនបញ្ចុះថ្លៃឬស្នើឲ្យបញ្ចុះតម្លៃទំនិញដើម្បីធ្វើជាការអូសទាញចិត្តអតិថិជនឲ្យទិញទំនិញ
  • មិនត្រូវនិយាយកុហក ឬនិយាយអាក្រក់ បង្ខូចកេរ្តិ៍ឈ្មោះអ្នកលក់ឬក្រុមហ៊ុនដទៃទៀត
  • មិនដណ្ដើមអតិថិជនរប​ស់អ្នកដទៃដែលកំពុងតែទាក់ទងការលក់ជាមួយគ្នា
  • មានទិចនិកលក់យ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យអតិថិជនបានយល់ពីការពិតឲ្យបានត្រឹមត្រូវ។
  • ឧស្សាហ៍សិក្សាស្វែងយល់ពីចំណេះនិងជំនាញផ្សេងៗដែលខ្លួនកំពុងតែខ្វះខាត

Boss, Ethics, Morality, Credibility

២. មារយាទរបស់អ្នកលក់

មារយាទគឺជា សកម្មភាព អាកប្បកិរិយា ឬពាក្យសម្ដីរបស់អ្នកលក់ដែលតែងប្រើប្រាស់ជាទម្លាប់ប្រចាំថ្ងៃ ដើម្បីឆ្លើយតបនូវពាក្យសម្ដី ឬការណែនាំទៅឲ្យអតិថិជនបានស្ដាប់។ ហើយដើម្បីរក្សានូវឥរិយាបទនិង មានមារយាទល្អប្រពៃ អ្នកលក់គួរតែ៖

  • មិនទិតៀនទំនិញរបស់ក្រុមហ៊ុនដទៃ និងមិនបង្ខូចកេរ្តិ៍ឈ្មោះដៃគូប្រកួតប្រជែងបែបជាន់ពន្លិច
  • មិននិយាយពីអតិថិជនដទៃក្នុងលក្ខណៈជាការរិះគន់ ឬបន្ទុចបន្អាប់
  • ប្រើភាសាដែលពិរោះទន់ភ្លន់ និងនិយាយក្នុងផ្លូវវិជ្ជមានជានិច្ច
  • មានកិរិយា វាចា និងឫកពា បែបផ្ដល់កិត្តិយសដល់អតិថិជន តែមិនហួសហេតុពេកដល់ថ្នាក់មើលមិនសមនោះទេ
  • មិននិយាយពាក្យរិះគន់ ឬ និយាយពាក្យមិនគួរគប្បីស្ដាប់ដាក់បុគ្គលិកគ្នាឯង
  • មិនត្រូវនិយាយពីរឿងរ៉ាវរបស់ខ្លួនឯងហួសហេតុពេកប្រាប់អតិថិជន រហូតធ្វើឲ្យពួកគេមានអារម្មណ៍ធុញទ្រាន់
  • មិនជក់បារី និង មិនលេងទូរស័ព្ទនៅចំពោះមុខអតិថិជន។

 

ដូចនេះដើម្បីអភិវឌ្ឍន៍ខ្លួនអ្នកឲ្យក្លាយជាអ្នកលក់ដ៏ពូកែ ដ៏អស្ចារ្យម្នាក់ ជំហានដំបូង អ្នកត្រូវតែរៀបចំនូវឥរិយាបទ ឥរិយាមារយាទរបស់អ្នកឲ្យបានត្រឹមត្រូវនិងសមរម្យទៅតាមកាលៈទេសៈទើបជាការប្រសើរ។ហើយចំពោះចំណុចដែលពួកយើងបានរៀបរាប់ខាងលើនេះគឺសុទ្ធសឹងតែជាចំណុចល្អៗដែលអ្នកគួរតែអនុវត្តន៍ដើម្បីខ្លួនអ្នកនិងក្រុមហ៊ុនរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។