ដើម្បីរកស៊ីបាន តើម្ចាស់អាជីវកម្មគួរមានជំនាញអ្វីជាចម្បង?

72
ដើម្បីរកស៊ីបាន តើម្ចាស់អាជីវកម្មគួរមានជំនាញអ្វីជាចម្បង?

ការធ្វើអាជីវកម្ម ជារឿងមួយងាយស្រួលសម្រាប់មនុស្សទូទៅ ប៉ុន្តែការដែលធ្វើឱ្យអាជីវកម្មទាំងនោះកាន់តែជោគជ័យ វាជារឿងដ៏លំបាកបំផុត ដូច្នេះ ដើម្បីធ្វើជាអ្នករកស៊ីម្នាក់បាន ហើយទទួលបានភាពជោគជ័យ ម្ចាស់អាជីវកម្មត្រូវតែមាន ក៏ដូចជាអភិវឌ្ឍន៍ជំនាញទាំងនោះឱ្យបានខ្លាំង។

ជំនាញទាំងនោះ រួមមាន៖

1. សមត្ថភាពយល់ដឹងពីសេដ្ឋកិច្ច

ជំនាញនេះ ជាមូលដ្ឋានដ៏សំខាន់មុននឹងចាប់ផ្ដើមធ្វើអាជីវកម្ម ពីព្រោះការដែលមានសមត្ថភាពយល់ដឹងពីសេដ្ឋកិច្ច វានឹងជួយយើងក្នុងការកំណត់យុទ្ធសាស្រ្តតម្លៃ និងអាចបំពេញតម្រូវការទីផ្សារបានយ៉ាងល្អ។ បន្ថែមពីនេះ វាក៏ជួយឱ្យយើងធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវសម្រាប់ការប្រតិបត្តិការអាជីវកម្ម។

2. ជំនាញវិភាគទិន្នន័យ

ការប្រើប្រាស់ការវិភាគទិន្នន័យ គឺជាវិធីដ៏មានប្រសិទ្ធិភាពដើម្បីមានឥទ្ធិពលនៅក្នុងអាជីវកម្ម ពីព្រោះថា កាលណាដែលយើងមានសមត្ថភាពអាចសង្ខេបសំណុំទិន្នន័យ ស្គាល់ពីទិន្នាការ និងសម្មតិកម្មផ្សេងៗ អាចជួយឱ្យយើងវិភាគបានល្អ ដោយអាចដោះស្រាយនូវបញ្ហាអាជីវកម្មដ៏ស្មុគស្មាញ និងធ្វើការសម្រេចចិត្តលឿន ដើម្បីធ្វើឱ្យអាជីវកម្មកាន់តែទទួលបានអត្ថប្រយោជន៍ខ្ពស់។ ឧទាហរណ៍ជាក់ស្ដែង Microsoft, Uber, និង Blue Apron ប្រើប្រាស់ទិន្នន័យដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មនិងប្រតិបត្តិការរបស់ពួកគេ។

3. ជំនាញគណនេយ្យហិរញ្ញវត្ថុ

ចំណេះដឹងផ្នែកគណនេយ្យ មានសារៈសំខាន់ណាស់នៅក្នុងអាជីវកម្ម។ នៅក្នុងចំណុចនេះ មិនមែនទាមទារឱ្យអ្នកចេះស្ទាត់ជំនាញនោះទេ ប៉ុន្តែតម្រូវឱ្យអ្នកចេះមើលរបាយការណ៍ ដោយអាចដឹងពីរបៀបអាន និងបកស្រាយតារាងតុល្យការ។

ហេតុអ្វីវាមានសារៈសំខាន់? ពីព្រោះ៖

  • អ្នកដឹងច្បាស់ ពីលំហូរសាច់ប្រាក់និងប្រាក់ចំណេញ
  • ជំរុញឱ្យអាជីវកម្មកាន់តែរីកចម្រើន
  • បុគ្គលិកពិបាកនឹងកេងបន្លំ ឬមិនងាយធ្វើខុសរបាយការណ៍
  • ធ្វើឱ្យចរន្តសាច់ប្រាក់ដំណើរការល្អ
4. ជំនាញចរចា

ជំនាញចរចានេះ សំខាន់ណាស់​ប្រសិនបើអ្នកជាអ្នកចរចាដ៏ខ្លាំង នោះអ្នកមិនត្រឹមតែអាចធ្វើឱ្យខ្លួនឯងមានចំណូលខ្ពស់ទេ ថែមទាំងធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើនទៅមុខបាន។ ហើយជួយក្នុងការដោះស្រាយបញ្ហាសំខាន់ៗជាច្រើន មិនថាជាកិច្ចសន្យា ការបញ្ចុះបញ្ចូលឱ្យគេទិញ គេមកវិនិយោគ និងកិច្ចការងារសំខាន់ៗផ្សេងទៀត។

ដើម្បីក្លាយជាអ្នកចរចាខ្លាំងបាន តើត្រូវធ្វើដូចម្ដេច?

  • ត្រូវមានភាពបទបែនលឿន
  • មានគំនិតច្នៃប្រឌិត
  • មានចំណេះដឹងជ្រៅជ្រះ
  • ចេះសិល្បៈនៃការនិយាយ
  • ជាបុគ្គលស្ដាប់ និងដោះស្រាយបញ្ហាលឿន
5. ជំនាញគ្រប់គ្រងអាជីវកម្ម

ការគ្រប់គ្រងដ៏រឹងមាំ គឺជាអ្នកអាចគ្រប់គ្រងចំណុចសំខាន់ៗបានយ៉ាងគ្រប់ជ្រុងជ្រោយនៅក្នុងអាជីវកម្ម។ លើសពីនេះ អាចក្ដោបបានជុំវិញគ្រប់ព័ត៌មាន បន្ទាប់មកចាប់ផ្ដើមយុទ្ធនាការណ៍ដើម្បីដោះស្រាយបញ្ហាណាមួយដែលបានកើតឡើង ចេះជំរុញផលិតភាពការងារក្រុម ក៏ដូចជាបណ្ដុះឱ្យបុគ្គលិកមានសុជីវធម៌ និងមានភាពបទបែន។

6. ជំនាញភាពជាអ្នកដឹកនាំ

ជំនាញនេះសំខាន់ណាស់​​ ពីព្រោះវាអាចជួយយើងបង្កើតភាពជោគជ័យនៅក្នុងអាជីវកម្ម ឬការធ្វើការជាមួយបុគ្គលិក ជួយឱ្យការគ្រប់គ្រងកាន់តែមានឥទ្ធិពល អាចសម្រប និងបទបែនបានគ្រប់កាលៈទេសៈ ហើយតែងតែមានដំណោះស្រាយ ដើម្បីភាពរីកចម្រើននៅក្នុងអាជីវកម្ម។

7. ជំនាញទំនាក់ទំនងដ៏មានប្រសិទ្ធភាព

ការធ្វើអាជីវកម្មដ៏ល្អ គឺពឹងផ្អែកលើការចេះប្រាស្រ័យទាក់ទង ដើម្បីជាជំនួយដល់ការខិតខំប្រឹងប្រែង និងឆាប់សម្រេចគោលដៅរបស់ក្រុមហ៊ុន។

8. ភាពវៃឆ្លាតខាងអារម្មណ៍

នៅក្នុងជំនាញនេះ ទាមទារឱ្យយើងមានសតិបញ្ញាខ្ពស់ ដោយអាចយល់ដឹងបានដោយខ្លួនឯង ការចេះគ្រប់គ្រងខ្លួនឯង ការយល់ដឹងពីសង្គម និងការចេះគ្រប់គ្រងទំនាក់ទំនង។ ជារួមមក វាជាជំនាញមួយ ដែលមានសមត្ថភាពអាចយល់ពីអារម្មណ៍ខ្លួនឯង និងរបៀបដែលវាជះឥទ្ធិពលដល់ស្ថានភាពជាក់ស្ដែង។

9. ជំនាញសម្រេចចិត្ត

នៅក្នុងការធ្វើអាជីវកម្ម គឺមិនអាចចៀសផុតពីបញ្ហានោះទេ ហើយបញ្ហាទាំងនោះ អាចជាបញ្ហាស្មុគស្មាញខ្លាំង ដែលទាមទារឱ្យម្ចាស់អាជីវកម្មមានសមត្ថភាពខ្លាំងក្នុងការសម្រេចចិត្ត។

 

“ចូរចាំថា ការសម្រេចចិត្តបែបណា នោះសកម្មភាព និងលទ្ធផល ក៏ទទួលបានបែបនោះដែរ ”

 

10. ជំនាញបង្កើតបណ្ដាញ

ជំនាញនេះ ពិតជាសំខាន់ ដូច្នេះម្ចាស់អាជីវកម្ម មិនគួររំលងឡើយ។ ប្រសិនបើអ្នកចង់បង្កើតបណ្តាញឱ្យបានច្រើនបំផុត ចូរចាកចេញពីតំបន់សុខស្រួលរបស់អ្នក (comfort zone) និងចាប់ផ្ដើមកសាងទំនាក់ទំនងថ្មី ពេលនោះអ្នកនឹងអាចពង្រីកបណ្តាញទំនាក់ទំនងរបស់អ្នកបានកាន់តែច្រើនជាបន្តបន្ទាប់។