តិចនិកជ្រើសរើសគំនិតអាជីវកម្មឱ្យត្រូវនឹងជំនាញ និងតម្រូវការទីផ្សារ

42
តិចនិកជ្រើសរើសគំនិតអាជីវកម្មឱ្យត្រូវនឹងជំនាញ និងតម្រូវការទីផ្សារ

លោក ធា តុងហ័រ គឺជាស្ថាបនិក Brainology ជាអ្នកជំនាញផ្នែកតេស្តសមត្ថភាពខួរក្បាលពីកំណើត (DMIT)​ និងជាគ្រូបង្វឹកផ្នែកសុខភាពផ្លូវចិត្ត។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យា Brainology គឺជាកម្មវិធីវិទ្យាសាស្រ្តដែលអាចជួយមនុស្សស្វែងរកឃើញទេពកោសល្យ និងមុខជំនាញសិក្សាដែលសមស្របនឹងទេពកោសល្យរបស់ខ្លួនពីកំណើត តាមរយៈការស្កេនស្នាមក្រយ៉ៅម្រាមដៃទាំង 10 របស់មនុស្ស។

នាពេលបច្ចុប្បន្ននេះ លោកតុងហ័រ បានដំណើរការអាជីវកម្មនេះ ប្រកបដោយភាពរលូនអមជាមួយនឹងបទពិសោធន៍ និងចំណេះជំនាញដែលលោកមាន ព្រមទាំងកំពុងមានតម្រូវការទីផ្សារខ្លាំង។ បន្ថែមពីនេះ យុវជនភាគច្រើន ក៏កំពុងមានចំណាប់អារម្មណ៍ខ្លាំងក្នុងការចាប់ផ្ដើមអាជីវកម្មផងដែរ ប៉ុន្តែពួកគេនៅតែមិនទាន់ច្បាស់ថា តើគួរជ្រើសរើសគំនិតអាជីវកម្មបែបណា ទើបឱ្យត្រូវនឹងជំនាញ និងតម្រូវការទីផ្សារ?

បើយោងតាមកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោកតុងហ័រ បានឱ្យដឹងថា តាមរយៈបទពិសោធន៍ និងចំណេះជំនាញផ្ទាល់របស់លោក ដើម្បីអាចជ្រើសរើសគំនិតអាជីវកម្មមួយឱ្យត្រូវនឹងជំនាញ និងតម្រូវការទីផ្សារ គឺត្រូវឆ្លងកាត់ដំណាក់កាលចំនួន 4 រួមមាន៖

1. ផ្ដោតលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន

ចំណុចនេះ យើងត្រូវតែផ្ដោតឱ្យខ្លាំងលើចំណង់ចំណូលចិត្តដែលអ្នកមានតាំងពីកំណើត ហើយផ្សារភ្ជាប់ជាមួយនឹងចំណេះជំនាញដែលអ្នកកំពុងតែមានស្រាប់ឱ្យវាសមស្របជាមួយគ្នាជាមុនសិន។

លោកតុងហ័រ ក៏បានបញ្ជាក់ផងដែរថា ចំពោះយុវវ័យដែលមិនទាន់ចូលរៀនសកលវិទ្យាល័យ អាចមកធ្វើតេស្តសមត្ថភាពខួរក្បាលជាមួយ Brainology ជាមុនសិន ដើម្បីធ្វើឱ្យខ្លួនឯងកាន់តែមានទិសដៅមួយដ៏ត្រឹមត្រូវ ហើយដឹងយ៉ាងច្បាស់ថាខ្លួនឯងគួរតែចាប់យកជំនាញសិក្សាអ្វីឱ្យត្រូវនឹងទេពកោសល្យ និងចំណង់ចំណូលចិត្តពីកំណើតរបស់ខ្លួន។ ហើយនៅពេលចាប់ផ្ដើមប្រឡូកនឹងអាជីពការងារ ក៏វាកាន់តែងាយស្រួលក្នុងការក្រេបជញ្ជក់នឹងបទពិសោធន៍ដ៏ត្រឹមត្រូវ​ និងអាចប្រើប្រាស់ជំនាញដែលខ្លួនមានមកចាប់ផ្ដើមអាជីវកម្មបាន។

ចំពោះអ្នកដែលបានរៀនចប់ថ្នាក់បរិញ្ញាបត្រ ឬចេញធ្វើការហើយ ក៏ប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងមិនចូលចិត្តនូវជំនាញនោះទេ ហើយក៏មានគំនិតចង់ចាប់ផ្ដើមអាជីវកម្មណាមួយលើជំនាញផ្សេងទៀត នោះក៏ជាហានិភ័យផងដែរ ពីព្រោះវាបានធ្វើឱ្យគាត់កាន់តែមិនច្បាស់នឹងខ្លួនឯង ថាអ្វីដែលខ្លួនកំពុងធ្វើនោះ វាសមស្របនឹងទេពកោសល្យ ឬចំណង់ចំណូលចិត្តពេញប្រាកដរបស់គាត់ឬទេ។ ហេតុនេះ លោកតុងហ័រ នៅតែជំរុញឱ្យអ្នកដែលមិនទាន់ច្បាស់នឹងខ្លួនឯង និងចង់ធ្វើអ្វីដែលសមស្របនឹងជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួនឯង ឱ្យមកតេស្តសមត្ថភាពខួរក្បាលនៅ Brainology ជាមុនសិន។

សរុបជារួមនៅត្រង់ចំណុចនេះ ចង់បង្ហាញថា ដើម្បីអាចជ្រើសរើសគំនិតអាជីវកម្មមួយដ៏ត្រឹមត្រូវ គឺទាមទារឱ្យចាប់ផ្ដើមពីអ្វីដែលយើងចូលចិត្តខ្លាំង អ្វីដែលយើងពូកែខ្លាំង និងអ្វីដែលយើងបានរៀនសូត្រស៊ីជម្រៅយកជាជំនាញផ្ទាល់ខ្លួន។

2. ពិនិត្យលើភាពស៊ីគ្នារវាងបែបបទជីវិតដែលយើងចង់រស់នៅ និងធម្មជាតិអាជីវកម្មដែលយើងចង់ធ្វើ

នៅពេលយើងចាប់ផ្ដើមអាជីវកម្មមួយ ធម្មជាតិនៃអាជីវកម្មនោះ វានឹងអាចប៉ះពាល់ទៅលើសុខមាលភាពនៃជីវិតគ្រួសារ និងជីវិតសុខភាពរបស់អ្នកជាដើម តាមរយៈការធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ និងគ្មានពេលវេលាគ្រប់គ្រាន់ដើម្បីថែទាំសុខភាពរបស់អ្នកឱ្យបានល្អ។

ហេតុដូច្នេះ នៅក្នុងចំណុចនេះ ចង់បង្ហាញឱ្យឃើញថា នៅពេលដែលយើងមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មណាមួយសម្រាប់ខ្លួនឯង យើងត្រូវតែពិនិត្យមើលពីភាពស៊ីចង្វាក់គ្នារវាងបែបបទជីវិតដែលអ្នកចង់រស់នៅ និងធម្មជាតិអាជីវកម្មដែលអ្នកចង់ធ្វើ ដើម្បីធ្វើឱ្យប្រាកដថា តើអាជីវកម្មដែលអ្នកចង់ធ្វើនោះ វានឹងអាចមានឥទ្ធិពលប៉ះពាល់ខ្លាំងដែរឬទេមកលើបែបបទជីវិតដែលអ្នកចង់រស់នៅ?

3. ធ្វើតេស្តគំនិតអាជីវកម្មរបស់អ្នក

នៅពេលអ្នកសម្រេចចិត្តថាជ្រើសរើសគំនិតអាជីវកម្មណាមួយដើម្បីចាប់ផ្ដើមហើយ អ្នកអាចចាប់ផ្ដើមធ្វើតេស្តគំនិតអាជីវកម្មនោះ ដើម្បីបញ្ជាក់ថាគំនិតអាជីវកម្មរបស់អ្នកនឹងអាចដំណើរការល្អទេនៅក្នុងតម្រូវការទីផ្សារជាក់ស្ដែង តើវានឹងមានចំណុចពិសេសអ្វី? តើនឹងមានដៃគូប្រកួតប្រជែងកម្រិតណាជាដើម។
បន្ថែមពីនេះ អ្នកអាចធ្វើតេស្តគំនិតអាជីវកម្មរបស់អ្នកជាមួយគ្រួសាររបស់អ្នក មិត្តភក្តិរបស់អ្នក និងជាមួយមនុស្សដែលអ្នកបានស្គាល់ ជាពិសេសធ្វើតេស្តជាមួយនឹងអ្នកដែលមានបទពិសោធន៍ ឬមានជំនាញលើឧស្សាហកម្មដែលអ្នកកំពុងចង់ធ្វើនោះ ដើម្បីឈ្វេងយល់បន្ថែមពីគំនិតអាជីវកម្មរបស់អ្នក ថាមានអ្វីត្រូវកែតម្រូវ និងអាចដំណើរការល្អឬទេនៅក្នុងទីផ្សារជាក់ស្ដែង។ លើសពីនេះ អ្នកក៏អាចចងក្រងជាសំណួរដើម្បីស្ទង់មតិជាមួយក្រុមមនុស្សតាមការកំណត់របស់អ្នកទៅតាមតំបន់នានា និងតាមប្រព័ន្ធអនឡាញជាដើម។

4. សរសេរផែនការអាជីវកម្ម

ការសរសេរផែនការអាជីវកម្ម គឹវាមានសារៈសំខាន់ណាស់ ពីព្រោះវានឹងបង្ហាញលម្អិតអំពីគោលដៅអាជីវកម្មដែលយើងចង់សម្រេច និងវិធីសាស្រ្តដើម្បីសម្រេចនូវគោលដៅទាំងនោះ។

ផែនការអាជីវកម្ម គឺជាដំណើរការសំខាន់មួយដែលជួយឱ្យយើងធ្វើការពិនិត្យតាមដានស៊ីជម្រៅ និងច្បាស់លាស់ពីភាពដែលអាចទៅរួច និងភាពដែលអាចយកជាការបាននៅក្នុងគំនិតអាជីវកម្មរបស់អ្នកទាំងមូល។