តើការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាអ្វី?

6351
ការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាផ្នែកមួយនៃការធ្វើទីផ្សាររបស់ក្រុមហ៊ុនឬម្ចាស់អាជីវកម្មតាមរយះការពិព័ណ៌នា បង្ហាញ ណែនាំអំពីផលិតផលឬសេវាកម្មរបស់អ្នកក្នុងគោលបំណងអោយអតិថិជនបានស្គាល់។ ​​​​​​​​​​​លើសពីនេះទៅទៀតគោលបំណងដ៏ធំបំផុតនៃការផ្សព្វផ្សាយពាណិជ្ជកម្មគឺធ្វើយ៉ាងណាអោយមានកំណើននៃការលក់។

ដូចដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាការផ្សព្វផ្សាយពាណិជ្ជកម្មគឺពិតជាចាំបាច់ណាស់សម្រាប់អាជីវកម្ម ។ ប៉ុន្តែវាអាចនឹងក្លាយទៅជាការចំណាយដ៏ខ្ជះខ្ជាយនិងខាតពេលឥតប្រយោជន៍ទៅវិញប្រសិនបើការផ្សព្វផ្សាយពាណិជ្ជកម្មនោះមិនទទួលបានការចាប់អារម្មណ៍ពីអតិថិជនរបស់អ្នក។ កំហុសឆ្គងដ៏ធំបំផុតនៃវីដេអូ ឬ ផ្ទាំងពាណិជ្ជកម្មភាគច្រើនគឺកង្វះនូវភាពច្នៃប្រឌិត គ្មានភាពទាក់ទាញ មិនគួរអោយចាប់អារម្មណ៍ និងមិនគួរអោយចងចាំ ។

ជាក់ស្តែងដូចជាវីដេអូពាណិជ្ជកម្មរបស់ក្រុមហ៊ុនរថយន្តស៊េរីទំនើបមួយនៅរដ្ឋ Chicago ដែលបានបង្ហាញអំពីរថយន្តទំនើបដ៏ថ្មីស្រទ្បាងមួយគ្រឿងអមជាមួយនឹងរូបរាងដ៏គួរអោយទាក់ទាញដែលកំពុងធ្វើដំណើរយ៉ាងលឿនក្នុងរយះចំងាយ ១០០ម៉ាយ៍( miles)​​​​​​​​​​​​​ក្នុងមួយម៉ោងតាមជម្រាលភ្នំ ។ ​​​ប៉ុន្តែអ្វីដែលជាការពិតនោះគឺនៅរដ្ឋ Chicago គ្មានភ្នំនោះទេ រីឯល្បឿនកំណត់ក្នុងការបើកបរ វិញគឺ ៦០ ម៉ាយ៍ក្នុងមួយម៉ោង។ ដូចនេះកំហុសដ៏ធំបំផុតរបស់អ្នកផលិតវីដេអូពាណិជ្ជកម្មមួយនេះគឺជាភាពខ្វះខាតក្នុងការគិតវិភាគអោយបានល្អិតល្អន់ពីស្ថានភាពជាក់ស្តែង។ ជាលទ្ធផលនៃការផ្សព្វផ្សាយពាណិជ្ជកម្មនេះមិនបានទទួលការគាំទ្រនិងការពេញចិត្តពីអតិថិជនទ្បើយ ​ដែលជាហេតុធ្វើអោយក្រុមហ៊ុនត្រូវខាតបង់ថវិកានិងពេលវេលាឥតប្រយោជន៍។
ដូច្នេះប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម មុននឹងសម្រេចចិត្តធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម អ្នកគួរតែសួរខ្លួនឯងជាមុនសិនថា តើការផ្សព្វផ្សាយនោះអាចបង្កើននូវចំណាប់អារម្មណ៍របស់អតិថិជនមកលើអាជីវកម្មរបស់អ្នកឬក៏អត់? ឬក៏អ្នកអាចចំណាយលុយទាំងនោះទៅលើការអភិវឌ្ឍន៍នូវផលិតផលឬសេវាកម្មរបស់អ្នកអោយប្រសើរជាងមុនវិញ?
សាកគិតទៅមើលថាប្រសិនបើផលិតផលឬសេវាកម្មរបស់អ្នកល្អប្រសើរជាងមុនវាអាចជួយអ្នកក្នុងការកាត់បន្ថយការចំណាយលើការផ្សព្វផ្សាយពាណិជ្ជកម្មបានមួយចំនួនធំ។ កាលណាគុណភាពនៃផលិតផលឬសេវាកម្មរបស់អ្នកកាន់តែល្អប្រសើរទ្បើងហើយនោះអ្នកប្រាកដជាទទួលបាននូវការពេញចិត្តនិងទំទុកចិត្តពីអតិថិជនជាក់ជាមិនខាន​។ បន្ទាប់មកពួកគេនឹងត្រទ្បប់មកទិញផលិតផលឬសេវាកម្មរបស់អ្នកម្តងទៀតដោយពុំចាំបាច់មានការផ្សព្វផ្សាយពាណិជ្ជកម្មទ្បើយ។ លើសពីនេះទៅទៀតពួកគេអាចនឹងណែនាំ អំពីផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់មិត្តភក្តិ គ្រួសារនិងមនុស្សជុំវិញខ្លួនរបស់ពួកគេដែលអាចទាក់ទាញនូវអតិថិជនថ្មីៗជាច្រើន​ដែលនេះគឺជាជោគជ័យមួយដ៏ធំនៃអាជីវកម្ម។
ប៉ុន្តែមិនមែនមានន័យថារាល់អាជីវកម្មទាំងអស់សុទ្ធតែមិនចាំបាច់ត្រូវធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់នោះទេ។ ដូចដែលបាននិយាយពីខាងលើរួចមកហើយថាការផ្សព្វផ្សាយពាណិជ្ជកម្មគឺជាមធ្យោបាយមួយដែលអ្នកអាចបង្ហាញពីផលិតផលឬសេវាកម្មរបស់អ្នកអោយអតិថិជនបានស្គាល់ ដូច្នេះអ្នកគួរតែព្យាយាមបង្កើតនូវផ្ទាំងឬវីដេអូពាណិជ្ជកម្មដែលប្រកបភាពច្នៃប្រឌិត និងទាក់ទាញ។
តើអ្នកគួរតែផ្តោតទៅលើចំណុចអ្វីខ្លះនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម?

១. គោលបំណង

ជាទូទៅគោលបំណងនៃការផ្សព្វផ្សាយមាន ៤ គឺ
-ណែនាំផលិតផលឬសេវាកម្មរបស់អ្នកទៅកាន់ អតិថិជន(inform)
-បញ្ចុះបញ្ចូលអតិថិជនអោយទិញផលិតផលរបស់អ្នក ( Persuade)
-រំលឹកអតិថិជនអំពីផលិតផលឬសេវាកម្មរបស់អ្នក (remind)
-ជម្រុញការសម្រេចចិត្តរបស់អតិថិជនអោយជ្រើសរើសផលិតផលឬសេវាកម្មរបស់(reinforce)

២ .  ខ្លឹមសារ

ខ្លឹមសារនៃវីដេអូឬផ្ទាំងពាណិជ្ជកម្មត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយនឹងគុណតម្លៃនៃអាជីវកម្មរបស់អ្នកតាមរយះពាក្យពេចន៍និងរូបភាព។ រាល់ខ្លឹមសារទាំងអស់គួរតែត្រូវបានធ្វើតេស្តសាកល្បងដោយអតិថិជនគោលដៅរបស់អ្នកជាមុនសិន តាមរយះ៦សំណួរខាងក្រោមនេះ :
1. តើអ្វីទៅជាខ្លឹមសារចម្បងដែលអ្នកចង់បង្ហាញនៅក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មមួយនេះ?
2. តើអ្នកគិតថាអ្នកដែលបង្កើតនូវការផ្សព្វផ្សាយនេះចង់អោយអ្នកដឹងអំពីអ្វី ហើយធ្វើអ្វី ក្រោយពេលមើលវីដេអូឬសេវាកម្មរបស់អ្នក?
3.តើអ្នកគិតថាការផ្សព្វផ្សាយពាណិជ្ជកម្មនេះមានឥទ្ធិពលខ្លាំងប៉ុនណាក្នុងការធ្វើអោយអតិថិជនរបស់អ្នកទិញផលិតផលរបស់អ្នក?
4. តើអ្វីដែលជាចំណុចល្អនិងចំណុចខ្វះខាតនៅក្នុងផ្សព្វផ្សាយពាណិជកម្មរបស់អ្នក ?
5. តើអ្នកមានអារម្មណ៍យ៉ាងដូចម្តេចក្រោយពេលមើលផ្ទាំងពាណិជ្ជកម្មនេះ?
6. តើតំបន់ណាខ្លះដែលសាកសមក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នក?
ឧទាហរណ៍: តំបន់ក្បែរសាលារៀន តាមដងវិថី

៣ . ប្រព័ន្ធផ្សព្វផ្សាយ

 ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយគួរតែផ្តោតទៅលើការចំណាយជាសំខាន់។ ក្រៅពីការផ្សព្វផ្សាយតាមរយះកាសែត ទស្សនាវដ្តី វិទ្យុ ទូរទស្សន៍ ផ្ទាំងបដាដែលមានតម្លៃថ្លៃ​អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយថ្មីៗជាច្រើនទៀតដូចជា Facebook LinkedIn YouTube Instagram ជាដើមដែលមានតម្លៃថោកជាង។តែជា​ដំបូងអ្នកត្រូវតែដឹងជាមុនសិនថា តើអតិថិជនគោលដៅរបស់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយមួយណា។បន្ទាប់មកទៀតអ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនោះដើម្បីផ្សព្វផ្សាយទៅកាន់ពួកគេអោយចំគោលដៅតែម្តង។

៤ កញ្ចប់ថវិកា

ការរៀបចំកញ្ចប់ថវិកាសម្រាប់ចំណាយទៅលើការផ្សព្វផ្សាយអោយបានល្អិតល្អន់គឺជារឿងដែលសំខាន់ខ្លាំងណាស់សម្រាប់អាជីវកម្ម។​​ ជាពិសេសបើសិនជាអ្នកជាម្ចាស់អាជីវកម្មខ្នាតតូច​​ពិតណាស់ការចំណាយរបស់អ្នកគឺមានកំណត់​ដូច្នេះហើយមុននឹងអ្នកចង់ធ្វើការផ្សព្វផ្សាយអ្នកគួរតែមានគម្រោងថវិកាចំណាយអោយបានច្បាស់លាស់ជាមុនសិនជៀសវាងការចំណាយហួសហេតុ។​

៥ . ការវាស់ស្ទង់

អ្នកគួរតែព្យាយាមវាស់ស្ទង់នូវលទ្ធផលនៃការផ្សព្វផ្សាយរបស់អ្នក។ ប្រសិនបើការធ្វើប្រម៉ូសិនតាមអនទ្បាញទទួលបានលទ្ធផលល្អជាងការផ្សព្វផ្សាយតាមទូរទស្សន៍ អ្នកអាចបង្វែរការចំណាយរបស់អ្នកទៅលើអនទ្បាញវិញ។