តើគួរប្រើប្រាស់លុយធនាគារឬក៏លុយសុទ្ធដើម្បីវិនិយោគលើអចលនវត្ថុ ?

90
តើគួរប្រើប្រាស់លុយធនាគារឬក៏លុយសុទ្ធដើម្បីវិនិយោគលើអចលនវត្ថុ ?

ហរិញ្ញវត្ថុគឺជាកត្តាដ៏ចម្បងដែលលោកអ្នកត្រូវតែស្វែងយល់និងសិក្សាឲ្យបានច្បាស់លាស់បំផុតមុនពេលដែលលោកអ្នកសម្រេចចិត្តនៅក្នុងការវិនិយោគលើអលនចវត្ថុណាមួយថា “ តើលោកអ្នកគួរតែជ្រើសរើសយកការប្រើប្រាស់លុយធនាគារ ឬ លុយសុទ្ធ ? “

ឧទាហរណ៍ថា លោកអ្នកមានកញ្ចប់ថវិកា ដែលមានចំនួនទឹកប្រាក់ ២០ ម៉ឺនដុល្លារហើយលោកអ្នកដាក់សន្សំនៅក្នុងធនាគារដោយមិនដឹងថាគួរតែយកទៅធ្វើអ្វី ?

ចំពោះយោបល់របស់ខ្ញុំ បើសិនជាលោកអ្នកមានបំណងចង់វិនិយោគអចលនវត្ថុ លោកអ្នកអាចធ្វើការទិញដោយប្រើលុយសុទ្ធ ដែលមានន័យថា លោកអ្នកអាចយកលុយ ២០ ម៉ឺននោះទៅវិនិយោគលើអចលនវត្ថុតែម្តង ។ ពីព្រោះការវិនិយោគលើវិស័យអចលនវត្ថុ ហើយពឹងផ្អែកលើចំណេះដឹងដើម្បីទិញបាននូវអចលនវត្ថុដែលមានតម្លៃល្អចំណេញខ្ពស់ នោះខ្ញុំជឿថា ផលចំណេញដែលទទួលបានពីការវិនិយោគលើអចលនវត្ថុនោះនឹងលើសពីការប្រាក់ដែលលោកអ្នកដាក់លុយនៅក្នុងធនាគារក្នុងរយៈពេលមួយឆ្នាំទៅមួយឆ្នាំទៀត ។

ហើយចំពោះករណីមួយចំនួន សម្រាប់លោកអ្នកដែលមាននូវអាជីវកម្មផ្ទាល់ខ្លួននោះ លោកអ្នកមិនចាំបាច់យកលុយសុទ្ធទាំងអស់ដែលមានទៅទិញអចលនវត្ថុនោះទេ ។ ឧទាហរណ៍ថា លោកអ្នកមានលុយសុទ្ធ ១០ ម៉ឺនដុលា្លរហើយចង់វិនិយោគលើផ្ទះមួយដែលមានតម្លៃខ្ទង់ ១០ ម៉ឺនដែរ ។ នោះលោកអ្នកអាចយក ៣០ % នៃលុយសុទ្ធរបស់អ្នកដែលស្មើនឹង ៣ ម៉ឺនដុល្លារ ទៅកក់ជាមួយនឹងម្ចាស់អចលនវត្ថុដែលយើងចង់ទិញហើយសល់ ៧០% ទៀតយើងអាចធ្វើការបង់រំលស់ជាមួយធនាគារ ។ ដោយឡែកចំពោះលុយ ៧ ម៉ឺនទៀតដែលមាននៅក្នុងដៃ គឺអាចយកទៅប្រើប្រាស់ក្នុងការបង្វិលក្នុងអាជីវកម្មដើម្បីទទួលបានចំណូលបន្ថែមទៀតបាន ។

ចំពោះបងប្អូនដែលអត់មាននូវអាជីវកម្មផ្ទាល់ខ្លួនទេ តែគាត់ឃើញនូវឱកាសចំណេញអាចថានៅក្នុងសម័យកូវីតនេះ គាត់បានសម្លឹងឃើញនូវអចលនវត្ថុចំនួន៣ ទីតាំងកំពុងដាក់លក់បន្ទាន់ខ្លាំង ដែលគាត់គិតថាទិញទៅប្រាកដជាចំណេញហើយ។

ឧទាហរណ៍ថានៅក្នុងមួយទីតាំងគឺមានតម្លៃ ២០ ម៉ឺនដុល្លារ ដូច្នេះ ៣ ទីតាំងគឺមានតម្លៃរហូតដល់ទៅ ៦០ ម៉ឺនដុល្លារឯណោះ ។ ប៉ុន្តែក្នុងករណីនេះលោកអ្នកចង់បានទាំង ៣ កន្លែងតែម្តងដើម្បីទិញហើយរំពឹងថាដាក់លក់ចេញវិញចំណេញទទួលបានផលចំណេញខ្ពស់។ ដូច្នេះលោកអ្នកគួរតែសិក្សាជាមួយធនាគារដោយត្រូវយក ៣០% នៃលុយសុទ្ធរបស់អ្នកដែលស្មើនឹង ១៨ ម៉ឺនដុល្លារ យកទៅទិញអចលនវត្ថុចំនួន ៣ ទីតាំងនោះ ។ ហើយសល់ ៧០ % ទៀតដែលស្មើនឹង ៤២ ម៉ឺនដុល្លារ គឺត្រូវយកកម្ចីពីធនាគារទៅទិញអចលនវត្ថុនោះ។ ប៉ុន្តែលោកអ្នកត្រូវតែដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនឯងឲ្យបានច្បាស់ថា “ តើលោកអ្នកមានលទ្ធភាពដើម្បីធ្វើការបង់រំលស់ជាមួយធនាគារដែរឬទេ ? “

ជាក់ស្តែងក្នុងករណីដែលអ្នកខ្ចី ៤២ ម៉ឺនដុល្លារ ពីធនាគារ ហើយលោកអ្នកជ្រើសរើសកម្ចីដែលមានរយៈពេលរហូតដល់ទៅ ២០ ឆ្នាំនោះលោកអ្នកអាចបង់ចន្លោះពី ៣០០០ ទៅ ៤០០០ ដុល្លាជាងក្នុងមួយខែ ។ ដូច្នេះចំណូលរបស់លោកអ្នកត្រូវមានយ៉ាងតិចគុណនឹង ២ នៃចំនួនទឹកប្រាក់ដែលយើងត្រូវបង់ទៅឲ្យធនាគារ ។

ជារួមអ្វីដែលសំខាន់បំផុត លោកអ្នកត្រូវសិក្សាអំពីលទ្ធភាពរបស់ខ្លូនឯងឲ្យបានច្បាស់ ហើយការវិនិយោគគឺមានទាំង ២ ផ្លូវគឺការវិនិយោគដោយប្រើប្រាស់លុយសុទ្ធ និងការប្រើប្រាស់លុយជាមួយធនាគារ ។ តែសំខាន់ថា“ តើយើងស្ថិតនៅក្នុងស្ថានភាពមួយណា ? “