តើត្រូវរៀនជំនាញអ្វីបន្ថែម សម្រាប់ឆ្នាំ 2022 នេះ?

145
តើត្រូវរៀនជំនាញអ្វីបន្ថែម សម្រាប់ឆ្នាំ 2022 នេះ?

ពិភពលោកកាន់តែជឿនលឿនជាលំដាប់ ហើយបច្ចេកវិទ្យាក៏កាន់តែរីកចម្រើនជាខ្លាំង ដូច្នេះក៏ទាមទារឱ្យបុគ្គលម្នាក់ៗមានការអភិវឌ្ឍន៍សមត្ថភាពឱ្យខ្លាំង និងតាមឱ្យទាន់សម័យកាល។ ម្យ៉ាងទៀត អ្នកក៏ត្រូវ បង្កើនចំណេះដឹងថ្មីៗឱ្យបានច្រើនអំពីការវិឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសអ្នកត្រូវចាប់ផ្ដើមស្គាល់នូវបច្ចេកវិទ្យាដែលបានប្រើប្រាស់នៅក្នុងស្ថានប័នរបស់អ្នក បច្ចេកវិទ្យាដែលមនុស្សជុំវិញអ្នកតែងតែប្រើប្រាស់ និងតែងតែនិយាយអំពីវា ហើយសង្គមខាងក្រៅក៏កំពុងមានការប្រើប្រាស់ច្រើន។

អ្នកអាចតាមដានគេហទំព័រមួយចំនួន ដើម្បីអាចតាមទាន់ព័ត៌មានចុងក្រោយនៃបច្ចេកវិទ្យាថ្មីៗ ដូចជា TechCrunch, Gizmodo, TheVerge, VentureBeat, Digital Trends, The Information និងGadget Review។ បន្ថែមពីនេះ ក្រៅពីតាមដានឱ្យទាន់នៃការរីកចម្រើននៃបច្ចេកវិទ្យា អ្នកក៏ត្រូវគិតអំពីការរៀននូវជំនាញបន្ថែមសម្រាប់ខ្លួនឯង ហើយខាងក្រោមនេះ នឹងបង្ហាញអំពីជំនាញមួយចំនួនដែលអ្នកត្រូវរៀនបន្ថែម ដើម្បីអាចដឹង និងអាចបម្លែងខ្លួនឯងឱ្យក្លាយជាអ្នកជំនាញផ្នែកនីមួយៗផងដែរ។

1. ការរចនា UX/UI

បទពិសោធន៍អ្នកប្រើប្រាស់ (UX) និងការរចនាចំណុចទាក់ទាញដល់អ្នកប្រើប្រាស់ (UI) គឺជាផ្នែកនៃការអភិវឌ្ឍន៍គេហទំព័រ ឬកម្មវិធីទូរស័ព្ទចល័ត ដោយផ្តោតលើការធានាថាអ្នកប្រើប្រាស់អាចទទួលបាននូវគុណតម្លៃច្រើនបំផុតពីការចូលមើលគេហទំព័រ ឬកម្មវិធីដែលពួកគេកំពុងប្រើប្រាស់។ បន្ថែមពីនេះ ក្រុមហ៊ុនជាច្រើនក៏កំពុងស្វែងរកជួលបុគ្គលិកពេញម៉ោងលើផ្នែកមួយនេះផងដែរ ឬជាភ្នាក់ងាររចនាUX/UI ដើម្បីរចនា និងជួយធ្វើឱ្យបទពិសោធន៍ និងផលិតផលរបស់ក្រុមហ៊ុនពួកគេ កាន់តែមានភាពងាយស្រួលប្រើប្រាស់ដោយសមស្របជាមួយនឹងតម្រូវការនៃផលិតផល និងសេវាកម្មរបស់ពួកគេ។ បន្ថែមពីនេះ បើអ្នកមិនចង់ចាប់ផ្នែកនេះជាអាជីពផ្ទាល់ខ្លួនទេ អ្នកក៏ត្រូវសិក្សាឈ្វេងយល់ផងដែរ ដើម្បីអាចយល់ និងជាចំណេះដឹងថ្មីសម្រាប់អ្នក។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://www.udemy.com/topic/user-experience-design/free/

https://www.workshopper.com/post/free-ux-ui-courses

2. ការអភិវឌ្ឍន៍ Blockchain

ពិភពលោកកាន់តែមានភាពជឿនលឿនយ៉ាងឆាប់រហ័ស ហើយសូម្បីតែបច្ចេកវិទ្យា blockchain ក៏បានក្លាយជាឧស្សាហកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារផងដែរ។ ហេតុនេះ អ្នកក៏មិនត្រូវមើលរំលងនៃការចង់ចេះចង់ដឹងអំពីបច្ចេកវិទ្យា blockchain ដែរ យ៉ាងហោចណាស់អ្នកក៏អាចយល់អំពីវាខ្លះ ដើម្បីការពារថ្ងៃខាងមុខមានការវិឌ្ឍន៍ទៅមុខទៀត អ្នកដើរមិនទាន់គេ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

http://tech.seas.harvard.edu/free-blockchain

3. ជំនាញធ្វើផែនការយុទ្ធសាស្រ្ត

ការធ្វើផែនការយុទ្ធសាស្រ្ត គឺជាដំណើរការមួយដែលអ្នកដឹកនាំគ្រប់ស្ថាប័នទាំងអស់ អាចកំណត់ចក្ខុវិស័យរបស់ពួកគេសម្រាប់ពេលអនាគត និងអាចព្យាករណ៍ហានិភ័យ ព្រមទាំងអាចមានវិធីសាស្រ្តការពារខ្លួនទុកជាមុន និងអាចកំណត់គោលដៅសម្រាប់ក្រុមហ៊ុនរបស់ពួកគេផងដែរ។ បន្ថែមពីនេះ គ្រប់ម្ចាស់អាជីវកម្ម ក៏ត្រូវការបុគ្គលណាដែលមានជំនាញផ្នែកនេះ ដើម្បីជួយពួកគេផងដែរ។ ម្យ៉ាងវិញទៀត ជំនាញនេះ ក៏ជាជំនាញមួយដែលទីផ្សារត្រូវការយ៉ាងខ្លាំង បើអ្នកពិតជាមានសមត្ថភាព ហើយអ្នកក៏អាចបង្កើតវាជាអាជីវកម្មផ្ទាល់ខ្លួនក្នុងការផ្ដល់សេវាកម្មផ្នែករៀបចំផែនការយុទ្ធសាស្រ្តទៅកាន់ស្ថាប័ននានាផងដែរ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://alison.com/course/strategic-planning-skills

4. ជំនាញដោះស្រាយបញ្ហា

នៅក្នុងពិភពលោកនេះ ក៏ដូចជានៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅបច្ចុប្បន្ន គឺពោរពេញដោយបញ្ហា ហើយចំពោះអ្នកជុំវិញអ្នក និងអ្នកផ្ទាល់ក៏សុទ្ធតែមានបញ្ហាដែលត្រូវដោះស្រាយ ហើយក៏មានបញ្ហានានាផងដែរ ដោយបញ្ហាខ្លះក៏បង្កប់នូវឱកាសផងដែរ។ សូមចងចាំថា ប្រសិនបើអ្នកមានជំនាញដោះស្រាយបញ្ហា នោះជីវិតរបស់អ្នកគឺកាន់តែល្អប្រសើរ ដោយមិនរស់នៅរុំព័ន្ធដោយបញ្ហាច្រើន ដោយអាចដោះស្រាយបានដោយភាពឆ្លាតវៃ ភាពត្រឹមត្រូវ និងច្បាស់លាស់។ ម្យ៉ាងវិញទៀត ជំនាញនេះ នឹងជួយអ្នកឱ្យកាន់តែរីកចម្រើននៅក្នុងអាជីពផ្ទាល់ខ្លួន។ បន្ថែមពីនេះ នៅក្នុងក្រុមហ៊ុន និងកន្លែងផ្សេងៗ សុទ្ធតែត្រូវការមនុស្សណាដែលអាចដោះស្រាយបញ្ហារបស់ពួកគេផងដែរ ហើយនេះជាឱកាស ប្រសិនបើអ្នកចេះចាប់យក ក៏ដូចជាបម្លែងវាឱ្យជាអាជីវកម្មផ្ទាល់ខ្លួនសម្រាប់អ្នកក្នុងការផ្ដល់សេវាកម្មដោះស្រាយបញ្ហា ដោយផ្ដោតលើផ្នែកមួយជាដើម។ល។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://www.coursera.org/learn/creative-thinking-techniques-and-tools-for-success

https://www.coursera.org/courses?query=problem%20solving

5. ការនិយាយជាសាធារណៈ

ជំនាញនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ទាំងនៅក្នុងជីវិតរស់នៅរបស់បុគ្គលម្នាក់ៗ និងអាជីពផ្ទាល់ខ្លួនរបស់អ្នក ពីព្រោះវានឹងជួយអ្នកឱ្យកាន់តែបង្កើតបណ្ដាញទំនាក់ទំនងបានកាន់តែច្រើន អាចនិយាយនូវអ្វីដែលអ្នកចង់និយាយបានយ៉ាងល្អចំពោះមុខមនុស្សជាច្រើន និងជាច្រើនទៀត។

លើសពីនេះ ប្រសិនបើអ្នកអាចធ្វើឱ្យខ្លួនឯងមានជំនាញមួយនេះកាន់តែខ្លាំង នោះសមត្ថភាពនិយាយរបស់អ្នកទៅកាន់មនុស្សផ្សេងៗមិនថាពួកគេមានឋានៈអ្វី ក៏អ្នកអាចនិយាយ ឬធ្វើបទបង្ហាញដោយទាញចំណាប់អារម្មណ៍ពួកគេឱ្យជឿជាក់លើអ្វីដែលអ្នកនិយាយ និងពួកគេអាចយល់ស្របតាមតម្រូវការរបស់អ្នកផងដែរ។

អ្នកអាចសិក្សាជំនាញនេះដោយឥតគិតថ្លៃ តាមតំណរភ្ជាប់នេះ៖

https://collegeinfogeek.com/public-speaking-tips/

https://alison.com/course/public-speaking