តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

253
តើធ្វើយ៉ាងណាដើម្បីឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិត?

មនុស្សគ្រប់គ្នាសុទ្ធតែមានគំនិតច្នៃប្រឌិតនិងលក្ខណៈពិសេសរៀងៗខ្លួន ដោយគ្រាន់តែអ្នកខ្លះគាត់មិនដឹងថាខ្លួនឯងមានលក្ខណៈពិសេសក្នុងការគិតបែបច្នៃប្រឌិតនេះ និងមិនដែលយកវាមកអនុវត្តន៍ជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃតែប៉ុណ្ណោះទើបធ្វើឲ្យគំនិតច្នៃប្រឌិតរបស់គាត់ចេះតែថមថយទៅៗ។ ហើយអាថ៌កំបាំងដែលអាចជួយឲ្យក្រុមការងាររបស់អ្នកមានគំនិតច្នៃប្រឌិតនោះគឺ៖

១. លើកទឹកចិត្តឲ្យមានការស្វែងរកនូវអ្វីដែលថ្មីៗ

Gray Magnifying Glass and Eyeglasses on Top of Open Book

នៅពេលដែលអ្នកអនុញ្ញាតិឲ្យក្រុមការងាររបស់អ្នករៀនសាកល្បងធ្វើអ្វីដែលថ្មីៗ ស្រាវជ្រាវ និងអានចំណេះដឹងទូទៅ ក៏ដូចជាចំណេះដឹងពាក់ព័ន្ធជាមួយនឹងជំនាញបានច្រើន ពេលនោះពួកគេនឹងចាប់ផ្ដើមមានេះព័ត៌មានច្រើនផ្ទុកនូវក្នុងខួរក្បាល ដែលបង្កឲ្យមានគំនិតច្នៃប្រឌិតកើតឡើងបានច្រើន ជាពិសេសនោះគឺអាចជួយឲ្យក្រុមការងាររបស់អ្នកមានជំនាញច្បាស់លាស់ទៀតផង ។ ម្យ៉ាងវិញទៀត នៅពេលដែលក្រុមការងាររបស់អ្នកចេះស្វែងរកអ្វីដែលថ្មីដោយខ្លួនឯង ពួកគាត់នឹងរៀនបានច្រើន យល់ដឹងបានច្រើន និងចងចាំនូវចំណុចទាំងនោះបានយូរទៀតផង។ ដូចនេះដើម្បីឲ្យក្រុមការងារអ្នក មានគំនិតច្នៃប្រឌិតច្រើន អ្នកគប្បីលើកទឹកចិត្តពួកគេឲ្យរៀនអ្វីថ្មីៗឲ្យបានច្រើន អានឲ្យបានច្រើន ដើម្បីអភិវឌ្ឍន៍ការគិតឲ្យកាន់តែខ្លាំង។

២. គាំទ្រពួកគាត់ និងផ្ដល់ភាពជឿជាក់ដល់ពួកគាត់ ឲ្យគាត់ហ៊ានសាកល្បង

ការផ្ដល់នូវការគាំទ្រ គឺពិតជាកត្តាមួយយ៉ាងសំខាន់ដែលជួយជម្រុញឲ្យបុគ្គលិកឬមួយក៏កូនក្រុមរបស់អ្នកមានកម្លាំងចិត្តក្នុងការបញ្ចេញនូវគំនិតក៏ដូចជាហ៊ានចាប់ផ្ដើមធ្វើនូវ Project ណាមួយដោយខ្លួនឯងឬជាក្រុម។ ពេលខ្លះកូនក្រុមឬបុគ្គលិកក្រោមបង្គាប់របស់អ្នកមានគំនិត ចង់ធ្វើនូវគម្រោងនេះឬគម្រោងនោះរួចហើយ​ ប៉ុន្តែគាត់ពុំបានបង្ហាញឬមួយក៏លើកឡើងនូវគំនិតទាំងអស់នោះទេ ដោយសារតែពួកគេចេះតែខ្លាច ខ្លាចថាពេលដែលពួកគេលើឡើងនូវគំនិតនោះហើយ ពុំមានការគាំទ្រ ឬត្រូវរុញច្រានចោលជាដើម។ ដូចនេះដើម្បីអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកមានគំនិតច្នៃប្រឌិតចំពោះការងារ អ្នកគួរតែផ្ដល់ការគាំទ្រដល់គាត់ និងហ៊ានឲ្យគាត់សាកល្បងនូវអ្វីដែលថ្មីៗដើម្បីស្វែងរកនូវអ្វីដែលជាទេពកោសល្យរបស់ពួកគាត់ពិតប្រាកដិ។

៣. ឲ្យក្រុមការងាររបស់អ្នកធ្វើការងារឲ្យបានច្រើនមុខ

Photo Of People Leaning On Wooden Table

ការងារច្រើនមុខត្រង់ចំណុចនេះ មិនមែនចង់មានន័យថាត្រូវតម្រូវឲ្យកូនក្រុមឬមួយក៏បុគ្គលិករបស់អ្នកស្រវាដៃពីរដៃបីឱបក្រសោបការងារទាំងអស់ដែលមាននោះទេ ប៉ុន្តែគឺយើងចង់សំដៅទៅលើការដែលអនុញ្ញាតិឲ្យកូនក្រុមរបស់អ្នកអាចយល់ដឹងអំពីការងារបានច្រើនចូលប្រឡូកការងារឲ្យបានច្រើន តែមុននឹងអាចឲ្យពួកគេអាចធ្វើការបានច្រើនបែបនេះបាន លុះត្រាតែកូនក្រុមរបស់អ្នកមានការយល់ដឹងច្បាស់ពាក់ព័ន្ធនឹងជំនាញនោះស្រាប់ ទើបអាចបន្តទៅធ្វើការងារថ្មីមួយទៀតបាន។ ដូចនេះបន្ទាប់ពីកូនក្រុមរបស់អ្នកគាត់មានការយល់ដឹងពាក់ព័ន្ធជាមួយនឹងជំនាញណាមួយហើយ អ្នកគួរតែអនុញ្ញាតិឲ្យពួកគាត់ចូលប្រឡូកនិងយល់ដឹងពីការងារផ្សេងៗ ដើម្បីឲ្យពួកគាត់មានសមត្ថភាពខ្លាំងជាងមុន និងពោរពេញទៅដោយគំនិតច្នៃប្រឌិត បើទោះបីជាមិនស្ទាត់ជំនាញក៏ដោយ យ៉ាងហោចណាស់ក៏អ្នកអាចដឹងអំពីការងារទាំងអស់នោះដែរ ជាជាងដឹងតែការងារតែមួយមុខ។

៤. អនុញ្ញាតិឲ្យក្រុមការងារចូលរួមឲ្យច្រើនជាមួយនឹងបច្ចេកវិទ្យា

Group of People Watching on Laptop

បច្ចុប្បន្ននេះ បច្ចេកវិទ្យាគឺពិតជាបានជួយសម្រួលដល់ការរស់នៅរបស់យើងម្នាក់ៗបានច្រើនមែនទែន ហើយវាក៏មិនមែនមានត្រឹមតែអ្វីដែលកំពុងតែប្រើសព្វថ្ងៃនេះតែប៉ុណ្ណឹងនោះទេ គឺវានៅបន្តមានថ្មីៗប្លែកៗជាច្រើនទៀត ដែលតម្រូវឲ្យយើងម្នាក់ៗត្រូវឈ្វេងយល់ពីវាបន្ថែមទៀត។ ក្នុងនោះដែរ ប្រសិនបើអ្នកបានបញ្ជ្រាបនូវចំណេះដឹងខ្លះៗពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យា នោះក្រុមការងាររបស់អ្នកនឹងកាន់តែមានផលិតភាពការងារខ្ពស់ជាងមុន មានភាពសកម្មជាមុន និងធ្វើឲ្យពួកគេចាប់ផ្ដើមគិតចេញនូវអ្វីដែលថ្មីៗច្រើនជាងមុន ជាជាងគិតអ្វីដែលដដែល ធ្វើឲ្យពួកគាត់ក្រិនគំនិត។

៥. ឲ្យពួកគាត់រៀនពីកំហុស

កូនក្រុម ឬបុគ្គលិករបស់អ្នកម្នាក់ៗនឹងមានការគិតបានហ្មត់ចត់ ល្អិតល្អន់ និងគិតប្រកបទៅដោយភាពច្នៃប្រឌិតជាងមុន នៅពេលដែលពួកគាត់បានសិក្សាឈ្វេងយល់អំពីកំហុសឆ្គងដែលគាត់ធ្លាប់បានសាងកន្លងមក រួចយកចំណុចទាំងអស់នោះយកមកបម្លែងទៅជាចំណុចដែលយើងគួរតែចៀសវាងធ្វើនោពេលក្រោយទៀត។ ដូចនេះនៅពេលដែលគាត់បានជួបបញ្ហាប្រហាក់ប្រហែលគ្នា គាត់នឹងអាចដឹងថា តើត្រូវគិតបែបណា ឬត្រូវដោះស្រាយបែបណាជាមួយនឹងបញ្ហាទាំងនោះជាដើម។