តើនរណាខ្លះជាអតិថិជន​គោលដៅ​របស់អ្នក​នៅលើFacebook?

4079

ប្រសិន​បើខ្ញុំ​សំណួរ​នេះទៅកាន់​ម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារ មាន​មនុស្ស​មិនតិច​ទេដែល​នឹងឆ្លើយថា អ្នកណាក៏អាចក្លាយជាអតិថិជន​របស់ពួកគាត់ដែរ។ ចម្លើយនេះមិនមែនខុសទាំងស្រុងនោះទេ ប៉ុន្តែ​ភាពពិតជាក់ស្តែងនៅក្នុងពិភពអាជីវកម្ម​ គឺមិនអាចទៅរួច​នោះទេដែលគ្រប់ៗគ្នា​សុទ្ធ​ជាអតិថិជន​នោះ ព្រោះថា យើងមិនអាចចាប់យក​ចំណែកទីផ្សារ​បានគ្រប់ស្រទាប់​វណ្ណៈ គ្រប់ប្រភេទក្រុមមនុស្សនោះទេ គឺមាន​ករណី​តិចតួចបំផុត។

ម្ចាស់អាជីវកម្ម​ឆ្លាតវៃ និង​អ្នកទីផ្សារ​ដែល​វាងវៃ គឺជាអ្នកដែលចេះ​ស្វែង​យល់ និងកំណត់​ក្រុមអតិថិជនរបស់ខ្លួនឱ្យបាន​ត្រឹមត្រូវដើម្បី​ចំណេញ​ពេលវេលា ចំណេញកម្លាំង និងប្រាក់កាស​សម្រាប់ការផ្សព្វ​ផ្សាយអំពីផលិតផល​ឬសេវាកម្ម។ ហើយ​បច្ចុប្បន្ន​ពួកគេ​បានចាប់ផ្តើមដឹង​ថា ការចំណាយលុយទៅលើការផ្សព្វ​លើ​ទំព័រកាសែត ទស្សនាវដ្តី ឬ​ទូរទស្សន៍​គឺជា​ការចំណាយ​ដែលមាន​តម្លៃថ្លៃ និង​មិន​មាន​ប្រសិទ្ធផលខ្ពស់​បើ​ប្រៀបធៀបនឹងការចំណាយ​នៅលើ​Facebook។ ហេតុដូចនេះ​ហើយ បច្ចុប្បន្ន យើងឃើញ​មាន​ការប្រែប្រួលយ៉ាងខ្លាំងទៅលើការធ្វើយុទ្ធសាស្ត្រទីផ្សារ ដោយ​ម្ចាស់អាជីវកម្ម និង​អ្នកទីផ្សារកាន់តែច្រើនឡើង​ងាកមកផ្តោតទៅលើការផ្សព្វផ្សាយនៅលើបណ្តាញ​សង្គមយក្ស​Facebookមួយនេះ។

ប៉ុន្តែ មានម្ចាស់អាជីវកម្ម ឬអ្នកទីផ្សារមួយចំនួន​ ជាពិសេស​អ្នកចំណូល​ថ្មី បាន​យក​ចិត្តទុកដាក់តិចតួច​ប៉ុណ្ណោះ​ទៅលើ​ការកំណត់​គោលដៅ​អតិថិជន​ទិញ និងអ្នកប្រើប្រាស់​របស់ខ្លួន។ ភាគច្រើន​នៅពេលដែលពួកគាត់ធ្វើការចំណាយលុយផ្សព្វផ្សាយ គាត់មិនបានចាប់អារម្មណ៍​ទៅលើ​ការសម្រួច​ការកំណត់​របស់​ក្រុមអតិថិជននោះទេ ហើយភាគច្រើន​គឺគ្រាន់តែចុច​ Button Boost តែប៉ុណ្ណោះ។ ហើយ​ខ្លះទៀត​ថែមទាំងមិនបានរៀបចំយុទ្ធសាស្ត្រការផ្សព្វផ្សាយ ឬក៏មាតិការ ឱ្យ​ស៊ី​ទៅនឹង​អតិថិជនដែលជាអ្នកទិញ ឬអ្នកប្រើប្រាស់របស់ពួកគាត់ឡើយ។ មិនតែប៉ុណ្ណោះ មាន​ម្ចាស់អាជីវកម្មជាច្រើន​បានចំណាយ​លុ​យទិញ Page ឬLike ដោយ​មិនបានត្រួតពិនិត្យ​ថា​តើអ្នកដែល Like Page ទាំងនោះគឺជា​អតិថិជនគោលដៅ​របស់គាត់ ឬគ្រាន់តែមនុស្ស​យន្ត ឬក៏ក្រុម​ម​នុស្ស​ផ្សេងដែលមិនមែនជា​អតិថជនសក្តានុពល​របស់គាត់។ បើ​ចំនួ​នអ្នកLike សុទ្ធតែមិនមែនជាអតិថិជន​គោលដៅទេនោះ ចំនួន​ទាំងនោះគ្រាន់តែតួរលេខ​តាំងលម្អរប៉ុណ្ណោះ ដែលមិនអាច​បង្កើត​បានជា​ការទិញ​លក់​នោះទេ។

ដូចនេះ ថ្ងៃនេះ​ខ្ញុំ​សូម​ធ្វើការ​សង្ខេប​អំពីការកំណត់គោលដៅ​អតិថិជន​ ដើម្បី​អាច​ឱ្យ​ម្ចស់អាជីវកម្ម និងអ្នកទីផ្សារ​អាច​យក​ទៅ​ពិចារណា​ដើម្បី​កំណត់​គោលដៅ​របស់អតិថិជន​ឱ្យបានត្រឹមត្រូវ ជាពិសេស​អតិថិជន​ដែលមានសក្តានុពល​ខ្ពស់​បំផុត។

តើធ្វើយ៉ាងម៉េច?

ក្រៅពី​កំណត់​យកអតិថិជនគោលដៅដែលអ្នកចង់បានកាលពី​បើដំណើរការអាជីវកម្ម​ដំបូង (ប្រសិនបើអ្នកធ្លាប់មានកំណត់) ជំហានដែលល្អមួយទៀតគឺការពិនិត្យឡើងវិញ​ និងវិភាគ​ពីទិន្នន័យអតិថិជនបច្ចុប្បន្ន។

សាកគិត​ទៅមើល ក្នុងចំណោមអតិថិជន​ទាំងអស់ តើក្រុមអតិថិជន​មួយណាដែល​តែងតែមកម្តងហើយ​ម្តងទៀត?តើ​ក្រុមអតិថិជនណាដែលតែងតែប្រាប់ និងណែនាំអ្នកដទៃ​ពីអាជីវកម្មរបស់អ្នក?តើវាល្អឬទេ ដែលយើងចាប់ផ្តើម​រៀបយុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ក្រុមអតិថិជន​ទាំងនេះឱ្យ​កាន់តែច្រើន?

ប្រាកដណាស់គឺ​ល្អ! ព្រោះក្រុមអតិថិជន​ទាំងនេះ​បានស្ម័គ្រចិត្តហូតលុយ​ពីហោប៉ៅ​របស់ខ្លួន​ដើម្បីទ្រទ្រង់អាជីវកម្មរបស់អ្នក​ឱ្យ​រីកចម្រើន។ ដូចនេះ​ យើងអាចធ្វើការ​សិក្សាពីបុគ្គលិកលក្ខណៈរបស់អតិថិជន​ទាំងនេះ ដើម្បី​រៀបចំកំណត់​គោលដៅអតិថិជនដោយ​យោងទៅតាម​ព័ត៌មាន​ដែលយើង​មាន​មក​ធ្វើការ​ផ្សព្វផ្សាយ និង​រៀបចំមាតិការ​ឱ្យ​ស៊ីទៅនឹងអតិថិជន​គោលដៅ។

ចំណុច​មួយចំនួន​ដែលអ្នកត្រូវ​ពិចារណា​សម្រាប់អតិថិជនគោលដៅ​របស់អ្នក៖

  • អាយុ : សារៈសំខាន់​នៃ​អាយុអាស្រ័យទៅលើ​សេវាកម្ម​ ឬផលិតផល​របស់អ្នក។ ឧទាហរណ៍ថាអ្នកចង់ផ្សព្វផ្សាយ​ពីសាលា​ក្មេងៗ អ្នកប្រាកដណាស់ត្រូវផ្សព្វផ្សាយ​ទៅដល់​ឪពុកម្តាយ​របស់ក្មេងៗទាំងនោះ​ ដោយ​អ្នកអាចកំណត់អាយុ​បានយ៉ាងស្រួល​ ថា​តើឪពុកម្តាយ​អាយុពីប៉ុន្មានទៅប៉ុន្មានដែលអាច​មាន​កូនៗតូចៗ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការផ្សព្វផ្សាយ​ពីហាងស៊ុប ប្រហែលជាអាយុ​មិនមានសារៈសំខាន់ប៉ុន្មាននោះទេ។ ប៉ុន្តែ​ត្រូវចាំថា យើងគួរតែ​ធ្វើការកំណត់​គោលដៅជាលក្ខណៈក្រុមអាយុ (ឧទាហរណ៍ចន្លោះពីណា ទៅណា) ជាជាងការកំណត់​អាយុជាក់លាក់។
  • ភេទ: ធម្មតា​ផលិត​ផល​មួយចំនួន​គឺ​សាកសម​ជាមួយ​នឹង​តែមនុស្ស ឬមនុស្ស​ស្រី ដូចនេះ នៅពេលការធ្វើការផ្សព្វផ្សាយ យើងត្រូវកំណត់​ភេទផងដែរដើម្បី​ឱ្យ​ការផ្សព្វផ្សាយចំគោលដៅល្អ។ ឧទាហរណ៍​ការលក់ផលិតផល​ថែរស្បែករបស់ស្ត្រី ដូចនេះអតិថិជន​ចម្បងគឺជា​នារី។ ប៉ុន្តែត្រូវចងចាំក្នុងចិត្តផងដែរ ថា​នរណា​ជាអ្នកទិញ និងនរណាជាអ្នកប្រើប្រាស់ ព្រោះពេលខ្លះ ផលិតផល​មួយ​ចំនួន​គឺប្តីជាអ្នកទិញឱ្យប្រពន្ធ ឬបុរសទិញជូនសង្សារ ឬគូរកំណាន់​ ដែលទាំងនេះសុទ្ធសឹងតែជាកត្តា​សម្រាប់ដាក់​ក្នុង​ការកំណត់គោលដៅ។
  • ទីតាំង ឬតំបន់: តើទីតាំង ឬតំបន់​គឺជា​កត្តាសំខាន់ដែរឬទេ?វាអាស្រ័យ​ទៅលើ​អាជីវកម្មរបស់អ្នក ឧទាហរណ៍ហាងលក់ថ្នាំពេទ្យ អតិថិជនភាគច្រើនគឺជាអ្នកដែលរស់នៅ​ម្តុំៗ​ហាងនោះតែប៉ុណ្ណោះ​ ដូចនេះយើងអាចកំណត់ការផ្សព្វផ្សាយ​នៅក្នុង​តំបន់​គឺជា​ការប្រសើរបំផុត​ដើម្បី​កាត់បន្ថយ​ការចំណាយ និងបង្កើនចំណូល។ ប៉ុន្តែប្រសិនបើយើងជាអ្នកលក់អនឡាញ ទីតាំង ឬតំបន់មិនមែនជាកត្តា​ដែល​សំខាន់នោះទេ។
  • ចំណាប់អារម្មណ៍: ដឹងពី​ចំណាប់អារម្មណ៍​ និងចំណង់ចំណូលចិត្តអតិថិជន​ក៏ជា​កត្តាអាច​ឱ្យ​យើង​ផ្សព្វផ្សាយ​ទៅដល់​អតិថិជន​គោលដៅបាន​ល្អផងដែរ។ ឧទាហរណ៍ ប្រសិន​បើយើងលក់សម្លៀកបំពាក់កីឡា យើងអាចធ្វើការ​កំណត់ការផ្សព្វផ្សាយ​ទៅដល់អ្នកដែលចូលចិត្តកីឡាបាន ព្រោះថា ការផ្សព្វផ្សាយ​ផលិត​ផលដែល​ត្រូវ​នឹង​ចំណង់ចំណូលចិត្ត គឺអាចជម្រុញ​ឱ្យ​ការលក់​បានច្រើនជាងមុន។
  • តួរនាទី ឬតំណែង: វាក៏មានសារៈសំខាន់ទៅតាមប្រភេទសេវាកម្ម ឬ​ផលិតផល​ផង​ដែរ ឧទាហរណ៍យើងលក់​សំលៀកបំពាក់ធ្វើការថ្លៃៗ ការកំណត់​អតិថិជន​គោលដៅ​ប្រាកដជា​ក្រុមអតិថិជន​ណា​ដែលអាចមានភាគរយខ្ពស់ដែលមានលទ្ធភាព និងតម្រូវការ ដូចជា​ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង ។ល។

នៅពេលដែលអ្នកបានកំណត់រួចហើយ អ្នកអាចធ្វើការ​រៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយឱ្យត្រូវ​នឹង​គោលដៅ អតិថិជន​របស់អ្នក ហើយជាពិសេសនៅពេលដែលអ្នកចំណាយលុយ​ផ្សព្វផ្សាយ​នៅលើFacebook អ្នកគួរជ្រើសរើស​ ក្រុមអតិថិជន​ទាំងនោះ​ដើម្បី​បង្កើន​ប្រសិទ្ធ​ផល និងការលក់។

ការកំណត់គោលដៅ​នៅលើFacebook
Previous articleលាហើយ​Explore Feed!
Next articleអ្នកសៀមរាប​កុំភ្លេច​ចូលរួម​កម្មវិធី​បារខែមអង្គរថ្ងៃ ២៣-២៤ នេះណា!
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។