តើនឹងមានអ្វីកើតឡើងប្រសិនបើសត្វឃ្មុំផុតពូជ?

1794

ឃ្មុំ​គឺជា​ប្រភេទ​សត្វល្អិតដ៏អស្ចារ្យ​ ហើយ​មាន​ប្រហែល​ ២ម៉ឺន​ប្រភេទ​ផ្សេងៗ​គ្នា​នៅ​ក្នុង​ពិភព​លោក​យើង​នេះ។ ពពួក​សត្វ​ល្អិត​នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រុក្ខ​ជាតិ​ជា​ច្រើន​មាន​ការ​លូតលាស់​បាន​ល្អនោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បាន​ផ្តល់​នូវ​ទឹក​ឃ្មុំ​ ដែល​ជា​អាហារ​ដ៏ពិសេស​សម្រាប់​យើង​ទៀត​ផង។ ទឹក​ឃ្មុំ​ មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ប៉ុណ្ណោះទេ វា​ក៏ជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​នូវ​គុណ​ប្រយោជន៍ជាច្រើន​ដល់​សុខភាព និង​ជួយ​ព្យាបាល​ជម្ងឺ​បាន​ជាច្រើន។ ចុះ​ប្រសិន​បើ​សត្វ​ឃ្មុំ​ផុត​ពូជ​នៅ​លើ​ផែនដី​យើងនេះ តើអាចនឹងមាន​អ្វី​កើតឡើង?

មាន​មនុស្ស​ជាច្រើន​មិន​សូវ​ចាប់​អារម្មណ៍ពី​បញ្ហា​នេះ​ទេ ដោយសារ​តែគេ​គិត​ថា សត្វ​ឃ្មុំ​គ្រាន់​តែ​សត្វ​ល្អិត​តូចតាច​ប៉ុណ្ណោះ ដែល​វា​នឹង​មិន​អាច​ផ្តល់​ផល​ប៉ះពាល់​អ្វី​ធ្ងន់​ធ្ងរ​ដល់​ពិភពលោក​យើងនេះ។ ប៉ុន្តែ​បើ​យោង​តាម​ទ្រឹស្តី​មួយ​របស់​អ្នក​វិទ្យាសាស្ត្រ​រូប​វិទ្យា​ដ៏ល្បីល្បាញ លោកអាល់បឺត​អាញ​ស្តាញបាន​លើក​ឡើង​ថា “ការថយ​ចុះ​ចំនួន​សត្វ​ឃ្មុំ ធ្វើ​ឲ្យ​បរិមាណ​ស្បៀង​អាហារ​ពិភព​លោក​ថយចុះ ហើយ​ប្រសិន​សត្វ​ឃ្មុំ​នៅក្នុង​ពិភព​លោក​ផុតពូជ​វិញ​នោះ មនុស្ស​លោក​យើង​ក៏បាត់​បង់​វត្តមាន​នៅលើ​ផែនដី​នេះ​ក្នុង​រយៈពេលតែ​៤ឆ្នាំ​ប៉ុណ្ណោះ”។ ទ្រឹស្តី​នេះ​ស្តាប់ទៅគឺគួរឲ្យខ្លាច ប៉ុន្តែ​វា​ពិតជា​ងាយ​ស្រួល​ក្នុងការ​បកស្រាយ​ទ្រឹស្តី​នេះ ព្រោះថា ១/៣ នៃ​អាហារ​ទាំង​អស់​ដែល​យើង​បរិភោគ​រាល់ថ្ងៃគឺពឹងផ្អែក​សត្វឃ្មុំ​ដើម្បី​ទទួល​បាន​កសិផល។ សត្វឃ្មុំគឺជា​ភ្នាក់​យ៉ាង​សំខាន់​ដែល​មិន​ខ្វះ​បាន ព្រោះ​ថា​វា​ជា​អ្នក​ស្រូបយក​លំអង និង​ទឹកដមផ្កា​ហើយ​ធ្វើ​ដំណើរ​ពីដើមរុក្ខជាតិមួយ​ទៅ​ដើម​រុក្ខជាតិ​មួយ​ទៀត ដែល​សកម្មភាពនេះធ្វើឲ្យ​រុក្ខជាតិ​នីមួយ​ៗមាន​ការរីកលូតលាស់​ល្អ និង​ទទួលបាន​ផ្លែផ្កា​ច្រើន។ តាម​ការវិវត្តន៍​ពេលវេលា វា​អាច​នឹង​មាន​សត្វ​ល្អិត​ដ៏ទៃ​ទៀត​មក​ជំនួស​តួរនាទី​សត្វ​ឃ្មុំ ដើម្បី​បំពេញ​ចន្លោះ​កង្វះខាត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី ប្រសិន​បើ​សត្វ​ឃ្មុំ​ផុត​ពូជ។ ប៉ុន្តែ​ក្នុងរយៈពេលខ្លី យើង​អាច​សន្និដ្ខាន​បាន​ថា​ឧស្សាហកម្ម​អាហារជាច្រើន​នឹង​ត្រូវដួល​រលំ និង​កង្វះ​ស្បៀង​អាហារ​ពិភពលោកនឹង​កើត​មាន​ឡើង។ បើទោះ​បី​បញ្ហានេះ​អាច​នឹង​មិនធ្វើ​ឲ្យ​មនុស្ស​ជាតិ​ផុត​ពូជ​ក៏ដោយ ប៉ុន្តែ​យ៉ាងហោចណាស់ យើង​នឹង​គេច​មិន​ផុត​ពី​ឱនភាព​សេដ្ឋកិច្ច​ និង​ ​គ្រោះ​ទុរ្ភិក្ស​នោះទេ។

បើ​យោងតាម​សារព័ត៌មាន​នានា​នៅក្នុង​ពិភពលោក ស្ទើរ​គ្រប់ទី​កន្លែងទាំងអស់ ចំនួន​សត្វ​ឃ្មុំ​កំពុង​តែ​ថយ​ចុះ​យ៉ាងខ្លាំង ហើយ​នៅ​កន្លែង​ខ្លះ សត្វ​ឃ្មុំ​បាន​ផុតពូជ​ទៅ​ហើយ។ ទីកន្លែង​ដែល​សត្វ​ឃ្មុំ​ផុត​ពូជ គេបាន​នាំ​ចូល​សត្វ​ឃ្មុំ​ពីតំបន់​ដ៏ទៃទៀត​ដើម្បី​ទ្រទ្រង់​វិស័យ​កសិកម្ម។ មូលហេតុ​មួយចំនួនដែលធ្វើឲ្យ​ចំនួន​សត្វ​ឃ្មុំ​ថយ​ចុះ​និងផុត​ពូជមាន​ដូចជា ការ​ផ្លាស់ប្តូរ​អាកាសធាតុ កំណើន​សីតុណ្ហភាព​ផែនដី ការប្រើប្រាស់​ថ្នាំ​គីមីក្នុង​ដំណាំ​កសិកម្មជាដើម។

ឯកសារយោង៖

Sciencefocus.com/qa/if-bees-became-extinct-what-effect-would-have-mandkind

Whatwhouldhappencenter.com/what-would-happen-if-bees-went-extinct

Think-differently-about-sheep.com/Bee Facts.htm

Scienceray.com/biology/if-the-bees-go-extinct-the-human-population-will-go-extinct-in-four-years