តើបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលសម្រាប់ក្រុមហ៊ុនគួរមានប៉ុន្មាននាក់?

2890

ក្រុមហ៊ុនកាន់តែច្រើនឡើង​ៗចាប់ផ្តើម​យកចិត្តទុកដាក់​បណ្តាក់ទុន និង​បង្កើនការចំណាយលើ​ការធ្វើទីផ្សារ​នៅ​តាមប្រព័ន្ធឌីជីថលនានាដោយសារតែពួកគាត់​ចាប់ផ្តើម​យល់ពីតម្លៃ និង​ប្រសិទ្ធភាព​របស់វា។ ទំនោរ​មួយ​នេះ គឺកើតឡើង​ដោយសារតែអតិថិជន និង​អ្នកប្រើប្រាស់ទូទៅ បានចំណាយពេលកាន់តែច្រើនឡើងជាមួយ​នឹង​ច្រកឌីជីថល​នានាដូចជា​បណ្តាញសង្គម Facebook Instagram Youtube និងគេហទំព័រព័ត៌មាន ហើយ​កាន់តែតិចទៅៗជាមួយ​នឹង​ច្រកផ្សព្វផ្សាយ​ជំនាន់មុន​ដូចជា​ទូរទស្សន៍ វិទ្យុ ទស្សនាវដ្តី ឬកាសែតជាដើម។ទំនោរមួយនេះ នឹងកាន់តែវិវឌ្ឍន៍​ទៅមុខយ៉ាងឆាប់រហ័ស មិនមានល្បឿនថមថយឡើយ ហើយ​ច្រកឌីជីថល​ជាច្រើនថ្មីៗទៀត​នឹង​លេចចេញជាបន្តបន្ទាប់ ដែលតម្រូវឱ្យ​ក្រុមហ៊ុន និងសហគ្រាស​សម័យថ្មីនេះត្រូវតែតាមដាន និងធ្វើបច្ចុប្បភាពយុទ្ធសាស្ត្រទីផ្សារ​របស់ខ្លួនជានិច្ច។

ដោយសារ​តែភាពចាំបាច់​ក្នុង​ការបង្ហាញវត្តមាននៅលើ​ប្រព័ន្ធឌីជីថល និង​ចេះរៀបចំយុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ឱ្យទាន់ទំនោរសង្គម ក្រុមហ៊ុន និង​ម្ចាស់អាជីវកម្មជាច្រើន​បាន​សម្រេចចិត្ត​ជាវសេវាកម្មឱ្យក្រុមហ៊ុនភ្នាក់ងារ​យុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ជួយសម្របសម្រួល និង​បង្កើត​យុទ្ធសាស្ត្រសម្រាប់ផលិតផល​និង​សេវាកម្មរបស់ខ្លួនផ្សព្វផ្សាយ​លើបណ្តាញសង្គមនានា ជាពិសេស​ Facebook និង Instagram។ នៅពេលដែលក្រុមហ៊ុនតូច និង​មិនទាន់មានធនធានមនុស្សគ្រប់គ្រាន់ ការជាវសេវាកម្មពីភ្នាក់ងារ​ទីផ្សារឌីជីថល គឺជា​ជម្រើសមួយ​ដ៏ប្រសើរ។ ប៉ុន្តែ នៅពេលដែលក្រុមហ៊ុន​មានចំណូល​សមរម្យ​មួយ និងមានកញ្ចប់ថវិការ​ដើម្បីពង្រីកខ្លួននៅលើទីផ្សារ បង្កើត​ក្រុមយុទ្ធសាស្ត្រទីផ្សារ​ឌីជីថលនៅក្នុងក្រុមហ៊ុនគឺជា​ជម្រើស​មួយ​ដែលមិនអាច​មើលរំលង​បាន ហើយខ្ញុំជឿជាក់ថា នៅពេលដែល​អ្នកមាន​ក្រុមការងារ​ខ្លួនឯង អ្នកនឹងមានប្រៀបជាង​អ្នកដែលជួលសេវាកម្មពីខាងក្រៅ និង​អាចធ្វើទីផ្សារបានស៊ីជម្រៅជាងដៃគូរអាជីវកម្មរបស់អ្នក។ តើក្រុមការងារយុទ្ធសាស្ត្រទីផ្សារឌីជីថល​គួរមានប៉ុន្មានអ្នក និង​មានតួរនាទីអ្វីខ្លះ?

ដើម្បីបង្កើតក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថល​ឱ្យបានពេញលេញមួយគួរមានតួរនាទី​និង​ទំនួលខុលត្រូវ​ដូចខាងក្រោម៖

  • អ្នកគ្រប់គ្រងក្រុម (អ្នកដឹកនាំក្រុម)៖ ដើម្បីឱ្យក្រុមដំណើរទៅមុខបានរលូន នៅក្នុង​ក្រុមយុទ្ធសាស្ត្រទីផ្សារឌីជីថលគួរមានអ្នកដឹកនាំម្នាក់ដែលមានចំណេះដឹងល្អលើ​ជំនាញនេះ​ដើម្បីអាច​ដាក់គោលដៅ និងទិសដៅយុទ្ធសាស្ត្រទីផ្សារឌីជីថល រួមទាំង​ជាអ្នក​សម្របសម្រួល​ឱ្យក្រុមការងារ​អាចធ្វើការជាមួយ​គ្នាបានល្អ និង​ជាអ្នកសម្រេចចិត្តនៅក្នុងក្រុមថាតើគួរធ្វើអ្វី ជ្រើសរើស​ជម្រើសមួយណា ហើយនិង​ជាអ្នកដាក់ការងារ​ឱ្យ​កូនក្រុមធ្វើ។
  • អ្នកយុទ្ធសាស្ត្រ៖ ប្រសិនបើក្រុមនៅតូចនៅឡើយ អ្នកដឹកនាំក្រុមអាចជា​អ្នកយុទ្ធសាស្ត្រ​ទីផ្សារឌីជីថល​តែម្នាក់គត់​ តែនៅពេលដែលក្រុមហ៊ុនកាន់តែធំទៅៗ អ្នកនឹងត្រូវការ​មនុស្ស​ជាច្រើនទៀត​មកជួយការងារនេះ ព្រោះថា​ស​ម្រាប់​ផ្នែកយុទ្ធសាស្ត្រទីផ្សាឌីជីថលនេះ គឺមានច្រកផ្សព្វផ្សាយជាច្រើនដែលទាមទារ​ឱ្យ​មាន​ការបត់បែនយុទ្ធសាស្ត្រផ្សេងៗគ្នា​ដែលមានដូចជា៖
    • យុទ្ធសាស្ត្រទីផ្សារ​បណ្តាញសង្គម (Faceboo, Instagram, Linkedin, Tiktok, ។ល។)
    • Search Engine Optimization (នៅលើGoogle ឬម៉ាស៊ីស្វែងរកដទៃទៀត)
    • អ្នកយុទ្ធសាស្ត្រមាតិកា (Content Marketing)
    • ការផ្សព្វផ្សាយនៅលើ Google, Youtube និងច្រកស្រដៀងគ្នាផ្សេងៗទៀត
    • យុទ្ធសាស្តទីផ្សារឥទ្ធិមន្ត (Influencer marketing)
    • Email Marketing
    • សេវាបម្រើអតិថិជនអនឡាញ
  • អ្នកច្នៃប្រឌិត និងអ្នកប្រតិបត្តិ

អ្នកយុទ្ធសាស្ត្រគឺធ្វើជា​ផែនការ និងគម្រោង ហើយអ្នកដែលមានភាពច្នៃប្រឌិត និងអ្នកប្រតិបត្តិគឺបកប្រែកផែនការនោះទៅជា​សកម្មភាព។ គាត់អាចជា៖

    • អ្នកសរសេរ​(សរសេរអត្ថបទ សេវាការផ្សព្វផ្សាយ និង​សរសេរ​ជាលក្ខណៈPR)
    • អ្នករចនាក្រាហ្វិច គឺជាអ្នកច្នៃ​ និង​បង្កើតរូបភាពផ្សព្វផ្សាយមានភាពទាក់ទាញ និង​ស្រស់ស្អាត។ ហើយជាទូទៅនៅប្រទេសកម្ពុជា ម្ចាស់អាជីវកម្ម​ភាគច្រើនបាន​យកគាត់ទៅទទួល​ខុសត្រូវ​លើ​ការធ្វើយុទ្ធសាស្ត្រទីផ្សារ​ឌីជីថល​ទាំងមូល ដែលខុសពីដែនសមត្ថភាព និងជំនាញ​របស់គាត់​ដោយសារតែការយល់ច្រឡំថាគាត់អាចធ្វើបានអ្វីៗទាំងអស់។
    • ក្រុមថតរូបនិងវីដេអូ គឺជាអ្នកជំនាញបង្កើតរូបភាព និងវីដេអូ​សម្រាប់ផ្សព្វផ្សាយ ហើយ​ជំនាញនេះកំពុងតែមានទីផ្សារខ្លាំង​ដោយសារតែបណ្តាញសង្គមជាច្រើន​បានជម្រុញ​ទឹកចិត្ត​ឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុន​បង្ហោះមាតិកាជាវីដេអូ​ដើម្បីទទួលបាន​ការមើលច្រើន។ សម្រាប់ក្រុមតូច អ្នករចនា​ក្រាហ្វិចមួយចំនួនអាចទទួល​កិច្ច​នេះបានក្នុង​កម្រិត​ណាមួយ​។
    • អ្នកវិភាគទិន្នន័យ គឺជាអ្នកដែលចេះត្រួតពិនិត្យ វាយតម្លៃ និង​វិភាគ​ព័ត៌មានលើការផ្សព្វផ្សាយ​កន្លង​មកថាតើមានប្រសិទ្ធភាព និង​ទទួលបាន​ផលកម្រិតណាដើម្បី​យកទៅ​វាយតម្លៃ និងធ្វើការ​កែតម្រូវ​លើ​ការ​ផ្សព្វផ្សាយ​នៅពេលក្រោយទៀត។ សម្រាប់ក្រុម​តូច អ្នកគ្រប់គ្រង និង​ដឹកនាំក្រុមអាចធ្វើកិច្ចការនេះ​បាន។

សរុបមក យ៉ាងហោចណាស់​ក៏មានគ្នា២នាក់ដែរសម្រាប់ក្រុមយុទ្ធសាស្ត្រទីផ្សារឱ្យមានដំណើរការទៅមុខល្អដែលក្នុងនោះអាចមានម្នាក់ជាអ្នកដឹកនាំហើយមានទំនួលខុសត្រូវលើការគិតយុទ្ធសាស្ត្រ  និងវិភាគទិន្នន័យ និងម្នាក់ទៀតជាអ្នកច្នៃប្រឌិត(អ្នករចនាក្រាហ្វិច) ឬអ្នកបម្លែងយុទ្ធសាស្ត្រ និងផែនការទៅជាសកម្មភាព។ ហើយនៅពេលដែលអាជីវកម្មកាន់តែរីកដុះដាល ម្ចាស់អាជីវកម្មគួរតែពង្រីកក្រុមទៅតាមតម្រូវការជាក់ស្តែង​ដូចមានរៀបរាប់ខាងលើ។

 

Previous articleហេតុអ្វីទំព័រFacebookរបស់អ្នកធ្លាក់ចំនួនLike?
Next articleតើសៀវភៅបានផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកអាន?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។