តើមនុស្ស​អាចនឹង​បង្កើត​ម៉ាស៊ីន​ពេលវេលា​បានដែរ​ឬទេ ?

990
ម៉ាស៊ីនពេលវេលា​ដែល​ដកស្រង​ចេញពី​ខ្សែភាពយន្ត

មនុស្ស​មួយ​ចំនួន​ធំនឹង​គិត​ថា​អ្នកឆ្កួត ឬ គិត​អ្វី​មិនបានការ​នៅពេល​ដែល​អ្នក​និយាយ​អំពី​ម៉ាស៊ីន​ពេលវេលា ។ សូមបញ្ជាក់ថា​ម៉ាស៊ីន​ពេលវេលា​មិនមែន​ជា​នាឡិកា​នោះទេ ប៉ុន្តែ​ជាម៉ាស៊ីន​ដែលអាចឲ្យ​អ្នក​ធ្វើ​ដំណើរទៅ​អតីតកាល និង អនាគតកាលបាន ។

បើ​យើងសួរ​អ្នកថា​ តើមនុស្ស​អាចនឹង​បង្កើត​ម៉ាស៊ីន​ពេលវេលាបានដែរ​ឬទេ ? មនុស្ស​ធម្មតា​ស្ទើរ​តែទាំង​អស់​នឹងឆ្លើយថា​មិនអាចទៅ​រួច​ឡើយ ។ ប៉ុន្តែ​នៅពេលដែលគេ​បន្តសួរ​ទៀតថា​ តើមូលហេតុ​អ្វី​ដែល​ធ្វើឲ្យ​អ្នកគិតថា​វាមិន​អាច​ទៅរួច​ ? មនុស្សភាគច្រើន​នឹង​គ្មាន​ចំលើយ​ឡើយ​ដោយ​គ្រាន់តែថា​ពួកគេ​ជឿលើ​សភាវៈគតិ​របស់ខ្លួន​ទៅនឹង​ច្បាប់ធម្មជាតិ​ដោយយល់​ថា​ការបង្កើត​ម៉ាស៊ីន​ពេលវេលា​គ្រាន់​តែជា​ការស្រមើល​ស្រមៃ​ប៉ុណ្ណោះ ហើយ​វានឹង​មិន​អាចទៅ​រួច​ឡើយ ។

ចំពោះ​​អ្នករូបវិទ្យាវិញយល់ឃើញថាតា​ម​ទ្រឹស្តីបទ​រូបវិទ្យា​​ការបង្កើត​ម៉ាស៊ីន​ពេលវេលា​អាចទៅរួច ហើយ​ពួកគេ​មិន​ត្រឹមតែ​យល់​ឃើញនោះទេតែកំពុង​នឹងបាន​ខិតខំ​ស្រាវជ្រាវ​ដើម្បី​បង្កើត​ម៉ាស៊ីនពេលវេលា​នោះទៀតផង ។ អ្នករូបវិទ្យានិយាយ​ថា​មានវិធី​ជាច្រើន​ដែលអាច​នាំឲ្យ​យើង​បង្កើត​បាន​ម៉ាស៊ីន​ពេលវេលាដូចជា​តាមរយៈ ប្រហោងខ្មៅ (Black hole) ការធ្វើដំណើរ​ក្នុង​ល្បឿនលឿន​ជាងពន្លឺព្រះអាទិត្យ និង តាមរយៈ Wormhole ជាដើម ។ល។ ប៉ុន្តែ​អ្នក​រូបវិទ្យា​មួយចំនួន​គិត​ថា បើទោះបីមនុស្សអាច​បង្កើតម៉ាស៊ីនពេលវេលា​បាន​ក្តី វាអាច​ឲ្យយើង​ធ្វើ​ដំណើរ​បានតែ​ទៅ​អនាគតកាល​ប៉ុណ្ណោះ ។ ពួកគេ​បានបញ្ជាក់ថា​ការធ្វើដំណើរ​ទៅ​អតីតកាល​មិនអាចទៅ​រួច​ឡើយ​ដោយសារ​តែបញ្ហាមួយដែល​គេ​ហៅថា​ “Paradox” ។

ប៉ុន្តែ​ក្នុង​អត្ថបទ​នេះ គំនិត​នឹង​ពន្យល់ត្រឹមតែ​មូលហេតុ​ ៣​ យ៉ាង​ដែល​ធ្វើ​ឲ្យអ្នក​គិត​ថា​ការបង្កើត​ម៉ាស៊ីនពេលវេលា​មិន​អាច​ទៅ​រួច ។ បើ​យើង​ត្រឡប់ទៅមើលសំណួរ​ដែលសួរ​ថា មូលហេតុ​អ្វី​បានជា​អ្នក​គិត​ថាការបង្កើត​ម៉ាស៊ីនពេលវេលា​មិនអាច​ទៅ​រួច? កត្តា​ដែល​ជំរុញ​ឲ្យ​អ្នកគិត​ដូច្នោះគឺដោយសារតែ​អ្នក​យល់ច្រឡំ ឬ មិនបាន​ដឹង​ពីច្បាប់នៃពេលវេលា ។ តាមរយៈវីគីភេឌា ពេលវេលា​គឺជា​ផ្នែក​មួយនៃ​ប្រព័ន្ធ​រង្វាស់​ប្រើសម្រាប់​រាប​លំដាប់​ព្រឹត្តិការណ៍​ដើម្បី​ប្រៀបធៀប​ថេរវេលា​និងរយៈចន្លោះ​នៃ​ព្រឹត្តិការណ៍នោះ និង​ បញ្ជាក់​ពី​ល្បឿន​នៃការផ្លាស់ប្តូរ​ដូចជា​ ចលនា​នៃវត្ថុ ។

អ្វី​ដែល​ជំរុញ​ឲ្យ​អ្នក​គិតថា​ការបង្កើតម៉ាស៊ីនពេលវេលា​មិនអាចទៅរួច​នោះដោយសារ​កត្តា ៣ យ៉ាងដែល​អ្នកយល់ច្រឡំ ឬ​ មិន​បានដឹងពី​ច្បាប់​ធម្មជាតិរបស់ពេលវេលា ។

កត្តាទាំង ៣ នោះគឺ ៖

១ យើង​មិនអាច​ធ្វើសមកាលកម្ម​ពេលវេលា​បាន​ឡើយ ក្នុង​ន័យ​នេះ​គេ​ចង់និយាយ​ថា​យើង​មិន​អាច​ធ្វើឲ្យ​ពេលវេលា​នៃចំនុចពីរ​​ដូច​គ្នាបាន​ឡើយ ។

ឧទាហរណ៍ ដោយសារ​តែ​ច្បាប់នៃ​ល្បឿនរបស់​ពន្លឺនៅពេល​ដែល​អ្នកមើល​ទៅ​ព្រះអាទិត្យ​ អ្វី​ដែល​អ្នក​បានឃើញ​ជាព្រះអាទិត្យកាលពី​ ៨នាទីមុន​ប៉ុណ្ណោះ​បើប្រៀប​ធៀប​ទៅនឹង​ពេលវេលារបស់​អ្នក​នៅលើ​ផែនដី ។ ដូចនេះ​តាមទ្រឹស្តីបទ​មួយរបស់​រូបវិទ្យា (Special Relativity) យើង​នឹងអាច​ធ្វើដំណើរ​ទៅ​អនាគតកាលបានបើ​សិន​ជាយើង​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ជាង​ពន្លឺ​ព្រះអាទិត្យ ។

២ ល្បឿន​នៃ​ពេលវេលា​គឺមិន​ថេរ​ឡើយ ឬ អាច​និយាយ​បាន​ថាមិន​ជាក់លាក់ឡើយ ។ ​ល្បឿនរបស់​ថេរវេលា​ផ្លាស់ប្តូរ​ទៅ​តាម​ទម្ងន់​របស់​វត្ថុ​នោះ មាន​ន័យថា​របស់​កាន់​តែ​ធ្ងន់ ពេលវេលា​ដើរ​កាន់តែយឺត ។ ទាំង​នេះ​មិនមែន​គ្រាន់តែ​ជា​ទ្រឹស្តីបទ​​ឡើយ ប៉ុន្តែ​វា​ជាការពិត​ ។

តួយ៉ាងនាឡិកា​នៅជា​មួយ​ផ្កាយ​រណប (GPS) ដើរយឺត​ជាងនាឡិកា​នៅលើ​ផែនដី​ដោយសារ​តែទម្ងន់​របស់​ផែនដី​ធ្ងន់​ជាង​ទម្ងន់​របស់ផ្កាយរណប ។ ដោយសារ​ប្រហោង​ខ្មៅ (Black hole) មានទម្ងន់​ធ្ងន់មហិមា​បើប្រៀប​ធៀប​ទៅនឹង​ផែនដី ដូចនេះ​បើ​យើង​អាច​បង្កើត​ប្រហោង​ខ្មៅ​ហើយ​ធ្វើដំណើរ​ជាមួយ​ប្រហោង​ខ្មៅ​នោះបាន វា​នឹង​ធ្វើ​ឲ្យពេលវេលា​របស់យើង​ដើរ​យឺត​បើ​ប្រៀប​ធៀប​ទៅ​នឹង​ពេលវេលា​នៅ​ផែនដី ។ ឧបមាថា​យើង​ធ្វើ​ដំណើរ​ចេញ​ពីផែនដីនៅឆ្នាំ​ ២១០០ ហើយធ្វើដំណើរជាមួយ​ប្រហោង​ខ្មៅរយៈពេល​ ៥ឆ្នាំ ។ ៥ឆ្នាំ​​ ក្រោយ​មក​យើងត្រឡប់​ទៅ​ផែនដី​វិញ នៅពេលនោះ​ផែនដី​គឺមិនមែន​ឆ្នាំ ២១០៥ ទេ គឺជាឆ្នាំ ៣០០០ ទៅវិញ ។ និយាយ​ឲ្យខ្លី​គឺ​អ្នក​បាន​ធ្វើ​ដំណើរទៅ​អនាគត​កាល​ពី​ឆ្នាំ ២១០៥ ទៅឆ្នាំ ៣០០០ ។ ដែលវា​ដូច​ទៅ​នឹង​រឿង​ចិន​បុរាណ​ដែល​ថា​មួយ​ថ្ងៃ​នៅឋានសួគ៌ស្មើនឹង​មួយឆ្នាំ​នៅផែនដី ។

៣ មនុស្ស​យល់​ច្រឡំ​ថាពួកគេ​កំពុងរស់នៅក្នុង​លំហ 3D (3 dimensions) ដោយ​មិនបាន​ដឹង​ថាយើង​កំពុង​រស់​នៅ​ក្នុង​លំហ 4D (3Dនៃលំហបូក1Dនៃពេលវេលា) ។ សម្រាប់​អ្នករូបវិទ្យា​ពេលវេលា និង លំហ​គឺមាន​ទំនាក់ទំនង​និងគ្នា​ដែល​មិនអាច​ខ្វះបាន ។ អ្នក​រូបវិទ្យាគិតថា​ដោយសារ​តែ1Dនៃ​ពេលវេលាមានភាព​អាថ៌កំបាំងដែល​ធ្វើឲ្យយើង​នៅមិន​ទាន់អាច​រក​ឃើញវានៅឡើយ ប៉ុន្តែបើ​យើងអាច​រក​ឃើញ​វា (ដែលនាំដល់ការ​បង្កើត Wormhole) នោះវា​ហាក់​បីដូចជា​យើង​រក​ឃើញ​ម៉ាស៊ីពេលវេលា​អញ្ចឹង ។

ចងចាំ: យើង​នឹងពន្យល់ពី​ពាក្យ ប្រហោងខ្មៅ Paradox និង Wormhole នៅក្នុង​អត្ថបទ​មួយផ្សេងទៀត ។

ដកស្រង់ចេញពី:

www.youtube.com/watch?v=SLUzJeto0Wo&feature=related

http://en.wikipedia.org/wiki/Time

 

 

Previous articleការពិត ១០​យ៉ាងដែលអ្នកនឹកស្មានមិនដល់!!! (ភាគ ៨)
Next articleអុកស៊ីសែនលើសលុបពេកក៏មិនល្អដែរ !
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។