តើមនុស្ស Proactive គឺជាមនុស្សបែបណា?

354

មនុស្ស Proactive ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ដែលមានទំនួលកំហុសត្រូវលើខ្លួនឯង សកម្មជាមួយនឹងការងារ ធ្វើការហ្មត់ចត់ គិតបានល្អិតល្អន់ ជាមនុស្សម្នាក់ដែលចេះបត់បែនទៅតាមស្ថានការណ៍ ថែមទាំងមិនងាយភិតភ័យឬតក់ស្លុតជាមួយនឹងអ្វីដែលបានកើតឡើងនោះទេ ព្រោះមនុស្សបែប Proactive នេះគឺតែងតែត្រៀមចិត្ត ត្រៀមគម្រោងការដើម្បីទប់ទល់ជាមួយនឹងស្ថានការណ៍ទាំងអស់នោះទុកមុនជានិច្ច។ អ្វីដែលពិសេសនោះគឺមនុស្ស Proactive នេះមិនចូលចិត្តតបតជាមួយនឹងនរណាម្នាកដើម្បីតែឈ្នះ ដើម្បីតែមុខមាត់ ចំពោះរឿងដែលឥតប្រយោជន៍ ឬប្រកាន់ខឹងជាមួយនឹងមនុស្សដែលមានលក្ខណៈប្រតិកម្មភា្លមៗនោះទេ។

លើសពីនេះទៅទៀតយើងឃើញថា នៅពេលដែលមានរឿងសប្បាយរីករាយ ភាពភ្ញាក់ផ្អើល ឬក៏មានបញ្ហាកើតឡើងចំពោះមនុស្សបែប Proactive (សកម្មនិងមានទំនួលខុសត្រូវ) នេះ គឺពួកគេក៏នឹងសប្បាយចិត្តឬកើតទុក្ខទៅតាមហេតុការណ៍ទាំងនោះ ប៉ុន្តែពួកគេមិនចូលចិត្តប្រើអារម្មណ៍ (ពេក) ចំពោះស្ថានភាពមួយនោះ ឬ បណ្ដោយឲ្យភាពរីករាយនិងភាពកើតទុកទាំងនោះមកធ្វើឲ្យពួកគេសប្បាយភ្លេចខ្លួន ឬ កើតទុក្ខខ្លាំងពេករហូតដល់ថ្នាក់ធ្វើបាបខ្លួនឯងនិងស្ដីបន្ទោសអ្នកដទៃនោះទេ។ ករណីនេះដែរ ប្រសិនបើមាននរណាម្នាក់មកសរសើរលើកជើងពួកគេ ក៏៏ពួកគេមិនសូវជារំភើបញាប់ញ័រ ឬ ជោរជាមួយនឹងពាក្យសរសើរក្លែងក្លាយនោះដែរ ពោល គឺគាត់នឹងស្វែងយល់ពីវា ថាតើនេះគឺជាការសរសើរបែបបញ្ជោរឬយ៉ាងណា? ហើយពួកគេនឹងឆ្លើយតបទៅវិញដោយសមរម្យ សមគួរ និង ត្រឹមត្រូវទៅកាន់អ្នកទាំងនោះវិញ។

បន្ថែមពីនេះទៅទៀត មនុស្សបែប Proactive (សកម្មនិងមានទំនួលខុសត្រូវ) នេះ ពួកគេតែងតែរិះរកគិតពីមធ្យោបាយដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន ស្វះស្វែងរកឱកាសនិងបង្កើតឱកាស ដើម្បីធ្វើឲ្យក្ដីស្រមៃរបស់ពួកគេក្លាយទៅជាការពិត។ ហើយពួកគេតែងតែព្យាយាមបង្កើតគំនិតច្នៃប្រឌិត និង ធ្វើសកម្មភាពណាមួយដើម្បីសម្រេចនូវគោលដៅដែលពួកគេបានកំណត់ទុក ព្រោះពួកគេមិនចូលចិត្តការរង់ចាំ ឬរង់ចាំទាល់តែឱកាសមកដល់ទើបធ្វើនោះទេ។