តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

152
តើម្ចាស់អាជីវកម្មខ្នាតតូច គួរយល់ដឹងពីរបៀបធ្វើទីផ្សារអ្វីខ្លះ?

ការធ្វើទីផ្សារជារឿងមួយដ៏សំខាន់ណាស់នៅក្នុងអាជីវកម្ម មិនថាអាជីវកម្មនោះស្ថិតនៅក្នុងប្រភេទអាជីវកម្មអ្វីនោះទេ។ ហើយប្រសិនបើ ផលិតផលរបស់អ្នកមានគុណភាពល្អ ប៉ុន្តែមិនចេះធ្វើទីផ្សារ ក៏អាជីវកម្មរបស់អ្នកក៏ពិបាកនឹងរីកចម្រើនលឿនដែរ។

នៅក្នុងចំណុចនេះ ភាគច្រើនម្ចាស់អាជីវកម្មខ្នាតតូចបានមើលរំលង ក៏ដូចជាមិនសូវធ្វើទីផ្សារច្រើនសម្រាប់អាជីវកម្មរបស់ខ្លួនឡើយ។ ពេលខ្លះធ្វើទីផ្សារខុស ឬមិនចេះធ្វើទីផ្សារសម្រាប់អាជីវកម្មរបស់ខ្លួនក៏មានដែរ។ ដូច្នេះនៅក្នុងខ្លឹមសារអត្ថបទមួយនេះ នឹងបង្ហាញអ្នក ជាពិសេសម្ចាស់អាជីវកម្មខ្នាតតូច ឱ្យបានឈ្វេងយល់បន្ថែមពីរបៀបធ្វើទីផ្សារនៅក្នុងអាជីវកម្មរបស់ខ្លួនឱ្យកាន់តែល្អ។

តើអ្វីជាការធ្វើទីផ្សារ?

ការធ្វើទីផ្សារ សំដៅលើសកម្មភាពណាមួយដែលក្រុមហ៊ុនបានធ្វើសកម្មភាព ដើម្បីទាក់ទាញអតិថិជនគោលដៅមកកាន់ផលិតផល ឬសេវាកម្មរបស់ក្រុមហ៊ុនតាមរយៈការផ្ញើសារដែលមានគុណភាពខ្ពស់។ ហើយការធ្វើទីផ្សារ មានគោលបំណងផ្តល់នូវគុណតម្លៃដាច់ដោយឡែកសម្រាប់អនាគត និងអ្នកប្រើប្រាស់តាមរយៈខ្លឹមសារជាមួយនឹងគោលដៅរយៈពេលវែងនៃការបង្ហាញពីគុណតម្លៃផលិតផល និងការពង្រឹងភាពស្មោះត្រង់នៃម៉ាកយីហោ ហើយបន្ទាប់មកធ្វើការបង្កើនការលក់។

ឈ្វេងយល់ពី 4 Ps នៃការធ្វើទីផ្សារ

4 Ps មកពីពាក្យ Product (ផលិតផល), Price (តម្លៃ), Place (ទីតាំង), &Promotion (ការផ្សព្វផ្សាយ)

  • Product (ផលិតផល)៖ តើអ្នកនឹងលក់អ្វី? តើផលិតផលរបស់អ្នកបំពេញតម្រូវការអតិថិជនរបស់អ្នកយ៉ាងដូចម្តេច?
  • Price (តម្លៃ)៖ តើអ្នកនឹងកំណត់តម្លៃបែបណា? តើគុណតម្លៃនៃផលិតផលរបស់អ្នកគឺជាអ្វី?
  • Place (ទីតាំង)៖ តើអ្នកនឹងជ្រើសរើសទីតាំងនៅកន្លែងណា ដែលសម្បូរដោយអតិថិជនគោលដៅរបស់អ្នក? តើអតិថិជនកំពុងស្វែងរកផលិតផលរបស់អ្នកនៅឯណា?
  • Promotion (ការផ្សព្វផ្សាយ)៖ តើអតិថិជនរបស់អ្នកឈ្វេងយល់អំពីអ្នកដោយរបៀបណា? តើអ្នកប្រើយុទ្ធសាស្ត្រអ្វីខ្លះ ហើយមានប្រសិទ្ធភាពដែរឬទេ? តើអ្នកអាចបែងចែកផលិតផលរបស់អ្នកពីដៃគូប្រកួតប្រជែងដោយរបៀបណា?

ប្រភេទនៃការធ្វើទីផ្សារ ដែលអ្នកគួរចាប់ផ្ដើមសាកល្បង

ប្រភេទនៃការធ្វើទីផ្សារមានច្រើនណាស់ ប៉ុន្តែចំពោះអាជីវកម្មខ្នាតតូចគួរតែសាកល្បងនូវប្រភេទនៃការធ្វើទីផ្សារមួយចំនួនដែលមានដូចជា៖

1. កំណត់ទីផ្សារគោលដៅ

ការកំណត់ទីផ្សារគោលដៅនេះ ជារឿងសំខាន់ណាស់ ប៉ុន្តែម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួនបានមើលរំលង ហើយតែងតែគិតថា មនុស្សគ្រប់គ្នាសុទ្ធតែជាអតិថិជនគោលដៅរបស់ពួកគេ។

ចូរអ្នកត្រូវចងចាំថា ការដែលអាចកំណត់ទីផ្សារគោលដៅបាន គឺវាជួយអ្នកឱ្យស្គាល់ច្បាស់អំពីទំហំទីផ្សាររបស់អ្នក ហើយដឹងយ៉ាងច្បាស់ទៀតថា តើអតិថិជនគោលដៅរបស់អ្នកជានរណា? ហើយអ្នកកាន់តែងាយស្រួលក្នុងការធ្វើទីផ្សារឱ្យចំគោលដៅដែលអ្នកចង់បាន។

ជំហានដំបូង អ្នកត្រូវតែកំណត់ប្រភេទអតិថិជនគោលដៅរបស់អ្នក តាមវិធីខាងក្រោម៖

  • អាយុ
  • ភេទ
  • ជនជាតិ
  • កម្រិតនៃការអប់រំ
  • មុខរបរ
  • កម្រិតនៃប្រាក់ចំណូល
  • ស្ថានភាពគ្រួសារ (នៅលីវ ឬមានគ្រួសាររួច)

លើសពីនេះ អ្នកក៏ត្រូវដឹងអំពី៖

  • ចំពោះផលិតផល តើអតិថិជនរបស់អ្នកចូលចិត្តអ្វី និងមិនចូលចិត្តអ្វី?
  • តើអតិថិជនរបស់អ្នកភាគច្រើននៅទីណាខ្លះ?
  • តើអតិថិជនរបស់អ្នកភាគច្រើនចូលចិត្តប្រភេទមាតិកាបែបណា?
  • តើអតិថិជនរបស់អ្នកភាគច្រើនមានតម្រូវការអ្វីខ្លះ? ។ល។
2. Content Marketing (ទីផ្សារមាតិកា)

Content Marketing គឺជាការបង្កើត និងចែកចាយមាតិកា ដែលត្រូវបានរចនាឡើងដើម្បីកម្សាន្ត អប់រំ និងផ្តល់គុណតម្លៃដល់អ្នកប្រើប្រាស់។ ហើយយុទ្ធសាស្រ្តនេះ នឹងជួយបង្កើនចំណាប់អារម្មណ៍កាន់តែខ្លាំងពីអតិថិជន និងកសាងទំនុកចិត្តជាមួយពួកគេ។ ជារួមមក យុទ្ធសាស្ត្រនេះជួយឆ្លើយតបនឹងសំណួររបស់អ្នកប្រើប្រាស់ អំពីមូលហេតុដែលពួកគេគួរតែជ្រើសរើសប្រើប្រាស់ផលិតផលនៅក្នុងអាជីវកម្មរបស់អ្នក ជាជាងទៅប្រើប្រាស់របស់ក្រុមហ៊ុនផ្សេង។

របៀបប្រើប្រាស់ការធ្វើទីផ្សារបែប Content Marketing

  • ចាប់ផ្ដើមបង្កើតការសរសេរប្លុក (Blogging)
  • ចាប់ផ្ដើមធ្វើសកម្មភាពឱ្យបានច្រើននៅលើប្រភេទបណ្ដាញសង្គមណាដែលអតិថិជនរបស់អ្នកចូលចិត្តប្រើប្រាស់ ដូចជា Facebook, TikTok និង IG ជាដើម
  • បង្កើតមាតិកាដែលអតិថិជនរបស់អ្នកចង់ឃើញ និងចូលចិត្ត ហើយផ្សារភ្ជាប់ជាមួយនឹងអ្វីដែលអ្នកលក់
  • បង្កើតប្រតិទិនសម្រាប់ផ្សព្វផ្សាយមាតិការបស់អ្នក
  • បង្កើតភាពចម្រុះនៃប្រភេទមាតិកា ដោយបញ្ចូលទាំង Infographic, វីដេអូ និងអត្ថបទជាដើម
  • បង្ហាញពីចំណាប់អារម្មណ៍របស់អតិថិជនរបស់អ្នកក្រោយពីបានប្រើប្រាស់ផលិតផលរបស់អ្នក
3. Social Media Marketing (ទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម)

អ្នកអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីបង្កើតទំនាក់ទំនងឱ្យជិតស្និត ក៏ដូចជាមានភាពរឹងមាំជាមួយនឹងអតិថិជនរបស់អ្នក។

ក្រុមហ៊ុនជោគជ័យ តែងតែមានគោលបំណងបង្កើតសហគមន៍អ្នកគាំទ្រ និងបង្កើនការស្តាប់តាមបណ្ដាញសង្គមដោយប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មខ្នាតតូច ក៏អាចសាកល្បងបាន។ លើសពីនេះ អ្នកក៏អាចសិក្សាបន្ថែមថា អតិថិជនរបស់អ្នកភាគច្រើនចំណាយពេលច្រើននៅលើបណ្ដាញសង្គមមួយណា ដើម្បីងាយស្រួលដល់អ្នកក្នុងការសម្រុកធ្វើសកម្មភាពនៅទីនោះឱ្យបានច្រើន។

4. Facebook Ads (ការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក)

Facebook ជាកន្លែងមួយដែលមនុស្សពេញនិយមប្រើប្រាស់ច្រើន ហើយនៅក្នុងនោះក៏សម្បូរអតិថិជនរបស់អ្នកផងដែរ ដូច្នេះវាជាជម្រើសដ៏ល្អក្នុងការធ្វើទីផ្សារ ដោយប្រើវិធីសាស្រ្ត Facebook Ads ពីព្រោះវាអាចឆាប់បានទៅដល់អតិថិជនរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់។

ជំហានក្នុងការផ្សាយពាណិជ្ជកម្មដោយប្រើ Facebook Ads៖

  • បង្កើតគណនី Facebook សម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នកដោយប្រើ Business Suite
  • បង្កើតការច្នៃប្រឌិតពាណិជ្ជកម្ម (រូបថត ឬវីដេអូ) ជាមួយនឹងចំណងជើងគួរឱ្យទាក់ទាញ និងរូបភាពដែលគួរឱ្យចាប់អារម្មណ៍
  • ប្រើកម្មវិធីគ្រប់គ្រងការផ្សាយពាណិជ្ជកម្មរបស់ Facebook ដែលផ្តល់រាល់មុខងារដែលអ្នកត្រូវការ ដើម្បីចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្ម ឧ. ការកំណត់គោលដៅទស្សនិកជន ថវិកា ពេលវេលាដំណើរការ ស្ថិតិពេលវេលា និងជាច្រើនទៀត។
  • វាយតម្លៃពីរបៀបដែលការផ្សាយពាណិជ្ជកម្មរបស់អ្នកកំពុងដំណើរការ

សូមបញ្ជាក់ នៅក្នុងចំណុចនេះ ប្រសិនបើអ្នកមិនសូវមានជំនាញ ឬមិនសូវចេះច្បាស់ អ្នកអាចជ្រើសរើសបុគ្គលិក ឬស្វែងរកជំនួយពីបុគ្គលណាដែលពួកគេមានជំនាញខាង Facebook Ads ដើម្បីធ្វើកិច្ចការនេះសម្រាប់អាជីវកម្មរបស់អ្នក។

5. ផ្តល់ការប្រឹក្សាដោយឥតគិតថ្លៃ

ប្រសិនបើអ្នកជាអ្នកជំនាញលើផ្នែកណាមួយ ឬអាចស្វែងរកដៃគូសហការពីបុគ្គលណាម្នាក់ ដែលពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក ដើម្បីបង្កើតការប្រឹក្សាយោបល់ជាពិសេសឥតគិតថ្លៃដល់អតិថិជន។

ធ្វើបែបនេះ ដើម្បីធ្វើឱ្យអតិថិជនកាន់តែងាយសម្រេចចិត្តបានលឿន និងល្អ ព្រមទាំងពួកគេកាន់តែបានយល់ច្បាស់អំពីផលិតផលនៅក្នុងក្រុមហ៊ុនរបស់អ្នកកាន់តែច្បាស់ជាងមុន។