តើរៀនភាសាបរទេសយ៉ាងម៉េចឲ្យ​ឆាប់​ចេះ?

1633

ការសិក្សាភាសាបរទេស ពិតជា​ពេញនិយមយ៉ាងខ្លាំង​មិនថា​តែនៅប្រទេស​កម្ពុជា​ ឬក៏បណ្តាប្រទេស​នៅជុំវិញពិភព​លោក។ ទាំងក្មេងទាំងចាស់ នាំគ្នាសង្វាត​ទៅសិក្សាភាសាទីពីរ ឬទីបីណាដែលខ្លួនគិត​ថា​ចាំបាច់ ដើម្បីឲ្យទាន់​សម័យកាល និងសម្រប​តាមតម្រូវការសង្គម។ ការរៀន​ភាសា​ ក៏ដូចជារៀន​មុខវិជ្ជា​ផ្សេងៗទៀត​ផងដែរ គឺទាមទារ​ឲ្យយើង​ខំប្រឹង​យកចិត្តទុកដាក់ និង​អនុវត្ត​ឲ្យបានច្រើន។ ថ្ងៃ​នេះ «គំនិត»​សូមលើកយកវិធីមួយចំនួនដើម្បីចែករំលែកជូនប្រិយមិត្តទាក់ទង​នឹងវិធីសាស្ត្រនៃការសិក្សាភាសាបរទេសឲ្យឆាប់ចេះអាចប្រើប្រាស់បានដូចខាងក្រោម៖

គោលបំណង

ការរៀនភាសា គឺដូចជាការធ្វើកិច្ចការផ្សេងៗអញ្ចឹង អ្នកត្រូវតែមានគោលដៅមួយច្បាស់លាស់។ ប្រសិនបើអ្នកគ្មានគោលដៅទេ ហើយ​រៀន​គ្រាន់ដើម្បីតែរៀន ឬមួយក៏រៀន​តាមតែមិត្តភ័កិ្តនោះ លទ្ធផលចុង​ក្រោយពិត​ជា​មិនបាន​សម​ប្រកប​ឡើយ។ អ្នកត្រូវសួរខ្លួន​ឯងថា តើអ្នករៀនភាសាមួយនេះដើម្បីអ្វី? ដើម្បីបន្តការសិក្សានៅប្រទេសនោះ? ដើម្បីមុខជំនួញ? ដើម្បីរាប់អានមិត្តភ័ក្តិដែលនិយាយភាសានោះ? ដើម្បី…? នៅពេលដែលអ្នកមានគោលដៅហើយ និង​ដឹងអំពីអត្ថប្រយោជន៍បន្ទាប់ពីចេះភាសានោះហើយ ការសិក្សារ​បស់អ្នកនឹង​បោះជំហ៊ាន​ទៅមុខ​យ៉ាងលឿន។

មិនត្រូវ​អៀន​ខ្មាស់

បញ្ហាដ៏ធំបំផុត​ដែល​មនុស្ស​ជាច្រើន​បានជួបប្រទះនោះគឺភាព​អៀនខ្មាស់​ក្នុង​ការ​និយាយភាសា​ដែល​គេកំពុង​តែ​រៀន។ ពួកគេ​តែង​តែ​ភ័យ​ព្រួយ​ថា​ពួកគេ​មិន​អាច​និយាយ និងប្រកបពាក្យបានល្អ ហើយ​អាចធ្វើ​ឲ្យ​មិត្ត​ភ័ក្តិ​របស់​គេសើចចំអក។ នេះគឺជា​កំហុស​មួយដ៏ធំ ហើយអ្នកត្រូវតែចៀស​ឲ្យ​ឆ្ងាយ​ពីកំហុស​មួយនេះ។ ដើម្បី​រៀន​ភាសាមួយឲ្យ​បាន​ល្អ​ និង​ឆាប់ចេះនោះ អ្នកត្រូវតែ​អនុវត្ត​ឲ្យបានច្រើន។ ដូច្នេះអ្នក​មិនត្រូវ​ឲ្យ​ភាពអៀន​ខ្មាស់​មក​រារាំងអ្វីដែលអ្នកចង់បាននោះទេ។ ព្យាយាម​ហាត់​និយាយ​ឲ្យបានច្រើន ជាមួយ​នឹង​មិត្ត​ភ័ក្តិ ឬក៏ជនជាតិដើម ទោះបីជា​អ្នកមាន​កំហុសច្រើនយ៉ាងណាក៏ដោយ។

ប្រើប្រាស់គ្រប់មធ្យោបាយ និងធនធាន​ដែលអ្នកមាន

មិនមែនមានតែ​ក្នុងសាលា ឬក៏ក្នុងថ្នាក់ប៉ុណ្ណោះទេដែលអ្នកអាចរៀនភាសាបរទេសបាន។ ប្រើប្រាស់​គ្រប់មធ្យោបាយ និង​ធនធាន​ដែល​អ្នកមាន​អាចធ្វើឲ្យ​អ្នករៀនភាសាបរទេស​ចេះបានឆាប់រហ័ស។ ឧទាហរណ៍ដូចជាអ្នកអាច​បង្កើន​សមត្ថភាពភាសារបស់អ្នកតាម​ប្រព័ន្ធអ៊ិនធឺណិត។ វាគឺជា​កន្លែង​ដ៏ប្រសើរ​មួយ ដែល​មានឯកសារជាច្រើនស្ទើរ​តែរាប់​មិន​អស់សម្រាប់ឲ្យ​អ្នក​បង្កើនសមត្ថភាព​ភាសារបស់អ្នក។

អ្វីៗជុំវិញខ្លួនគឺសុទ្ធតែ​ទាក់ទង​នឹងភាសាដែលអ្នកកំពុងរៀន

ដើម្បី​ឲ្យកាន់តែឆាប់ចេះ និងអាចប្រើប្រាស់បាន មធ្យោបាយដ៏ល្អនោះគឺ​ធ្វើឲ្យ​អ្វីៗ​ជុំវិញខ្លួនអ្នកពោរពេញទៅដោយ​ភាសាដែលអ្នកកំពុង​តែរៀន។ ឧទាហរ​ណ៍​ដូចជា​ ព្យាយាមកត់ត្រា​អ្វីៗជាភាសាដែលអ្នកកំពុងតែរៀន ដាក់សៀវភៅ​ ភាសានោះនៅជុំវិញបន្ទប់របស់អ្នក ស្តាប់​ការផ្សាយវិទ្យុ ព័ត៌មាន និង​មើលភាពយន្ត​ជាដើម។ល។

ស្តាប់ចម្រៀង

ការស្តាប់ចម្រៀងជាភាសាដែលអ្នកកំពុងតែរៀនគឺជាមធ្យោបាយមួយដ៏មានប្រសិទ្ធិភាពបំផុត​ដើម្បីរៀន​ភាសានោះឲ្យបានល្អ។ ជាក់ស្តែងពេលខ្លះ ចម្រៀង​ត្រូវបាន​គេយក​មក​ធ្វើជា​មធ្យោបាយ​ដើម្បី​បង្កើន​ការយល់ដឹង​ភាសា​ទៀតផង។ ព្យាយាម​អាន​នូវពាក្យបពេចន៍នៅក្នុងបទ​ចម្រៀងដែលអ្នកបានជ្រើស ហើយធ្វើការអាន​ ឬច្រៀងតាម។ តាមវិធីនេះ អ្នកនឹងអាចបង្កើនសមត្ថភាពស្តាប់ និង​អាន​ក្នុងពេលជាមួយគ្នា​ដោយ​មិន​មាន​ការធុញទ្រាន់។ មនុស្ស​ភាគច្រើន​តែងតែ​ចាំនូវពាក្យពេចន៍ចម្រៀង​លឿនជាង​អត្ថបទ​ធម្មតា ហើយ​អ្នកក៏ប្រហែលជាដូច្នេះផងដែរ។

ដាក់កាលវិភាគសិក្សាឲ្យបានទៀងទាត់ និងធ្វើលំហាត់

អ្នកត្រូវតែកំណត់​ពេលវេលាសិក្សាឲ្យបាន​ទៀត​ទាត់​ និង​ប្រសើបំផុត​នោះគឺធ្វើការសិក្សា និង​រំលឹក​មេរៀន​ឲ្យបាន​ជារៀង​រាល់ថ្ងៃ។ សំខាន់​បំផុត​នោះ គឺអ្នកត្រូវ​តែ​រៀន​អំពីវេយ្យាករណ៍ និង​ពាក្យ​ ព្រមទាំង​អនុវត្ត​លំហាត់​ឲ្យបានច្រើនទើបអ្នកអាច​បង្កើន​សមត្ថភាពភាសារបស់អ្នកបានយ៉ាងពិត​ប្រាកដ។ មានមនុស្សជាច្រើនតែងគិតថា ការធ្វើលំហាត់ និង​ធ្វើតេស្តពិតជាគួរឲ្យ​ធុញទ្រាន់ណាស់។ ប៉ុន្តែ​អ្នកត្រូវចាំថា ប្រសិនបើអ្នកមិនធ្វើវាទេ អ្នកនឹងមិនដឹងថាសមត្ថភាពភាសារបស់អ្នកមានការរីកចម្រើនឬក៏អត់នោះទេ។ ការធ្វើតេស្ត និងលំហាត់គឺជា​វិធីមួយសម្រាប់ឲ្យអ្នកធ្វើការប្រៀបធៀបសមត្ថភាព​របស់អ្នកពីមុន ពេលបច្ចុប្បន្ន និង​អនាគត ថាតើអ្នកបានរីកចម្រើនកម្រិតណាហើយ។

អានឲ្យបានច្រើន

ការអានឲ្យបានច្រើនពិតជាមានសារៈសំខាន់ខ្លាំងណាស់​ដើម្បីរៀនភាសាមួយឲ្យបានឆាប់រហ័ស។ ការធ្វើដូចនេះ អ្នកនឹងឆាប់ចេះពាក្យច្រើនក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្តែ​ អ្នកមិនត្រូវ​ចាប់ផ្តើមអានអត្ថបទណាដែលសម្បូរទៅដោយពាក្យថ្មីៗ និង​លំបាកៗនោះទេ។ អ្នកគួរ​តែជ្រើសរើសយកអត្ថបទ ឬសៀវភៅរឿងណាដែល​សក្តិសម​នឹង​កម្រិត​របស់អ្នក។ ជំហ៊ានដំបូងអ្នកគួរជ្រើស​រើសនូវអត្ថបទ​បែប​កំប្លែង និង​ស្នេហាសម្រាប់អាន​ ព្រោះថា​ អត្ថបទទាំងនេះនឹងមិនធ្វើ​ឲ្យអ្នកធុញទ្រាន់​ឡើយ។ នៅពេលដែលអ្នកចេះពាក្យច្រើនគួរសម​ហើយ អ្នកអាចជ្រើសរើស​ប្រភេទ​អត្ថបទ​ផ្សេងៗទៀតដើម្បី​បង្កើន​សមត្ថភាព​ភាសា​ឲ្យបានកាន់តែទូលំទូលាយ។

Previous articleគន្លឹះក្នុងការស្រាវជ្រាវនៅលើអ៊ិនធឺណិត
Next articleកាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើ​បទបង្ហាញ
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។