តើហេតុអ្វីបានជាមនុស្សភាគច្រើនចូលចិត្តពន្យាពេល?

60
what is procrastination? procrastination គឺជាសកម្មភាពនៃការពន្យារពេលពីមួយថ្ងៃទៅមួយថ្ងៃក្នុងការធ្វើកិច្ចការងារក៏ដូចជាការសម្រេចចិត្តចំពោះរឿងណាមួយ។ម្យ៉ាងវិញទៀត ការពន្យាពេលកាន់តែច្រើននឹងធ្វើឲ្យយើងខាតបង់ពេលវេលាកាន់តែច្រើនផងដែរទម្រាំតែយើងអាចសម្រេចគោលដៅដែលបានគិតទុកនោះ។ តាមពិតទៅការពន្យាពេលមិនមែនមកពីអ្នកខ្ជិលនោះទេ ប៉ុន្តែគឺមកពីមូលហេតុផ្សេងទៀតដែលស្ថិតនៅខាងក្រោយ។ហើយមូលហេតុនោះហើយដែលធ្វើឲ្យយើងក្លាយទៅជាមនុស្សពន្យាពេលបែបនោះ (Procrastinator) ។
PROCRASTINATION IS THE THIEF OF TIME.
១. គ្មានគោលដៅជាក់លាក់និងច្បាស់លាស់(Abstract Goals) មនុស្សនឹងចាប់ផ្ដើមពន្យាពេលម្ដងបន្តិចម្ដងបន្តិចរហូតក្លាយទៅជាមនុស្សពន្យារពេលពេញលក្ខណៈ (Become a procrastinator) នៅពេលដែលពួកគេគ្មានគោលដៅច្បាស់លាស់ មិនដឹងច្បាស់ថាខ្លួនចង់ធ្វើអ្វី ខ្លួនចង់បានអ្វី និង មិនដឹងថាខ្លួនធ្វើដើម្បីអ្វី។ ២. មនុស្សពន្យាពេលនៅពេលដែលពេលកំណត់មិនច្បាស់ (Vague Deadline) ករណីទី១៖ ចំពោះការងារណាដែលអ្នកមិនដឹងច្បាស់ថាពេលណាដែលគេត្រូវប្រមូលយក នោះអ្នកនឹងចាប់ផ្ដើមលែងខ្វល់ខ្វាយ ដោះដៃចំពោះការងារនោះដោយឯកឯង ហើយពន្យាពេលធ្វើរហូតដល់ដំណាក់កាលចុងក្រោយ។ ករណីទី២៖ អ្នកខ្លួនឯងដឹងពីថ្ងៃកំណត់ច្បាស់លាស់ ប៉ុន្តែអ្នកពន្យាពេលមិនព្រមធ្វើកិច្ចការទាំងនោះ ដោយរកលេសនេះរកលេសនោះមកពង្វាង ហើយរង់ចាំដល់ពេលកំណត់ និងនាទីចុងក្រោយទើបចាប់ផ្ដើមធ្វើយ៉ាងប្រញ៉ាប់ប្រញ៉ាល់។ ៣. មានស្មារតីមិននឹងន ស្មារតីច្របូកច្របល់ ឃ្លាដែលមនុស្សតែងតែនិយាយនោះគឺ “ មានការងារច្រើនណាស់ដែលខ្ញុំត្រូវធ្វើឲ្យហើយ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើចាប់ផ្ដើមពីណាទៅណានោះទេ” អ្នកនឹងមានអារម្មណ៍មិននឹងន ហើយក៏មានអារម្មណ៍ថាធុញថប់ផងដែរ នៅពេលដែលអ្នកមិនអាចកំណត់ថាអ្នកខ្លួនឯង ចង់ធ្វើអ្វីបន្ត ហើយចង់ដើរទៅកន្លែងណាទៀត។ជាពិសេសនោះគឺ អ្នកនឹងចាប់ផ្ដើមពន្យាពេលធ្វើវា ពីព្រោះតែអ្នកមិនមានដំណោះស្រាយដើម្បីបញ្ចប់កិច្ចការងារទាំងនោះបានល្អ។ ៤. ភ័យខ្លាចការបរាជ័យ និងការស្ដីបន្ទោស ជារឿយៗមនុស្សតែងតែពន្យាពេលបែបនេះក៏ដោយសារតែពួកគេភ័យខ្លាចការបរាជ័យ បរាជ័យចំពោះកិច្ចការដែលពួកគេត្រូវបំពេញ​ និងភ័យខ្លាចចំពោះការទទួលបាននូវមតិអវិជ្ជមានត្រលប់មកវិញ។ ៥. អ្នកចង់ធ្វើវាឲ្យល្អឥតខ្ចោះតែម្ដង
អ្នកតែងតែពន្យាពេលបែបនេះ ព្រោះអ្នកចូលចិត្តរង់ចាំធ្វើអ្វីមួយឲ្យល្អឥតខ្ចោះសិនទើបចាប់ផ្ដើមធ្វើ ហើយបើអ្នកធ្វើមិនបានល្អទេ ឬមានកំហុសតែបន្តិច នោះអ្នកនឹងបោះបង់ ឈប់ធ្វើ ឬធ្វើវាសារជាថ្មីរហូតទាល់តែកិច្ចការនោះមានភាពឥតខ្ចោះ។ទទួលស្គាល់ថា ការធ្វើអ្វីមួយឲ្យបានល្អគ្មានកំហុស វាគឺជារឿងល្អ ប៉ុន្តែបើសិនជាអ្នកហ្មត់ចត់ជាមួយវាខ្លាំងពេក នោះអ្នកនឹងជាប់គាំងមិនអាចដោះស្រាយ មិនអាចរកផ្លូវចេញបានឡើយ ហើយការងាររបស់អ្នកទាំងអម្បាលម៉ាននឹងនៅសល់គរលើគ្នាជាមិនខាន។
Done is better than perfect ( Sheryl Sandberg )
៦. អ្នកខ្វះនូវជំនាញទើបជាហេតុធ្វើឲ្យអ្នកពន្យាពេលបែបនេះ ពេលដែលអ្នកចង់សម្រេចកិច្ចការណាមួយឲ្យបានជោគជ័យ ប៉ុន្តែអ្នកខ្វះនូវជំនាញដើម្បីធ្វើវា ហើយមិនដឹងថាត្រូវធ្វើវាដោយរបៀបណា ពេលនោះអ្នកនឹងបាត់បង់បន្តិចម្ដងៗនូវអារម្មណ៍ពុះកញ្ជ្រោលដែលចង់ធ្វើវា ហើយអ្នកនឹងចាប់ផ្ដើមក្នុងការពន្យាពេលធ្វើវា ដែលជាឧបសគ្គក្នុងការរាំងស្ទះមិនអាចឲ្យអ្នកសម្រេចវាបាន។ ៧. អ្នកពន្យាពេលបែបនេះគឺដោយសារតែអ្នកហត់នឿយ អ្នកចាប់ផ្ដើមពន្យាពេល គឺនៅពេលដែលថាមពលក្នុងខ្លួនរបស់អ្នកថយចុះ គ្មានកម្លាំងកំហែង គ្មានអារម្មណ៍ចង់ធ្វើអ្វីដែលថ្មី និងគ្មានអារម្មណ៍ពុំកញ្ជ្រោលនៅក្នុងខ្លួនដើម្បីធ្វើវា ដោយសារតែអ្នកឈឺក្បាលវិលមុខជាមួយនឹងបញ្ហាដែលកំពុងតែកើតឡើង និងហត់នឿយក្នុងការដោះស្រាយបញ្ហាទាំងនោះម្ដងហើយម្ដងទៀត។
Previous articleសញ្ញាទាំង១៤យ៉ាងនេះនឹងបង្ហាញថាអ្នកមានភាពចាស់ទុំជាងមុន
Next articleឈ្វេងយល់លម្អិត អំពីប្រតិបត្តិការអាជីវកម្ម
គឺជាអ្នកបង្កើត និងសរសេរមាតិកានៅក្នុងគេហទំព័រគំនិត ផ្នែកយុទ្ធសាស្ត្រទីផ្សារ ភាពជាអ្នកដឹកនាំ និងយុទ្ធសាស្ត្រអាជីវកម្ម។ កញ្ញាគឺជានិស្សិតនៃជំនាញទីផ្សារ ( Marketing) នៅសកលវិទ្យាល័យជាតិគ្រប់គ្រង ហើយក៏ជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោងផងដែរ។ កញ្ញាគឺជាមនុស្សដែលចូលចិត្ត យកឈ្នះលើខ្លួនឯង ជាមនុស្សដែលមានគោលដៅច្បាស់លាស់ ជាមនុស្សឯករាជ្យ និងជាមនុស្សរឹងមាំម្នាក់។ ពេលទំនេរកញ្ញាតែងតែយកសៀវភៅមកអានដើម្បីបង្កើនចំណេះដឹងឲ្យបានកាន់តែជ្រៅជ្រះ រីឯសៀវភៅដែលកញ្ញាចូលចិត្តអានមានដូចជា: សៀវភៅអាជីវកម្ម យុទ្ធសាស្ត្រទីផ្សារ និងសៀវភៅលើកទឹកចិត្តមនុស្សជាដើម។