តើអ្នកដឹកនាំគួរតែមានលក្ខណៈសម្បត្តិបែបណាទើបអាចយកឈ្នះវិបត្តិនៅក្នុងកំឡុងពេលនេះបាន?

183

តើអ្នកដឹកនាំគួរតែបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាដោយរបៀបណានៅក្នុងកំឡុងពេលដែលកំពុងប្រឈមនឹងវិបត្តិបែបនេះ? តើពួកគេគួរតែគេចវេសពីស្ថានភាពបែបនេះដើម្បីស្ថេរភាពនិងសុខសុវត្ថិភាពទាំងអស់គ្នា? ឬមួយក៏ត្រូវប្រឈមមុខតតាំងទាំងអស់គ្នាជាមួយនឹងភាពមិនច្បាស់លាស់ទាំងនោះដើម្បីភាពរីកចម្រើននៅថ្ងៃក្រោយ?

លក្ខណៈសម្បត្តិទាំង៣ខាងក្រោមនេះនឹងជួយឲ្យអ្នកដឹកនាំអាចយកឈ្នះនូវស្ថានភាពមិនច្បាស់លាស់បាន​៖

១. មានភាពវ័យឆ្លាត និង រហ័សរហួន

Female Engineer Controlling Flight Simulator

ក្នុងស្ថានភាពដែលកំពុងផ្ទុះនូវជម្ងឺកូវីដ១៩នេះអ្នកដឹកនាំត្រូវតែមានភាពរេផ្លិចចេះបត់បែនទៅតាមកាលៈទេសៈ ហើយត្រូវផ្លាស់ប្ដូវការគិត ក៏ដូចជាប្ដូរយុទ្ធសាស្ត្ររបស់ខ្លួនឯងឲ្យត្រូវទៅតាមស្ថានភាពដែលកំពុងតែជួបទើបអាចរំដោះខ្លួនឲ្យរួចផុតពីវិបត្តិដែលបម្រុងនឹងកើតបាន។ ម្យ៉ាងវិញទៀតក្នុងកាលៈទេសៈនេះ អ្នកដឹកនាំត្រូវតែរកផ្លូវថ្មីសម្រាប់ដើរដើម្បីឲ្យអង្គភាពរបស់ខ្លួនអាចមានវត្តមាននៅលើទីផ្សារបានយូរ។ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះយើងគ្រប់គ្នាក៏ឃើញថាក្រុមហ៊ុននិងអង្គភាពមួយចំនួនក៏បានបិទទ្វា រីឯមួយចំនួនទៀតក៏កំពុងតែរកវិធីសាស្រ្តថ្មីៗដើម្បីធ្វើឲ្យផលិតផលរបស់ខ្លួននៅតែជាទីត្រូវការរបស់អតិថិជន ដោយផ្លាស់ប្ដូរពីការទិញលក់ ការសិក្សានិងការជួបជុំដោយផ្ទាល់ទៅជាការធ្វើនៅលើអនឡាញជំនួសវិញ។ដូចនេះអ្នកដឹកនាំត្រូវតែឈ្លាសវៃ រហ័សរហួន និងចេះបត់បែនទៅតាមបរិបទសង្គម មិនអាចនៅឈរតែមួយកន្លែងបានទេ។

២. មានគោលបំណងជាក់លាក់

Group Of People Wearing Face Mask

គោលបំណងគឺជាអ្វីដែលយើងត្រូវដឹងមុនពេលធ្វើអ្វីមួយ ព្រោះបើសិនជានៅក្នុងស្ថានភាពបែបនេះយើងមិនទាន់ដឹងថាយើងចង់ធ្វើអ្វី ហើយមិនដឹងថាធ្វើដើម្បីអ្វីទេ នោះអង្គភាពទាំងមូលប្រាកដជាជាប់គាំងមួយកន្លែង មិនអាចបោះជំហានទៅមុខបានឡើយ។ ដូចនេះអ្នកដឹកនាំត្រូវតែវៃឆ្លាតជាមួយនឹងបញ្ហា និងត្រូវមានគោលបំណង និងកំណត់គោលដៅឲ្យបានច្បាស់ថាខ្លួននិងក្រុមការងារទាំងអស់គួរតែធ្វើបែបណាដើម្បីយកឈ្នះវិបត្តិនៅពេលនេះ។

៣. លើកទឹកចិត្តកូនក្រុមនិងបុគ្គលិកការងារ

Photo Of People Doing Handshakes

អ្វីដែលអ្នកដឹកនាំត្រូវតែធ្វើនោះគឺលើកទឹកចិត្តកូនក្រុម និង ដាស់ស្មារតីរបស់ពួកគេឲ្យមានថាមពល មានកម្លាំងចិត្ត អាចគិតអ្វីដែលថ្មី និង ព្យាយាមស្វែងរកដំណោះស្រាយណាដែលអាចធ្វើឲ្យអង្គភាពរួចផុតពីស្ថានភាពមិនច្បាស់លាស់បែបនេះឲ្យបាន តាមរយៈការបង្ហាញពីគោលបំណង ជំហានដែលត្រូវដើរទៅមុខ និងបង្ហាញពីផលប្រយោជន៍ដែលក្រុមការងារនឹងទទួលបានបន្ទាប់ពីអាចសម្រេចវាបាន។នេះគឺជាកត្តាដែលសំខាន់បំផុតដែលអ្នកដឹកនាំគ្រប់រូបគួរតែធ្វើនៅក្នុងស្ថានភាពបែបនេះ ព្រោះកូនក្រុមទាំងអស់អាចនឹងមានការភ័យខ្លាច ខ្លាចអង្គភាពមិនអាចទ្រាំទ្រជាមួយនឹងភាពមិនច្បាស់លាស់បែបនេះបានយូរ ជាហេតុដែលធ្វើឲ្យពួកគេមិនអាចផ្ដោតអារម្មណ៍ទៅលើការសម្រេចការងារឲ្យដល់ចំណុចកំពូលដែលអង្គភាពបានកំណត់។ ដូចនេះក្នុងនាមជាអ្នកដឹកនាំដ៏ខ្លាំងម្នាក់យើងគប្បីបង្ហាញពីការយកចិត្តទុកដាក់និងការព្រួយបារម្ភទៅកាន់ក្រុមការងារដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

យើងខ្ញុំសង្ឃឹមថាអត្ថបទមួយនេះនឹងជួយលោកអ្នកឲ្យសម្រេចកិច្ចការ និង យកឈ្នះនូវស្ថានភាពបែបនេះបាន។