តើអ្វីទៅជាsmart goal? តើយើងអាចកំណត់វាបានដោយរបៀបណា?

176

មានគោលដៅរួចហើយ ប៉ុន្តែអ្នកមិនដឹងថាគួរធ្វើបែបណាដើម្បីឲ្យគោលដៅឬមួយក៏គ្រោងការណ៍របស់អ្នក ឆាប់ក្លាយជាការពិតមែនទេ? មួយវិញទៀតអ្នកកំពុងតែគិតថា សមត្ថភាពរបស់អ្នកនៅមានកម្រិតនៅឡើយហើយមើលទៅដូចជាមិនសូវជាស្ទុះលឿនដូចគេសោះ ហើយអ្នកចង់អភិវឌ្ឍសមត្ថភាពនោះឲ្យកាន់តែខ្លាំងជាងមុន ប៉ុន្តែអ្នកមិនច្បាស់ថាគួរតែធ្វើបែបណាមែនទេ? ដូចនេះថ្ងៃនេះយើងសូមលើកយក នូវគោលដៅដ៏វៃឆ្លាតមួយមកបកស្រាយជូនអ្នកទាំងអស់គ្នាបានដឹង ដើម្បីជួយជម្រុញឲ្យអ្នកឆាប់ឆ្ពោះទៅរកអ្វីដែលអ្នករំពឹងទុក។

Smart Goal គឺជាការកំណត់នូវគោលដៅជាក់លាក់ណាមួយទៅតាមដំណាក់កាលនីមួយៗ ដើម្បីឲ្យគ្រោងការណ៍ក៏ដូចជាផែនការដែលអ្នកចង់បាននោះ អាចទទួលបានជោគជ័យ។ ក្នុងនោះទៀតសោតយើងឃើញថា ធាតុផ្សំរបស់ smart goal (គោលដៅវៃឆ្លាត) មួយនេះមានដូចជា៖
Specific (ជាក់លាក់): ត្រូវប្រាកដក្នុងចិត្តថា គោលដៅរបស់អ្នកត្រូវតែច្បាស់លាស់ និងលម្អិត។

EX:  គោលដៅរបស់ខ្ញុំគឺ ចង់ចេះនិយាយភាសាចិនឲ្យបានរលូន និង ស្ទាត់ជំនាញជាងមុន។

Measurable(អាចវាស់វែងបាន): អ្នកត្រូវតែច្បាស់ថា គោលដៅរបស់អ្នកត្រូវតែអាចវាស់វែងបាន។ ដូចនេះអ្នកនឹងអាចដឹងអំពីដំណើរការរបស់វា ថាវាប្រព្រឹត្តទៅបានប៉ុន្មានភាគរយហើយជាដើម។

EX:  ដើម្បីឲ្យការនិយាយភាសាចិនរបស់ខ្ញុំកាន់តែប្រសើរឡើង និង រលូនជាងមុន គឺខ្ញុំត្រូវការពេលរយៈពេល ៦ខែទៀត ក្នុងការហ្វឹកហាត់និយាយ។

Achievable(អាចសម្រេចបាន): គោលដៅរបស់អ្នកត្រូវតែស៊ីគ្នាជាមួយនឹងសមត្ថភាពដែលអ្នកមាន មិនអាចធំពេកឬតូចពេកនោះទេ ពោលគឺត្រូវចាប់ផ្ដើមធ្វើជាមួយនឹងកិច្ចការណាដែលអ្នកគិតថា អ្នកអាចសម្រេចបាន។

EX:  ខ្ញុំគិតថា រយៈពេល៦ខែ សម្រាប់ការពង្រឹងផ្នែកភាសាចិននេះ គឺខ្ញុំអាចធ្វើបាន ព្រោះត្រឹមរយៈពេលប៉ុណ្ណេះវាមិនខ្លីពេក ហើយក៏មិនវែងពេកដែរ។

Relevant(ពាក់ព័ន្ធគ្នា): ត្រង់ចំណុចនេះអ្នកត្រូវគិត ថាតើរបស់អ្វីខ្លះ និង នរណាខ្លះដែលអាចជួយអ្នកឲ្យសម្រេចនូវគោលដៅទាំងនោះបាន?

EX: ដើម្បីឲ្យការនិយាយភាសាចិនរបស់ខ្ញុំអាចឈានទៅរកចំណុចមួយដ៏ល្អប្រសើរបាន គឺខ្ញុំត្រូវការលោកគ្រូអ្នកគ្រូ មិត្តភក្តិ ឯកសារ ក៏ដូចជាវីដេអូមួយចំនួនដែលនិយាយភាសាចិន ដើម្បីហ្វឹកហាត់និយាយនិងហ្វឹកហាត់ស្ដាប់

Time(កាលកំណត់): កំណត់ពេលវេលាឲ្យបានច្បាស់លាស់ ថាពេលណាត្រូវបញ្ចប់ឬត្រូវសម្រេចរឿងទាំងនោះឲ្យបានជោគជ័យ។

EX:  សមត្ថភាពភាសាចិនរបស់ខ្ញុំត្រូវតែអាចនិយាយឲ្យបានរលូនត្រឹមខែ មករា ឆ្នាំ២០២២ គិតចាប់ពី ខែសីហា ឆ្នាំ២០២១។

បន្ទាប់ពីអានអត្ថបទនេះហើយ យើងសង្ឃឹមថាអ្នកនឹងអាចសម្រេចបានគោលដៅទាំងនោះបានឆាប់ តាមរយៈការអនុវត្តតាមគោលការណ៍ Smart Goal ដែលយើងបានបកស្រាយខាងលើនេះ។ តោះសរសេរចូលនូវគោលដៅរបស់អ្នក!