តើ​Post នៅលើ Facebook Page ពេលណា​ទើបល្អ?

953

បច្ចុប្បន្ននេះ Facebook បានក្លាយទៅជាឧបករណ៍ដ៏មានប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយចែករំលែកព័ត៌មាន ផ្សាយពាណិជ្ជកម្ម និងស្វែងរកអតិថិជនសម្រាប់ម្ចាស់អាជីវកម្មទាំងខ្នាតតូច និងខ្នាតធំ។ ពីមួយថ្ងៃទៅមួយថ្ងៃ មានក្រុមហ៊ុន និងម្ចាស់អាជីវកម្មកាន់តែច្រើនឡើងៗបានខិតខំប្រើប្រាស់បណ្តាញសង្គមមួយនេះក្នុងការស្រូបទាញផលប្រយោជន៍ឱ្យអស់ពីលទ្ធភាព។ ទោះបីជាមានការប្រើប្រាស់កាន់តែទូលំទូលាយយ៉ាងណាក៏ដោយ ក៏នៅមានអ្នកប្រើប្រាស់ជាច្រើននៅមានចម្ងល់ ឬមិនដឹងថាតើគួរPostនៅក្នុងFacebook Pageខ្លួននៅពេលណាទើបអាចឱ្យFan នៅក្នុងPageមើលឃើញច្រើនបំផុត។

មុននឹងឈានចូលដល់ប្រធានបទនេះ ខ្ញុំសូមលើកយករឿងខ្លះៗពីអតីតកាលអំពី Facebook Postជាមុនសិន។ ប្រហែលជាង6ឆ្នាំមុន កាលដែលការប្រើប្រាស់ការបង់លុយផ្សាយពាណិជ្ជកម្មក្នុងFacebookមិនទាន់មានប្រជាប្រិយភាពនៅឡើយនោះ នៅពេលដែលយើង Postអ្វីមួយនៅលើFacebook page ចំនួនFanដែលអាចមើលឃើញPost របស់យើងដោយមិនចំណាយលុយ គឺអាចឡើងរហូតដល់២០%ក៏មាន។ តែបន្ទាប់ពីការចំណាយលុយផ្សាយពាណិជ្ជកម្មនៅលើFacebookកាន់តែពេញនិយម  ព្រមទាំងការកែប្រែជាញឹកញាប់របស់Facebook ធ្វើឱ្យការ Postធម្មតា(មិនចំំណាយលុយ) នៅលើ Page ម្តងៗ ចំនួនFanដែលអាចមើលឃើញមានមិនដល់២%ផងនៃចំនួន fanសរុប។ដូចនេះ ប្រសិនបើអ្នកមិនមានកញ្ចប់ថវិកាច្រើនដើម្បីធ្វើការចំណាយសម្រាប់រាល់Postនោះទេ វិធីសាស្ត្រដែលល្អ និងឆ្លាតវៃ គឺការកំណត់ពេលវេលាណាដែលអាចឱ្យចំនួនFanមើលឃើញច្រើនជាងគេរាល់ការPost ម្តងៗ។

២%គឺពិតជាតិចណាស់ ដូចនេះហើយយើងត្រូវដឹងពេលវេលា ឬម៉ោងណាដែលមានប្រសិទ្ធិភាពជាងគេបំផុត។ យោងតាមបទពិសោធក្នុងការគ្រប់គ្រងPageជាច្រើន សម្រាប់នៅប្រទេសកម្ពុជាយើង ម៉ោងដែលមានអ្នកប្រើប្រាស់Facebookច្រើនជាងគេគឺចាប់ពីម៉ោង 7pm ដល់ម៉ោង9pm។ នេះគឺជាពេលវេលាដែលល្អបំផុតសម្រាប់ម្ចាស់Pageក្នងការPostអ្វីមួយ ព្រោះថា ការPost នៅកំឡុងពេលនេះ នឹងអាចមានឱកាសឱ្យចំនួនFanរបស់ខ្លួនមើលឃើញច្រើនជាងពេលណាៗទាំងអស់។ ក្រៅពីម៉ោងនេះ គឺមានម៉ោងល្អមួយទៀតនាពេលថ្ងៃត្រង់ ពីម៉ោង12pm ដល់ម៉ោង 1pm។ សម្រាប់ម៉ោងដែលមានអ្នកប្រើប្រាស់តិចជាងគេ និងគួរចៀសវាងPostដើម្បីកុំឱ្យខាតកម្លាំង និងពេលវេលាគឺចាប់ពីម៉ោង11pm ដល់ម៉ោង6 ព្រឹក។ក្រៅពីទិន្នន័យដែលបានរៀបរាប់ ថ្ងៃដែលមានអ្នកប្រើប្រាស់Facebookតិចជាងគេគឺមានពីរថ្ងៃ គឺថ្ងៃពុធ និងថ្ងៃព្រហស្បត្តិ៍។

ដូចនេះ សម្រាប់ការPostលើកក្រោយ ចូរកុំភ្លេចមើលម៉ោងផងដើម្បីឱ្យការPostនីមួយៗមានប្រសិទ្ធិភាព និងមានអ្នកមើលឃើញច្រើនជាងគេប្រសិនបើមិនបានបង់លុយសម្រាប់ការផ្សព្វផ្សាយជាមួយនឹងFacebook៕

Previous articleមេរៀនដ៏វិសេសមួយសម្រាប់ម្ចាស់អាជីវកម្ម ៖ ករណីក្រុមហ៊ុនអាកាសចរUnited Airline ធ្វើឱ្យបាក់ហ្គីតាអតិថិជន
Next articleតើអ្វីទៅជាខុនដូ (Condo)?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។