តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ២)

1748
តើ Consumer Behavior(ឥរិយាបថអតិថិជន)មានសារៈសំខាន់យ៉ាងដូចម្តេចខ្លះសម្រាប់ការធ្វើទីផ្សារ?(ភាគ២)

៤ .ធ្វើការសន្និដ្ឋានអំពីនិន្នាការទីផ្សារ

 

ការវិភាគនូវឥរិយាបថរបស់អតិថិជនគឺគន្លឹះដ៏សំខាន់ក្នុងការវាស់ស្តង់នូវបម្រែបម្រួលនៃឥរិយាបថរបស់អតិថិជន។ ឧទាហរណ៍ថាមួយរយៈក្រោយនេះអតិថិជនហាក់ដូចជាមានការចាប់អារម្មណ៍ទៅលើការការថែរក្សាបរិស្ថាននិងមានទំនោរទៅលើការបរិភោគអាហារបែបសុខភាពវិញ។ ដោយសង្កេតឃើញនូវបរិបទនៃការប្រែប្រួលនេះអាហារដ្ឋានមួយចំនួនក៏បានសម្របខ្លួនទៅតាមបម្រែបម្រួលនោះដោយបន្ថែមនូវអាហារបែបសុខភាពនៅក្នុងហាងរបស់ពួកគេហើយក៏បានកាត់បន្ថយនូវការប្រើប្រាស់ថង់ប្លាស្ទិចដើម្បីចូលរួមចំណែកថែរក្សាបរិស្ថានថែមទៀតផង។ដោយសារតែនិន្នាការនេះហើយដែលធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍និងចូលបរិភោគអាហារក្នុងហាងនោះកាន់តែច្រើន ។ នេះសបញ្ជាក់ឲ្យឃើញថាការសិក្សាស្វែងយល់អំពីឥរិយាបថរបស់អតិថិជនពិតជាកត្តាដ៏សំខាន់សម្រាប់អាជីវកម្ម។

៥ .ដៃគូរប្រគួតប្រជែង

 

ហេតុផលដ៏សំខាន់មួយក្នុងការសិក្សាពីឥរិយាបថរបស់អតិថិជននោះគឺដើម្បីស្វែងរកនូវចម្លើយចំពោះសំណួរខាងក្រោមនេះដូចជា
  • តើអតិថិជនទិញផលិតផលរបស់គូរប្រគួតប្រជែងអ្នកដែរឬទេ?
  • តើហេតុអ្វីបានជាពួកគេទិញពីគូរប្រគួតប្រជែងរបស់អ្នក?
  • តើអ្វីដែលទាក់ទាញអតិថិជនឲ្យជ្រើសរើសយកផលិតផលរបស់គូរប្រគួតប្រជែងអ្នក?
  • តើអតិថិជននឹងគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេធ្វើការប្រៀបធៀបផលិតផលរបស់អ្នកជាមួយនិងគូរប្រជែង?
តាមរយៈទិន្នន័យដែលទទួលបានអ្នកនឹងស្វែងយល់កាន់តែច្បាស់ពីគូរប្រជែង។ បន្ទាប់មកអ្នកអាចបន្ថែមនូវគុណតម្លៃនៃផលិតផលនិងសេវាកម្មរបស់អ្នកឲ្យមានភាពល្អប្រសើរជាងគូរប្រជែង។

៦ .ឈរជើងនៅក្នុងទីផ្សារ

 

 

នាពេលបច្ចុប្បន្ននេះអតិថិជនមានជម្រើសក្នុងការទិញផលិតផលកាន់តែច្រើនជាងមុនដែលមានន័យថាពួកគេងាយនឹងផ្លាស់ប្តូរទៅទិញផលិតផលផ្សេងប្រសិនបើពួកគេយល់ថាក្រុមហ៊ុនឬអាជីវកម្មមួយនោះអាចផ្តល់ឲ្យពួកគេបានប្រសើរជាងអ្នក។ គន្លឹះនៃភាពជោគជ័យសម្រាប់ការធ្វើអាជីវកម្មនៅក្នុងសតវត្សន៍ទៅ ២១​ នេះគឺជាសម្លឹងរកមើលឱកាសទីផ្សារហើយចាប់យកឱកាសនោះឲ្យជាប់បើពុំដូច្នេះអ្នកអាចប្រឈមនឹងការបាត់បង់ចំណែកទីផ្សារយ៉ាងធំធេញផងដែរ ។ យ៉ាងណាមិញដើម្បីបញ្ជៀសនូវហានិភ័យមួយនេះអ្នកគួរតែសិក្សានិងស្វែងយល់អំពីអតិថិជនឲ្យបានច្បាស់ទើបអ្នកអាចចងចិត្តពួកគេក៏ដូចជាអាចដណ្តើមបាននូវចំណែកទីផ្សារនៅក្នុងបរិបទដែលពោរពេញទៅដោយការប្រគួតប្រជែងបាន។

៧ .បង្កើននូវគុណភាពនៃការបម្រើសេវាកម្មអតិថិជន

 

អតិថិជននីមួយៗសុទ្ធសឹងតែមានតម្រូវការចំពោះការបម្រើសេវាកម្មខុសៗគ្នា។ ហេតុនេះនៅពេលដែលអ្នកស្វែងយល់បានច្បាស់អំពីពួកគេហើយអ្នកប្រកដជាអាចបំពេញតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេបានពេញចិត្តថែមទៀតផង។ ជាក់ស្តែងប្រសិនបើអ្នកជាបើកហាងលក់កុំព្យូទ័រមួយនៅពេលដែលមានអតិថិជនចូលមកក្នុងហាងតើអ្នកគួរតែធ្វើអ្វីមុនគេ? ចម្លើយដ៏ល្អបំផុតនោះគឺអ្នកត្រូវតែសង្កេតនិងស្វែងយល់ឲ្យបានច្បាស់ជាមុនសិនថាថាពួកគេត្រូវការអ្វីហើយពួកគេស្ថិតនៅក្នុងវ័យណា។ ប្រសិនបើពួកគេជាសិស្សវិទ្យាល័យ ឬនិស្សិតដែលមានចំណេះដឹងជាមួយបច្ចេកវិទ្យាស្រាប់អ្នកអាចគ្រាន់តែណែនាំអំពីព័ត៌មានលម្អិតបន្ថែមនិងបច្ចេកវិទ្យាថ្មីៗរបស់កុំព្យូទ័រនោះទៅកាន់ពួកគេ។ ដោយទ្បែកប្រសិនបើអតិថិជនរបស់អ្នកជាមនុស្សវ័យកណ្តាលឬចំណាស់ដែលពុំសូវមានចំណេះដឹងទាក់ទងនឹងកុំព្យូទ័រអ្នកគួរតែស្វែងយល់ជាមុនសិនថាពួកគាត់ទិញក្នុងគោលបំណងធ្វើអ្វីខ្លះបន្ទាប់មកអ្នកអាចចំណាយពេល ណែនាំពួកគាត់អំពីរបៀបប្រើប្រាស់មូលដ្ឋានមួយចំនួនបន្ថែមទៀត។ ច្បាស់ណាស់អតិថិជននឹងពេញចិត្តនូវសេវាកម្មរបស់អ្នកហើយពួកគេនឹងមកហាងរបស់អ្នកនៅពេលក្រោយទៀតជាក់ជាមិនខានហើយពួកគេក៏នឹងណែនាំហាងរបស់អ្នកទៅកាន់មនុស្សជុះវិញខ្លួនរបស់ពួកគេដែលអាចធ្វើឲ្យហាងរបស់អ្នកមានអតិថិជនស្គាល់ច្រើនជាងមុនថែមទៀតផង៕