ទម្លាប់ទាំង៥ដែលមនុស្សជោគជ័យធ្វើមុនម៉ោង៨ព្រឹក

1110

ភាពខុសគ្នា​រវាង​បុគ្គលជោគជ័យ​និង​មនុស្ស​ទូទៅ​គឺ​វិធី​នៃ​ការប្រើប្រាស់​ពេលវេលា​របស់​ពួកគេ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ទម្លាប់​ប្រចាំ​ថ្ងៃ​គឺជា​រឿង​សំខាន់​ណាស់​ជាពិសេស​ការរៀបចំ​ពេលវេលា​ធ្វើអ្វី​មួយ។ ជាការពិត​ណាស់​វិធី​ដែល​ល្អបំផុត​ដើម្បី​ទទួលបាន​ភាពជោគជ័យ​គឺ​ការ​ក្រោកពី​ព្រលឹម​និង​ធ្វើការ​ឲ្យបាន​មុន​អ្នក​ដទៃ។​ ដូច្នេះហើយ​យើង​នឹង​លើក​យក​ទម្លាប់​កំពូល​ទាំង៥​នៃ​បុគ្គល​ជោគជ័យ​ដែល​តែងតែ​ធ្វើមុន​ម៉ោង​៨​ព្រឹក​ ៖

១.ប្រើប្រាស់​នាឡិកា​រោទិ៍​ពិតប្រាកដ

មនុស្ស​មួយចំនួន​ប្រាកដ​ជា​មើល​រំលង​ចំណុច​​នេះ​និង​ប្រហែលជា​មាន​ចម្ងល់ថា​មាន​អ្វី​ខុសប្លែកគ្នា​ទៅ​រវាង​នាឡិកា​រោទិ៍​ពិតប្រាកដ​និង​នាឡិកា​រោទិ៍​នៅក្នុង​ទូរស័ព្ទ​ដៃ។ អ្នក​ដឹងទេ? នាឡិកា​រោទិ៍​ពិតប្រាកដ​អាច​បង្ខំ​ឲ្យ​អ្នក​ក្រោក​ចេញ​ពី​គ្រែបាន។ ឧទាហរណ៍ បើ​អ្នក​ប្រើ​នាឡិការោទិ៍​នៅក្នុង​ទូរស័ព្ទដៃ​ភាគច្រើន​អ្វី​ដែល​អ្នក​ធ្វើ​នៅពេល​វា​រោទិ៍​នោះ​គឺ​ចុច​ប៊ូតុង​បិទ​ហើយ​មិនប្លែកទេ​គឺ​មនុស្ស​ភាគច្រើន​តែងតែ​គេង​ថែមយ៉ាង​តិច​ក៏​៥នាទី​ទៀត​ដែរ។ ផ្ទុយមកវិញ បើ​អ្នក​ប្រើ​នាឡិកា​រោទិ៍​ពិតប្រាកដ​​ដោយ​ដាក់​វា​នៅផ្នែក​ផ្សេង​​ឆ្ងាយ​ពី​ដៃ​របស់​​អ្នក អ្នក​គឺ​ត្រូវ​បង្ខំ​ឲ្យ​ក្រោកចេញ​ពី​គ្រែ​ដោយ​ស្វ័យប្រវត្តិ​។ កាន់តែពិសេស​ជាងនេះ​ទៅទៀត​ការ​ប្រើ​នាឡិកា​រោទិ៍​ពិតប្រាកដ​នឹង​ធ្វើឲ្យ​អ្នក​មិនលេង​បណ្តាញ​សង្គម លេងហ្គេម មើលរូបភាព ឬ​ប្រើកម្ម​វិធី​ដែលមិនសូវជា​មាន​ប្រយោជន៍​ផ្សេងទៀត ​ដែលនាំឲ្យ​អ្នក​​ខ្ជះខ្ជាយ​ពេលវេលា​ដ៏​មានតម្លៃ​របស់អ្នកជាមួយ​នឹងទូរស័ព្ទនៅពេល​ដែល​ទើបតែ​​ភ្ញាក់ពីគេង​​ថែមទៀត​ផង​។

២.ដកឃ្លា​សម្រាក

មនុស្ស​ជោគជ័យ​មិន​ងើប​ពីគ្រែ​ហើយ​សម្ដៅ​ទៅ​អង្គុយ​មុខ​កុំព្យូទ័រ​តែម្តងទេ។ ពួកគេ​យល់យ៉ាងច្បាស់​ពី​សារៈ​សំខាន់​នៃ​ការសម្រាក​និង​កាត់បន្ថយភាព​តានតឹង(ស្រ្តេស)។ ជាញឹកញាប់​ពួកគេ​ចូលចិត្ត​យក​​ពេលទៅ​អាន​​សៀវភៅ​ឬ​ញ៉ាំកាហ្វេ​មួយពែង​មុន​ចាប់ផ្តើម​ធ្វើការ។

ការ​ធ្វើបែបនេះ​​អាចជួយ​​ឲ្យ​ខួរក្បាល​របស់គេ​ស្រស់ថ្លា​និង​ធ្វើឲ្យ​គេ​មានអារម្មណ៍​ល្អ​ដើម្បី​ចាប់ផ្តើម​ថ្ងៃថ្មី។

៣.រៀបចំ​សំលៀកបំពាក់​នៅពេល​យប់​ឲ្យ​ហើយ

ការរៀបចំ​សំលៀកបំពាក់​សម្រាប់​ថ្ងៃ​បន្ទាប់​ឲ្យហើយ​ជា​សញ្ញា​មួយ​បង្ហាញថា​អ្នកជា​មនុស្ស​ដែល​ចេះ​រៀបចំ​ទុកដាក់។ វា​មាន​ន័យថា​ថ្ងៃថ្មី​គឺ​ត្រូវបាន​អ្នក​រៀបចំ​រួចជាស្រេច​ហើយថា​នឹង​ត្រូវ​ធ្វើអ្វីជាជាង​ផ្តោត​ទៅលើ​​ការ​ធ្វើ​រឿង​ដែល​ឥតបានការ។ វិធីនេះ​នឹង​ជួយ​អ្នក​ឲ្យ​ចំណេញ​ពេលវេលា​របស់អ្នក​ដែល​អាច​យក​ទៅ​ធ្វើអ្វី​ផ្សេង​ទៀតបាន។

៤.ហាត់ប្រាណ

ការថែរក្សា​រាងកាយ​គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​សុខភាព​របស់អ្នក។ មនុស្ស​​ជោគជ័យ​ផ្តល់​អទិភាព​ឲ្យ​ការហាត់ប្រាណ​សំខាន់។ អ្នក​មិន​ចាំបាច់​ត្រូវតែ​ធ្វើ​លំហាត់ប្រាណ​ដែលបែកញើស​ខ្លាំង​ឬ​ធ្វើឲ្យ​អស់កម្លាំងខ្លាំង​ពេក​ទេ។ អ្នក​គូរតែ​ជ្រើសរើស​យក​លំហាត់ប្រាណ​ណា​ដែលមាន​លក្ខណៈ​ងាយៗ​ដូចជា​ការ​ជិះកង់ រត់​តិចៗ​ជាដើម។ អ្នក​អាច​រើស​យកវិធី​ណាដែល​សក្តិសម​ជាមួយអ្នកជាងគេ។

៥.អានអ្វី​ដែល​អ្នក​ចូលចិត្ត

មនុស្ស​ជោគជ័យ​គឺ​ដូចអ្វី​ដែល​យើង​បានលើកឡើងពី​ខាងលើ​ដែរ​ពួកគេ​តែងអានសៀវភៅ​នៅពេល​ពួកគេក្រោ​កពី​ព្រលឹម​ជំនួស​ឲ្យ​ការយក​ពេល​ទៅមើល​ទូរទស្សន៍​ឬ​ការចាប់​កាន់​ការងារ។ ការអាន​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​និង​អភិវឌ្ឍ​ការ​វិវិច្ឆ័យ។ ប៉ុន្តែ​បើ​អ្នកអាន​អ្វី​ដែល​អវិជ្ជមាន​ឬ​គួរ​ឲ្យធុញទ្រាន់​ដូចជា​អ៊ីមែល​ពីចៅហ្វាយនាយ​របស់​អ្នក នោះ​វា​នឹង​អាច​ធ្វើ​ឲ្យអ្នកមានភាពតានតឹង​ពេញ​មួយថ្ងៃ។ ចូរពិចារណា​ពី​ការ​ចាប់ផ្តើម​ថ្ងៃថ្មី​របស់អ្នក​ជាមួយ​នឹង​សៀវភៅ​នៃ​ការ​អភិវឌ្ឍន៍​ខ្លួនឯង​​​ឬ​សៀវភៅ​ផ្សេងៗ​ដែល​អ្នក​អាចរៀនពី​​វា​បាន។ ឧទាហរណ៍ បើ​អ្នកចាប់អារម្មណ៍​លើ​ព័ត៌មាន​ហិរញ្ញវត្ថុ ចាប់អានវាចុះ។

ការអាន​ធ្វើឲ្យ​ខួរក្បាល​ដំណើរការ​និង​អភិវឌ្ឍ​ការ​វិវិច្ឆ័យ

ជារួមមក ទម្លាប់​​ទាំងអស់​ខាងលើ​នឹង​អាច​ជួយឲ្យ​អ្នក​អាច​ថែរក្សា​សុខភាព​របស់អ្នក​បានល្អ​និង​ក្លាយជា​មនុស្ស​ដែល​កាន់តែ​មាន​ផលិតភាព​ជាងមុន​។ ចូរ​កំណត់​គុណភាព​វិជ្ជមានឲ្យ​ថ្ងៃថ្មី​របស់អ្នក​ទុក​រួច​ជាស្រេច។ ប៉ុន្តែ​កុំធ្វើ​វា​ម្តង​ទាំងអស់​ក្នុងពេល​តែមួយ។ អ្នក​អាច​សាកល្បង​​កែប្រែ​វា​ម្តងបន្តិចៗរហូត​ដល់​វាក្លាយជាទម្លាប់​រៀងរាល់​ព្រឹក​របស់អ្នក​តែម្តង។

ប្រភព ៖ www.entrepreneur.com