ធ្វើដូចម្តេចទើបជីវិតប្រចាំថ្ងៃនិងការងារមានតុល្យភាព?

1168

វាគឺជារឿង​ស្មុគស្មាញ​មួយចំពោះអ្នកដែលមានគ្រួសារ​និង​ជា​ឪពុកម្តាយ​គេ។ វា​ពិតជា​ពិបាកក្នុងការ​សម្រេចចិត្ត​​ណាស់ថាគួរធ្វើការ​នៅខាងក្រៅ​ឬនៅផ្ទះដើម្បី​មើលថែរក្សាកូនជា​ពិសេសចំពោះ​មនុស្ស​ស្រី​តែម្តង។ បើនៅផ្ទះនាំឲ្យ​បាត់បង់ចំណូល​ផ្គត់ផ្គង់គ្រួសារនិងមិនអាចសម្រេច​ក្តី​សុបិន្តដែល​ធ្លាប់ប៉ង​ទុកតាំង​ពី​មិនទាន់​មាន​គ្រួសារ។ ដោយឡែក​បើ​ចេញទៅធ្វើការ​នៅខាងក្រៅ​វិញនាំឲ្យ​​បាត់បង់​ភាពស្និទ្ធស្នាល​ជាមួយកូនៗហើយ​ត្រូវចំណាយលុយ​ទៅលើ​អ្នកមើលថែរក្សា​ក្មេងទៀត។ ប៉ុន្តែ​ដូចដែលយើង​ដឹងស្រាប់ថា​យើងមិនអាចខ្វះមួយណា​បានឡើយហើយបញ្ហាគ្រប់យ៉ាង​សុទ្ធតែ​មាន​ដំណោះស្រាយ។ យ៉ាងណាមិញ​ការធ្វើឲ្យ​មានតុល្យភាព​រវាង​ការងារ​និងជីវិតប្រចាំថ្ងៃកើតចេញ​ពីការ​កំណត់អទិភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​អ្នក។ ខាង​ក្រោម​នេះ​ជាវិធី​មួយ​ចំនួន​ដែលជួយ​អ្នកក្នុងការ​កំណត់​តុល្យភាព​ក្នុងការងារ​និង​ជីវិត​​ឲ្យ​កាន់​តែប្រសើរ​ឡើង​ ៖

​ការធ្វើឲ្យ​មានតុល្យភាព​រវាង​ការងារ​និងជីវិតប្រចាំថ្ងៃកើតចេញ​ពីការ​កំណត់អទិភាព​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​អ្នក

  • បង្កើតកាលវិភាគ ៖ អ្នកត្រូវ​កំណត់​កាល​វិភាគ​មួយជាក់លាក់ថាពេលណា​អ្នកធ្វើការនិងពេលណាអ្នកនៅជាមួយ​គ្រួសារ។ មួយវិញទៀត​អ្នកអាច​ប្រើប្រាស់​ប្រតិទិនរួមគ្នា​មួយរបស់​គ្រួសារ​អ្នកដើម្បីកំណត់​ថា​ត្រូវ​ធ្វើអ្វីខ្លះជុំគ្នាដូចជា​ខួបកំណើត ដំណើរកម្សាន្ត​ ការជួបជុំគ្នា​ញ៉ាំអាហារ​ពេលល្ងាច​ជាដើម។
  • មានពេលឲ្យគ្រួសារ ៖ មិនថា​អ្នករវល់ប៉ុណ្ណាទេ អ្នកត្រូវឆ្លៀតពេលខ្លះឲ្យគ្រួសារ​​​និងកូនៗរបស់អ្នកជាពិសេស​គឺពេលល្ងាច​និងពេលយប់។ អ្នកគួរតែញ៉ាំ​បាយ​ជួបជុំគ្រួសារ​យ៉ាងហោច​ណាស់ក៏មួយថ្ងៃម្តងដែរ។ អ្នកអាច​បង្កើតពេលវេលា​រីករាយជុំគ្នានៅពេល​យប់​ដូចជាអង្គុយជុំគ្នានិយាយពីសកម្មភាពពេញ​មួយថ្ងៃថា​បានធ្វើអ្វីខ្លះ​ បានជួបអ្នកណា និង​មានរឿងអ្វីដែលគួរឲ្យ​ចាប់​អារម្មណ៍ខ្លះ​ជាដើម។ មួយវិញទៀត​អ្នកអាចប្រើ​ជីវិតសាមញ្ញដោយ​មិនមានទូរស័ព្ទ​និងកុំព្យូទ័រនៅជាមួយ​គ្រួសារ​ដូចជានៅក្នុងថ្ងៃចុងសប្តាហ៍និងថ្ងៃសម្រាកជាដើម។
  • មានអ្នកមើលថែ​កូន​ដែលអាចជឿទុកចិត្តបាន ៖ នៅក្នុងសង្គមខ្មែរ​ភាគច្រើនអ្នកមើលថែ​កូនឲ្យ​យើងគឺជាឪពុកម្តាយ​របស់យើងនោះឯង​ដែល​ពួកគាត់​គឺជាមនុស្ស​ដែលគួរឲ្យទុកចិត្ត​បំផុត​និង​មើលថែកូន​របស់យើង​បានល្អបំផុត។ ប៉ុន្តែ​បើ​ឪពុកម្តាយ​របស់អ្នកមិនអាចមើលថែកូន​របស់អ្នកបាន​ទេ​ដោយ​ប្រការណាមួយ​អ្នកគួររក​មនុស្សដែលអ្នកស្គាល់​​ច្បាស់​​ ចេះ​ស្រលាញ់មើលថែក្មេងពិតប្រាកដ​ និងមានការអត់ធ្មត់ច្រើន។ ម្យ៉ាងវិញទៀត​ឪពុកម្តាយមួយចំនួនបញ្ជូនកូនទៅ​សាលា​មត្តេយ្យ​ដែលនៅ​ទីនោះមានលោកគ្រូ​អ្នកគ្រូដែល​អាចទុកចិត្តមើលថែ​កូនៗ​របស់គេបាន។
  • ពិភាក្សា​ជាមួយគ្រួសារ​អ្នក ៖ ជួនកាល​បញ្ហាមិន​អាច​ដោះស្រាយ​បានតែម្នាក់ឯងទេ។ អ្នកអាច​ពិក្សា​រក​ដំណោះ​ស្រាយ​និង​ធ្វើ​ឲ្យ​វាកាន់តែ​ប្រសើរឡើងជាមួយភរិយា ស្វាមី ឬកូនៗរបស់អ្នកចំពោះ​បញ្ហាបែបនេះ។ ទង្វើ​បែបនេះមិនត្រឹមតែអាចឲ្យ​អ្នក​រក​ផ្លូវចេញ​ឃើញ​នោះទេ​វាថែមទាំង​ធ្វើឲ្យ​សមាជិកគ្រួសារ​ទាំងមូលបានយល់​ពី​កាតព្វកិច្ច​របស់អ្នក​នៅកន្លែង​ការងារ​ថែមទៀតផង។
  • ទទួល​យក​ភាព​មិនស្មើភាព​គ្នា ៖ ​អ្នកត្រូវ​ដឹងថាគ្មា​នអ្វី​ដែល​ល្អឥតខ្ចោះនោះទេ។ ជាពិសេស​ភាពមិនស្មើ​គ្នា​គឺជា​រឿងដែល​ចៀសមិនរួចឡើយ។ វាក៏​មានពេល​ខ្លះ​ដែលអ្នក​អាចលម្អៀងទៅម្ខាងៗដែរ។ ឧទាហរណ៍​ថាមានសមាជិក​គ្រួសារឈឺ​អ្នកប្រាកដ​ជា​ត្រូវ​សុំច្បាប់ការងារ​មក​មើលថែគេ។​ ម្យ៉ាងទៀតបើមានការប្រជុំ​បន្ទាន់អ្នក​ក៏ត្រូវខកខាន​ការជួបជុំគ្រួសារ​ដែរ។ សំខាន់បំផុត​អ្នកមានហេតុផល​​សមរម្យអាចឲ្យភាគីម្ខាងៗទទួលយកបាននិងមិនងប់ងល់ទៅ​ខាងណាជ្រុលពេក។

អ្នកមិនត្រូវ​មាន​អារម្មណ៍​ថាមានកំហុសទេតែត្រូវជឿជាក់​ទៅលើ​អត្ថប្រយោជន៍​នៃទង្វើរបស់អ្នក។ ​ការទៅធ្វើការបានល្អ​និងបំពេញ​តួនាទីជាឪពុកម្តាយបានល្អ​វាគឺ​ជាគម្រូ​ដ៏អស្ចារ្យ​មួយ​សម្រាប់កូនៗ​របស់អ្នក។ ការមានផែនការណ៍​ត្រឹមត្រូវ ការរៀបចំខ្លួនបានល្អនឹងនាំឲ្យតុល្យភាព​រវាងការងារ​និងជីវិតប្រចាំថ្ងៃរបស់អ្នកមិន​​លម្អៀង​ទៅខាងណា។​ ជាពិសេស​មិនថា​អ្នក​រវល់​តាមចាប់​ក្តីស្រមៃ​របស់ខ្លួន​ប៉ុណ្ណាទេក៏អ្នក​មិន​ត្រូវភ្លេចមនុស្សសំខាន់ប៉ុន្មាននាក់​ដែលរង់ចាំអ្នក​នៅឯផ្ទះដែរ។

Previous articleលក្ខណៈសម្បតិ្តទីផ្សារនៅក្នុងប្រទេសកម្ពុជា
Next articleកត្តាទាំង៦ដែលមានឥទ្ធិពលលើឥរិយាបថរបស់អតិថិជន
សូ ពិសី​មាន​តួនាទី​ផ្នែក Business Creative នៅក្នុងគំនិត​​ដែល​ផ្តោតលើ​ការបង្កើត​មាតិកា​ធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រ​​អាជីវកម្ម​សម័យ​ទំនើប​ព្រមទាំង​ធ្វើករណី​សិក្សា​ទៅលើ​អាជីវកម្ម​​ក្នុងស្រុក។គាត់​ក៏​​ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មេគង្គកម្ពុជា​សិក្សា​ផ្នែក​​​គ្រប់គ្រង​ធុរកិច្ច​អន្តរជាតិ​។ គាត់​​ធ្លាប់​ចូលរួម​សិក្ខា​សាលា​និង​វគ្គ​បណ្តុះបណ្តាល​ដូចជា ​ភាពជា​អ្នកដឹកនាំ ជំនាញទន់ និង​ជំនាញ​នៃ​ការលក់​ជាច្រើន ​​ព្រមទាំង​សកម្មភាព​ក្នុង​ការងារ​ស្ម័គ្រចិត្ត​ផងដែរ។