ធ្វើដូចម្តេចទើបអាចឲ្យបុគ្គលិកមានការពេញចិត្តនឹងការងារបាន?

3060

ការពេញចិត្ត​នឹង​​ការងារ​ (Job satisfaction)​​ គឺជា​ឬសគល់​ដ៏​សំខាន់​បំផុត​ក្នុងការ​នាំឲ្យ​ផលិតភាព​ការងារ​មាន​ការគាប់ប្រសើរ​។ វា​ស្រដៀង​ទៅនឹង​ការ​លើកទឹកចិត្ត​ដែរ​តែ​គ្រាន់តែ​វា​អាច​ធំទូលាយ​ជាង​និង​ត្រូវការ​ការយកចិត្តទុកដាក់​ច្រើនជាង​។ ​ការពេញចិត្ត​​​​​ចំពោះ​ការងារ​ពាក់ព័ន្ធ​ទាំង​កត្តា​ផ្លូវចិត្ត​និង​ផ្លូវកាយ​របស់​មនុស្ស​ទៅលើ​ការងារ​របស់គេ​។ ម្យ៉ាងវិញទៀត​វា​កើត​អំពី​ការផ្តល់កម្លាំងចិត្ត​ ការលើកសរសើរ​ និង​ការ​ឲ្យ​តម្លៃ​ចំពោះ​ការងារ​ដែលខ្លួន​បានធ្វើ​។

ការពេញចិត្ត​នឹង​ការងារ​របស់​បុគ្គលិក​កើតចេញ​ពី​កត្តា​ធំៗ​២​ដូចជា​ ៖

១. កត្តា​​និយោជក​​

និយោជក​​​មាន​តួនាទី​​​​សំខាន់​ណាស់​​ក្នុងការ​​ធ្វើឲ្យ​​បុគ្គលិក​​មាន​អារម្មណ៍​ថា​​ពេញចិត្ត​​និង​​ចង់​​ធ្វើការងារ​​របស់ពួកគេ​​។ ខាងក្រោម​នេះ​​ជា​កត្តា​​ទាំងឡាយ​​ដែល​​​អ្នកគ្រប់គ្រង​​​គួរ​អនុវត្ត​ ៖

  • ផ្តល់​នូវ​បរិយាកាស​ការងារ​ល្អ​ ៖ បរិយាកាស​ការងារ​គឺជា​រឿង​សំខាន់ណាស់​។ បើ​បុគ្គលិក​មិន​ចូលចិត្ត​កន្លែង​ធ្វើការ​របស់គេ​ ឬ​មាន​អារម្មណ៍​ថាការងារ​ដែលគេ​ធ្វើ​គួរឲ្យធុញទ្រាន់​នោះ​គេ​ក៏​មិនចង់​មក​ធ្វើការ​ដែរ​ដែល​វា​នាំឲ្យ​ផលិតភាព​​ការងារ​ថយចុះ​​ទៅតាម​ហ្នឹង​ដូចគ្នា។
  • ចូលទៅ​ពាក់ព័ន្ធ​ជាមួយ​បុគ្គលិក​ ៖​ ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយ​បុគ្គលិក​តែមិន​ត្រូវ​ហួសហេតុ​ពេកទេ​។​ បន្ទាប់ពី​អ្នក​ទទួល​បាន​ភាពស្និទ្ធស្នាល​ពី​បុគ្គលិក​ហើយ​ អ្នកត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​បុគ្គលិក​មាន​ការពាក់ព័ន្ធ​ជាមួយ​ការងារ​ឲ្យ​បានកាន់តែច្រើន​។ ជាពិសេស​អ្នក​ត្រូវ​បញ្ជ្រាប​ពី​គោលដៅ​និង​បេសកកម្ម​របស់ក្រុមហ៊ុន​ឲ្យ​បុគ្គលិក​ម្នាក់ៗ​យល់​គ្រប់ៗ​គ្នា​។​ ការធ្វើបែបនេះ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​របស់​បុគ្គលិក​មកលើ​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​។
  • សន្តិសុខ​ការងារ​ ៖ គេនឹង​មិន​អាក់ខាន​ក្នុងការ​មកធ្វើការងារ​ទេបើការងារ​របស់គេ​មិនមាន​គ្រោះថ្នាក់​ឬ​ហានិភ័យ​ការងារ​ណាមួយ​កើតឡើង​។ សំខាន់​អ្នក​ត្រូវ​ធ្វើឲ្យ​បុគ្គលិក​របស់អ្នក​មាន​អារម្មណ៍​ថា​ការងារ​របស់គេ​ជា​ការងារ​ដែលមាន​ភាពសុចរិត​ ត្រឹមត្រូវ​ មានសុវត្ថិភាព​ និង​មិនប្រថុយប្រថាន​។ ជាពិសេស​ពួកគេ​ត្រូវ​បាន​ការពារ​យ៉ាងពេញលេញ​​ដើម្បី​ធានា​សន្តិសុខ​ផ្ទាល់ខ្លួន​និង​មិត្តរួមការងារ​របស់គេ​។
  • ឱកាស​ក្នុងការ​ប្រើប្រាស់​ជំនាញ​និង​សមត្ថភាព​របស់គេ​ ៖ បុគ្គលិក​នឹង​សប្បាយចិត្ត​បំផុត​បើ​អ្នកបើក​ឱកាសឲ្យ​ពួកគេ​បាន​បញ្ចេញ​សមត្ថភាព​និង​ទេពកោសល្យ​ដែល​ពួកគេ​មាន​។ ជាពិសេស​ការដែល​អ្នក​ធ្វើឲ្យ​គេ​មាន​អារម្មណ៍​ថា​ខ្លួនគេ​ក៏​មាន​ចំណែក​ក្នុងការងារ​ឬ​ក្រុមហ៊ុន​របស់គេ​ដែរ​។
  • ផ្តល់​ការ​បណ្តុះបណ្តាល​ ៖​ ជាការពិត​មនុស្ស​ម្នាក់ៗ​ត្រូវ​កា​រ​ការ​អភិវឌ្ឍ​ទៅមុខ​និង​មិនត្រូវការ​ប្រព្រឹត្ត​រឿងច្រំដែល​ឡើយ​។ ការ​ផ្តល់​វគ្គបណ្តុះបណ្តាល​ឬ​សកម្មភាព​ផ្សេងៗ​ដូចជា​ការលេងល្បែងកម្សាន្ត​ ការចុះទស្សនកិច្ច​ ចូលរួមសិក្ខាសាលា​ និង​ផ្តល់សម្ភារៈសិក្សា​ជាដើម​គឺជា​វិធី​ល្អៗ​ដើម្បី​អាច​ឲ្យ​ពួកគេ​ឈាន​ហួស​ពី​ព្រំដែន​ដែលគេ​ធ្លាប់ចេះ​។
  • ខ្វល់ខ្វាល​ពី​សុខុមាលភាព​បុគ្គលិក​ ៖ មានដូចជា​ការផ្តល់ធានារ៉ាប់រង​​សុខភាព​ ការផ្តល់ការឈប់សម្រាក​ ប្រាក់រង្វាន់​លើកទឹកចិត្ត​ ការឡើងដំណែង​ជាដើម​។
  • មាន​លំនឹង​ផ្នែកហិរញ្ញវត្​ថុ ៖​ ជាក្រុមហ៊ុន​ដែល​មិនងាយ​​ជួបប្រទះ​ការដួលរលំ​ និង​មាន​ដើមទុន​គ្រប់គ្រាន់​។

២. កត្តា​ខ្លួនឯង​

មិនថា​អ្នកគ្រប់គ្រង​ធ្វើបាន​ល្អ​ប៉ុណ្ណា​ទេ​ តែ​បើ​បុគ្គលិក​មិនពេញចិត្ត​ខ្លួនឯង​នោះវាពិតជា​មិនអាច​ទៅរួច​ឡើយ​ក្នុង​ការបង្ខំ​គេ​ឲ្យ​ពេញចិត្ត​ចំពោះ​ការងារ​។ បើ​អ្នក​មាន​អារម្មណ៍​ថា​មិនសូវពេញចិត្ត​ចំពោះ​ការងារ​ខ្លួនឯង​ វិធី​ខាងក្រោម​នេះ​អាច​ជួយ​អ្នក​បាន​ ៖​

  • ផ្លាស់ប្តូរ​ទម្លាប់​ការងារ​របស់ខ្លួន​​​ ៖​ ស្វែងរក​ឲ្យ​ឃើញថា​តើ​អ្នក​ចូលចិត្ត​ធ្វើអ្វី​នៅក្នុង​ការងារ​ហើយ​ប្រឹងប្រែង​ធ្វើ​វា​ឲ្យ​បានល្អ​បំផុត​។ បើ​អ្នកគិតថា​អ្នកធ្វើ​កិច្ចការ​ណាមួយ​ហើយ​អ្នកធុញ​ អ្នកគួរ​ចំណាយ​ពេល​លើ​វាតិច​បានហើយ​។ មួយវិញទៀត​កាត់បន្ថយ​សកម្មភាព​ទាំងឡាយ​ដែលងាយ​នាំឲ្យ​អ្នក​មាន​ភាពតានតឹង​ឬ​អារម្មណ៍​តប់ប្រមល់​។ ឧទាហរណ៍​បញ្ហាចរាចរណ៍​ជា​រឿង​ដែលធ្វើឲ្យអ្នក​ឈឺក្បាល​រាល់ថ្ងៃ​មុន​មក​ដល់​កន្លែងការងារ​នៅម៉ោង៨​ព្រឹក​។ ​អ្នក​អាច​ផ្លាស់​ទម្លាប់​មក​ធ្វើការ​នៅ​ម៉ោង​៧​ព្រឹក​វិញ​ដើម្បី​ចៀសឆ្ងាយ​ពី​បញ្ហា​នោះ​។
  • ផ្លាស់ប្តូរ​ទំនាក់ទំនង​នៅ​កន្លែងការងារ​ ៖​ មនុស្ស​​ដែល​នៅជុំវិញ​ខ្លួនអ្នក​អាច​មានឥទ្ធិពល​មកលើ​ការបំពេញការងារ​របស់អ្នក​បាន​។ បើ​អ្នក​មាន​ជម្លោះ​ជាមួយ​មិត្ត​រួមការងារ​ណាម្នាក់​ អ្នកពិតជា​មិនសូវ​ចង់​មក​ធ្វើការ​នោះទេ​។ ហេតុនេះហើយ​អ្នក​គួរ​ឆ្លៀត​ពេល​បង្កើន​ភាពស្និទ្ធស្នាល​ឬ​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដែល​នៅជុំវិញ​ខ្លួន​ដូចជា​មិត្តរួមការងារ​ អតិថិជន​ អ្នកគ្រប់គ្រង​ ឬ​អ្នកមើលការខុសត្រូវ​អ្នក​ជាដើម​ដោយ​អ្នក​អាចប​ង្កើត​​​​ជា​កម្មវិធី​ជួបជុំ​ ញ៉ាំ​អាហារ​ជុំគ្នា​​ ដំណើរកម្សាន្ត​ ឬ​ការពិភាក្សា​ជាដើម​។​
  • គិតពី​ទស្សនៈ​របស់អ្នក​​ទៅលើ​ការងារ​ឡើងវិញ​ ៖ ការយល់ច្បាស់​ពី​គោលដៅ​និង​បេសកកម្ម​របស់​ក្រុមហ៊ុន​ជារឿង​សំខាន់​ណាស់​។​ អ្នក​មិនត្រូវ​ធ្វើការ​ដោយ​គ្មាន​ទិសដៅ​នោះទេ​ព្រោះ​វា​ធ្វើឲ្យ​អ្នក​ឆាប់ធុញ​។ អ្នក​ត្រូវ​សាកសួរ​និយោជក​ឲ្យ​បានច្បាស់លាស់​និង​មាន​ទស្សនៈ​តែមួយ​ដូច​ក្រុមហ៊ុន​និង​ព្យាយាម​រក​វិធីសាស្រ្ត​បែបណា​ឲ្យ​ក្រុមហ៊ុន​ឆាប់​ដល់​គោលដៅ​។ ការមើលឃើញ​ពី​​លទ្ធផល​នឹង​ជួយ​ឲ្យ​អ្នក​មិន​ងាយ​បាក់ទឹកចិត្ត​និង​អស់​ការជឿជាក់​ចំពោះ​ក្រុមហ៊ុន​នោះទេ​។ អ្នកត្រូវ​ផ្លាស់ប្តូរ​ការយល់ឃើញ​មិនល្អ​ចោល​ទាក់ទង​នឹង​ការងារ​របស់អ្នក​។​ ឧទាហរណ៍​ថា​អ្នកធ្វើការ​ជាអ្នកអនាម័យ​ អ្នកអាច​ប្តូរ​ការយល់ឃើញ​របស់អ្នក​ពី​អ្នកធ្វើការ​ថ្នាក់ទាប​មកជា​​មនុស្សម្នាក់​ដែល​​ជួយ​ឲ្យ​មនុស្ស​មានផាសុកភាព​នោះ​វា​នឹង​ជួយឲ្យ​​អ្នក​មាន​អារម្មណ៍​ប្រសើរឡើង​ចំពោះ​ការងារ។