ប្រើប្រាស់​ភ្លេង​ដើម្បី​ជម្រុញ​ឱ្យ​អតិថិជន​ចាយលុយ​កាន់​តែច្រើន

1367

តាមពិតទៅ វា​មិនមែនជា​អាថ៌កំបាំងទៀតទេ​ដែល​ហាងទំនិញ ផ្សារទំនើប ឬភោជនីយដ្ឋានប្រើប្រាស់ទេសភាព ក្លិន និងសម្លេងដើម្បីបង្កើត​បានជាបរិយាកាសណាមួយ​ជួយ​ទាញ​ផលចំណេញ​ និង​លំហូរ​នៃអតិថិជន។       

នៅឆ្នាំ​១៩៧៣ សាស្ត្រាចារ្យ​ផ្នែក​ធុរកិច្ច លោក Philip Kotler ដែលអ្នកនៅក្នុង​វិស័យ​នេះដាក់ឈ្មោះ​ឱ្យជា​បិតា​ផ្នែកទីផ្សារ​បាន​ណែនាំ​នូវបច្ចេកទេស​មួយ​គឺ “ការបង្កើតបរិយាកាស”។ វា​គឺជា​បច្ចេកទេស​មួយ​ដែលគេ​យក​មកអនុវត្ត​ដើម្បី​រៀបចំហាង​ឱ្យ​មាន​បរិយាកាសមួយដើម្បីគាំទ្រនូវ​គោលបំណង​ និង​ការ​ចង់បានរបស់គេដូចជា​ជួយជម្រុញ​ការលក់​ឱ្យបានច្រើន ឬគ្រប់គ្រង​លំហូរ​ភ្ញៀវ។ លោកបានលើកឡើងថា “ក្នុង​ករណីខ្លះ ទីកន្លែងដែលមានការរៀបចំឱ្យ​មានបរិយាកាសណាមួយ គឺមានឥទ្ធិពលលើការសម្រេច​ចិត្ត​ទិញ​ខ្លាំងជាង​ផលិត​ផលខ្លួនឯងទៅទៀត។ ហើយ​ក្នុង​ករណីខ្លះទៀត បរិយាកាសគឺជា​ផលិតផល​គោល”។

នៅក្នុង​អត្ថបទនេះ ខ្ញុំ​សូម​លើកយក​ផ្នែកមួយ​នៃការ​បង្កើត​បរិយាកាស​គឺការ​ប្រើប្រាស់ភ្លេង​នៅក្នុង​ហាង ផ្សារទំនើប ឬភោជនីយដ្ឋាន ។ល។ ការ​សិក្សា​ស្រាវជ្រាវ​ពី​ការ​ប្រើប្រាស់ភ្លេង និង​ឥទ្ធិពល​របស់វាលើការ​ទិញទំនិញគឺមានជាយូរ​ណាស់មកហើយ។ ប្រសិន​បើអ្នក​ធ្លាប់ទៅផ្សារទំនើប ហាងមួយចំនួន ឬភោជនីយដ្ឋានខ្លះ អ្នកប្រាកដជាធ្លាប់ឃើញការប្រើប្រាស់​ភ្លេង​ចាក់កំដរនៅទីនេះ​ ហើយ​មនុស្ស​ភាគច្រើន​ប្រាកដជា​គិត​ថាវាគ្រាន់តែជាការ​ចាក់​ធម្មតា​ៗ​ប៉ុណ្ណោះ ដោយ​មិនបានគិតពីឥទ្ធិពលរបស់វា​លើការ​សម្រេចចិត្តទិញ ឬការចំណាយនោះទេ។

ជាច្រើនទស្សវត្សមកហើយ​ដែលគេ​បាន​ប្រើប្រាស់​ភ្លេង​ដើម្បីជា​ឧបករណ៍ជំនួយ​នៃការលក់។ សម្រាប់​ការប្រើប្រាស់សម្លេង​ភ្លេងឮខ្លាំងៗ នឹងធ្វើឱ្យ​អតិថិជន​ចំណាយពេលតិចនៅក្នុង​ហាង និង​សម្លេង​ឮតិចៗនឹងធ្វើឱ្យ​អតិថិជន​ចំណាយពេលច្រើនជាង។ ប៉ុន្តែ​ការប្រើប្រាស់​កម្រិត​សម្លេង​មិនសូវជា​ប៉ះពាល់​ដល់ចំណាយ​នោះទេ តែវាជាឧបករណ៍សម្រាប់គ្រប់គ្រង​លំហូរ​ចេញ និង​ចូល​របស់អតិថិជន​នៅក្នុង​ហាង ជាពិសេស​នៅពេលដែលអ្នកមានទីធ្លាតូច និង​មានភ្ញៀវច្រើន។

ចង្វាក់ភ្លេង​ក៏​ជា​ចំណុច​សំខាន់​ផងដែរ​នៅក្នុង​ការ​ប្រើប្រាស់ជាឧបករណ៍ជំនួយ​ការលក់។ ហើយ​តាំងពីឆ្នាំ​១៩៨២ សាស្ត្រាចារ្យ​ទីផ្សារ​ម្នាក់លោក Ronald E. Milliman បានធ្វើការ​សិក្សា​ពីទំនាក់ទំនង​រវាង​ចង្វាក់ភ្លេង និង​ឥរិយាបថទិញ​នៅក្នុង​ផ្សារទំនើប។ អ្វីដែលគាត់​បានរកឃើញនោះគឺ ចង្វាក់ភ្លេង​បានជះឥទ្ធិពលទៅលើល្បឿន​នៃ​លំហូរ​របស់អតិថិជន និង​ទំហំនៃការ​លក់ដោយ៖

  • ចង្វាក់ភ្លេងលឿន ធ្វើឱ្យអតិថិជន​ចល័តលឿននៅក្នុង​ហាងទំនិញ ហើយ​មានការទិញទំនិញ​តិច។
  • ចង្វាក់ភ្លេងយឺតធ្វើឱ្យអតិថិជន​ដើរមួយៗនៅក្នុងហាង និង​ធ្វើការទិញទំនិញ​បានច្រើន។

តាមពិតលទ្ធផល​នេះពិតជា​សមហេតុសមផលណាស់ នៅពេលមានភ្លេងយឺត ធ្វើ​ឱ្យល្បឿនដើរ​របស់យើង​ក៏យឺតទៅតាមភ្លេងដែលផ្តល់ឱកាស​ឱ្យយើងអាច​មើលឃើញទំនិញកាន់តែច្រើន។

ឃើញទេ! ភ្លេងគឺពិតជាមានឥទ្ធិពល​ដែលអាច​ប្រើប្រាស់​ដើម្បីគ្រប់គ្រង​ ទាញ​យក​ផលប្រយោជន៍​នៅក្នុង​អាជីវកម្មបានយ៉ាងច្រើន​ប្រសិនបើយើងចេះប្រើប្រាស់។ តើមានអ្នកណាខ្លះ ចង់សាកល្បង?

Previous articleក្រុមហ៊ុនបច្ចេកវិទ្យា​យក្សធំបំផុត​ទាំង​២០​នៅលើ​ពិភពលោក
Next articleសន្សំ ឬចាយ?
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។