ផលវិបាកទាំង៤ ដែលអាជីវកម្មខ្នាតតូចភាគច្រើនជួប

196

ថ្ងៃនេះគំនិតសូមលើកយកនូវបញ្ហាទាំង៤ដែលអាជីវកម្មខ្នាតតូចភាគច្រើនជួបប្រទះ៖

១. ស្វែងរកអតិថិជន

Search, To Find, Internet, Magnifying Glass, Cache

ចំណុចនេះមិនមែនជាបញ្ហាអាជីវកម្មតូចតាចនោះទេ។ អ្នកទីផ្សារនៅក្នុងក្រុមហ៊ុនល្បីៗដូចជានៅក្នុងក្រុមហ៊ុន Apple, Toyota and McDonald ទោះបីជាក្រុមហ៊ុនពួកគេមានអតិថិជនច្រើនហើយក៏ដោយ ក៏ពួកគេមិននៅអង្គុយរង់ចាំឲ្យអតិថិជនដើរមករកនោះទេ គឺពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីស្វែងរកអតិថិជនថ្មីៗជារៀងរាល់ថ្ងៃ។ អ្នកឃើញទេសូម្បីតែក្រុមហ៊ុនធំៗនិងជោគជ័យបំផុតនៅក្នុងវិស័យធុរកិច្ចនេះក៏នៅតែស្វះស្វែងបន្តស្វែងរកអតិថិជនថ្មីៗជារៀងរាល់ថ្ងៃដែរ។ ប៉ុន្តែចំពោះអាជីវកម្មខ្នាតតូចវិញ បញ្ហាដែលសំខាន់នោះគឺ តើពួកគេអាចស្វែងរកអតិថិជនថ្មីៗបានយ៉ាងម៉េច ប្រសិនបើ់ពួកគេទើបតែចាប់ផ្ដើមអាជីវកម្ម? ហើយមួយវិញទៀតចំពោះច្រកផ្សព្វផ្សាយនោះក៏ច្រើនទៀត អញ្ចឹងតើពួកគេគួរតែកំណត់យកច្រកផ្សព្វផ្សាយណាជាអាទិភាពក្នុងការបញ្ចេញផលិតផលឲ្យគេឃើញ??

ដំណោះស្រាយចំពោះបញ្ហានេះ៖

អ្នកអាចស្វែងរកអតិថិជនថ្មីៗបាន គឺត្រូវចាប់ផ្ដើមរកមើលថា តើនរណាដែលជាអតិថិជនល្អបំផុតសម្រាប់អ្នក? មួយវិញទៀត អ្នកត្រូវតែច្បាស់ថាការផ្សព្វផ្សាយរបស់អ្នកត្រូវតែទៅដល់អតិថិជនគោលដៅរបស់អ្នក។

ស្រង់ព័ត៌មានរបស់អតិថិជនអ្នក ដោយរកមើលថា តើអតិថិជនគោលដៅរបស់អ្នកនោះមានលក្ខណៈបែបណា ជាមនុស្សស្រីឬប្រុស? រស់នៅតំបន់ណា? ផលិតផលដែលពួកគេចូលចិត្តប្រើភាគច្រើនជាផលិតផលអ្វី? ប្រាក់ចំណូលរបស់ពួកគេត្រឹមកម្រិតណាទើបអាចប្រើប្រាស់ទំនិញរបស់អ្នក? ឬមួយក៏មនុស្សទូទៅអាចប្រើបានទាំងអស់? ហើយភាគច្រើនពួកគេតែងតែចំណាយពេលនៅកន្លែងណាច្រើនជាងគេដើម្បីទទួលបាននូវព័ត៌មាន? សំណួរទាំងនេះគឺអ្នកគួរតែដឹងដើម្បីងាយស្រួលក្នុងការស្វែងរកអតិថិជនគោលដៅរបស់អ្នក។

២. បង្កើនការយល់ដឹងនៃម៉ាករបស់ខ្លួន

ប្រសិនបើអតិថិជនរបស់អ្នកមិនដឹងថាអ្នកគឺជាអ្នកណា ហើយលក់ផលិតផលអ្វីផង តើឲ្យពួកគាត់ទិញផលិតផលពីអ្នកបានយ៉ាងម៉េច?? តាមរយៈស្ថិតិបានបង្ហាញថា អ្នកគ្រប់គ្រងម៉ាកប្រហែលជា៧០% បាននិយាយថាការបង្កើននូវការយល់ដឹងពីម៉ាកឲ្យអតិថិជនបានស្គាល់គឺវាមានគុណតម្លៃ និងផលប្រយោជន៍ជាជាងការលក់ផ្ទាល់។ ក៏ព្រោះតែមូលហេតុមួយនេះហើយ ទើបធ្វើឲ្យអ្នកទីផ្សារនៅក្នុងឆ្នាំ២០២១នេះនិយាយថា គោលដៅដំបូងដើម្បីធ្វើយុទ្ធនាការទីផ្សារគឺ ការបង្កើនការយល់ដឹងនៃម៉ាករបស់ខ្លួនឲ្យគេស្គាល់បានកាន់តែច្រើន( Building brand awareness)។​ ការកសាងកិត្តិនាមនៃម៉ាកយីហោនេះ វាជួយបង្កើននូវទំនុកចិត្តរបស់អតិថិជនមកលើស្លាកយីហោរបស់អ្នក ហើយក៏ជួយបង្កើនទំនាក់ទំនងរបស់ពួកគេជាមួយនឹងម៉ាកសញ្ញា ផលិតផលក៏ដូចជាសេវាកម្មរបស់អ្នកផងដែរ។ ដែលនេះគឺជាមូលហេតុដែលជួយឲ្យការលក់របស់អ្នកកើនឡើងជាងមុន ជាពិសេសនោះគឺជួយបង្កើនអតិថិជនស្មោះស្ម័គ្រកាន់តែច្រើនជាងមុន។

ដំណោះស្រាយចំពោះបញ្ហានេះ

មានវិធីសាស្ត្រជាច្រើនដែលអាចផ្សព្វផ្សាយពីការយល់ដឹងនៃម៉ាក តែវិធីសាស្ត្រដែលសំខាន់បំផុតនោះរួមមាន៖

  • PR (Public Relationship) បង្កើនទំនាក់ទំនងជាមួយអតិថិជនឲ្យកាន់តែជិតស្និទ្ធទាំងនៅលើបណ្ដាញសង្គម តាមទូរស័ព្ទ ឬជួបផ្ទាល់, ជួយដោះស្រាយបញ្ហា និង ចម្ងល់ជូនអតិថិជន, ធ្វើឲ្យអតិថិជនមានអារម្មណ៍សុត្ថិភាពពេលដែលប្រើផលិតផលរបស់អ្នកជាដើម។
  • Co-marketing ការធ្វើជាដៃគូជាមួយនឹងយីហោផ្សេងទៀត នឹងធ្វើឲ្យផលិតផលរបស់អ្នកអាចមានគេស្គាល់ច្រើនជាងមុន។ វាជាមធ្យោបាយមួយដ៏ប្រសើរ ដែលអាចទទួលបានអ្នកគាំទ្រថ្មីៗដោយមិនចាំបាច់ចំណាយលុយច្រើនទៅលើការផ្សព្វផ្សាយ។
  • Blogging ធ្វើវាឲ្យទៀងទាត់ និង ទាក់ទាញដើម្បីទាញចំណាប់អារម្មណ៍របស់អ្នកទស្សនា។ នេះគឺជាវិធីសាស្ត្រមួយក្នុងការបង្កើននូវការយល់ដឹងនៃម៉ាករបស់អ្នកផងដែរ។

៣. ជួលអ្នកមានសមត្ថភាពមកធ្វើការ

Man, Business People, Woman, Business, Community

ជាធម្មតាអ្នកដែលមានសមត្ថភាពខ្លាំងគឺពួកគេកម្រមកធ្វើការនៅក្នុងក្រុមហ៊ុនតូចតាចណាស់ ដោយសារតែប្រាក់បៀរវត្សដែលគាត់អាចទទួលបានពីក្រុមហ៊ុននោះបានរៀងតិចតួច។ ជម្រើសដ៏ល្អបំផុតដែលពួកគេធ្វើការជ្រើសរើសនោះគឺ សម្លឹងមើលទៅលើក្រុមហ៊ុនធំៗណាដែលនឹងផ្ដល់ប្រាក់ខែច្រើនៗក៏ដូចជាផ្ដល់នូវកេរិ៍ឈ្មោះមកដល់ពួកគេ ដើម្បីរស់នៅក្នុងជីវិតមួយដែលប្រសើរជាដើម។ ដោយសារតែមូលហេតុបែបនេះហើយទើបធ្វើឲ្យអាជីវកម្មខ្នាតតូចៗភាគច្រើនពិបាកក្នុងការរកបាននូវបុគ្គលិកដែលមានសមត្ថភាពខ្លាំង និងពិបាកក្នុងការរកប្រាក់ចំណេញមកឲ្យក្រុមហ៊ុនបានច្រើន ហើយក៏ក្នុងការធ្វើឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនដែរ ព្រោះបុគ្គលិកល្អ បុគ្គលិកវៃឆ្លាត បុគ្គលិកដែលមានការគិតវិភាគបានល្អិតល្អន់ និងអាចបត់បែនទៅតាមកាលៈទេសៈបាន គឺជាធនធានដ៏កម្របំផុតរបស់ក្រុមហ៊ុនដែលអាចជួយឲ្យក្រុមហ៊ុនកាន់តែរីកច្រើន។

៤. ពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែមានវិសាលភាព

ការពង្រីកឥទ្ធពលរបស់ខ្លួននៅលើទីផ្សារ គឺជាអ្វីដែលអាជីវកម្មខា្នតតូច(Small Business) ជាច្រើនចង់វិវត្តន៍ខ្លួនឲ្យក្លាយជាបែបនេះ ព្រោះគ្មាននរណាចង់ឲ្យការរកស៊ីរបស់ខ្លួននៅតែដដែលនោះទេ។

ប៉ុន្តែសំណួរសួរថា តើអាជីវកម្មខ្នាតតូចទាំងនោះ អាចពង្រីកខ្លួនឲ្យកាន់តែធំ និង មានអ្នកស្គាល់ច្រើនបានយ៉ាងរបៀបណា??

គឺត្រូវការចំណាយពេលរៀងយូរបន្តិចដែរក្នុងការពង្រីកខ្លួនឯងឲ្យមានវិសាលភាពជាងមុន ជាពិសេសនោះគឺត្រូវការភាពប៉ិនប្រសប់ សមត្ថភាព និង ភាពវៃឆ្លាតរបស់អ្នកក្នុងការលក់ចេញនូវផលិតផលរបស់អ្នក,បង្កើនចំនួនអ្នកប្រើប្រាស់ បង្កើតមាតិកាទាក់ទាញក្នុងការផ្សព្វផ្សាយ ក៏ដូចជាស្វែងរកដៃគូរវិនិយោគ ដើម្បីធ្វើការសហការជាមួយនឹងក្រុមហ៊ុនអ្នកឲ្យកាន់តែមានឈ្មោះបោះសម្លេងនៅទីផ្សារនេះ។

សរុបមកបើសិនជាយើងលើកយកនូវបញ្ហាដែលអាជីវកម្មខ្នាតតូចភាគច្រើនតែងតែជួបប្រទះនោះ គឺមានច្រើនណាស់ ប៉ុន្តែបញ្ហាដែលសំខាន់ជាងគេដែលពន្លកបានលើកយកមកនេះគឺពួកគេ ពិបាកក្នុងការស្វែងរកអតិថិជន, មិនដឹងថាតើគួរតែផ្សព្វផ្សាយបែបណាដើម្បីទាក់ទាញចិត្តអតិថិជនមកទិញផលិតផលរបស់ខ្លួន ពិបាកក្នុងការស្វែងរកបុគ្គលិកល្អៗ បុគ្គលិកដែលមានសមត្ថភាពដើម្បីមកជួយបំពេញកិច្ចការក៏ដូចជាជួយគិតពីយុទ្ធសាស្ត្រក្នុងការលក់ឲ្យដាច់ជាងមុន និងពិបាកក្នុងការធ្វើឲ្យក្រុមហ៊ុនរបស់ខ្លួនកាន់តែរីកដុះដាលដូចក្រុមហ៊ុនធំៗដទៃនេះឯង។

ប្រែសម្រួលពី៖ https://bit.ly/3rsetar