ពណ៌ និងទីផ្សារ​មាន​ទំនាក់​ទំនង​គ្នា​យ៉ាងដូចម្តេច?

1522

តើអ្នកធ្លាប់មានអារម្មណ៍បែបនេះដែរឬទេ គឺមានអារម្មណ៍ស្ងប់ល្អនៅពេលដែលស្ថិតនៅកន្លែងមួយដែលពោពេញទៅដោយពណ៌បៃតង និងផ្ទៃមេឃពណ៌ខៀវ? ហើយមានអារមណ៍ប្រុងប្រយ័ត្ននៅពេលដែលឃើញស្លាកសញ្ញាពណ៌ក្រហម?

ពណ៌គឺជាសញ្ញាដ៏វិសេសមួយដែលអាចទាក់ទាញចំណាប់រម្មណ៍របស់មនុស្សឱ្យទៅចាប់អារម្មណ៍លើអ្វីដែលអ្នកចង់ឱ្យគេចាប់អារម្មណ៍ ឬគិតអ្វីដែលអ្នកចង់ឱ្យគេគិត ឬក៏ធ្វើអ្វីដែលអ្នកចង់ឱ្យគេធ្វើ។ ការប្រើប្រាស់ពណ៌គឺមានសារៈសំខាន់ណាស់ ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើចិត្តសាស្ត្រ ការគិត និងការសម្រេចចិត្តរបស់អតិថិជន។ ដោយសារតែហេតុនេះហើយ ទើបបានជាអ្នកទីផ្សារ និងអ្នករចនាខិតខំស្រូបយកចំណេះក្នុងការប្រើប្រាស់ពណ៌នេះ។

នៅពេលដែលត្រូវធ្វើទីផ្សារសម្រាប់ផលិតផលថ្មីដែលចរាចរនៅលើទីផ្សារ អ្នកត្រូវចងចាំថា អតិថិជនភាគច្រើនបានប្រើប្រាស់ចំណាប់អារម្មណ៍ទៅលើរូបរាងនិងពណ៌ ឬអ្វីដែលគេមើលឃើញច្រើនជាងចំណាប់អារម្មណ៍ទៅលើសម្លេង ខ្លិន និងវាយនភាព។

មានមនុស្សជាច្រើនមិនបានចាប់អារម្មណ៍នឹងសារៈសំខាន់នៃពណ៌។ ប៉ុន្តែជាក់ស្តែង ពណ៌បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិត និងអាកប្បកិរិយារបស់មនុស្ស ។ ពណ៌ជាអ្នកនាំផ្លូវចក្ខុទាំងទ្វេរបស់យើងទៅក្រឡេកមើលអ្វីមួយ ធ្វើអ្វីមួយ ឬធ្វើការបកស្រាយនូវអ្វីមួយ។

ទោះបីជាពណ៌មិនមែនជាគ្រឿងផ្សំដែលសំខាន់ជាងគេតែមួយគត់នៅក្នុងទីផ្សារក៏ដោយ តែវាគឺជាភ្នាក់ងារជួយទាក់ទាញចំណាប់អារម្មណ៍ដំបូងរបស់មនុស្ស ហើយនឹងអាចធ្វើឱ្យចំណាប់អារម្មណ៍នោះដក់ជាប់នៅក្នុងខួរក្បាលបានយូរអង្វែង។ ចូរកុំមើលស្រាលចំណាប់អារម្មណ៍ដំបូង និងឥទ្ធិពលដែលពណ៌បានផ្តល់ឱ្យក្នុងវិស័យទីផ្សារ។ តើអ្នកដឹងទេ 93%នៃអតិថិជនទាំងអស់បានផ្តោតទៅលើរូបរាង ហើយប្រហែល85%បានអះអាងថាពណ៌គឺជាកត្តាដែលនាំឱ្យគេសម្រេចចិត្តថានឹងទិញផលិផលនោះដែរឬទេ។

តើពណ៌គួប្រើប្រាស់ក្នុងស្ថានភាពបែបណាខ្លះ?

ក្រហម៖ បង្កើតឱ្យមានអារម្មណ៍ថាមានភាពបន្ទាន់ ដែលល្អនិងសក្តិសមសម្រាប់ប្រើប្រាស់ក្នុងការលក់លាងឃ្លាំង។ ពណ៌ក្រហមជាពណ៌ដែលជម្រុញឱ្យមានចំណង់អាហារ ហើយត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងហាងអាហារប្រភេទfast-food។ វាជួយឱ្យរាងកាយមនុស្សសកម្មឡើង ធ្វើឱ្យសម្ពាធឈាម និងសង្វាក់បេះដូងកើនឡើង។

ខៀវ៖ ជាពណ៌ដែលចូលចិត្តដោយបុរស។ វាមានទំនាក់ទំនងទៅនឹងសន្តិភាព ទឹក ភាពស្ងប់ស្ងាត់ និងភាពទុកចិត្ត។ ពណ៌ខៀវបានផ្តល់ដល់អារម្មណ៍នូវទំនុកចិត្ត ទប់ស្កាត់ចំណង់អារហារ និងបង្កើនផលិតភាព។ វាត្រូវបានប្រាស់សម្រាប់ម៉ាកសញ្ញាណាចង់បានការទុកចិត្ត និងភាពជឿជាក់ពីអតិថិជន។

បៃតង៖ វាមានទំនាក់ទំនងទៅនឹងសុខភាព ភាពស្ងប់សុខ ឥទ្ធិពល និងធម្មជាតិ។ វាត្រូវបានប្រើប្រាស់នៅក្នុងហាងដើម្បីឱ្យអតិថិជនមានភាពស្ងប់ស្ងាត់ និងដើម្បីធ្វើការផ្សព្វផ្សាយអ្វីៗដែលទាក់ទងទៅនឹងបរិស្ថាន។ ពណ៌បៃតងគឺជួយឱ្យខួរក្បាលមានដំណើរការល្អ និងជម្រុញឱ្យមានតុល្យភាព។

ស្វាយ៖ គឺជាពណ៌ដែលមានទំនាក់ទំនងនឹងគតិបណ្ឌិត និងការគោរព។ វាជាពណ៌ដែលអាចជួយជម្រុញការដោះស្រាយបញ្ហា និងបង្កើនច្នៃប្រឌិតភាព។ ជាទូទៅពណ៌នេះត្រូវបានប្រើប្រាស់ក្នុងការផ្សព្វផ្សាយផលិតផលដែលទាក់ទងនឹងសម្រស់ និងពន្យឺតជរាភាព។

ទឹកក្រូច និងពណ៌លឿង៖ គឺជាពណ៌ដែលធ្វើឲ្យមានភាពស្រស់បំព្រង និងជួយបង្កើនសុទិដ្ឋិនិយម។ ពណ៌លឿងអាចធ្វើឲ្យទារកយំ ខណៈដែលពណ៌ទឹកក្រូចបំផុសការប្រុងប្រយ័ត្ន។ ពណ៌ទាំងពីរនេះត្រូវបានប្រើប្រាស់សម្រាប់ទាក់ទាញសន្ទុះចិត្តរបស់អ្នកទិញ និងអ្នកដើរផ្សារឱ្យសម្រេចចិត្តទិញទំនិញ។

ផ្កាឈូក៖ ជាពណ៌តំណាងឲ្យមនោសញ្ចេតនា ស្នេហា ហើយជាទូទៅជាពណ៌ដែលនារីៗចូលចិត្ត។ គេនិយមប្រើប្រាស់ពណ៌ផ្កាឈូកសម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលសម្រាប់អតិថិជនជានារីភេទ។

ពណ៌ខ្មៅ៖ មានទំនាក់ទំនងនឹងអំណាច ឥទ្ធិពល ស្ថិរភាព និងភាពខ្លាំង។ ជាធម្មតាវាតំណាងឲ្យបញ្ញា ប៉ុន្តែប្រសិនបើប្រើប្រាស់ច្រើនពេកវានឹងធ្វើឲ្យមានភាពស៊ាំទៅវិញ។ ពណ៌ខ្មៅត្រូវបានប្រើប្រាស់សម្រាប់ផ្សព្វផ្សាយលក់ផលិតផលដែលមានតម្លៃថ្លៃ

ពណ៌ប្រផេះ៖ ជាពណ៌តំណាងឱ្យភាពជាក់ស្តែង វ័យចំណាស់ និងភាពសប្បុរស។ ប៉ុន្តែការប្រើប្រាស់ពណ៌នេះច្រើនពេកនឹងនាំទៅកាន់អារម្មណ៍ដែលគ្មានអ្វីសោះ  និងបាក់ទឹកចិត្ត។

ពណ៌ស៖ មានទំនាក់ទំនងនឹងអារម្មណ៍បរិសុទ្ធ ភាពស្អាត និងសុវត្ថិភាព។ អាចប្រើប្រាស់បានសម្រាប់អព្យាក្រិត្យភាព ឬនៅពេលដែលអវត្តមានពណ៌ដទៃទៀត។ ទីកន្លែងឬបន្ទប់ពណ៌សអាចបំផុសច្នៃប្រឌិតភាពដោយសារតែវាអាចជួយធ្វើឱ្យមានអារម្មណ៍ស្អាតបរិសុទ្ធ។

ពណ៌ និងអារម្មណ៍
ពណ៌ និងអារម្មណ៍

ការប្រើប្រាស់ពណ៌នៅក្នុងទីផ្សារ

ពណ៌និងការរង់ចាំ

ពណ៌ក៏អាចជះឥទ្ធិពលទៅលើការយល់ឃើញពីរយៈពេលផងដែរ។ យើងនឹងមានអារម្មណ៍ថាពេលវេលាកន្លងទៅយ៉ាងយឺត និងវត្ថុខ្លះមើលទៅដូចជាធំជាងធម្មតា ហើយធ្ងន់ជាងធម្មតានៅពេលដែលស្ថិតនៅក្រោមពន្លឺភ្លើងពណ៌ក្រហម។ ប៉ុន្តែការយល់ឃើញនឹងផ្ទុយស្រឡះនៅពេលដែលស្ថិននៅក្រោមពន្លឺភ្លើងពណ៌ខៀវ។ កាស៊ីណូជាច្រើនបានប្រើប្រាស់អត្ថប្រយោជន៍ខាងលើនេះដោយប្រើប្រាស់ភ្លើងពណ៌ក្រហមដើម្បីឱ្យអតិថិជនរបស់គេមានភាពសប្បាយរីករាយ ខណៈពេលដែលធ្វើឱ្យអតិថិជនរបស់ពួកគេមានអារម្មណ៍មិនបានចំណាយពេលវេលាខ្ចះខ្ជាយច្រើននៅក្នុងនោះ។

ពណ៌ និងម៉ាកសញ្ញា

ពណ៌ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងសម្រាប់ម៉ាកសញ្ញានីមួយៗ។ ក្រុមហ៊ុនធំៗជាច្រើនលើពិភពលោកបានជ្រើសរើសពណ៌ខុសគ្នាដើម្បីបំពេញគោលបំណងរៀងៗខ្លួន និងសម្រាប់គោលដៅអតិថិជន ដូចជាកូកាកូឡាបានជ្រើសរើសពណ៌ក្រហម ហ្វេសប៊ុកបានប្រាស់ពណ៌ខៀវ អេបផលពណ៌សជាដើម។ការប្រើប្រាស់ពណ៌ត្រូវនិងអាចធ្វើឱ្យម៉ាកសញ្ញារបស់ក្រុមហ៊ុនមួយត្រូវបានអតិថិជនជ្រើសរើសជំនួសឱ្យម៉ាកសញ្ញាមួយទៀត។

ពណ៌និងនិន្នាការ

នៅពេលដែលពេលវេលាចេះតែដើរទៅមុខ មនុស្សក៏ធ្វើការផ្លាស់ប្តូរចំណង់ចំណូលចិត្ត និងជម្រើសផងដែរ។ នៅក្នុងហ្វេសសិន(Fashion) និន្នាការពណ៌ត្រូវបានគេវិភាគ និងទាយទុកពីទំនោររបស់អតិថិជនថាតើពួកគេនិងចូលចិត្តពណ៌អ្វីទៅថ្ងៃអនាគតខាងមុខ ដែលការទាយទុកនេះគឺធ្វើទាំងរយៈពេលខ្លី និងរយៈពេលវែង។ ការវិភាគនិងទាយចិត្តអតិថិជនទៅលើការជ្រើសរើសពណ៌គឺសម្រាប់ផ្តល់នូវភាពងាយស្រួល និងបង្កើនប្រសិទ្ធិភាពដល់នាយកទីផ្សារសម្រាប់ធ្វើការកែប្រែកាវវេចខ្ចប់ផលិតផលរបស់ខ្លួនឱ្យស្របទៅតាមតម្រូវការទីផ្សារ ដើម្បីងាយស្រួលក្នុងការស្រូបយកចំណែកទីផ្សារ និងទទួលការគាំទ្រពីអតិថិជន។

តែទោះជាយ៉ាងណា ការប្រើប្រាស់ពណ៌ក៏មានទំនាក់ទំនងយ៉ាងខ្លាំងទៅលើវប្បធម៌ និងទំនៀមទម្លាប់របស់ប្រជាជនក្នុងតំបន់នោះ។ ប៉ុន្តែ យ៉ាងតាមការសិក្សាស្រាវជ្រាវរបស់លោក វីហ្គឹស្មា និង វាន់ឌឺ (Wigersma and Vander Elst) បានរកឃើញថា ពណ៌ខៀវគឺជាពណ៌ដែលនិយមចូលចិត្តពីមនុស្សទូទៅ។ នៅប្រទេសឥណ្ឌា ពណ៌ទឹកក្រូចគឺជាពណ៌សម្រាប់បូជាព្រះនៅក្នុងសាសនាហិណ្ឌូ  តែនៅតំបន់មួយនៃទ្វីបអាព្រិចមិនទទួលស្គាលពណ៌ទឹកក្រូចគឺជាពណ៌នោះទេ។ ចំណែកប្រទេសកម្ពុជាយើងវិញ យើងក៏មានវប្បធម៌ប្រើប្រាស់ពណ៌ផងដែរ ជាក់ស្តែងពណ៌ស គេនិយមប្រើក្នុងពិធីកាន់ទុក្ខ ឬពិធីសាសនានានា។ ដូចនេះ ដើម្បីការប្រើប្រាស់ពណ៌ប្រកបដោយប្រសិទ្ធិភាពខ្ពស់ អ្នកទីផ្សារ ឬអ្នករចនាទាំងអស់គួរមានចំណេះដឹងខាងផ្នែកវប្បធម៌ផងដែរ ដើម្បីឱ្យលទ្ធផលការងារបានទទួលផ្លែផ្កាជាទីគាប់ចិត្ត។

Previous articleចំណាយ និង​ចំណូល (Spending vs. Earning)
Next articleវិធីសាស្ត្រ​ក្នុង​ការ​វាស់​ទំហំ​រញ្ជួយ​ដី
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។