ភាពខុសគ្នារវាង ការធ្វើទីផ្សារ និងការលក់

67
ភាពខុសគ្នារវាង ការធ្វើទីផ្សារ និងការលក់

ការធ្វើទីផ្សានិងការលក់ ជាមុខងារអាជីវកម្មពីរនៅក្នុងក្រុមហ៊ុនមួយ ហើយមនុស្សភាគច្រើនតែងតែយល់ច្រលំថា មុខងារពីរនេះមានភាពដូចគ្នា ដូច្នេះនៅក្នុងអត្ថបទមួយនេះនឹងបង្ហាញអ្នកដើម្បីចៀសវាងការយល់ច្រលំមួយនេះ។ ចំពោះពាក្យថា “ការធ្វើទីផ្សារ” គឺជាដំណើរការនៃការធ្វើឱ្យមនុស្សចាប់អារម្មណ៍លើទំនិញនិងសេវាកម្មដែលកំពុងលក់។ រីឯ “ការលក់” សំដៅលើសកម្មភាពទាំងអស់ដែលនាំទៅដល់ការលក់ទំនិញនិងសេវាកម្ម។

បើយោងតាមគេហទំព័រ HubSpot បានបង្ហាញពីភាពខុសគ្នារវាងការធ្វើទីផ្សារ និងការលក់ដូចខាងក្រោម៖

1. ដំណើរការ

ផែនការទីផ្សារ កំណត់ថា

  • ផលិតផលនោះជាអ្វី?
  • គិតវិភាគដើម្បីកំណត់តម្លៃរបស់ផលិតផល
  • តើអ្នកណានឹងត្រូវលក់?
  • កំណត់ទីកន្លែងដែលនឹងត្រូវលក់

ហើយនេះត្រូវបានគេកំណត់ថាជាទីផ្សារ 4Ps

  • ផលិតផល (product)
  • តម្លៃ (price)
  • ទីកន្លែង (place)
  • ការផ្សព្វផ្សាយ (promotion)

ហើយគោលដៅត្រូវបានកំណត់បណ្តាញទីផ្សារដែលបានជ្រើសរើស បន្ទាប់មករៀបចំផែនការថវិកាសម្រាប់យុទ្ធនាការដែលក្រុមទីផ្សារគ្រោងនឹងបន្ត។

ផែនការលក់ រួមមាន

  • ព័ត៌មានលំអិតអំពីដំណើរការលក់
  • រចនាសម្ព័ន្ធក្រុម
  • ទិសដៅទីផ្សារ
  • គោលដៅ

លើសពីនេះ ផែនការលក់ បង្ហាញពីផែនការសកម្មភាព ឧបករណ៍និងធនធានដែលនឹងត្រូវប្រើ ដើម្បីសម្រេចគោលដៅ។

2. គោលដៅ

ផ្នែកទីផ្សារ និងផ្នែកលក់ មានគោលដៅសំខាន់រួមមួយ គឺបង្កើតប្រាក់ចំណូលសម្រាប់ក្រុមហ៊ុន។

គោលដៅចម្បងនៃការធ្វើទីផ្សារ គឺដើម្បីមើលភាពជោគជ័យរយៈពេលវែងនិងផ្សព្វផ្សាយក្រុមហ៊ុន ផលិតផលឬសេវាកម្មនិងម៉ាកយីហោ។ ផ្នែកទីផ្សារ គឺទទួលខុសត្រូវលើការកំណត់តម្លៃផលិតផលនិងការប្រាស្រ័យទាក់ទងគ្នាថា តើផលិតផលបំពេញតម្រូវការនិងការចង់បានរបស់អតិថិជនយ៉ាងដូចម្តេច? ហើយភាគច្រើន គោលដៅតែងតែមានរយៈពេលវែង ពីព្រោះយុទ្ធនាការអាចមានរយៈពេលជាច្រើនខែ។

គោលដៅចម្បងនៃការលក់ ជាញឹកញាប់ត្រូវបានវាស់វែងពីមួយខែទៅមួយខែ ព្រមទាំងកំណត់គោលដៅដែលចង់បានពីការលក់និងគ្រប់គ្រងការលក់ ហើយគណនាថាតើផ្នែកទីផ្សារនិងអ្នកលក់ម្នាក់ៗរបស់ពួកគេត្រូវការលក់ប៉ុន្មានដើម្បីសម្រេចបានគោលដៅរួម?

3. ឧបករណ៍ និងធនធាន

មូលដ្ឋានទិន្នន័យ CRM គឺជាឧបករណ៍មួយដែលអាចប្រើប្រាស់សម្រាប់ការលក់ ការធ្វើទីផ្សារនិងក្រុមហ៊ុនទាំងមូល។ មូលដ្ឋានទិន្នន័យនេះ ជួយផ្នែកទាំងអស់គ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជនបានកាន់តែល្អប្រសើរជាងមុន។

លើសពីនេះ ចំពោះទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏អាចត្រូវបានប្រើដើម្បីផ្សព្វផ្សាយខ្លឹមសារមាតិកា រីឯការលក់ ក៏អាចត្រូវបានប្រើជាផ្នែកមួយនៃយុទ្ធសាស្ត្រលក់តាមបណ្ដាញទំនាក់ទំនងសង្គមដែរ។

ឧបករណ៍នៃការធ្វើទីផ្សារ

  • Conversion Rate Optimization (CRO)
  • Search engine optimization (SEO) tool
  • Project management tool
  • Data reporting software
  • Content creation tool

ឧបករណ៍នៃការលក់

  • Meetings app
  • Documents tool
  • Invoicing software
  • Email management tool
  • Inventory and order management software

4. យុទ្ធសាស្រ្ត

ក្រុមអ្នកទីផ្សារ អាចយកយុទ្ធសាស្ត្រផ្សេងៗគ្នា អាស្រ័យលើប្រភេទនៃយុទ្ធនាការនិងអតិថិជនដែលពួកគេកំពុងកំណត់គោលដៅ។

យុទ្ធសាស្ត្រទីផ្សារទូទៅ រួមមាន

  • Internet marketing
  • Print marketing
  • Blog marketing
  • Search engine optimization
  • Social media marketing
  • Video marketing

វិធីសាស្រ្តនៃការលក់ អាចប្រែប្រួលអាស្រ័យលើឧស្សាហកម្មផលិតផល ទីផ្សារនិងអតិថិជនគោលដៅ។

វិធីសាស្រ្តលក់ដែលមានប្រជាប្រិយបំផុត រួមមាន

  • SPIN Selling
  • Solution Selling
  • NEAT Selling
  • Conceptual Selling
  • SNAP Selling
  • Customer Centric Selling
  • Inbound Selling
  • MEDDIC
  • The Challenger Sale
  • The Sandler System

យុទ្ធសាស្រ្តលក់នីមួយៗខាងលើនេះ ជួយអ្នកទិញដោះស្រាយបញ្ហា សម្រេចបានគោលដៅឬបំពេញតម្រូវការ។ ហើយសង្ឃឹមថាបច្ចេកទេសនៃការលក់របស់ក្រុមលក់នឹងនាំឱ្យមានការលក់ដាច់កាន់តែច្រើននិងបង្កើតឱ្យមានអតិថិជនថ្មីៗ។

សរុបមក

  • ការធ្វើទីផ្សារ ជាចំណុចកំពូលនៃសកម្មភាពទាំងអស់ដោយកំណត់ដំណាក់កាលនៃការលក់ដែលនឹងកើតឡើង។ ហើយការធ្វើទីផ្សារ ផ្ដោតលើ 4Ps៖ ផលិតផល តម្លៃ ទីកន្លែង និងការផ្សព្វផ្សាយថែមទាំងជាអ្នកកំណត់អត្ថប្រយោជន៍នៃម៉ាកយីហោដែលបានផ្តល់ឱ្យ ដើម្បីទាក់ទាញអ្នកទិញដោយណែនាំពួកគេអំពីលក្ខណៈពិសេសរបស់ម៉ាកយីហោ ឬផលិតផលសេវាកម្ម។
  • ការលក់ គឺជាការអនុវត្តន៍សកម្មភាពទាំងឡាយណាដែលស្របជាមួយនឹងផែនការលក់និងគោលដៅក្រុមហ៊ុន ដើម្បីបិទការលក់ជាមួយអតិថិជន ក្នុងការឱ្យពួកគេសម្រេចចិត្តទិញផលិតផលនិងសេវាកម្មដោយផ្ទាល់។

ហើយប្រភពនៃការបង្កើតប្រាក់ចំណូលខ្លាំងជាងគេឬសំខាន់ជាងគេ គឹទាមទារឱ្យមានផ្នែកទីផ្សារ និងផ្នែកលក់ ដូច្នេះផ្នែកទាំង2 នេះ ត្រូវតែមានភាពជាប់ទាក់ទងគ្នា។