មិត្តភាពធ្វើអោយជីវិត និងសុខភាពរបស់អ្នកកាន់តែប្រសើរ

7221

មិត្តភាពគឺជាផ្នែក​មួយ​ដែលមានឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​សុខភាព និង​សុខុមាលភាព​របស់​មនុស្សយើងគ្រប់​រូប។ ប៉ុន្តែដើម្បី​រក្សារ និងបង្កើតវានោះគឺ​មិនមែន​ជាការងាយស្រួល​នោះ​ទេ។ ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​មិត្ត​ភាព​នៅក្នុង​ជីវិត​របស់​យើង​ នឹងធ្វើអោយ​យើងងាយស្រួល​ក្នុង​បង្កើត​មិត្ត​ភាព​ថ្មី និង​អភិវឌ្ឍ​ចំណង​មិត្ត​ភាព​នេះ។

តើ​មិត្តភាព​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច?

មាន​មិត្តភ័ក្ត​ល្អ​ច្រើន គឺធ្វើ​អោយ​យើង​មាន​សុខភាព​ល្អ។ មិត្ត​ភ័ក្តគឺជាអ្នកដែល​ចេះ​ជួយ​យកអសារ ពោលគឺជួយ​អបអរ​នៅ​ពេល​ដែល​អ្នក​សប្បាយចិត្ត និង​ជួយរំលែក​ទុក្ខ​និង​គាំទ្រ​អ្នក​នៅ​ពេល​ដែល​មាន​ទុក្ខ​លំបាក។  មិន​ត្រឹម​តែ​ប៉ុណ្ណោះ មិត្ត​ភ័ក្តគឺជា​អ្នកដែល​ជួយ​អោយ​អ្នក​បំបាត់​នូវភាព​ឯកោ និង​ផ្តល់​នូវ​ភាព​ស្និទ្ធ​ស្នាលដែល​អ្នក​ត្រូវ​ការ​ទៀតផង។ក្រៅពី​នេះ មិត្ត​អាចជួយ​អោយ​អ្នក៖

-​ កាត់បន្ថយ​នូវភាព​តប់ប្រមល់

– ធ្វើអោយ​អ្នក​យល់​ថា​ខ្លួន​មាន​តម្លៃ

– អាចជួយ​ដោះ​ស្រាយ​ទុក្ខលំបាក​របស់​អ្នក នៅពេលដែល​អ្នក​មាន​អាសន្ន

– លើកទឹកចិត្ត​អ្នក​អោយ​អ្នក​កែប្រែ​នូវ​ទម្លាប់​អាក្រក់ក្នុង​ជីវិត​រស់នៅ

– ជួយ​បង្កើនសេចក្តី​រីករាយ ។ល។

ហេតុអ្វី​នៅពេលខ្លះវាពិបាក​នឹងរកមិត្ត​ភ័ក្ត​ថ្មី និង​រក្សា​ចំណង​មិត្តភាព?

មានមនុស្ស​ជាច្រើន​ដែល​មាន​បញ្ហាលំបាកក្នុងការ​កសាង​មិត្តភាព​ថ្មី ឬ​ក៏​រក្សា​ចំណង​មិត្តភាព​ដែល​ពួកគេ​កំពុង​តែ​មាន។ ស្ថានភាព​នេះ​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​មានការមមាញឹក​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយអ្នក​ភ្លេចគិត និង​រវីរវល់​អំពីចំណងមិត្តភាព។ នៅ​ពេលខ្លះ អ្នក​ត្រូវ​ផ្លាស់​លំនៅ​ឋានទៅ​កាន់ទី​កន្លែង​ថ្មី ដែល​ធ្វើអោយ​អ្នក​ពិបាករក្សារ​ទំនាក់ទំនង​ជាមួយ​មិត្តចាស់​របស់​អ្នក។ ហើយ​ពេល​ខ្លះទៀត ចំណង​មិត្ត​ភាព​របស់​អ្នក​ត្រូវ​បាន​ប្រេះឆា​ដោយ​សារ​តែ​មាន​ទំនាស់​បន្តិចបន្តួច ឬ​ក៏ទំនាស់​ផលប្រយោជន៍។ ចំណែក​ឯការ​រក​ចំណង​មិត្តភាព​ថ្មី​ក៏​មិន​មែន​ជា​ការងាយស្រួលផងដែរ។ ថ្វី​ត្បិតតែ​ក្នុងពិភព​លោក​នេះ​មាន​មនុស្សច្រើន​មែន ប៉ុន្តែ​មិត្ត​ដែល​ស្គាល់ចិត្ត​ ថ្លើម គឺពិបាក​នឹង​រក​ណាស់។  ហេតុនេះ​ហើយ អ្នក​ត្រូវ​តែ​ធ្វើការ​អត់ធ្មត់ និង​ព្យាយាម​ដើម្បីបង្កើន​ចំណងមិត្តភាព និង​រក្សា​វា។

ចំណងមិត្តភាព​គឺអាច​ផ្តល់​អោយ​អ្នក​នូវ​ភាព​សប្បាយរីករាយ បំបាត់​ភាព​ឯកាដែល​ជា​កត្តា​ដែល​ធ្វើ​អោយ​ផ្លូវ​ចិត្ត​របស់​អ្នក​មានសុខភាព​ល្អ។ ទោះបី​ជាការ​បង្កើតចំណង​មិត្តភាព​ថ្មី និង​រក្សារវា​មាន​ការ​លំបាក​បន្តិចមែន ប៉ុន្តែ​វា​ពិត​ជា​មាន​តម្លៃ​ក្នុង​ការ​ធ្វើ​រឿង​ទាំង​នេះ។

តើ​ត្រូវ​មាន​មិត្ត​ភ័ក្ត​ប៉ុន្មាន​អ្នក​ទើប​ល្អ?

ចំនួន​មិត្ត​ភ័ក្ត​ច្រើន​​ ឬ​តិច​គឺវា​មិន​សំខាន់នោះ​ទេ តែ​អ្វី​ដែល​សំខាន់នោះគឺគុណ​ភាព​នៃ​ចំណង​មិត្តភាព។ សម្រាប់​អ្នក​ខ្លះ គេ​ចូល​ចិត្ត​មាន​មិត្ត​ភ័ក្ត​ច្រើន រីឯអ្នក​ខ្លះ​ទៀត​គេ​និយម​មាន​មិត្ត​ភ័ក្ត​តិច តែ​ជិតស្និទ្ធ។ ចំណង​មិត្តភាព​ក៏​មាន​ប្រភេទ​ខុសគ្នា​ផងដែរ។ ក្នុង​នោះ​មាន​មិត្ត​ដែល​ជិត​ស្និទ្ធ​បំផុត​ដែល​អ្នកអាច​ចែករំលែក​នូវ​អារម្មណ៍ និង​ទុក្ខ​លំបាក​របស់អ្នក និង​មិត្ត​ភ័ក្តធម្មតាដែល​អ្នក​តែង​តែ​លែង​កីឡាជា ឬក៏​ធ្លាប់​ដើរកម្សាន្ត​ជាមួយ។

តើធ្វើយ៉ាង​ម៉េចដើម្បីអាចរក្សាចំណងមិត្តភាព​បាន?

ការអភិវឌ្ឍ​ន៍ និង​រក្សារ​ចំណង​មិត្តភាព​អោយគង់វង្ស​នោះគឺ​តម្រូវ​អោយ​មាន​ការ​ចេះ​យោគ​យល់​ និងការលះបង់ខ្លះៗ។  អ្នកត្រូវ​ធ្វើ​អោយ​មិត្ត​របស់​អ្នក​យល់​ថា អ្នកយកចិត្ត​ទុកដាក់​ចំពោះគេ។ ​ត្រូវ​តែចេះ​គោរពគ្នាទៅវិញ​ទៅមក និង​មិនត្រូវ​ប្រណាំង​ប្រជែង​គ្នាយក​ឈ្នះចាញ់ដូចជាអួតពីទ្រព្យសម្បត្តិ​ដាក់គ្នានោះទេ។ ត្រូវ​ចេះ​ស្តាប់​មិត្ត​របស់​អ្នកនិយាយ ហើយអ្នកត្រូវចៀសវាង​ការនិយាយ​តែ​ម្នាក់​ឯងដោយ​មិនទុក​ឱកាសអោយ​មិត្ត​របស់អ្នកនិយាយអ្វីទាល់តែសោះ។  អ្នកត្រូវ​ព្យាយាម​ផ្តល់​យោបល់ នៅ​ពេល​ដែល​មិត្ត​អ្នក​ត្រូវ​ការដោយ​មិន​ត្រូវ​គេចវេស​ឡើយ។ ក្រៅពីនេះ អ្នក​ត្រូវ​គោរព​ឯកជន​ភាពរបស់​មិត្ត​អ្នក ពោលគឺមិនត្រូវ​ទម្លាយនូវ​រឿងរាវ​ផ្ទាល់​ខ្លួន ដែល​គេបាន​ប្រាប់អ្នក ​ប្រាប់ទៅអ្នកដ៏ទៃ​នោះ​ទេ។

ចូរចាំ​ថា វា​នឹង​មិនយឺតពេល​ក្នុង​ការ​កសាង​មិត្តភាព​ឬ​ក៏​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​មិត្តចាស់​របស់​អ្នក​ឡើង​វិញ​នោះ​ទេ។ ការចំណាយពេលវេលា​ដើម្បីស្វែងរកមិត្តភ័ក្ត​ និងធ្វើអោយ​ទំនាក់​ទំនង​របស់​កាន់តែប្រសើរឡើងនោះ  នឹងធ្វើអោយ​អ្នកមានជិវិត និងសុខភាព​កាន់តែប្រ​សើរ។

ដកស្រង់​ និងប្រែសម្រួលពី ៖ http://www.mayoclinic.com/health/friendships