មីមួយចានពីអ្នកដ៏ទៃ!

485

តើឪពុកម្តាយ​របស់អ្នក​ ​មាន​ដែល​ស្តី​បន្ទោស​អ្នកដែរ​ឬទេ? តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា នៅពេលគាត់​ស្តី​បន្ទោស​ដូច្នេះ? សារជាតិ​ធម្មជាតិ​របស់លោកទាំងពីរ​គឺតែងតែ​ស្រឡាញ់ បារម្ភ និង​ចង់​ឲ្យ​កូន​ៗ​របស់គាត់ល្អជានិច្ច។ ថ្ងៃ​នេះ​គេហទំព័រ​«គំនិត»​សូម​ចែករំលែក​រឿង​មួយ​ គឺ”មីមួយចានពីអ្នកដ៏ទៃ”។ តើ​រឿងនេះ​មាន​អត្ថន័យ​យ៉ាងណាដែរ? សូម​អញ្ចើញ​ទៅ​តាមដាន​ទាំងអស់​គ្នា!

មាន​យប់​មួយ នីកា​បាន​ឈ្លោះប្រកែក​ជាមួយ​នឹង​ម្តាយ​របស់នាង។ ដោយសារ​តែ​ខឹង​នឹង​ម្តាយ​នាង​ខ្លាំ​ពេក​នាង​ក៏​រត់​ចេញពីផ្ទះហើយចេញ​ក្រៅទាំង​យប់។ នៅពេលកំពុង​ដើរ​នៅតាម​ផ្លូវ ទើប​នាង​ដឹង​ខ្លួន​ថា នាងមិនបាន​ជាប់​យក​លុយ​មកជាមួយ​សម្បី​តែ​មួយរៀល។

រំពេច​នោះ នាង​ក៏បាន​ដើរកាត់​ហាង​មីមួយនៅ​តាម​ដង​ផ្លូវ។ ដោយសារ​តែ​ក្លិន​ដ៏ឆ្ងុយ​ដែល​ភាយ​ចេញ​ពី​ហាង​មីនោះ ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ឃ្លាន​ជា​ខ្លាំង។ នាង​ចង់​ចូលទៅ​ញ៉ាំ​ខ្លាំង​ណាស់ ប៉ុន្តែ​ជា​អកុសល​នាង​មិនមាន​លុយ​ជាប់​នឹង​ខ្លួន​នាង​ឡើយ។

ថៅកែហាង​មី​នោះ បាន​ឃើញ​សភាព​ស្ទាក់​ស្ទើរ​របស់​នាង​ ក៏បាន​បន្លឺ​សួរ​ទៅកាន់​នាង​ថា៖

-ក្មួយស្រី! តើ​ក្មួយ​ចង់​ញ៉ាំ​មី​មែនទេ?

– ប៉ុន្តែ…ខ្ញុំ​មិនបាន​ជាប់​លុយ​មកជាមួយ​នោះទេ​ពូ! នាង​ឆ្លើយ​ទាំង​មាន​ការ​ខ្មាសអៀន។

– មិនអីទេ! ពូ​មិន​យក​លុយ​ក្មួយ​ទេ! ​ចូល​មកក្នុង​មក ពូ​នឹង​ទៅចម្អិន​មី​ឲ្យ​ក្មួយ​ញ៉ាំ។

ប៉ុន្មាន​នាទី​ក្រោយ​មក​ថៅកែហាង​ក៏​យក​មីមួយចាន​ដែល​ទើប​នឹង​ចម្អិន​ហើយ​មក​ឲ្យ​នាង។ ញ៉ាំ​បាន​ប៉ុន្មាន​ម៉ាត់​ នីកា​ក៏យំ។

-តើ​មាន​រឿង​អ្វី​ហ្នឹង? ហេតុ​អ្វី​ទើប​ក្មួយ​យំ? ថៅកែហាង​បា​ន​ចោទសួរ

– គ្មាន​រឿង​អី​ទេ​ពូ។ ខ្ញុំ​គ្រាន់​តែ​រំជួល​ចិត្ត​នូវ​ទង្វើ​ដ៏ល្អ​របស់​ពូ​តែប៉ុណ្ណោះ។ នីកា​និយាយ​ទាំង​អួល​ដើមក៏ ព្រមជាមួយ​នឹង​កាយវិការ​ជូត​ទឹកភ្នែក។

– សូម្បី​តែមនុស្ស​ដែលមិនដែលស្គាល់​គ្នា​ផង​បាន​ឲ្យ​មី​ខ្ញុំ​មួយ​ចាន។ ប៉ុន្តែ​ម្តាយ​ខ្ញុំ​វិញ គ្រាន់​តែ​ទាស់​សម្តី​នឹង​គាត់​បន្តិច​បន្តួច គាត់​បាន​បណ្តេញ​ខ្ញុំ​ចេញពីផ្ទះ។ គាត់ពិតជា​អាក្រក់​ណាស់!!!

ថៅកែហាង​ដក​ដង្ហើមធំហើយ​និយាយ​ថា៖

-ក្មួយស្រី ហេតុអ្វី​បាន​ជាក្មួយ​គិត​ដូច្នេះ? ក្មួយ​សាកគិត​ម្តង​ទៀត​ទៅ​មើល! ពូ​គ្រាន់​តែ​ឲ្យ​មីក្មួយ​មួយចានប៉ុណ្ណោះ ធ្វើ​ឲ្យ​ក្មួយ​មាន​អារម្មណ៍បែបនេះ។ ម្តាយ​របស់ក្មួយ​វិញ​បាន​ចិញ្ចឹម​បីបាច់​ក្មួយ​តាំង​តែ​ពី​ក្មួយ​នៅ​ជា​ទារិកា ហេតុអ្វីបាន​ជាក្មួយ​មិនដឹង​គុណ​ម្តាយ ហើយ​មិនស្តាប់​សម្តី​គាត់​អញ្ចឹង?

នីកា​មាន​អារម្មណ៍ភ្ញាក់ខ្លួន​បន្ទាប់​ពីបាន​ឮ​សម្តី​របស់​ម្ចាស់​ហាង​មី។

“ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​គិត​ដល់​រឿង​ហ្នឹង​ដូច្នេះ? មីមួយចាន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ជំពាក់​គុណ។ រីឯម្តាយ​របស់ខ្ញុំ​វិញ​គាត់​ខិតខំបីបាច់​ចិញ្ចឹមខ្ញុំតាំងពីតូច ខ្ញុំ​មិនមាន​អារម្មណ៍បែបនេះសូម្បី​តែបន្តិច!”

នៅតាម​ផ្លូវ​ទៅផ្ទះ​វិញ នីកាបាន​សញ្ចឹង​គិត​ថា​តើ​គួរ​និយាយ​អ្វី​នៅពេល​ដែលនាង​ទៅដល់​ផ្ទះ​វិញ៖ “ម៉ាក់! ឲ្យ​កូន​សុំទោស។ កូនដឹងខុសហើយ លើកលែង​ទោស​ឲ្យ​កូន​ម្តងទៅ…”

នៅពេលដែល​នីកា​ឈាន​ចូល​ទៅក្នុង​ផ្ទះ នាង​បាន​ឃើញ​ម្តាយ​របស់នាង​កំពុង​តែមាន​សភាពភ័យ​ព្រួយ និងបារម្ភ​ពីនាងជាខ្លាំង។ គាត់មើល​ទៅ​ហាក់​អស់កម្លាំង​ជា​ខ្លាំង​ដោយសារ​តែ​ខិត​ខំ​ដើររកនីកា។ នៅពេលដែលគាត់​បាន​ឃើញ​នីកា​មកវិញ គាត់បាននិយាយ​ដោយសម្តី​ស្រទន់ថា “នីកា ចូលមកកូន​សម្លាញ់។ កូន​ប្រាកដ​ជា​ឃ្លាន​ខ្លាំង​ហើយ​មែនទេ? ម៉ាក់​បាន​រៀបចំបាយ​ទឹកឲ្យ​កូន​រួចហើយ តោះទៅញ៉ាំទៅកូន ទាន់នៅក្តៅៗ…!”

នីកា​ទប់អារម្មណ៍​មិនបាន នាង​ក៏​យំរួច​ក៏រត់ទៅឱប​ម្តាយ​របស់នាង។

នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ពេលខ្លះ​យើងមានការ​ដឹង​គុណ និង​រីករាយ​ចំពោះទង្វើ​បន្តិចបន្តួច​របស់​អ្នកនៅជុំវិញ​ខ្លួន​យើង។ ប៉ុន្តែ​សម្រាប់​សាច់ញាតិ ជាពិសេស​ឪពុកម្តាយ​របស់យើង​វិញ យើង​គិត​ថា​ការ​លះបង់​របស់​ពូកគាត់​គឺជា​កាតព្វកិច្ច​ដែល​ធម្មជាតិ​តម្រូវ​ឲ្យ​ធ្វើ……

ក្តីស្រឡាញ់​របស់​ឪពុកម្តាយ និង​ការ​ព្រួយ​បារម្ភ​របស់ពួកគាត់​ចំពោះ​កូនៗគឺជា​វត្ថុ​ដ៏មាន​តម្លៃ​ មិន​អាច​កាត់​ថ្លៃបាន​ដែល​យើងរាល់​គ្នាមាន​សំណាង​ទទួលបាន​តាំង​ពីយើងកើត​មក។

ឪពុក​ម្តាយ​របស់យើង​ទាំង​អស់​គ្នា មិនរំពឹង​ថា​យើង​នឹង​តប​ស្នង​នូវ​អ្វីៗដែលគាត់​បាន​ធ្វើ​ចំពោះយើងនោះទេ… ប៉ុន្តែ​តើ​យើង​មាន​ដែល​ឲ្យ​តម្លៃ និង​ដឹងគុណ​ចំពោះ​ការ​លះ​បង់ដោយ​ឥត​លក្ខខណ្ឌ​នេះដែរឬទេ?

Previous articleវត្ថុ​សំខាន់​ក្នុង​ជីវិត!
Next articleវិទ្យាសាស្ត្ររីករាយ៖ ពត់ឆ្អឹងដោយប្រើទឹកខ្មេះ
លោក ហាក់គីមថុង គឺជា ស្ថាបនិក និងនាយក KUMNIT CREATIVE ដែលជា ស្ថាប័ន ផ្តល់សេវាកម្ម និងវគ្គសិក្សាយុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប (Digital Marketing) ជាសហស្ថាបនិកគេហទំព័រគំនិត និង​ជា​ប្រធាន​ទីផ្សារ​របសក្រុមហ៊ុនអចលនទ្រព្យ​Century 21 Dream Property។ គាត់ មាន បទពិសោធន៍ការងារជាច្រើន ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាក់ទង​ នឹង​វិស័យ​អចលនទ្រព្យ សិក្សា​​ស្រាវជ្រាវ​​ទីផ្សារ​ អាហារ​និង​ភោជនីយដ្ឋាន គ្រឿង​សម្អាង​ និង​ Retail ព្រមទាំង​​ជា​​អ្នក​ប្រឹក្សា​យុទ្ធសាស្ត្រ​អាជីវកម្ម​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។  គាត់បានចុះកម្មសិក្សា នៅតាមបណ្តាក្រុមហ៊ុនផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស ធ្លាប់ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ សិក្ខាសាលាធុរកិច្ច និង ធ្វើដំណើរ កម្សាន្ដ ទៅប្រទេស​ក្រៅជាច្រើន ដែលនេះសុទ្ធតែជាបទពិសោធ មួយដ៏ល្អសម្រាប់ចែករំលែក និងធ្វើការផ្សព្វផ្សាយបន្ត។