មេរៀនដំបូងសម្រាប់សហគ្រិនថ្មីថ្មោង

84
មេរៀនដំបូងសម្រាប់សហគ្រិនថ្មីថ្មោង

តើយើងអាចធ្វើអ្វីខ្លះ ដើម្បីក្លាយជាផ្នែកមួយនៃភាពឆ្លាតវៃរបស់អ្នកមាននិងទទួលជោគជ័យ 1% នៅក្នុងពិភពលោក? ចំណុចចាប់ផ្ដើម យើងត្រូវតែទទួលយកថាវានឹងក្លាយជាដំណើរដ៏វែងឆ្ងាយដោយទាមទារឱ្យមានការខិតខំ និងការលះបង់ជាច្រើន។

ជំហានបន្ទាប់ អ្នកត្រូវអនុវត្តន៍តាមវិធីខាងក្រោម ដើម្បីទទួលបានភាពរីកចម្រើន និងភាពជោគជ័យនៅក្នុងជីវិតជាងមុន។

1. ផ្នត់គំនិតនិងអាកប្បកិរិយា

ធម្មជាតិរបស់មនុស្ស គឺងាយចុះចំណោម និងទាញយកនូវអ្វីដែលអ្នកដទៃមានចំណុចរួមដូចជាខ្លួនឯង ដូច្នេះនៅពេលដែលសេពគប់មិត្តភក្តិ ឬនរណាផ្សេងទៀត ទោះបីជាក្នុងនាមជាអ្វីក៏ដោយ ក៏ត្រូវចេះសម្របខ្លួន​ សម្របផ្នត់គំនិត និងសម្របអាកប្បកិរិយារបស់ខ្លួនឯង។ បន្ទាប់មក ត្រូវសង្កេតមើលថា តើមិត្តភាព និងទំនាក់ទំនងទាំងនោះមានលក្ខណៈបែបណា? ប្រសិនបើមានភាពយូរអង្វែង មានន័យថា អ្វីដែលអ្នកបានសម្របនោះក៏ជាផ្នែកមួយនៃបុគ្គលិកលក្ខណៈរបស់អ្នកដែរ។

លើសពីនេះ អ្នកក៏ត្រូវតែសេពគប់ជាមួយនរណាដែលមានផ្នត់គំនិតរីកចម្រើន ផ្នត់គំនិតវែងឆ្ងាយ និងមានអាកប្បកិរិយាល្អ ដើម្បីនៅពេលអ្នកសេពគប់ ផ្នត់គំនិតនិងអាក្បកិរិយារបស់អ្នកក៏កាន់តែរីកចម្រើនបន្ថែមទៀត។

2. បង្កើតបណ្ដាញ

អ្នកអាចមានសក្តានុពលខ្លាំងដើម្បីទទួលបានឱកាសដ៏អស្ចារ្យជាច្រើននាពេលអនាគត ប្រសិនបើអ្នកបង្កើតបណ្តាញជាមួយគ្រួសារ មិត្តភក្តិ និងមនុស្សផ្សេងទៀតដែលមានចំណុចរួមដូចអ្នក ឬមានចំណុចស្រដៀងគ្នានឹងអ្នក។

ហើយបើអ្នកចង់ក្លាយជាសហគ្រិនជោគជ័យ ត្រូវតែធ្វើយ៉ាងណាសេពគប់ជាមួយមនុស្សជុំវិញខ្លួនអ្នក ដែលជាសហគ្រិនចង់ជោគជ័យនិងជាអ្នកជោគជ័យស្រាប់ឱ្យបានច្រើន។ បន្ទាប់មក ស្តាប់រឿងរបស់ពួកគេ ចែករំលែកជាមួយពួកគេ ធ្វើការជាមួយពួកគេ និងធ្វើបែបនេះរហូតទាល់តែអ្នកអាចបង្កើតបានអ្វីមួយចេញជារូបរាង ហើយមានភាពជោគជ័យ។  លើសពីនេះ ចូរធ្វើពុតថា អ្នកបានជោគជ័យរួចទៅហើយ។

3. ធ្វើជាអ្នកស្ដាប់ដ៏ល្អដើម្បីកែតម្រូវ

បើកចិត្តឱ្យធំទូលាយ ដើម្បីស្ដាប់នូវទស្សនៈ និងមតិយោបល់ពីមនុស្សជុំវិញខ្លួន។ លើសពីនេះ ត្រូវតែចេះស្ដាប់នូវអ្វីដែលអ្នកដទៃបាននិយាយកែតម្រូវនូចំណុចខ្វះខ្វាតរបស់យើង ដើម្បីកែតម្រូវ និងធ្វើឱ្យខ្លួនឯងមានភាពប្រសើរ ហើយរីកចម្រើនជាងមុន។