យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

242
យកសមត្ថភាពដែលមាន មកចាប់ផ្ដើមអាជីវកម្មចំនួន 2 បានយ៉ាងរលូន

លោក សោម សិរីវឌ្ឍន៍ ជាស្ថាបនិកនៃភោជនីយដ្ឋានសក្កបាន្ត និងជាស្ថាបនិកនៃក្រុមហ៊ុនសក្កបាន្តឌីហ្សាញ។ ចំពោះអាជីវកម្មភោជនីយដ្ឋានរបស់លោក ទោះបីជាទើបតែបង្កើតថ្មីនៅក្នុងឆ្នាំ2021ក៏ដោយ ក៏កំពុងមានការគាំទ្រជាខ្លាំងនៅក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ននេះ។​ រីឯអាជីវកម្មសក្កបាន្តឌីហ្សាញវិញ បានបង្កើតឡើងដំបូងនៅឆ្នាំ 2016 ហើយរហូតមកទល់ពេលនេះ ទទួលបានសមិទ្ធផលជាច្រើន ដូចជាភោជនីយដ្ឋានសក្កបាន្តផ្ទាល់ ភ្នំកាហ្វេនៅភ្នំ1500 ផ្ទះវីឡាទោល ហាងតែR&B Cambodia ហាងGomu Sandwich និងផ្សេងៗទៀត។

គួរបញ្ជាក់ផងដែរថា លោកសិរីវឌ្ឍន៍ គឺជាស្ថាបត្យករ ដែលបញ្ចប់ការសិក្សានៅប្រទេសម៉ាឡេស៊ី ហើយលោកពិតជាមានឆន្ទៈ ក្ដីស្រលាញ់ និងមានជំនាញនៅក្នុងវិស័យស្ថាបត្យកម្មនេះជាខ្លាំង ដូច្នេះក្រោយបញ្ចប់ការសិក្សាលោកក៏ចាប់ផ្ដើមសម្រេចចិត្តបង្កើតសក្កបាន្តឌីហ្សាញជាលក្ខណៈតូច រហូតពង្រីកឱ្យកាន់តែប្រសើរជាងមុន ហើយបង្កើតលក្ខណៈគ្រុបសក្កបាន្ត ដោយក្នុងនោះលោកក៏បានបញ្ចូលអាជីវកម្ម ភោជនីយដ្ឋានសក្កបានមួយទៀត ហើយថ្ងៃអនាគត លោកនឹងមានគម្រោងបង្កើតអាជីវកម្មជាបន្តបន្ទាប់នៅក្នុងបុត្រសម្ព័ន្ធសក្កបាន្ត។ ទាំងនេះ សុទ្ធតែជាការយកសមត្ថភាពដែលលោកមាន ជាពិសេសក្ដីស្រលាញ់និងឆន្ទៈរបស់លោក ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួន ហើយចូលរួមចំណែកក្នុងការជួយដល់មនុស្សជាតិ និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។

SAKABAN RESTAURANT

ភោជនីយដ្ឋានសក្កបាន្ត

Sakaban Design

ឆ្លងតាមបទពិសោធន៍នៃការចាប់ផ្ដើមអាជីវកម្មចំនួន 2 ដោយយកចំណេះជំនាញ និងសមត្ថភាពដែលលោកមានមកបង្កើតអាជីវកម្មទាំងពីរឱ្យដំណើរការបាន គឺវាមានកត្តាសំខាន់ៗរួមបញ្ចូលគ្នាដូចជា៖

1. មានជំនាញក្នុងវិស័យដែលខ្លួនចង់ចាប់ផ្ដើមអាជីវកម្ម ៖ ដោយជាក់ស្ដែងលោកមានជំនាញក្នុងវិស័យស្ថាបត្យកម្មស្រាប់ រួមផ្សំជាមួយនឹងក្ដីស្រលាញ់ដែលចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងវិស័យនេះទើបធ្វើឱ្យការចាប់ផ្ដើមពោរពេញទៅដោយក្ដីសង្ឃឹម និងមិនឆាប់បោះបង់នៅពេលជួបឧបសគ្គនានា។

2. សិក្សាអំពីទីផ្សារបន្ថែម៖ ត្រង់ចំណុចនេះ លោកក៏បានបញ្ជាក់ផងដែរថា ទោះបីជាយើងមានសមត្ថភាព មានចំណេះជំនាញ និងមានបទពិសោធន៍ក្នុងវិស័យដែលយើងចង់ចាប់ផ្ដើមអាជីវកម្មក៏ដោយ ក៏យើងមិនត្រូវមើលរំលងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៀតអំពីទីផ្សារ ដើម្បីធ្វើឱ្យប្រាកដថាទីតាំងកន្លែងណាអំណោយផលល្អ ការរៀបចំបែបណាទើបត្រូវនឹងតម្រូវការអតិថិជនរបស់យើង និងធានាថានៅពេលចាប់ផ្ដើមដំណើរការអាជីវកម្មគឺវាត្រូវនឹងតម្រូវការដែលមនុស្សកំពុងត្រូវការស្រាប់។ល។

3. កសាងក្រុមមួយដ៏ខ្លាំង៖ ក្រុមជាកត្តាសំខាន់នៅក្នុងការដំណើរការអាជីវកម្ម ដូច្នេះយើងចាប់ផ្ដើមស្វែងរកដៃគូសហការដែលអាចជួយលោកក្នុងការរួមដំណើរជាមួយគ្នាបានល្អ ព្រមទាំងអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក ជាពិសេសជ្រើសរើសក្រុមការងារដែលមានឆន្ទៈខ្ពស់ក្នុងការធ្វើការងារ និងបណ្ដុះបណ្ដាលពួកគាត់ឱ្យមានសមត្ថភាពខ្លាំង។

4. រៀបចំផែនការឱ្យបានច្បាស់លាស់៖ ផែនការជាកត្តាសំខាន់ដែលធ្វើឱ្យយើងអាចដំណើរការអ្វីមួយឱ្យដំណើរការបានល្អ និងស្របជាមួយនឹងអ្វីដែលយើងចង់បាន ដូច្នេះលោកសិរីវឌ្ឍន៍ បានរំលឹកអ្នកជំនាន់ក្រោយ ប្រសិនបើចង់ចាប់ផ្ដើមអាជីវកម្ម ត្រូវតែរៀបចំផែនការឱ្យច្បាស់លាស់ដើម្បីចាប់ផ្ដើម ទោះបីជាយើងកំពុងមានជំនាញលើវិស័យដែលខ្លួនកំពុងចង់ចាប់ផ្ដើមក៏ដោយ។

5. មានទស្សនវិស័យ និងបេសកកម្មជាក់លាក់៖ ការធ្វើអាជីវកម្ម ប្រសិនបើគ្មានទស្សនវិស័យ និងបេសកកម្មជាក់លាក់សម្រាប់ខ្លួនឯងទេ ច្បាស់លាស់នៅពេលណាមួយនឹងឆាប់បោះបង់មិនខាន។

6. សមត្ថភាពដឹកនាំគ្រប់គ្រងចាត់ចែង៖ ទោះបីជាមានជំនាញក្នុងវិស័យដែលខ្លួនចង់ធ្វើអាជីវកម្មនោះក៏ដោយ ក៏យើងត្រូវតែហ្វឹកហាត់ខ្លួនឯងឱ្យមានជំនាញដឹកនាំ ជំនាញគ្រប់គ្រង និងជំនាញចាត់ចែងក្រុមដើម្បីធ្វើសកម្មភាពរួមគ្នាឱ្យបានល្អដែរ។