Home យុទ្ធសាស្ត្រទីផ្សារ របៀបកសាងទំនុកចិត្តដល់អតិថិជន

របៀបកសាងទំនុកចិត្តដល់អតិថិជន

303
របៀបកសាងទំនុកចិត្តដល់អតិថិជន

ទំនុកចិត្តរបស់អតិថិជន គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីធ្វើឱ្យអាជីវកម្មជោគជ័យ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្ម ត្រូវតែមានយុទ្ធសាស្រ្តយ៉ាងណាបង្កើតទំនុកចិត្តដល់អតិថិជនទាំងអស់ឱ្យបានខ្លាំងតាមដែលអាចធ្វើបាន។

សារៈសំខាន់នៃការធ្វើឱ្យអតិថិជនមានទំនុកចិត្ត

នៅពេលដែលអ្នកអាចកសាងទំនុកចិត្តដល់អតិថិជនបានកាន់តែខ្លាំង នោះអាជីវកម្មរបស់អ្នកក៏កាន់តែរីកចម្រើន ព្រមទាំងអាចកាត់បន្ថយលើការចំណាយក្នុងការធ្វើទីផ្សារផងដែរ តាមរយៈ៖

  • អតិថិជននឹងរីករាយក្នុងការផ្សព្វផ្សាយអំពីផលិតផលសេវាកម្មរបស់ក្រុមហ៊ុនអ្នក
  • អតិថិជននឹងហ៊ានចំណាយច្រើនលើផលិតផលសេវាកម្មរបស់អ្នក
  • អតិថិជននឹងហ៊ានក្នុងនិយាយណែនាំទៅកាន់មនុស្សជុំវិញ
  • អតិថិជននឹងស្មោះស្ម័គ្រក្នុងការប្រើប្រាស់ផលិតផលសេវាកម្មរបស់អ្នកជារៀងរហូត
  • អតិថិជននឹងផ្ដល់ការបញ្ចេញមតិយោបល់ដ៏ស្មោះត្រង់ ដើម្បីឱ្យអ្នកមានការកែលំអឱ្យមានភាពល្អប្រសើរជាងមុន

ហើយខាងលើនេះ ជាសារៈសំខាន់មួយចំនួនដែលអាជីវកម្មរបស់អ្នកនឹងទទួលបានត្រឡប់មកវិញ ក្រោយពីអ្នកអាចបង្កើនទំនុកចិត្តដល់អតិថិជន ប៉ុន្តែសំណួរសួរថា តើត្រូវធ្វើដូចម្ដេច ដើម្បីអាចកសាងទំនុកចិត្តដល់អតិថិជនបានល្អ?

របៀបកសាងទំនុកចិត្តដល់អតិថិជន

ម្ចាស់អាជីវកម្មគ្រប់រូប អាចសាកល្បងអនុវត្តន៍តាមវិធីខាងក្រោម៖

1. បង្ហាញពីភាពត្រឹមត្រូវ

ភាពត្រឹមត្រូវ ជាវិធីមួយដែលអាចយកឈ្នះចិត្តអតិថិជនរបស់អ្នកបានខ្លាំងជាងគេ តាមរយៈការបើកចំហអំពីអាជីវកម្មរបស់អ្នក ថាអ្នកកំពុងធ្វើអ្វី? មានបេសកកម្មបែបណា? ហើយអាជីវកម្មរបស់អ្នកជាអ្វីពិតប្រាកដ? ព្រមទាំងផ្ដល់នូវភាពស្មោះត្រង់ជាមួយនឹងអតិថិជន។

បន្ថែមពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្មក៏ត្រូវជំរុញឱ្យបុគ្គលិកផ្នែកពាក់ព័ន្ធទាំងអស់ ចេះបង្កើតទំនាក់ទំនងល្អជាមួយនឹងអតិថិជនឱ្យបានច្រើន និងបង្ហាញដល់អតិថិជនថា​យើងនឹងជួយពួកគេឱ្យមានភាពប្រសើរឡើងតាមរយៈទំនាក់ទំនង។

2. បង្កើតភាពពេញនិយម

អ្នកត្រូវតែធ្វើឱ្យអាជីវកម្មរបស់អ្នកមានភាពពេញនិយម ដោយធ្វើឱ្យមនុស្សជាច្រើនទាំងក្រៅ និងក្នុងប្រព័ន្ធបណ្ដាញសង្គមកំពុងតែប្រើប្រាស់ផលិតផលសេវាកម្មនៅក្នុងក្រុមហ៊ុនរបស់អ្នក ហើយពួកគេមានភាពជឿជាក់យ៉ាងខ្លាំងមកកាន់ក្រុមហ៊ុនរបស់អ្នក។ ធ្វើបែបនេះ នោះមនុស្សផ្សេងទៀតដែលជាអតិថិជនគោលដៅថ្មីៗរបស់អ្នកនឹងចាប់ផ្ដើមចាប់ផ្ដើម និងសាកល្បងប្រើប្រាស់ដែរ បន្ទាប់មកប្រសិនបើពួកគេពេញចិត្ត នោះពួកគេនឹងក្លាយជាអតិថិជនដ៏ស្មោះត្រង់របស់អ្នក។

ហើយត្រង់ចំណុចនេះដែរ ម្ចាស់អាជីវកម្មត្រូវចងចាំថា គ្រប់ផលិតផលដែលកំពុងលក់សុទ្ធតែមានគុណភាពល្អដូចនឹងអ្វីដែលបានផ្សព្វផ្សាយ ព្រោះការពារកុំឱ្យធ្វើឱ្យអតិថិជនខកចិត្ត និងបាត់បង់ទំនុកចិត្តកាន់តែខ្លាំងមកលើក្រុមហ៊ុនរបស់អ្នក។

3. បង្កើត About Us ដ៏អស្ចារ្យ នៅក្នុងផេកផ្លូវការរបស់អ្នក

ការដែលសរសេរបំពេញត្រង់កន្លែង About Us (អំពីយើង) ក៏ជាចំណុចមួយដែលម្ចាស់អាជីវកម្មមិនគួរមើលរំលងឡើយ ពីព្រោះវាក៏ជាផ្នែកមួយក្នុងការជួយឱ្យអតិថិជនស្គាល់អំពីអាជីវកម្មរបស់អ្នកកាន់តែច្បាស់ជាងមុន និងជឿជាក់លើក្រុមហ៊ុនរបស់អ្នកផងដែរ។

ហើយត្រង់កន្លែង About Us នោះអ្នកអាចបញ្ចូលព័ត៌មាននៃការចាប់ផ្ដើមក្រុមហ៊ុនរបស់អ្នកដោយសង្ខេប បញ្ចូលទស្សនវិស័យ បេសកកម្ម និងចំណុចសំខាន់ៗមួយចំនួនទៀតដែលអ្នកចង់បង្ហាញទៅកាន់អ្នកអានទាំងអស់។

4. ផ្ដល់ជូនសេវាកម្មអតិថិជនដ៏ល្អបំផុត

ការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តមកកាន់ក្រុមហ៊ុនរបស់អ្នក ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែរៀបយុទ្ធសាស្រ្តក្នុងការផ្ដល់ជូននូវសេវាកម្មអតិថិជនឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន។

ផ្ដល់សេវាកម្មល្អ អតិថិជននឹងសប្បាយចិត្ត ហើយពួកគេនឹងមករកអ្នកម្ដងទៀត។

5. បង្ហាញពីគុណភាពនិងគុណតម្លៃលើផលិតផល

ក្នុងនាមម្ចាស់អាជីវកម្ម ត្រូវធ្វើឱ្យប្រាកដថា ផលិតផលរបស់ខ្លួនត្រូវតែមានគុណភាពខ្ពស់ និងមានគុណប្រយោជន៍ខ្លាំងក្នុងការជួយដោះស្រាយនូវបញ្ហាអ្វីមួយតាមការកំណត់បានយ៉ាងល្អ និងក៏ត្រូវបង្ហាញពីគុណតម្លៃដែលមានក្នុងផលិតផល។ ធ្វើបែបនេះ អតិថិជនកាន់តែរីករាយជាមួយនឹងផលិតផលរបស់អ្នក និងកាន់តែមានភាពជឿទុកចិត្តលើក្រុមហ៊ុនរបស់អ្នកកាន់តែខ្លាំងផងដែរ។