របៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿន

239
របៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿន

ការចាប់ផ្ដើមអាជីវកម្មទាំងអស់ សុទ្ធតែចង់ធ្វើយ៉ាងណាឱ្យមនុស្សបានស្គាល់ និងបានចូលមកកាន់ក្រុមហ៊ុន ឬហាងរបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្កើនការលក់ឱ្យកាន់តែខ្លាំង។ ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា ម្ចាស់អាជីវកម្មមួយចំនួនបានកសាងកំហុសមួយចំនួនដែលធ្វើឱ្យអតិថិជនខ្លាចរអាក្នុងការចូលទិញ ឬកំហុសធ្វើឱ្យអតិថិជនមិនមានការពេញចិត្តជាដើម។ លើសពីនេះ ពួកគេក៏មិនបានដឹងពីរបៀបធ្វើយុទ្ធសាស្រ្តទីផ្សារជំរុញឱ្យអតិថិជនសម្រេចចិត្តទិញលឿនផងដែរ។

ដូច្នេះនៅខាងក្រោមនេះ នឹងបង្ហាញពីយុទ្ធសាស្រ្តទីផ្សារមួយចំនួនដើម្បីជួយដល់ម្ចាស់អាជីវកម្មគ្រប់រូបក្នុងការជំរុញការលក់ និងអាចធ្វើឱ្យអតិថិជនមានការសម្រេចចិត្តលឿនក្នុងការទិញផលិតផលសេវាកម្មរបស់អ្នក។

1. ស្គាល់អតិថិជនរបស់អ្នកជានរណា?

ជំហានដំបូង ក្នុងនាមជាម្ចាស់អាជីវកម្មត្រូវតែស្គាល់ច្បាស់ថា តើអតិថិជនរបស់ខ្លួនជានរណា? ប៉ុន្តែប្រសិនបើមិនទាន់ស្គាល់ច្បាស់ទេ អាចចាប់ផ្ដើមកំណត់ថានរណាជាអតិថិជនសក្ដានុពលរបស់ខ្លួនតាមវិធីខាងក្រោម៖

  • តើអតិថិជនរបស់អ្នកមានអាយុចន្លោះពីប៉ុន្មានទៅប៉ុន្មានឆ្នាំ?
  • តើអតិថិជនរបស់អ្នកភាគច្រើនជាស្រី ឬប្រុស?
  • តើអតិថិជនរបស់អ្នកមានស្ថានភាពគ្រួសារបែបណា? (នៅលីវឬមានគ្រួសារ)
  • តើអតិថិជនរបស់អ្នកមានជីវភាពបែបណា? (ប្រាក់ខែប៉ុន្មាន ជាអ្នកមាន ឬជាអ្នកមធ្យម)
  • តើអតិថិជនរបស់អ្នកមានបុគ្គលិកលក្ខណៈបែបណា?
  • តើអ្វីជាអាទិភាពដែលអតិថិជនរបស់អ្នកចាប់អារម្មណ៍?…
2. ភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន

ក្រោយពីស្គាល់ថា អតិថិជនរបស់អ្នកជានរណាហើយ បន្ទាប់មកត្រូវប្រើយុទ្ធសាស្រ្តតាមរយៈការបង្កើតមាតិកាដែលមានភាពជាប់ទាក់ទងនឹងផលិតផលសេវាកម្មរបស់អ្នក និងអ្វីដែលអតិថិជនរបស់អ្នកចាប់អារម្មណ៍ ហើយមានតម្រូវការ។ ធ្វើបែបនេះ ដើម្បីអ្នកអាចភ្ជាប់ទំនាក់ទំនងរវាងអតិថិជនរបស់អ្នក ជាមួយផលិតផលរបស់អ្នក ហើយមិនយូរប៉ុន្មានពួកគេនឹងស្គាល់ និងយល់អំពីក្រុមហ៊ុនរបស់អ្នក។

ជំហានបន្ទាប់ទៀត អ្នកក៏ត្រូវព្យាយាមធ្វើយ៉ាងណាឱ្យការភ្ជាប់ទំនាក់ទំនងនេះមានគុណប្រយោជន៍ខ្លាំង ដោយធ្វើឱ្យអតិថិជនមិនងាយនឹងបំភ្លេចអ្នក ព្រមទាំងជឿជាក់លើក្រុមហ៊ុនរបស់អ្នក។

3. ផ្ដល់គុណតម្លៃដល់អតិថិជន

ក្រោយពីអាចធ្វើឱ្យអតិថិជនបានស្គាល់ផលិតផលសេវាកម្មរបស់អ្នករួចហើយ បន្ទាប់មកអ្នកត្រូវតែធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយរីករាយជាមួយនឹងក្រុមហ៊ុនរបស់អ្នក តាមរយៈការផ្ដល់គុណតម្លៃជូនពួកគេ ដូចជាការផ្ដល់សេវាកម្មដ៏ល្អ យកចិត្តទុកស្ដាប់មតិយោបល់របស់អតិថិជនដើម្បីកែតម្រូវ ផ្ដល់ជូនលើសពីការរំពឹងទុកដល់អតិថិជន ព្យាយាមផ្ដល់ដំណោះស្រាយ ផ្ដល់ជម្រើសដ៏ល្អដល់អតិថិជន និងលក់គុណតម្លៃដែលអាចជួយធ្វើឱ្យអតិថិជនកាន់តែមានភាពប្រសើរ ជាជាងចាប់បង្ខំឱ្យអតិថិជនទិញផលិតផល។

4. បង្ហាញពីផលិតផលដែលមានប្រសិទ្ធភាព

ត្រង់ចំណុចនេះ ម្ចាស់អាជីវកម្មត្រូវតែជ្រើសរើសផលិតផលដែលមានគុណភាព​ និងចេះផ្សព្វផ្សាយ ដោយបង្ហាញពីអ្វីដែលផលិតផលរបស់អ្នកមានគុណភាពនោះទៅកាន់អតិថិជនរបស់អ្នកទាំងផ្ទាល់ និងនៅលើបណ្ដាញសង្គម។

ការបង្ហាញនោះ អ្នកអាចបង្ហាញពីប្រសិទ្ធភាពដែលអ្វីដែលអ្នកកំពុងលក់នោះពិតជាដូចនឹងអ្វីដែលអ្នកបានផ្សព្វផ្សាយ ហើយផលិតផលរបស់អ្នកមានការទទួលស្គាល់ខ្លាំង ព្រមទាំងមានភាពស្ដង់ដារ។ លើសពីនេះ អ្នកក៏ត្រូវបង្ហាញពីតម្លៃដែលមានភាពច្បាស់លាស់ និងបង្ហាញពីអ្វីដែលផលិតផលរបស់អ្នកពិតជាអាចជួយដល់អតិថិជនរបស់អ្នកបានពិតប្រាកដ។