របៀបបង្កើតជីវិតដែលអ្នកចង់បានក្នុងរយៈពេល 1 ឆ្នាំ

182
របៀបបង្កើតជីវិតដែលអ្នកចង់បានក្នុងរយៈពេល 1 ឆ្នាំ

មនុស្សម្នាក់ៗ​តែងតែចង់ទទួលបានជីវិតមួយដែលស្របជាមួយនឹងសេចក្ដីប្រាថ្នារបស់ខ្លួនឯង ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះគឺថា មិនដឹងធ្វើបែបណាទើបអាចទទួលបានជីវិតតាមសេចក្ដីប្រាថ្នា។ ដូច្នេះនៅក្នុងអត្ថបទមួយនេះ នឹងបង្ហាញអ្នកពីរបៀបបង្កើតជីវិតមួយដែលអ្នកចង់បាន ត្រឹមតែរយៈពេល 1 ឆ្នាំ។

1. ធ្វើសវនកម្មជីវិត

ការធ្វើសវនកម្មជីវិត សំដៅលើការចេះតាមដាននិងតួ្រតពិនិត្យអំពីស្ថានភាពជីវិតរបស់អ្នកជាប្រចាំ ហើយវាមានសារៈសំខាន់ណាស់សម្រាប់កំណត់ទីតាំងដែលត្រូវធ្វើការកែតម្រូវ និងចាប់ផ្តើមដំណើរថ្មីរបស់អ្នក។

ត្រង់ចំណុចនេះ អ្នកអាចចាប់ផ្តើមដោយស្វែងរកផ្នែកសំខាន់ចំនួន 8 នៃជីវិតរបស់អ្នកដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យ ដូចជាសុខភាព ហិរញ្ញវត្ថុ ការអភិវឌ្ឍន៍សមត្ថភាពផ្ទាល់ខ្លួន អាជីព ទំនាក់ទំនង ការថែទាំខ្លួនឯង ជីវិតនៅផ្ទះ និងពេលទំនេរ។

តើមានការផ្លាស់ប្តូរអ្វីខ្លះដែលនឹងធ្វើឱ្យមានផលប៉ះពាល់ដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នកសម្រាប់ផ្នែកនីមួយៗ?

2. ផ្លាស់ប្តូរផ្នត់គំនិត

ផ្នត់គំនិតរបស់អ្នក ប្រៀបដូចជាសម្លេងមួយដែលអាចកំណត់នូវអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នក។ឧទាហរណ៍ អ្នកមានផ្នត់គំនិតថា អ្នកមិនអាចធ្វើបានទេ នោះអ្នកច្បាស់ជាគ្មានទំនុកចិត្តលើខ្លួនឯងដើម្បីធ្វើសកម្មភាពឡើយ។ ដូច្នេះការផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នក ក៏ជាអ្វីដែលអាចផ្លាស់ប្តូរជីវិតរបស់អ្នកផងដែរ។

សូមចងចាំថា អ្វី​ដែល​យើង​គិត​និង​ជឿលើ ​គឺ​ជា​អ្វី​ដែល​យើងតែងតែផ្ដោតក្នុងការធ្វើសកម្មភាព​។ ដូច្នេះចូរចៀសវាងនូវការដែលមានផ្នត់គំនិតអវិជ្ជមាន ផ្នត់គំនិតគ្មានភាពរីកចម្រើន និងផ្នត់គំនិតផ្សេងទៀតដែលធ្វើឱ្យជីវិតរបស់អ្នករងនូវផលប៉ះពលមិនល្អ។

3. បង្កើតចក្ខុវិស័យផ្ទាល់ខ្លួន

នៅពេលដែលអ្នកបង្កើតចក្ខុវិស័យផ្ទាល់ខ្លួន មាន​ន័យ​ថា អ្នក​មាន​គោល​បំណង​ច្បាស់​លាស់ និងងាយស្រួលក្នុងការឈានដល់គោលដៅរយៈពេលខ្លីនិងដោះស្រាយបញ្ហានានាបានដោយរលូន ព្រមទាំងអ្នកអាចមើលឃើញពីរូបភាពអនាគតរបស់អ្នកបានកាន់តែច្បាស់។

នៅដែលអាចមើលឃើញរូបភាពអនាគតតាមរយៈការបង្កើតចក្ខុវិស័យផ្ទាល់ខ្លួន វាក៏ជាកត្តាជំរុញចិត្តរបស់អ្នកឱ្យធ្វើសកម្មភាព ដោយចំណង់ចំណូលចិត្តនិងក្តីសុបិន ព្រមទាំងមានការខិតខំប្រឹងប្រែងពិតប្រាកដដើម្បីបង្កើតលទ្ធផលដ៏អស្ចារ្យសម្រាប់ជីវិតរបស់អ្នក។

4. ធ្វើការឱ្យខ្លួនឯងជារៀងរាល់ថ្ងៃ

នៅពេលអ្នកមានចក្ខុវិស័យផ្ទាល់ខ្លួន នោះអ្នកកាន់តែមានផែនទីបង្ហាញផ្លូវ ដើម្បីចាប់ផ្តើមច្បាស់លាស់ជាងមុន។ លើសពីនេះ ក៏ទាមទារឱ្យអ្នកត្រូវតែបំពេញការងារដើម្បីសម្រេចគោលដៅនិងផ្លាស់ប្តូរជីវិតរបស់អ្នកផងដែរ ពីព្រោះគ្មាននរណាជាអ្នកធ្វើសកម្មភាពជំនួសអ្នកឡើយ ទោះបីជាអ្នកបានបង្កើតចក្ខុវិស័យផ្ទាល់ខ្លួនក៏ដោយ។

ការអនុវត្តសកម្មភាពជាប្រចាំថ្ងៃ ជារបៀបដែលអ្នកអាចធ្វើឱ្យក្ដីស្រមៃរបស់អ្នកកើតឡើងបានពិតប្រាកដនិងធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានការផ្លាស់ប្ដូរជានិច្ច វាប្រៀបដូចជា​អ្នកបាន​ស្រោច​ទឹក​រុក្ខជាតិ​បន្តិច​ម្ដងៗក្នុង​មួយ​ថ្ងៃ យូរៗ​ទៅ​សួន​របស់​អ្នក​កាន់តែ​រីក​ធំល្អ។

5. រចនាបរិយាកាសជីវិតរបស់អ្នកដើម្បីជោគជ័យ

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរជីវិតរបស់អ្នក អ្នកក៏ត្រូវផ្លាស់ប្តូរបរិយាកាសជីវិតរបស់អ្នកផងដែរ ទាំងរបៀបរស់នៅបច្ចុប្បន្ន របៀបសេពគប់ជាមួយមនុស្ស និងផ្សេងទៀតដែលជាបរិយាកាសរស់នៅរបស់អ្នក។ ឧទាហរណ៍ ការសេពគប់មិត្តភក្តិ តើមិត្តភក្តិដែលអ្នកបានសេពគប់ ភាគច្រើនជាមនុស្សបែបណា ជាមនុស្សអវិជ្ជមាន ឬវិជ្ជមាន? ប្រសិនបើអវិជ្ជមានច្រើនជាង ចូរផ្លាស់ប្ដូរបរិយាកាសនៃការសេពគប់របស់អ្នកឡើងវិញ។

ចូរចងចាំថា ប្រសិនបើអ្នកសេពគប់ជាមួយបុគ្គលណាដែលជាអ្នកធ្វើច្រើនជាងនិយាយតែទ្រឹស្ដីនិងប្រភេទមនុស្សដែលចង់ឃើញអ្នកជោគជ័យ នោះអ្នកនឹងមានអត្រានៃការផ្លាស់ប្តូរខ្ពស់ក្នុងជីវិតរបស់អ្នក និងមានភាពរីកចម្រើនច្រើនលើអាជីពការងាររបស់អ្នក។

6. រៀនជំនាញថ្មី និងកែលម្អលើជំនាញដែលមានស្រាប់

គ្មានអ្វីដែលនឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកលឿនជាងការកសាងជំនាញថ្មីនោះទេ។ ដូច្នេះ ចាប់ពីពេលនេះតទៅ ចូររៀនបង្កើតជំនាញថ្មីសម្រាប់ខ្លួនឯងនៅពេលអ្នកទំនេរ ជាពិសេសអំឡុងពេលថ្ងៃ។ ហើយការបង្កើតជំនាញថ្មីនេះ អ្នកអាចរៀនវាតាមរយៈការអានសៀវភៅ មើលវីដេអូ និងផតខាសជាដើម។ លើសពីនេះ អ្នកក៏កុំភ្លេចអនុវត្តន៍ជំនាញរបស់អ្នកដែលកំពុងមានស្រាប់ផងដែរ។

7. សូមរីករាយជាមួយដំណើរការរបស់អ្នក

ចូររីករាយជាមួយនឹងដំណើរការដែលអ្នកបានកំណត់ដូចខាងលើ ពីព្រោះចំណុចខាងលើនេះ ជាសកម្មភាពដែលអាចផ្លាស់ប្ដូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរជាងមុន។