លក្ខខណ្ឌ​ដូចម្តេច​ទើបអាចដាក់តម្លៃខ្ពស់បាន?

1115

តម្លៃ​គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​យុទ្ធសាស្រ្ត​ទីផ្សារដែលទាមទារ​ឱ្យ​មាន​ដាក់តម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ចាប់យក​ចំណែក​ទីផ្សារ។ ម្យ៉ាងវិញ​ទៀត​អ្នក​មិនមែន​ដាក់​តម្លៃ​តាមតែ​ការគិត​របស់អ្នក​ឡើយ​។ ពេលខ្លះ​នៅពេល​ដែល​អ្នក​ដាក់​តម្លៃទាប​ពេក​ឬ​ខ្ពស់ពេក​​ វាអាច​ប៉ះពាល់​ដល់​ការលក់​របស់អ្នក​បាន​យ៉ាងងាយ​។ ក្នុងការ​ដាក់​តម្លៃ​យើង​ត្រូវ​ពឹងផ្អែក​លើ​ផ្នែកផ្សេងៗ​​ដែល​ទាក់ទង​ក្នុង​ការដាក់​តម្លៃ​​ដែល​ត្រូវបាន​ប្រើប្រាស់​ផងដែរ​​ដូចជា​​ទីផ្សារ​គោលដៅ កម្រិត​នៃ​ប្រាក់ចំណេញ និង​យុទ្ធសាស្រ្ត​ក្នុង​ការធ្វើ​ឲ្យ​ក្រុមហ៊ុន​រីក​លូតលាស់ជាដើម​។ យ៉ាងណាមិញ​ការដាក់​តម្លៃ​ខ្ពស់​អាច​ប្រើប្រាស់​ក្នុងគោលបំណង​ច្រើនយ៉ាង​៖

#ទី១ គ្មានឬ​មិន​សូវ​សម្បូរ​ទំនិញ​​ដទៃទៀត​​អាច​​ជំនួស​​បាន

យុទ្ធសាស្រ្ត​ក្នុងការ​ដាក់​តម្លៃ​ខ្ពស់​​គឺ​ត្រូវបាន​ប្រើប្រាស់​ក្នុង​ការដាក់​តម្លៃ​ផលិតផល​របស់យើង​ឲ្យ​ខ្ពស់​ជាង​ផលិតផល​ដែល​ស្រដៀង​នឹង​​យើង​។ ​វា​ត្រូវបាន​គេ​ប្រើប្រាស់​នៅតំបន់មួយ​ចំនួន​ដែល​ប្រជាជន​មាន​ចំណូល​ខ្ពស់​ឬ​ចំណូល​មធ្យម​​ហើយ​ពួកគាត់ស្ម័គ្រ​ចិត្ត​នឹង​ទិញ​ទំនិញ​នោះ​ព្រោះ​ពួកគាត់​អាច​នឹង​គិតថា​ទំនិញ​នោះ​សម​នឹង​តម្លៃ​ថ្លៃ​ដោយសារ​តែ​គ្មាន​ទំនិញ​ផ្សេង​ទៀត​ជំនួស​បានឡើយ​។ ប៉ុន្តែ​ការដាក់​តម្លៃ​ថ្លៃ​ជួនកាល​ក៏អាច​ជួប​ឧបសគ្គ​​ក្នុង​ការវាយលុក​ចូល​ទីផ្សារ​ផងដែរ។

#ទី២ បង្ហាញ​ពី​គុណភាព

ការដាក់​តម្លៃ​ខ្ពស់​ត្រូវបាន​ប្រើប្រាស់​ក្នុងបង្កើន​អត្តសញ្ញាណ​ម៉ាកសញ្ញា​នៅលើ​ទីផ្សារ​​។​ តម្លៃ​ថ្លៃ​ជាទូទៅ​បង្ហាញពី​សញ្ញា​នៃ​គុណភាព​ខ្ពស់​នៃ​ផលិតផល​នោះដោយ​ក្រុមហ៊ុន​ភាគច្រើន​ប្រើប្រាស់​យុទ្ធសាស្រ្ត​នេះ​ក្នុង​ការបញ្ជាក់​និង​ធានា​ពី​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។ ឧទាហរណ៍​ក្រុមហ៊ុន​ Apple បាន​វាយលុក​ទីផ្សារ​យ៉ាងខ្លាំង​ខាង​ផ្នែក​បច្ចេក​វិទ្យា​​ហើយ​ក្រុមហ៊ុន​នេះ​ប្រើប្រាស់​យុទ្ធសាស្រ្ត​ក្នុង​ការ​ដាក់​តម្លៃ​ខ្ពស់​​ព្រោះ​ពួកគេ​ចង់​ឲ្យ​អតិថិជន​ជឿជាក់​លើ​ផលិតផល​របស់​ពួកគេ​ថា​ពិត​ជា​​មានគុណភាព​ខ្ពស់​។​​​​

#ទី៣ ច្រោះ​យកក្រុម​អតិថិជន​គោលដៅ

ម៉ាក​សញ្ញា​មួយ​ចំនួន​​ដាក់​តម្លៃ​ទំនិញខ្ពស់​ដើម្បី​ចម្រាញ់យក​ក្រុមអតិថិជន​ដែលគេចង់បាន (ក្រុមអតិថិជនចំណូលខ្ពស់)។ ការដាក់តម្លៃ​ខ្ពស់​ដូច្នេះ គឺជា​យុទ្ធសាស្ត្រ​ចិត្តសាស្ត្រ​មួយ​ដើម្បី​ឱ្យ​អតិថិជន​ម្នាក់ៗ​តែងប្រាថ្នា​ចង់បាន​ផលិត​ផល​នោះ ដោយសារ​តែ​វាមាន​តម្លៃខ្ពស់ ភាព​ល្អ​ឯក ហើយធ្វើ​ឱ្យ​អតិថិជនមាន​មោទនភាពនៅពេលដែល​ពួកគេ​អាច​ប្រើប្រាស់និង​មាន​លទ្ធភាពទិញបាន។ មិនត្រឹមតែប៉ុណ្ណោះ វា​ក៏ជា​ផលិតផល​ឬម៉ាកសញ្ញា​ដែលអតិថិជន​គ្រប់ស្រទាប់​ចង់បាន មិនថាខ្ពស់ ទាប ឬមធ្យមនោះទេ។ ប៉ុន្តែ​ដើម្បី​អាចឈាន​ទៅដល់​ចំណុចនេះបាន គឺទាមទារឱ្យ​មានការប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារជាច្រើន ជា​ពិសេស​គឺត្រូវមាន​ខ្ទង់ចំណាយ​សម្រាប់ការធ្វើទីផ្សារ​ខ្ពស់ និង​ព្រមទាំង​ត្រូវឆ្លងកាត់​ការលំបាក​ជាច្រើន​ផងដែរ​ដើម្បី​អាច​ទទួលបាន​ភាពជោគជ័យ។

#ទី​៤ ផលិតផលប្លែកពីគេ

ជាធម្មតា​ផលិតផល​ប្លែកពីគេ​មាន​ឱកាស​ច្រើន​ក្នុងកា​រដាក់​តម្លៃ​ខ្ពស់​ព្រោះ​ថា​គ្មានទំនិញ​ណាអាច​ប្រកួត​ប្រជែង​នឹង​ទំនិញ​នោះ​បានឡើយ​។ ហេតុដូចនេះហើយ​បានជា​ផលិតផល​ឱសថ​​គឺជា​ផលិតផល​មួយ​ដែល​ត្រូវតែ​មាន​ប៉ាតង់ហើយវា​ក៏​មាន​តម្លៃ​ថ្លៃ​ទៀតផង​​​។ ម្យ៉ាងទៀត​ផលិតផល​​បច្ចេក​​វិទ្យា​​ក៏​​មាន​តម្លៃ​ថ្លៃ​ផងដែរ​​ដោយសារ​តែ​ទំនិញ​គឺ​ខុសប្លែក​ពី​គេនិង​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ក្នុង​ការបង្កើត​ឡើង​មក​។

ដូចនេះរាល់​ទំនិញ​ដែល​បង្កើតឡើង​​ដោយពិបាក ​ប្រើប្រាស់​វត្ថុ​ធាតុដើម​ថ្លៃ និង​មាន​គុណភាពខ្ពស់​​តែងតែ​មាន​តម្លៃ​ថ្លៃ​ជាងទំនិញ​ឯទៀត​នៅលើ​ទីផ្សារ​។

Previous article៤សំណួរ​ដែល​សហគ្រិន​គួរ​តែ​សួរ​ខ្លួនឯង​ដើម្បី​ជោគជ័យ
Next articleAppsដែលផ្តល់ផលប្រយោជន៍សម្រាប់អ្នកធុរកិច្ច
ហេង ប៊ុននាថ មានតំណែងជា Business Creative នៅគំនិត ដែលមានតួនាទីដែលផ្តោតលើការបង្កើតមាតិការធុរកិច្ច សហគ្រិន យុទ្ធសាស្ត្រអាជីវកម្មសម័យទំនើប ព្រមទាំងធ្វើករណីសិក្សាទៅលើអាជីវកម្មក្នុងស្រុក។ គាត់ក៏ជានិស្សិតថ្នាក់បរិញ្ញាប័ត្រ នៅ វិទ្យាស្ថានជាតិបរទេស(IFL) ផ្នែកអក្សរសាស្រ្តអង់គ្លេស និង សាកលវិទ្យាល័យ បញ្ញាសាស្រ្ត( PUC) ជំនាញ គ្រប់គ្រងអាជីវកម្ម ដែលសុទ្ធសឹងជាសាកលវិទ្យាល័យល្បីៗនៅប្រទេសកម្ពុជា។ ក្រៅពីការសិក្សានឹងការងារ គាត់បានលះបង់ពេលវេលាផ្ទាល់ខ្លួនរបស់គាត់ ក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីចែករំលែកបទពិសោធន៌ និងចំណេះដឹងដែលគាត់មានទៅកាន់សហគមន៌ ព្រោះការអភិវឌ្ឍន៌សង្គមគឺជាកិច្ចការ ដែលគាត់គិតថាគួរចូលរួមចំនែក។ បន្ថែមពីនេះ នៅពេលទំនេរ គាត់បានធ្វើការស្មគ្រ័ចិត្ត ក្នុងសិក្សាស្រាជ្រាវ ទៅលើអាជីវកម្មផ្សេងៗ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ ពីតថភាពសង្គមខ្មែរ នាពេលបច្ចុប្បន្ន។